ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន២៤ បានថ្កោលទោសចំពោះកងកំលាំងសន្តិសុខក្រុមហ៊ុន ស៊ីង បាយអូថេក ( Think Biotech Co.,Ltd) បានចាប់ឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize។ អង្គការទាំងនោះយល់ថា ជាទង្វើរបស់ក្រុមហ៊ុន ជាទង្វើខុសច្បាប់ និងទាមទារឱ្យសមត្ថកិច្ចដោះលែងសកម្មជនរូបនេះឱ្យមានសេរីភាពវិញ។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមទាំងនោះបានបញ្ជាក់ថា ការចាប់ខ្លួនលោក អ៊ូច ឡេង និង សកម្មជនបរិស្ថានចំនួន៣ នាក់ផ្សេងទៀតគឺផ្ទុយទៅនឹងនីតិវិធីក្រមព្រហ្មទណ្ឌហើយក្រុមហ៊ុន ស៊ីង បាយអូថេក ត្រូវតែទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតមានឡើងពីសំណាក់កម្មកររបស់ក្រុមហ៊ុនមកលើលោក មេន ម៉ាក់ នៅក្នុងបរិវេណក្រុមហ៊ុន នៅមុនពេលបញ្ជូនពួកគេទៅនគរបាលនៃអធិការដ្ឋាន ស្រុកសំបូរ ខេត្តក្រចេះ។
លោក អ៊ូច ឡេង និងសកម្មជនបរិស្ថានចំនួន ៣នាក់ ផ្សេងទៀតត្រូវបានសន្តិសុខរបស់ ក្រុមហ៊ុន ស៊ីង បាអូថេក ឃាត់ខ្លួន និងនាំចូលក្នុងការដ្ឋានរបស់ក្រុមហ៊ុននៅចំណុចដំបូកស ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅវេលាម៉ោងប្រមាណ ៩ព្រឹក នាថ្ងៃទី១៣ ខែមីនា។
ពួកគេត្រូវបានក្រុមហ៊ុនសាកសួរ និងមិនអនុញ្ញាតឱ្យចេញពីទីតាំងក្រុមហ៊ុន ចាប់តាំងពីម៉ោង ៩ព្រឹក ដោយមិនទទួលបានដំណឹងអ្វីទាល់តែសោះ រហូតដល់ម៉ោងប្រមាណ ៤ រសៀលល្ងាចថ្ងៃដដែល ទើបមានដំណឹងថា ពួកគេត្រូវបានក្រុមហ៊ុនប្រគល់ជូននគរបាលស្រុកសំបូរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំង២៤ បានទទួលស្គាល់នឹងកោតសរសើរចំពោះលោក អ៊ូច ឡេង និងសកម្មជនបរិស្ថានបីនាក់ផ្សេងទៀតថា បានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុការពារព្រៃឈើ និងធនធានធម្មជាតិដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសកល និងការអភិវឌ្ឍប្រកបដោយចិរភាព។
អាស៊ីសេរីមិនអាចទាក់ទងលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានទេ កាលពីថ្ងៃទី១៤ មីនា។
សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលដែលចុះឃ្លាំមើលរឿងនេះ ឱ្យដឹងថា លោក អ៊ូច ឡេង និង សហគមន៍ព្រៃឡង់ ៣នាក់ទៀត គឺលោក ខេម សុឃី លោក ស្រី ថី និងលោក មេន ម៉ាត់ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ លោក ជា សុ័ភក្ត្រ ធ្វើការសាកសួរពេញមួយថ្ងៃ កាលពីថ្ងៃទី ១៤ ខែមីនា នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) ដែលចុះឃ្លាំមើលរឿងនេះ គឺលោក លោក សឹង សែនករុណា យល់ថា សកម្មភាពអ្នកទាំង ៤នាក់នោះ គឺក្នុងបំណងបុព្វហេតុការពារព្រៃឈើដែលនៅសេសសល់ក្នុងតំបន់ព្រៃឡង់នោះ។ លោកថា សកម្មរបស់សកម្មជនទាំងនោះ ពុំមានអ្វីខុសច្បាប់ទេ ហើយការឃាត់ខ្លួនពួកគេ ពីសំណាក់កងសន្តិសុខរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក គឺជារឿងមិនត្រឹមត្រូវតាមច្បាប់។ លោកថា ប្រសិនបើរកឃើញថា ក្រុមហ៊ុន ស៊ីង បាយអូថេក បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋព្រៃឈើ អាជ្ញាធរពាក់ព័ន្ធ ត្រូវមានវិធានការច្បាប់ និងត្រូវស៊ើបអង្កេតរកមុខកងសន្តិសុខក្រុមហ៊ុន ដែលប្រើហិង្សាលើសហគមន៍ព្រៃឡង់ម្នាក់ ឱ្យមកទទួលខុសត្រូវតាមច្បាប់៖ «ពួកគាត់ខិតខំប្រមូលព័ត៌មាន អំពីការបំផ្លាញព្រៃឈើបែរជាមិនមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តទេ ហើយបែរជាមានការចាត់វិធានការបែបហ្នឹង ហើយយើងដឹងហើយថា ឆន្ទៈរបស់ប្រមុខរដ្ឋាភិបាល តែងតែលើកឡើងថា មានឆន្ទៈការពារបរិស្ថាន និងមានឆន្ទៈ មិនចង់ឱ្យមានការបំផ្លាញព្រៃឈើទេ ប៉ុន្តែយើងមិនយល់ដែរ ចំពោះសកម្មភាពអ្នកទាំងអស់នេះ គាត់បានធ្វើឡើងក្នុងន័យបុព្វហេតុ ការពារនូវព្រៃឈើដែលជាសម្បត្តិរបស់ប្រទេសជាតិយើងហ្នឹង ហើយបែរជាមានការចាត់វិធានការអ៊ីចឹងទៅវិញ»។
ប្រធានបណ្ដាញយុវជនកម្ពុជា (CYN) ដែលចុះអង្កេតរឿងនេះ គឺលោក ទឹម ម៉ាឡៃ មានប្រសាសន៍ថា បើអ្នកការពារព្រៃឈើ ត្រូវបានចាប់ខ្លួន ធ្វើទុក្ខបុកម្នេញដូច្នេះ ក្នុងនាមជាពលរដ្ឋ យុវជន និង អង្គការសង្គមស៊ីវិល ចាំបាច់ត្រូវតាមដាន និងឃ្លាំមើល ដើម្បីជំរុញឱ្យមានយុត្តិធម៌ក្នុងរឿងនេះ។ លោកសង្កេតឃើញថា អ្នកទាំងបួននាក់ ដែលអាជ្ញាធរចាប់ខ្លួននោះ មិនបានប្រព្រឹត្តកំហុសនោះទេ។ ផ្ទុយទៅវិញ ពួកគេបានលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិ គួរតែត្រូវបានទទួលការលើកទឹកចិត្ត៖ «នៅក្នុងចលនាសង្គម ដែលជាសង្គមប្រជាធិបតេយ្យយើងឃើញថា អ្នកដែលស្រឡាញ់សង្គម យើងត្រូវមានការគាំទ្រ និងលើកទឹកចិត្តបន្តធ្វើការងារជាមួយពួកគាត់ ដើម្បីជួយកំណែប្រទេសជាតិនេះ ឱ្យកាន់តែល្អប្រសើរ ហើយប្រសិនជា អ្នកការពារសិទ្ធិមនុស្ស ការពារធនធានធម្មជាតិត្រូវបានចាប់ខ្លួន យើងត្រូវតែបន្តការលើកទឹកចិត្ត ចូលរួមឃ្លាំមើល និងជំរុញឱ្យមានយុត្តិធម៌ចំពោះ ករណីរបស់ពួកគាត់»។
អធិការនគរបាលស្រុកសំបូរ លោក ប៊ុន ឈឿន ប្រាប់អាស៊ីសេរីថា ការឃាត់ខ្លួនអ្នកទាំង ៤នាក់នោះ ធ្វើឡើងទៅតាមបញ្ជាព្រះរាជអាជ្ញាខេត្តក្រចេះ បន្ទាប់ពីមានពាក្យបណ្តឹងពីក្រុមហ៊ុនឯកជនមួយ។ លោកបញ្ជាក់ថា ពួកគេទាំងនោះរងការចោទថា ចូលក្នុងបរិវេណដីរបស់ក្រុមហ៊ុន ដោយគ្មានការអនុញ្ញាត៖ «បន្ទាប់ពីមានបញ្ជាពីលោក ព្រះរាជអាជ្ញា និងលោកស្នងការ បានឱ្យខ្ញុំដឹកនាំចាត់ចែងកម្លាំង ទៅយកមនុស្ស ៤នាក់ ពីក្រុមហ៊ុនស៊ីងបាយអូថេក ដើម្បីយកមកអធិការដ្ឋាន ដើម្បីសាកសួរ ពាក់ព័ន្ធលើការចូលក្នុងក្រុមហ៊ុនរបស់គេ។ មកដល់ពេលនេះ ព្រះរាជអាជ្ញាកំពុងតែសួរនាំ លើអ្នកទាំង ៤នាក់នោះបង»។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ លោក ជា សុភ័ក្ត្រ ដើម្បីសុំការអធិប្បាយរឿងនេះបាននៅឡើយទេ កាលពីថ្ងៃទី១៤ មីនានេះ។
ក្រុមហ៊ុនស៊ីងបាយអូថេក វិនិយោគលើដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដែលវិនិយោគលើផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ ( ៣៤.០០៧ ) កាលពីខែមិថុនា ឆ្នាំ២០១២ ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក៏ប៉ុន្តែពលរដ្ឋ សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ចោទថា ក្រុមហ៊ុននេះ ធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំនៅដែនជម្រកសត្វព្រៃឡង់ខុសច្បាប់ និងមានដេប៉ូអារច្រៀកឈើដឹកទៅប្រទេសវៀតណាមផងដែរ។
កាលពីដើមខែតុលា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ដើម្បីសហការគ្នាស៊ើបអង្កេតលើក្រុមហ៊ុន ស៊ីង បាយអូថេក និងក្រុមហ៊ុនអង្គរប្លាយវូដ ដែលជាប់សង្ស័យរឿងកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់។
ក្រុមអង្គការសង្គមស៊ីវិលបន្ថែមថា អ្នកដែលគួរចាប់ខ្លួន គឺអ្នកដែលបំផ្លាញ និងលួចព្រៃឈើ មិនមែនជាអ្នកស៊ើបអង្កេតពីឧក្រិដ្ឋកម្មព្រៃឈើនោះទេ ហើយពួកគេអំពាវនាវឱ្យដោះលែងអ្នកទាំង ៤នាក់នោះជាបន្ទាន់ ដើម្បីផលប្រយោជន៍សង្គមជាតិ ក្នុងបេសកកម្មលាតត្រដាងឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។