សហគមន៍​ខេត្ត​មណ្ឌលគិរី​គ្រោង​ប្ដឹង​អភិបាលស្រុក​អូររាំង ករណី​រំលោភ​ដី​ព្រៃ​​រដ្ឋ ៣០០​ហិកតារ

ដោយ ថន ថារ៉ូ
2020-02-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រៀងចក្រកំពុងឈូសឆាយផ្លូវ ចូលក្នុងតំបន់ដីព្រៃអភិរក្ស ក្នុងស្រុកអូររាំង ដែលសហគមន៍អះអាងថា អភិបាលស្រុក រំលោភយក ៣០០ហិកតារ។
គ្រៀងចក្រកំពុងឈូសឆាយផ្លូវ ចូលក្នុងតំបន់ដីព្រៃអភិរក្ស ក្នុងស្រុកអូររាំង ដែលសហគមន៍អះអាងថា អភិបាលស្រុក រំលោភយក ៣០០ហិកតារ។
រូប៖ សហគមន៍

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី​គ្រោង​ប្ដឹង​អភិបាលស្រុក​អូររាំង លោក សៀក មុន្នី ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ករណី​រំលោភ​ដី​ព្រៃ​អភិរក្ស ៣០០​ហិកតារ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ។ សហគមន៍​ថា ពួកគេ​មាន​ភស្តុតាង និង​ឯកសារ​ច្បាស់លាស់ ដែល​បង្ហាញ​ថា អភិបាលស្រុក​រូប​នេះ​បាន​យក​តួនាទី​រំលោភ​យក​ដី​ព្រៃ​អភិរក្ស​ដោយ​ខុសច្បាប់ ហើយ​ការ​ដាក់​បណ្ដឹង​នេះ​នឹង​ធ្វើឡើង​យ៉ាង​យូរ​បំផុត​ត្រឹម​២ សប្ដាហ៍​ទៀត។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង (​ពូនង) ២ នាក់ រស់នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ដែល​តំណាង​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ៣០០​រយ​គ្រួសារ គ្រោង​ប្ដឹង​អភិបាលស្រុក​អូររាំង លោក សៀក មុន្នី ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ ក្រសួង​ដែនដី រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី​ឱ្យ​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ​ទាំងនេះ ចុះ​អន្តរាគមន៍ ករណី​អភិបាលស្រុក​អូររាំង​រូប​នេះ ដែល​បាន​ចាប់​យក​ដី​ព្រៃ​អភិរក្ស​ប្រមាណ ៣០០​ហិកតារ មក​គ្រប់គ្រង​ជា​ទ្រព្យ​ឯកជន ដោយ​បំពាន​ច្បាប់។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង លោក គ្រើង តុលា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១ កុម្ភៈ ថា អភិបាលស្រុក​អូររាំង លោក សៀក មុន្នី បាន​រំលោភ​យក​ដី​ព្រៃ​អភិរក្ស ឋិត​នៅ​ចំណុច​ទួលស្លៃ ភូមិ​ពូឡេះ ឃុំ​ដាក់​ដាំ ចំនួន ៣០០​ហិកតារ​។ លោក​ថា ស្មៀនឃុំ​ដាក់​ដាំ បាន​បោះត្រា​លើ​លិខិត​ស្នើសុំ​កាន់កាប់​ដីធ្លី​ក្នុង​ព្រៃ​អភិរក្ស​ទំហំ ៣០០​ហិកតារ​នោះ ឱ្យ​អភិបាលស្រុក​រូប​នេះ ស្រប​ពេល​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តំបន់​នោះ កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​អភិបាលស្រុក​រូប​នេះ។ លោក​អំពាវនាវ​ឱ្យ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​រឿង​នេះ ឱ្យ​ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​សង្គ្រោះ​ព្រៃ​អភិរក្ស ដែល​កំពុង​រង​ការ​រំលោភបំពាន​៖ «គេ​ហៅថា ចំណុច​ទួល​ស្លែ​នៅ​ចំណុច​ប៉ុស្តិ៍ ៨ មាន​៣០០​ហិកតារ ដែល​មាន​ទំនាស់​ជាមួយ​បងប្អូន​ជនជាតិ​ចាម។ បងប្អូន​ជនជាតិ​ចាម គាត់​ទៅ​ប្ដឹង​ម្សិលមិញ​គាត់​ថា ទៅ​ប៉ះ​ដី​គាត់​សុំ​សម្របសម្រួល សៀក មុន្នី ហ្នឹង​គាត់​មិន​ព្រម។ គាត់​ថា អត់​ទេ ដី​ខ្ញុំ​គឺ​ដី​ខ្ញុំ​។ ការ​បញ្ជាក់​របស់​ស្មៀនឃុំ គាត់​ថា លោក​ស្មៀនឃុំ​គាត់​ថា ធ្លាប់​បោះត្រា​ឱ្យ​លោក​សៀក មុន្នី ហ្នឹង​ដី​ចំណុច​ហ្នឹង ៣០០​ហិកតារ»

ទំហំដីព្រៃ ៣០០ហិកតារ ដែលសហគមន៍ខេត្តមណ្ឌលគិរីចោទថា អភិបាលស្រុកអូររាំង រំលោភយក។
ទំហំដីព្រៃ ៣០០ហិកតារ ដែលសហគមន៍ខេត្តមណ្ឌលគិរីចោទថា អភិបាលស្រុកអូររាំង រំលោភយក។ រូប៖ សហគមន៍

ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ទៀត​ដែល​ចូលរួម​ប្ដឹង​អាជ្ញាធរ​ស្រុក គឺ លោក ក្លាន ថូ ថ្លែង​ថា ដី​ព្រៃ​អភិរក្ស​ដែល​អាជ្ញាធរ​ស្រុក​រំលោភ​យក​នោះ ជា​កន្លែង​អាស្រ័យ​ផល​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​រាប់ពាន់​គ្រួសារ​រស់នៅ​តំបន់​នោះ​ដូចជា រក​វ​ល្លិ៍ រក​ថ្នាំបុរាណ បេះ​បន្លែ ចិញ្ចឹមសត្វ និង រុក្ខជាតិ​កម្រ ជាដើម​។ លោក​ថា ការដាក់​បណ្តឹង​នេះ គឺជា​ជម្រើស​ចុងក្រោយ​របស់​សហគមន៍ ដោយសារ​អ្នកភូមិ​ភាគច្រើន​មិន​ហ៊ាន​ងើប​តវ៉ា​ទាមទារ​ដី​ដែល​អាជ្ញាធរ​រំលោភ​នោះទេ ព្រោះ​ពួកគេ​ខ្លាច​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​៖ «ជា​ព្រៃ​ដំណម ព្រៃ​ខ្មោច ដូច​តា ពីមុនៗ​គេ​កាប់បំផ្លាញ​អស់រលីង​។ អ៊ីចឹង​យើង​ប្តឹង​ដើម្បី​យើង​ទាមទារ​ទាំងអស់គ្នា​។ រាល់ថ្ងៃ​ហ្នឹង​យើង​ការពារ​ត្រង់​ហ្នឹង បើ​អត់​មាន​កន្លែង​ហ្នឹង​យើង​ដាច់ពោះ​ស្លាប់​ហើយ ដោយសារ ម្ហូបអាហារ បន្លែ ព្រៃឈើ​ទាញយក​ផល​កន្លែង​ហ្នឹង»​។​

ឆ្លើយតប​ការចោទប្រកាន់​នេះ អភិបាលស្រុក​អូររាំង លោក សៀក មុន្នី បដិសេធថា លោក​មិនបាន​រំលោភ​យក​ដីព្រៃ​អភិរក្ស​៣០០ ហិកតារ​នោះទេ​។ លោក​ចាត់ទុក​ការលើកឡើង​របស់​ពល​រដ្ឋ​គឺជា​រឿង​មិន​ពិត ហើយ​លោក​កំពុង​រក​មេធាវី ការពារ​រឿងក្តី​នេះ​៖ «អត់​ទេ​បាទ អត់​ទាល់តែសោះ​តែម្តង​។ ឥឡូវ​ខ្ញុំ​កំពុង​រៀបចំ​ឱ្យ​រក​មេធាវី ធ្វើ​ពាក្យបណ្តឹង ដែល​គាត់​ចុះ​ព័ត៌មាន​ពី​ខ្ញុំ ខុសពី​ការពិត​»​។​

​ចំណែក​ស្មៀនឃុំ ដាក់​ដាំ លោក ចាង អ៊ិន ក៏បាន​បដិសេធ​ដែរ​ថា លោក​មិនបាន​បោះត្រា​លើ​លិខិត​ស្នើសុំ​កាន់កាប់​ដីធ្លី ក្នុងព្រៃ​អភិរក្ស​ទំហំ ៣០០ ហិកតារ ឱ្យ​អភិបាលស្រុក​អូររាំង នោះទេ​៖ «ដូច​អត់​មាន​ទេ​បង​។ អត់​ដឹងផង​បង​»​។​

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណា​រ៍ ចាត់ទុក ពាក្យបណ្តឹង​បរិហារ​របស់​ពលរដ្ឋ ជា​គំរូ​ល្អ​បង្ហាញ​ពី​ភាពក្លាហាន ការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​បំបាត់​អំពើ​កេងប្រវ័ញ្ច​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ដែល​កំពុង​កើតមាន​ច្រើន​នៅ​កម្ពុជា​។ លោក​ពន្យល់​ថា កា​រំលោភ​ដី​ព្រៃ​អភិរក្ស​របស់​រដ្ឋ ជា​ទង្វើ​ល្មើសច្បាប់ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ស៊ើបអង្កេត​រឿង​នេះ​ឱ្យ​ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ស្រោចស្រង់​ព្រៃ​អភិរក្ស​ដែល​នៅសល់​ចុងក្រោយ​៖ «យើង​ឃើញ​ថា នេះ​ជា​ជំហាន​មួយ​ដែល​បង្ហាញ​ពី​ភាព​គំរូ របស់​សហគមន៍​ខេត្ត​មណ្ឌលគិរី លោក​មាន​ឆន្ទៈ​ដាក់​បណ្ដឹង​បរិហារ​តាម​ផ្លូវ​ច្បាប់​ហ្នឹង ដើម្បី​ឱ្យ​មានការ​បំបាត់​អំពើពុករលួយ និង​អំពើ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​រដ្ឋ ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា ចលនា​រំលោភ​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ នៅ​ខេត្ត​មណ្ឌលគិរី​កំពុង​កើតមានឡើង​ស្ទើរ​គ្រប់​ទីកន្លែង ប៉ុន្តែ​មាន​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ ដែល​ហ៊ាន​ចេញមុខ​ប្ដឹង​ឈ្មួញ និង​អាជ្ញាធរ ទៅ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ទាមទារ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​មកវិញ ដោយសារ​ពួកគាត់​ខ្លាច​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ជន​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល