អ្នកធ្វើការ​ងារ​ផ្នែក​បរិស្ថាន​បារម្ភ​​​ថា ការ​បន្ត​លុប​បឹង​តា​មោក​ នឹង​អាចប​ង្ក​ផល​ប៉ះ​​ពាល់​ដល់​មនុស្ស​ និង​បរិស្ថាន

ដោយ ទីន ហ្សាការីយ៉ា
2020-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនេសាទនៅ​បឹងតាមោក។
អ្នកនេសាទនៅ​បឹងតាមោក។
រូប៖ ហ្វេសប៊ុក ថុន រដ្ឋា

អ្នកធ្វើការ​ងារ​ផ្នែក​បរិស្ថាន​បារម្ភ​ពី​ការ​បន្ត​លុប​បឹង​តា​មោក​ជាបន្តបន្ទាប់​ដើម្បី​យក​ដី​អភិវឌ្ឍន៍​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន​ និង​ការរស់នៅ​រស់​របស់​ពលរដ្ឋ។ កង្វល់​នេះ​បន្ទាប់ពី​មា​ការ​ចុះ​ផ្សាយ​ថា​ ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​លុប​ផ្ទៃ​បឹង​តា​មោក​ជាង​ ១០​ហិកតារ​បន្ថែម​ទៀត​ឱ្យ​ក្រុមហ៊ុន​ឯកជន។

អ្នកធ្វើការ​ងារ​ផ្នែក​បរិស្ថាន​លើក​ឡើង​ថា ការ​លុយ​បឹង​តា​មោក​ដែល​ជា​បឹង​ធម្មជាតិ​ធំ​ចុង​ក្រោយ​គេ​នៅ​ភ្នំពេញ ក្រោម​ស្លាក​អភិវឌ្ឍន៍ ​នឹង​ធ្វើ​ឱ្យ​ផ្ទៃ​បឹង ដែល​មាន​ផ្ទៃ​ក្រឡា​ជាង ៣.០០០ហិកការ​រួម​តូច​ ​បង្ក​ហានិភ័យ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​ ​ដែល​បញ្ហា​ទាំង​នោះ រួម​មាន ទឹក​ជំនន់​លិច​ក្រុង​ ​ការ​បំពុល​បរិស្ថាន និង​ការ​ថយ​ចុះ​មច្ឆាជាតិ​ជា​ដើម។

ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី សង្កេត​ឃើញ​ថា បឹង​តា​មោក និង​បឹង​ផ្សេង​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​តួនាទី​សំខាន់​មួយ គឺ​ជួយ​រំដោះ​ទឹក​ភ្លៀង​មិន​ឱ្យ​ភ្នំពេញ​លិច​លង់។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ក្រោយ​ពី​មាន​ការ​លុប​បឹង​ជា​បន្ត​បន្ទាប់​នោះ ទីក្រុង​ភ្នំពេញ​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង​ខ្លាំង​និង​មាន​រយៈ​ពេល​យូរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើក​ឡើង​ទៀត​ថា កន្លង​មក​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ គឺ​លោក វណ្ណ មូលីវណ្ណ ក៏​ធ្លាប់​បាន​ណែនាំ​មិន​ឱ្យ​លុប​បឹង ដើម្បី​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ដែរ៖ «នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​មាន​ភ្លៀង​ធំ​ម្ដងៗ​ ឃើញ​ថា​មានការ​លិច​រាល់​ឆ្នាំ​ហើយ​ឆ្នាំនេះ​មានការ​លិច​ធ្ងន់ធ្ងរ​មែនទែន​ហើយ​ទាំងអស់​នេះ​ស​បញ្ជាក់​ថា​ ​ទឹក​ហ្នឹង​អត់មាន​កន្លែង​ដែល​ហូរ​ទៅ ​ហើយ​ការ​រំដោះ​ទឹក​មានការ​យឹត​យ៉ាវ។ រដ្ឋាភិបាល​លោក​តែងតែ​លើកឡើង​ថា​ ​លោក​បាន​ធ្វើ​ការស្រាវជ្រាវ​ហើយ​ ​មានការ​គិតគូរ​ហើយ​ ​ប៉ុន្តែ​យើង​មើល​ឃើញ​ថា ដំណើរការ​នៃ​ការ​សម្រេច​ចិត្ត​ហ្នឹង​អត់មាន​តម្លា​ភាព​ដោយសារ​ខ្វះ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ»

សារ​ព័ត៌មាន​ក្នុងស្រុក​(​វី​អូ​ឌី​)​បាន​ចុះផ្សាយ​ថា​ ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​លុប​បឹង​ផ្ទៃ​តា​មោក​ជាង ១០ហិកតារ​បន្ថែម​ទៀត​ឱ្យ​ក្រុមហ៊ុន​ឯកជន។ ប្រភព​ដដែល​បន្ត​ថា ក្នុង​អនុក្រឹត្យ​ចុះ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច ក្រសួង​ដែនដី​និង​សាលា​រាជធានី​ភ្នំពេញ​ទទួលបន្ទុក​អនុវត្តន៍។

អ្នកនាំ​ពា​ក​រដ្ឋាភិបាល​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ប្រាប់​ថា​ ​លោក​មិនទាន់​បានឃើញ​អនុក្រឹត្យ​ស្តីពី​កា​រលុប​បឹង​ផ្ទៃ​តា​មោក​ជាង​ ១០ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នៅឡើយ​ទេ​។​ ​លោក​ប្រាប់​ថា​ ​ក្រ​សួ​ ​ង​ដែនដី​ ​អាច​ដឹងរឿង​នេះ​ជាង​លោក​។​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​អះអាង​ថា​ ​ក្នុង​ករណី​មានការ​សម្រេច​ណាមួយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​ដី​បឹង​តា​មមោក​ទៅ​ឱ្យវិ​ស​័​យ​ឯកជន​ ​ឬ​ស្ថាន​ប​័​ន​រដ្ឋ​គឺ​មាន​ការសិក្សា​ ​ត្រឹមត្រូវ៖ «កាលពី​កាត់​ហ្នឹង​គឺ​មាន​ការសិក្សា​ពី​ន​គ​រូប​នី​យ​កម្ម​ ​បរិស្ថាន​ ​និង​ធនធាន​ទឹក​ដែរ​ ​ហើយ​ទឹកជំនន់​ពី​១​០​ទៅ​១​៥​ឆ្នាំ​មាន​ម្ដង»

អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​ដែនដី​ ​លោក​ ​សេង​ ​ឡូ​ត​ ​អភិបាល​រាជធានី​ ​ភ្នំពេញ​ ​លោក​ ឃួ​ង​ ​ស្រេង​ ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​លោក​ ​នេត្រ​ ​ភ​ត្ត្រា ​និង​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​ ​លោក​ ​ចាន់​ យុត្ថា ​តាម​ទូរស័ព្ទ​និង​បណ្ដាញ​សង្គម​ប៉ុន្តែ​មិន​ទទួល​ល​បានការ​ឆ្លើយតប​ទេ​។​

ដោយឡែក នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​លោក​ ​ប៉ិច​ ​ពិសី​ ​យល់ថា​ ​មុននឹង​រដ្ឋាភិបាល​សម្រេច​ចិត្ត​លុប​ផ្នែក​ខ្លះ​នៃ​បឹង​ណា​មួយ​នៅ​ភ្នំពេញ​គួរ​មាន​ការ​សិក្សា​ស្វែង​យល់​ពី​ផល​ប៉ះពាល់​ឱ្យ​ច្បាស់លាស់។ លោក​បន្ត​ថា កា​រលុប​គឺជា​រឿង​ធំ​ដែល​ករណី​នេះ​រដ្ឋាភិបាល​គួរ​បង្ហាញ តម្លាភាព គណនេយ្យភាព ផែនការ​រំដោះ​ទឹក​ក្រោយ​កា​រលុប​បឹង និង​ផល​ប៉ះពាល់​ឱ្យ​ភាគី​ពាក់ព័ន្ធ និង​សាធារណជន​បាន​ដឹង៖ «បញ្ហា​នេះ​ទាក់ទង​តម្លា​ភាព គណនេយ្យ​ភាព​ស្ថាប័នរដ្ឋ​ក្នុង​ការ​ជម្រាប​ជួន​សាធារណៈ​ជន​ឱ្យ​ដឹង​អំពី​គម្រោង​ហើយ​កាលណា​ប្រជាពលរដ្ឋ​ដឹង​គាត់​អាច​ចូលរួម​ជា​វិជ្ជមាន​ផង​ហើយ​គាត់​អា​ចូលរួម​ជា​ស្ថាបនា​ផង​ដើម្បី​ឱ្យ​គម្រោង​ហ្នឹង​កាន់តែ​ល្អ»

បឹង​តា​មោក​ដែល​ជា​បឹង​ធំ​ចុង​ក្រោយ​នៅ​ភ្នំពេញ​មាន​ផ្ទៃក្រឡា​ជាង ៣.០០០ហិកតារ​ហើយ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ត្រូវ​រដ្ឋាភិបាល​សម្រេច​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​លុប​ផ្ទៃ​បឹង​តា​មោក​ជា​ច្រើន​ហិកតារ​ដោយ​អះអាង​ថា ដើម្បី​ធ្វើ​ជា​សួរ​ច្បារ ឧទ្យាន​ធម្មជាតិ​សាធារណៈ និង​សម្រាប់​ធ្វើ​ទីស្ដីការ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគារ​ការិយាល័យ​របស់​​​ក្រសួង​យុត្តិធម៌។ ទោះ​បែប​នេះ​ក្ដី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មិន​ទាន់​ឱ្យ​ដឹង​ថា សព្វ​នេះ​ផ្ទៃ​បឹង​តា​មោក​នៅ​សល់​ប៉ុន្មាន ឬ​ត្រូវ​រដ្ឋាភិបាល​កាត់​អស់​ប៉ុន្មាន​ហិកតារ​នោះ​ទេ ប៉ុន្តែ មាន​របាយការណ៍​ខ្លះ​បង្ហាញ​ថា ផ្ទៃ​បឹង​តា​មោក​ដែល​ត្រូវ​បាន​កាត់​ឱ្យ​ទាំង​ក្រុមហ៊ុន​ឯកជន និង​រដ្ឋ​នៅ​ពេល​នេះ​កើន​ឡើង​ទំហំ​ជិត ៦០០ហិកតារ។

ទាក់ទង​បញ្ហា​នេះ​ដែរ សមាគម​ធាង​ត្នោត​រក​ឃើញ​ថា បឹង​ធម្មជាតិ​ចំនួន ១៦ ត្រូវ​បាន​លុប​ទាំង​ស្រុង ហើយ​បឹង​ចំនួន ១០ ទៀត​កំពុង​ចាក់​លុប​ខ្លះៗ ក្នុង​ចំណោម​បឹង​ធម្មជាតិ​ចំនួន ២៦ នៅ​រាជធានី​ភ្នំពេញ​ដែល​ចាប់តាំង​ពី​ឆ្នាំ១៩៩០ មក។ ក្នុង​នោះ​មាន​បឹង​មួយ​ចំនួន​ដែល​ការពារ​ដោយ​អនុក្រឹត្យ​កំពុង​ប្រឈម​ការ​ចាក់​លុប​ដូចគ្នា​ដែរ៕

រូបភាព​​​​​ថត​ពី​លើ​អាកាស ក្នុ​ង​វីឌីអូ​របស់​​អង្គការ​មាតាធម្មជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០ បង្ហាញ​ពីផ្ទៃដីដែល​បឹងតាមោកបាត់បង់​​។ រូប៖ អង្គការមាតាធម្មជាតិ​​
រូបភាព​​​​​ថត​ពី​លើ​អាកាស ក្នុ​ង​វីឌីអូ​របស់​​អង្គការ​មាតាធម្មជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០ បង្ហាញ​ពីផ្ទៃដីដែល​បឹងតាមោកបាត់បង់​​។ រូប៖ អង្គការមាតាធម្មជាតិ​​

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល