យុវជន​កម្ពុជា​ហាក់​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​អំពី​កោះកុង​ក្រៅ បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​របស់​ក្រុម​សកម្មជន​មាតា​ធម្មជាតិ

ដោយ វ៉ែន សុមេធ
2020-06-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសភាព​ធម្មជាតិ មាន​ឆ្នេរ​ខ្សាច់​ស​ក្បុស និង​ទឹក​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់​ថ្លា​ដូច​កញ្ចក់ នៃ​កោះកុង​ក្រៅ ខេត្ត​កោះកុង។
ទេសភាព​ធម្មជាតិ មាន​ឆ្នេរ​ខ្សាច់​ស​ក្បុស និង​ទឹក​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់​ថ្លា​ដូច​កញ្ចក់ នៃ​កោះកុង​ក្រៅ ខេត្ត​កោះកុង។
រូប៖ ពី​វីឌីអូ​ជា​អង្គការ​មាតា​ធម្មជាតិ

យុវជន​កម្ពុជា​មួយ​ចំនួន ​​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​អំពី​សក្ដានុពល​កោះ​កុង​ក្រៅ បន្ទាប់​​ពី​ក្រុម​​សកម្មជន​​មាតា​ធម្ម​ជាតិ​​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ដាក់​បញ្ចូល​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស នៅ​ពេល​ថ្មីៗ នេះ។ ទន្ទឹម​នឹង​នេះ ពួក​គេ​ថ្កោល​ទោស​ទង្វើ​​គាប​សង្កត់​របស់​អាជ្ញាធរ​លើ​ក្រុម​យុវជន​មាតា​ធម្មជាតិ​ដែល​កំពុង​ជួ​យ​ការពារ​កោះកុង​ក្រៅ។

យុវជន​មួយ​រូប​មក​ពី​ខេត្ត​កំពង់ធំ លោក សុខ វណ្ណៈ ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​ហ្គាស ក្នុង​រាជធានី​ភ្នំពេញ ប្រាប់​អាស៊ី​សេរី​ថា លោក​គាំទ្រ​ចំពោះ​សកម្មភាព​របស់​ក្រុម​សកម្មជន​ដែល​បាន​ផ្សព្វ​ផ្សាយ​អំពី​កោះកុង​ក្រៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ បាន​ស្គាល់​កោះ​ដែល​ជា​សម្បត្តិ​រួម​របស់​ប្រជាជន​ខ្មែរ​មួយ​នេះ។

លោក​បន្ថែម​ថា មុន​ពេល​យុទ្ធនាការ​របស់​ក្រុម​មាតា​ធម្មជាតិ ពុំ​មាន​យុវជន​ណា​និយាយ ឬ​ឮ​ឈ្មោះ​កោះ​កុង​ក្រៅ​ឡើយ តែ​ពេល​នេះ ពួក​គេ​បាន​ងាក​មក​ចាប់​អារម្មណ៍​រឿង​នេះ​វិញ​ហើយ។ ​លោក​សំណូមពរ​ឲ្យ​យុវជន​ខ្មែរ​ចូលរួម​ឈឺ​ឆ្អាល​ និង​ការពារ​សម្បត្តិ​ធន​ធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស៖ «ខ្ញុំ​បាន​ស្គាល់​តាម​រយៈ​ពួក​គាត់​ផ្សាយ ហើយ​នឹង​តាម អេឡិច គាត់​ធ្លាប់​ផ្សាយ​ពី​មុន​មក​ម្ដង​ដែរ។ ប៉ុន្តែ ខ្ញុំ​អត់​ដែល​បាន​ទៅ​ទេ។ ខ្ញុំ​កំពុង​មាន​គម្រោង​ថា ចង់​ទៅ​ឲ្យ​ឃើញ​ផ្ទាល់ លក្ខណៈ​ជា​ក្រុម ព្រោះ​ខ្ញុំ​មាន​មិត្ត​ភក្តិ អ៊ីចឹង​ត្រូវ​ការ​ទៅ​ឲ្យ​ស្គាល់​ដែរ។ ចង់​ឃើញ​ជាក់​ស្ដែង តើ​រូប​ភាព​ដែល​គាត់​ផ្សាយ វីដេអូ​​ដែល​គាត់​ថត​យក​មក​ផ្សាយ​ក្នុង​ហ្វេសប៊ុក​នេះ តើ​វា​ស្អាត​កម្រិត​ណា! អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​កំពុង​រៀប​គម្រោង​ថា នឹង​ទៅ​មើល​ជាក់​ស្ដែង ឲ្យ​ឃើញ​ជាក់​ស្ដែង ហើយ​នឹង​ទៅ​បោះ​តង់​ឲ្យ​បាន ២-៣ថ្ងៃ»

ទោះ​ជា​យ៉ាង​ណា​យុវជន​រូប​នេះ​ខក​ចិត្ត ដែល​រដ្ឋាភិបាល​បាន​ផ្តល់​អាជ្ញាប័ណ្ឌ​វិនិយោគ​កោះ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​លោក ឧកញ៉ា លី យ៉ុងផាត់។

យុវជន​មួយ​រូប​ទៀត​មក​ពី​ក្រុង​សៀមរាប ខេត្ត​សៀមរាប មាន​មុខ​របរ​ជា​ជាង​ជួសជុល​កុំព្យូទ័រ និង​កាមេរ៉ា​សុវត្ថិភាព លោក នង​ ធារ៉ា មានប្រសាសន៍ថា លោក​ពុំ​ដែល​ឮ​ឈ្មោះ​កោះកុង​ក្រៅ​នោះ​ទេ តែ​លោក​បាន​ស្គាល់​កោះ​នេះ បន្ទាប់​ពី​លោក​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ​អំពី​កោះ​នេះ ដែល​មាន​ព្រៃ​ឈើ ទេសភាព និង​ខ្សាច់​ពណ៌​ស​ដ៏​ស្រស់​ស្អាត ព្រម​ទាំង​សម្បូរណ៍​ជីវចម្រុះ។ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​អភិរក្ស​កោះ​នេះ ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ៖ «ខ្ញុំ​គ្រាន់​តែ​ជួយ​ជា​កម្លាំង​ចិត្ត​ថា ខ្ញុំ​គាំ​ទ្រ​ពេញ​ទំហឹង​នូវ​សកម្ម​ភាព​យុវជន​ដែល​ការពារ​កោះ​កុង​ក្រៅ។ នៅ​ខាង​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ គេ​មាន​ទេស​ភាព​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត អញ្ចឹង​គួរ​តែ​អភិរក្ស កុំ​អភិវឌ្ឍន៍​វា ដើម្បី​អត្ថ​ប្រយោជន៍​ដល់​កូន​ចៅ​យើង​ជំនាន់​ក្រោយ​ទៀត​ឲ្យ​វា​ស្គាល់​ថា ប្រទេស​កម្ពុជា​យើង​សម្បូរណ៍​ទៅ​ដោយ​ធន​ធាន​ធម្មជាតិ​ដ៏​ស្រស់​ស្អាត»

រីឯ​យុវជន​មក​ពី​សង្កាត់​ក្របី​រាល ក្រុង​សៀមរាប ខេត្ត​សៀមរាប​មួយ​រូប​ទៀត លោក អួន វណ្ណៈ មាន​មុខ​របរ​ជា​អ្នក​រត់​ឡាន​ឈ្នួល លើក​ឡើង​ថា លោក​ចាប់​ផ្ដើម​ស្គាល់​កោះកុង​ក្រៅ​តាម​រយៈ​យុទ្ធ​នា​ការ​ជិះ​កង់​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ។

លោក​គាំទ្រ​ដែល​ក្រុម​យុវជន​ព្យាយាម​ថែ​រក្សា​ធន​ធាន​​ធម្មជាតិ ទោះ​ជា​មាន​ការ​រារាំង​ពី​អាជ្ញាធរ​មិន​ឲ្យ​ផ្សព្វផ្សាយ​អំពី​កោះកុង​ក្រៅ​ក៏​ដោយ។ លោក ស្នើសុំ​ឲ្យ​អាជ្ញាធរ​លុប​ចោល​អាជ្ញាប័ណ្ណ​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន​វិញ ៖​«សម្រាប់​ខ្ញុំ ដែល​ជា​ប្រជា​ពលរដ្ឋ ខ្ញុំ​មិន​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​យក​កោះ​កុង​ក្រៅ​ទៅ​វិនិយោគ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ទេ ចង់​ឲ្យ​រក្សា​ភាព​ដើម​ដដែល​។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ចង់​ទៅ​ខ្លាំង​មែន​ទែន ព្រោះ​ទេស​ភាព​កន្លែង​ហ្នឹង​វា​ប្លែក​ភ្នែក​ខុស​ពី​កោះ​ផ្សេងៗ ព្រោះ​កោះ​កុង​ក្រៅ​ហ្នឹង ជា​កោះ​មួយ​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ស្រុក​ខ្មែរ»

ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កោះកុង​ក្រៅ​ចំនួន ៣លើក​មក​ហើយ ដោយ​ពីរ​លើក​ដំបូង ជា​យុទ្ធនាការ​ជិះកង់​ទាមទារ​ឲ្យ​ដាក់​បញ្ចូល​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស ហើយ​ចុង​ក្រោយ​ថ្មីៗ នេះ គឺ​ការ​តាំង​ពិព័រណ៍​រូប​ថត​កោះកុង​ក្រៅ​នៅមុខ​វត្ត​បុទុមវត្តី។ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​តែ​ងចេញ​មុខ​រារាំង​សកម្មភាព​ទាំងនេះ​ដោយ​សម្អាង​ថា ក្រុម​យុវជន​​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត។ នៅ​ពេល​ក្រុម​យុវជន​តាម​សួរ​នាំ​ពី​ច្បាប់​អ្វី​ដែល​អាជ្ញាធរ​យក​មក​ប្រើ​ដើម្បី​រារាំង​សកម្មភាព​របស់​ពួក​គេ អាជ្ញាធរ​បាន​ត្រឹម​តែ​ឆ្លើយ​ថា ពួក​គេ​ជា​អាជ្ញាធរ មាន​តួនាទី​រក្សា​សណ្ដាប់​ធ្នាប់​នៅ​តាម​តំបន់​គ្រប់គ្រង​របស់​ខ្លួន។

ចំណែក ក្រសួង​បរិស្ថាន​ ដែល​បាន​អះអាង​ថា មាន​គម្រោង​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស​នោះ មិន​ត្រឹម​តែ​មិន​បាន​ជួយ​​គាំទ្រ​សកម្មភាព​របស់​ក្រុម​យុវជន​ទេ តែ​បែរ​ជា​ចាត់​ទុក​សកម្ម​ភាព​របស់​យុវជន​​​ថា ជា​ការ​កេង​ចំណេញ​នយោបាយ​ទៅ​វិញ។

ឆ្លើយតបទៅ និង​ការ​ចោទ​ប្រកាន់​នេះ សកម្ម​ជន​មាតា​ធម្ម​ជាតិ កញ្ញា ភួន កែវរស្មី បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញា​ធរ​មក​លើ​ក្រុម​សកម្ម​ជន​មាតា​ធម្មជាតិ​គ្រាន់​តែ​ជា​លេស​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​មិន​បាន​ស្វែង​យល់​អំពី​ច្បាប់​យល់​ថា ក្រុម​កញ្ញា​ធ្វើ​យុទ្ធនា​ការ​បំពាន​ច្បាប់។ កញ្ញា​អះអាង​ថា ច្បាប់​បាន​ចែង​ច្បាស់​ដែល​មិន​តម្រូវ​ឲ្យ​ជូន​ដំណឹង​អំពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិធី ឬ​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​​សាធារណជន គឺ​យើង​អាច​ធ្វើ​បាន​ដោយ​មិន​បាច់​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ឡើយ។

កញ្ញា​បន្ថែម​ថា ក្រុម​កញ្ញា​ពុំ​មាន​ជាប់​ពាក់​ព័ន្ធ​និន្នាការ​នយោបាយ​ណា​មួយ ឬ​ទទួល​ជំនួយ​ពី​ខាង​បក្ស​ណា​មួយ​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​មួយ​ចំនួន​នោះ​ទេ។ កញ្ញា​ទាម​ទារ​រដ្ឋាភិបាល​បង្ហាញ​ភស្តុ​តាង​ជា​សាធារណៈ​ដែល​បង្ហាញ​ថា ក្រុម​កញ្ញា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ​មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់ ឬ​លាប​ពណ៌​ក្រុម​កញ្ញា៖ «ពួក​យើង​គ្រាន់​តែ​ជា​យុវជន​ស្អាត​ស្អំ អត់​មាន​ពាក់​ព័ន្ធ​ជាមួយ​និន្នាការ​នយោបាយ​អី​ទាំង​អស់។ ការ​ធ្វើ​របស់​យើង គឺ​ដើម្បី​កោះ​កុង​ក្រៅ គោល​ដៅ​របស់​យើង គឺ​ដើម្បី​កោះ​កុង​ក្រៅ​តែ​មួយ​ទេ អត់​មាន​ពាក់​ព័ន្ធ​រឿង​នយោបាយ​លើក​មក​និយាយ ដើម្បី​ឲ្យ​គេ​ស្អប់​បក្ស​នេះ គាំ​ទ្រ​បក្ស​នោះ​ទេ។ អា​ហ្នឹង ខ្ញុំ​ត្រូវ​ការ​ឲ្យ​មាន​ភស្តុ​តាង​ច្បាស់​លាស់ កុំ​ឲ្យ​ពួក​គាត់​ចេះ​តែ​ចោទ ព្រោះថា ពួក​ខ្ញុំ​កន្លង​មក​ហ្នឹង តាំង​ពី​ធ្វើ​មក មិន​ដែល​បាន​ទទួល​ជំនួយ​ពី​បក្ស​ណា ឬ​មួយ​ក៏​ធ្វើក្នុង​គោល​បំណង​ឲ្យ​បក្ស​ណា​មាន​មុខ មាន​មាត់ ហើយ​បន្ទុច​បង្អាប់​បក្ស​ណា​ទេ គឺ​យើង​ធ្វើ ដើម្បី​កោះ​កុង​ក្រៅ​តែ​មួយ​មុខ​គត់ គោល​ដៅ​យើង»

ក្រុម​សកម្ម​ជន​មាតា​ធម្មជាតិ និង​ត្រៀម​​គម្រោង​​បន្ត​​ទៀត ដើម្បី​សង្គ្រោះ​​កោះ​កុង​ក្រៅ។

កោះ​កុង​ក្រៅ ជា​កោះ​ល​ធំជាង​គេ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​ប្រស់ ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្ត​កោះ​កុង ។ កោះ​នេះ សម្បូរណ៍​ដោយ​ធនធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ សត្វ​ព្រៃ មច្ឆា ផ្កាថ្ម និង​មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​​ មាន​ពណ៌​ខៀវ​ស្រងាត់ នៅ​លើ​កោះ មាន​ទឹក​ជ្រោះ និង​ភ្នំ​ដ៏​ស្រស់​បំព្រង

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល