សាលាដំបូងខេត្តមណ្ឌលគិរីបញ្ជាឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកកោះញែក ៣រូប ចូលខ្លួនឆ្លើយបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងការបើកដៃឱ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ អ្នកនាំពាក្យកងរាជអាវុធហត្ថឲ្យដឹងថាអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើមួយចំនួនកំពុងរត់គេចខ្លួនប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តច្បាប់តឹងរ៉ឹងលើអ្នកទាំងនោះ។
ព្រះរាជអាជ្ញាអមតុលាការខេត្តមណ្ឌលគិរីលោក ហៀង សុភក្ត្រ នៅថ្ងៃទី១៧ ខែ កក្កដា បានចេញដីកាបង្គាប់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកកោះញែក ៣រូប បង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឱ្យបានមុនថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៩។
មន្ត្រីរដ្ឋបាលព្រៃឈើទាំង ៣រូបនេះរួមមាន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក លោក លឿង ភិរុណ អាយុ ៥៥ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ លោក ហ៊ុន វណ្ណេ អាយុ ៥០ឆ្នាំ និងនាយផ្នែករដ្ឋបាលព្រៃឈើកោះញែក លោក គង់ វិរៈ អាយុ ៤៦ឆ្នាំ។ ក៏ប៉ុន្តែមន្ត្រីទាំង ៣រូបនេះរួមទាំងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើមួយចំនួនទៀតកំពុងរត់គេចខ្លួន។
ការបញ្ជាឲ្យចូលខ្លួននេះគឺដើម្បីសាកសួរទៅលើករណីមួយចំនួនមានដូចជា ផ្ដល់ការអនុញ្ញាតផ្ទុយបទបញ្ញត្តិនៃច្បាប់អនុគ្រោះចំពោះបទល្មើសព្រៃឈើមិនរាយការណ៍ឬមិនបានដាក់ បណ្ដឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនឱ្យបានទាន់ពេលវេលាធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ចឬផ្ដល់ព័ត៌មានក្លែងក្លាយបន្លំជាលាយលក្ខណ៍អក្សរ ដែលជាមូលហេតុបង្កឱ្យកើតមានបទល្មើសព្រៃឈើថ្នាក់ទី១។
ការចេញដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការខេត្តមណ្ឌលគិរីធ្វើឡើង ក្រោយពីគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្សពួក ៣នាក់ទៀត កាលពីថ្ងៃទី៩ កក្កដាកន្លងទៅ។
កាលពីសប្ដាហ៍មុន តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ក៏បានចេញដីកាកោះហៅជនជាតិចិន ២នាក់រួមមាន អគ្គនាយកក្រុមហ៊ុន ដាច់វូដ លោក សុង វិនចាង (Song Wenzhang) និងនាយកក្រុមហ៊ុន យ៉ានចាវ លោក ចាង វិនតាវ (Wentao Zhang) ព្រមទាំងបុគ្គលិកក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ២នាក់ ដើម្បីសាកសួរអំពីការប្រមូលដឹកជញ្ជូន និងប្រមូលផលព្រៃឈើគ្មានលិខិតអនុញ្ញាតផងដែរ។
ដីកាបង្គាប់ឲ្យចូលខ្លួនទាំងពីរនេះ សុទ្ធតែបើកផ្លូវឲ្យសមត្ថកិច្ចនាំខ្លួនពួកគេទៅបង្ហាញខ្លួននិងសាកសួរបានប្រសិនបើពួកគេមិនចូលទៅបំភ្លឺតាមការកំណត់ទេនោះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់អាស៊ីសេរីថាអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើមួយចំនួនកំពុងរត់គេចខ្លួនបន្ទាប់ពីទទួលបានដីកាកោះហៅឲ្យចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តីលោកអះអាងថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងស៊ើបអង្កេតដើម្បីនាំខ្លួនពួកគេឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៖ «យើងកោះហៅជាបន្តបន្ទាប់ ហើយបុគ្គលមួយចំនួនបានរត់គេចខ្លួន។ ដូច្នេះយើងនឹងសុំដីកាបញ្ជាឲ្យចូលខ្លួនពីអយ្យការ»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ បារម្ភថាការរត់គេចខ្លួនរបស់មន្ត្រីរដ្ឋបាលព្រៃឈើនិងឈ្មួញរកស៊ីទាំងនេះធ្វើឲ្យពិបាកស៊ើបអង្កេតរកអ្នកពាក់ព័ន្ធឬមេខ្លោងដុះស្លែធំៗ ដែលនៅពីក្រោយបទល្មើសព្រៃឈើនៅកម្ពុជា។លោកជំរុញឲ្យតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវតែស៊ើបអង្កេតនិងនាំខ្លួនប្រធានក្រុមហ៊ុន អ្នកពាក់ព័ន្ធ និងអាជ្ញាធរ ដែលឃុបឃិតឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៖ «យើងគិតថា នេះគឺជាកាតព្វកិច្ចរបស់តំណាងអយ្យការធ្វើម៉េច ស្រាវ ជ្រាវហើយនិងចេញដីកាតាមចាប់ខ្លួន ដើម្បីឲ្យមន្ត្រីទាំង ៣ មកឆ្លើយបំភ្លឺពីការបណ្ដែតបណ្ដោយ ពីការមិនរាយការណ៍ពីបទល្មើសថ្នាក់ទី១ ដែលខ្លួនបានឃើញបានដឹងនោះ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ អ៊ីចឹង ប្រហែលជាមានមូលហេតុ ឬប្រហែលជាមានការអន្តរាគមន៍ពីលើអីខ្លាំង ទើបបានជាគេចខ្លួនបាន»។
សង្គមស៊ីវិលអះអាងថា ពួកគេនឹងបន្តតាមដានចំណាត់ការរបស់តុលាការ និងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។ ពួកគេបន្តថាប្រសិនបើមន្ត្រីនិងឈ្មួញពាក់ព័ន្ធបទល្មើសព្រៃឈើទាំងនេះមិនត្រូវបាននាំមកកាត់ទោសទេនោះ វិនាសកម្មព្រៃឈើនៅកម្ពុជានឹងមិនអាចដោះស្រាយបានឡើយ ហើយរឿងនេះបង្ហាញពីភាពទន់ខ្សោយក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
