ក្រសួង​រ៉ែ​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ពលរដ្ឋ​ដែល​ចង់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ក្នុង​មូលដ្ឋាន

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្នាត​តូច និង​មធ្យម អាច​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ក្នុង​ស្រុក​ពី​ក្រសួង​បាន។ ការ​អះអាង​នេះ ធ្វើ​ឡើង​ខណៈ​ក្រសួង​រ៉ែ និង​ថាមពល បាន​បើក​យុទ្ធនាការ​លុប​បំបាត់​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​នៅ​ទូទាំង​ប្រទេស។

អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​បួន​ប្រភេទ នឹង​ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណ​ជា​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​រស់នៅ​តំបន់​មាន​រ៉ែ ហើយ​មាន​បំណង​ធ្វើ​អាជីវកម្ម​រ៉ែ ដូចជា​រ៉ែ​មាស រ៉ែ​ត្បូង រ៉ែ​ថ្ម និង​រ៉ែ​ខ្សាច់ ជាដើម។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង ស័ក្កធារ៉ា ថ្លែង​យ៉ាង​នេះ​ខណៈ​លោក​ចុះ​បំពេញ​បេសកកម្ម​ធ្វើ​យុទ្ធនាការ​លុប​បំបាត់​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី ក្នុង​សប្ដាហ៍​នេះ។ លោក​កត់​សម្គាល់​ថា អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​កើត​មាន​ច្រើន​រាប់​រយ​កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ជាពិសេស​ខេត្ត​រតនគិរី មាន​កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​រាប់​រយ​កន្លែង។ ហេតុ​នេះ ក្រសួង​រៀបចំ​លិខិត​បទដ្ឋាន​ទាក់ទិន​ការ​ចេញ​អាជ្ញាប័ណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​ពលរដ្ឋ​អ្នក​មាន​ដើម​ទុន​តិច ឬ​អ្នក​មាន​ប្រាក់​ទុន​មធ្យម អាច​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​រ៉ែ​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​លក្ខណៈ​សិប្បកម្ម ឬ​ពាក់​កណ្ដាល​ឧស្សាហកម្ម និង​ជា​លក្ខណៈ​ឧស្សាហកម្ម​រ៉ែ​ខ្នាត​តូច៖ «ឥឡូវ​យើង​ទើប​ធ្វើ​នីតិវិធី​ហ្នឹង​បាន​ហើយ យើង​ទើប​ចុះ​មក​ផ្សព្វផ្សាយ​អាជ្ញាធរ​សមត្ថកិច្ច​យើង​ឲ្យ​យល់​ពី​នីតិវិធី​ហ្នឹង​ដែរ ដើម្បី​ចេញ​គោលការណ៍​នីតិវិធី​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ»

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៥ បាន​បង្កើត​ក្រុម​ការងារ​បី​ក្រុម ចុះ​ពិនិត្យ និង​ធ្វើ​អធិការកិច្ច​លើ​សកម្មភាព​សិក្សា និង​ធ្វើ​អាជីវកម្ម​រ៉ែ និង​រ៉ែ​សំណង់​គ្រប់​ប្រភេទ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លុប​បំបាត់​ការ​ជីក​រ៉ែ​អនាធិបតេយ្យ​គ្រប់​ប្រភេទ នៅ​ទូទាំង​ប្រទេស។

ទាក់ទិន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​មួយ ឃុំ​ឡាមិញ ស្រុក​បរកែវ លោក សុវ៉ាត់ឌី អះអាង​ថា ឃុំ​ឡាមិញ ជា​តំបន់​មាន​រ៉ែ​ត្បូង។ ហេតុ​នេះ ប្រជាពលរដ្ឋ​បាន​ធ្វើ​អាជីវកម្ម​ត្បូង​ជា​លក្ខណៈ​គ្រួសារ ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​អ្នក​ភូមិ គឺ​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់ ឬ​ជំរិត​ទារ​ប្រាក់ បើ​ទោះ​បី​អ្នក​ភូមិ​ធ្វើ​អាជីវកម្ម​ត្បូង​ជា​លក្ខណៈ​គ្រួសារ​ក្តី។ លោក​ស្វាគមន៍​ចំពោះ​គម្រោង​ផ្តល់​ច្បាប់​អនុញ្ញាត​របស់​ក្រសួង​រ៉ែ និង​ថាមពល ទាក់ទិន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​លក្ខណៈ​សិប្បកម្ម​ខ្នាត​តូច ដែល​អាច​ឲ្យ​ពលរដ្ឋ​ក្រីក្រ​មាន​លទ្ធភាព​សុំ​ច្បាប់​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ក្រុម​គ្រួសារ​បាន។ យ៉ាង​នេះ​ក្តី លោក​សំណូមពរ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល បង្ក​ការ​ងាយ​ស្រួល​ក្នុង​ការ​បំពេញ​បែបបទ និង​ការ​ចេញ​អាជ្ញាប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់ និង​ចំណាយ​ប្រាក់​តិច៖ «បើ​មាន​ច្បាប់​ត្រឹមត្រូវ អ្នក​មាន​ដី គេ​អាច​ធ្វើ​បែបបទ ហើយ​គេ​មិន​ចង់​រញ៉េរញ៉ៃ​ទេ។ អ៊ីចឹង​យើង​អត់​មាន​ពាក់ព័ន្ធ​ប៉ូលិស​ចុះ​យក​លុយ​តាម​កន្លែង​ជីក​អ៊ីចឹង​ទេ»

នៅ​ខេត្ត​រតនគិរី របាយការណ៍​របស់​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ប្រមាណ ២០ បាន​ចុះ​បញ្ជី​សិក្សា​ស្រាវជ្រាវ​រ៉ែ​ក្នុង​ខេត្ត​នេះ ក៏ប៉ុន្តែ​ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​ចេញ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​នៅ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​រតនគិរី លោក ចេវ សុភា ថ្លែង​ថា កន្លង​ទៅ​នេះ​សកម្មភាព​រុក​រក​រ៉ែ​របស់​ប្រជាពលរដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន បង្ក​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា ការ​លុប​បំបាត់​សកម្មភាព​រុក​រក​រ៉ែ​អនាធិបតេយ្យ គឺ​ជា​កត្តា​ចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​បញ្ហា​បរិស្ថាន និង​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​ពលរដ្ឋ៖ «បើ​សិន​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ អាជ្ញាធរ​អាច​គ្រប់គ្រង​បាន ហើយ​ប្រជាពលរដ្ឋ​ក៏​គាត់​ទទួល​បាន​សិទ្ធិ ហើយ​និង​រុក​រក​រ៉ែ​បាន​សមស្រប»

យ៉ាង​ណា លោក ម៉េង ស័ក្កធារ៉ា កត់​សម្គាល់​ថា អំឡុង​ពេល​យុទ្ធនាការ​លុប​បំបាត់​សកម្មភាព​រុក​រក​រ៉ែ​អនាធិបតេយ្យ ក្រុម​ការងារ​បាន​អប់រំ​ផ្សព្វផ្សាយ​តាម​បណ្ដា​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ឲ្យ​យល់​ដឹង ហើយ​បញ្ឈប់​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​បាន​មួយ​ចំនួន​ធំ។ លោក​អះអាង​ដែរ​ថា ការ​ចេញ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ទាំង ៤​ប្រភេទ​សម្រាប់​ពលរដ្ឋ​ខ្មែរ មិន​ចំណាយ​ប្រាក់​ច្រើន ហើយ​មាន​រយៈពេល​តែ​មួយ​សប្ដាហ៍​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។