ទិន្នន័យរបស់អង្គការណាសា (NASA )ដែលទើបចេញផ្សាយបង្ហាញថា ព្រៃឈើនៅប្រទេសកម្ពុជា កំពុងបាត់បង់លឿនខ្លាំង ហើយកម្ពុជា ស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាការកាប់ព្រៃឈើលឿនជាងគេបំផុតក្នុងពិភពលោក។ ទោះជាយ៉ាងណា ក្រសួងបរិស្ថានកម្ពុជា ថ្លែងថា រដ្ឋាភិបាលកំពុងទប់ស្កាត់ការកាប់ព្រៃឈើដោយយន្តការម៉ឺងម៉ាត់។
អង្គការណាសា នៅសហរដ្ឋអាមេរិក ដែលជំនាញខាងផ្នែកលំហអាកាស បានបោះពុម្ពផ្សាយរូបភាពថតដោយផ្កាយរណប ដោយបច្ចេកវិទ្យាលែនសាដ (Landsat)។ រូបភាពបានបង្ហាញពីទិដ្ឋភាពព្រៃឈើដែលគ្របដណ្ដប់នៅប្រទេសកម្ពុជា ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤។ តាមរយៈរូបភាពនេះ កម្ពុជា បានបាត់បង់ព្រៃឈើអស់ជាង ១,៤លានហិកតារ (១,៤៤លានហិកតារ) ឬជាង ១៤,៤ភាគរយ។
ណាសា ឲ្យដឹងថា ព្រៃការពារក៏ត្រូវបានគេកាប់បំផ្លាញដែរក្នុងរយៈពេលជាងមួយទសវត្សមកនេះ។ ព្រៃឈើភាគច្រើន ត្រូវគេកាប់ដើម្បីរានធ្វើចម្ការកៅស៊ូ និងដើម្បីយកឈើប្រណិត។
អ្នកស្រាវជ្រាវដែលបានប្រើទិន្នន័យពីរូបភាពផ្កាយរណប និងទិន្នន័យវិភាគផ្នែកសេដ្ឋកិច្ចដទៃទៀតគូសបញ្ជាក់ថា បម្រែបម្រួលតម្លៃជ័រកៅស៊ូលើទីផ្សារអន្តរជាតិ និងការកើនឡើងឆាប់រហ័សនៃការផ្តល់ដីសម្បទាន ជាមូលហេតុចម្បងពន្លឿនការបាត់បង់ព្រៃឈើនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជា ផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនក្នុងស្រុក និងបរទេស ដើម្បីធ្វើចម្ការកសិកម្មការផលិតឈើប្រណិត ជាដើម។ អ្នកស្រាវជ្រាវបានរកឃើញថា ព្រៃឈើនៅក្នុងដីសម្បទានបាត់បង់លឿនជាងព្រៃឈើដែលនៅក្រៅដីសម្បទាន ចន្លោះពី ២៩ ទៅ ១០៥ភាគរយ។
របាយការណ៍ស្រាវជ្រាវរបស់អង្គការសង្គមស៊ីវិលកម្ពុជា បានរកឃើញថា គិតត្រឹមចុងឆ្នាំ២០១៥ ផ្ទៃដីទំហំជាង ១លាន ៥សែនហិកតារ (១.៥៣២.៧៨៣ហិកតារ) នៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ២៦៧ ដោយលាតសន្ធឹងលើខេត្តចំនួន១៨។
ក្រុមហ៊ុន១២៨ ទទួលបានដីសម្បទានសេដ្ឋកិច្ចដែលមានទីតាំងត្រួតស៊ីគ្នាលើតំបន់ព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង ហើយក្រុមហ៊ុន៧២ ទទួលបានដីសម្បទានដែលត្រួតលើតំបន់ការពារ និងព្រៃការពារ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ឲ្យដឹងថា លោកមិនទាន់បានឃើញទិន្នន័យរបស់ណាសានេះទេ។ ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលកម្ពុជា កំពុងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដោយម៉ឺងម៉ាត់។ លោក សៅ សុភាព លើកពីការទប់ស្កាត់បទល្មើសព្រៃឈើ ដូចជាការដកហូតដីសម្បទាន ការចេញបទបញ្ជាលេខ០១ សារាចរលេខ៥ ការបង្កើតគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ ការរៀបចំវេទិកាថ្នាក់ជាតិ និងការដាក់ពង្រាយមន្ត្រីបរិស្ថាន ដើរល្បាតព្រៃ និងអនុវត្តច្បាប់ព្រៃឈើ៖ « យើងមានគោលការណ៍ច្បាប់។ អ្នកណា ប្រព្រឹត្ត ខុសច្បាប់ នឹងត្រូវ ទទួលទោស តាមច្បាប់។ ដូច្នេះយើង មានច្បាប់ ត្រូវតែ ពង្រឹង។ ធ្វើសកម្មភាពការពារ និងអភិរក្ស។ អនុវត្តច្បាប់ដោយ ម៉ឺងម៉ាត់ »។
អង្គការណាសា បញ្ជាក់ថា បើទោះជាប្រទេសជាច្រើនទៀតកំពុងបាត់បង់ព្រៃឈើជាច្រើនហិកតារជាងកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏ប៉ុន្តែការកាប់ព្រៃឈើនៅកម្ពុជា មានសភាពខ្លាំងក្លាជាង។
ក្នុងមួយឆ្នាំៗ ប្រទេសសេរ៉ាឡេអូន បាត់បង់ព្រៃឈើ ១២,៦ភាគរយ ម៉ាដាហ្គាស្កា ៨,៣ភាគរយ អ៊ុយរ៉ាហ្គាយ ៨,១ភាគរយ និងប៉ារ៉ាហ្គាយ ៧,៧ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។