ក្រុមហ៊ុន​ឧកញ៉ា ពុង ឃាវសែ កំពុង​លុប​ទន្លេ​មេគង្គ​បង្កើត​ក្រុង​រណប​មួយទៀត​ក្បែរ​កោះ​ពេជ្រ

ដោយ ជីវិតា
2020-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឧកញ៉ា ពុង ឃាវសែ ម្ចាស់​ក្រុមហ៊ុនកោះពេជ្រ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឧកញ៉ា ពុង ឃាវសែ ម្ចាស់​ក្រុមហ៊ុនកោះពេជ្រ។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន

ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ហៅ​កាត់​ថា អូ.ស៊ី.អាយ.ស៊ី (Overseas Cambodian Investment Corporation) របស់​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល និង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​ក្រុង​ភ្នំពេញ កំពុង​ធ្វើ​សកម្មភាព​ចាក់​ខ្សាច់ និង​ចាក់​ថ្ម លុប​ទន្លេ​មេគង្គ ដើម្បី​ពង្រីក​ដី​នៅ​តំបន់​កោះ​នរា សម្រាប់​បង្កើត​ទីក្រុង​រណប​ថ្មី​មួយទៀត បន្ទាប់​ពី​ទីក្រុង​កោះពេជ្រ។ ទោះជា​យ៉ាងណា ការ​លុប​ទន្លេ​មេគង្គ​ដើម្បី​បង្កើត​កោះ​សប្ប​និមិត្ត​បែប​នេះ បាន​ធ្វើ​ឱ្យ​អ្នក​បរិស្ថាន​មាន​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ផល​ប៉ះពាល់​ដល់​សង្គម និង​បរិស្ថាន។

ផ្ទៃ​ទឹកទន្លេ​មេគង្គ​ជិត​ពាក់​កណ្តាល​ចាប់ពី​ចំណុច​កោះនរា នៅ​ខាងកើត​ទីក្រុង​កោះ​ពេជ្រ ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​រហូតដល់​កោះ​ប្រាក់​ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កំពុង​ក្លាយ​ជា​ដីគោក​បណ្តើរៗ​ ហើយ ដោយសារតែ​ក្រុមហ៊ុន អូ.ស៊ី.អាយ​.​ស៊ី របស់​ឧកញ៉ា ពុង ឃាវសែ កំពុង​ប្រើប្រាស់​កម្មករ​ខ្មែរ និង​វៀតណាម​រាប់​សិប​នាក់ ព្រមទាំង​សាឡង់ និង​រថយន្ត​រាប់​សិប​គ្រឿង​ដឹកជញ្ជូន ខ្សាច់ និង​ថ្មភ្នំ ដើម្បី​ចាក់​លុប​យ៉ាង​មមាញឹក​បំផុត។

ផ្ទៃ​ទឹកទន្លេ​ដែល​ត្រូវ​ចាក់​លុប​មាន​ទទឹង ៤០០ ទៅ​ ៥០០​ម៉ែត្រ​ចាប់ពី​ច្រាំងទន្លេ និង​បណ្ដោយ​មាន​ប្រវែង​ខ្ទង់ ៤​គីឡូម៉ែត្រ ដែល​គិត​ជា​ផ្ទៃក្រឡា​អាច​លើស​ពី​១០០​ហិកតារ​។ កម្មករ​មួយ​ចំនួន​របស់​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី ប្រាប់​អាស៊ីសេរី​ថា ថ្ម​សម្រាប់​ចាក់​លុប​ទន្លេ​មេគង្គ​នេះ គឺ​បាន​មក​ពី​ការ​វាយ​បំបែក​ភ្នំ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ហើយ​ប្រើប្រាស់​ឡាន​ជាច្រើន​គ្រឿង​ដឹក​មក​ទម្លាក់​នៅ​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។ ចំណែក​ខ្សាច់​វិញ គឺ​ក្រុមហ៊ុន​ប្រើប្រាស់​ម៉ាស៊ីន​ខ្នាត​ធំ​ជាច្រើន​គ្រឿង​បូម​នៅ​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាងលើ ស្ថិតនៅ​ក្នុងស្រុក​មុខកំពូល​នោះ​ដែរ។

ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ព្រឹក​ព្រលឹម​រហូតដល់​ពាក់​កណ្តាល​យប់ គឺ​មាន​សា​ឡង់​ធំៗ​ប្រមាណ​៣០ គ្រឿង តែងតែ​ដឹកជញ្ជូន​ថ្ម និង​ខ្សាច់​ពី​ស្រុក​មុខកំពូល​នោះ ដើម្បី​ចាក់​លុប​ទន្លេ​មេគង្គ​នៅ​តំបន់​កោះនរា។ នៅ​ជុំវិញ​តំបន់​ទន្លេ​មេគង្គ ដែល​ក្រុមហ៊ុន​អូ​.​ស៊ី​.​អាយ​.​ស៊ី កំពុង​ចាក់​ដំ​ថ្ម និង​ខ្សាច់​លុប​នោះ គឺ​ក្រុមហ៊ុន​បាន​សាងសង់​របង​ខ្ពស់ បិទ​ជិត​ដោយ​កន្លែងៗ និង​ថែមទាំង​ពង្រាយ​កម្លាំង​សន្តិសុខ​ជាច្រើន​កន្លែង ដើម្បី​យាមកាម​នៅ​តំបន់​នោះ​យ៉ាង​តឹងរ៉ឹង​ទៀត​ផង។

បើ​ទោះ​បី​ជា​មាន​សកម្មភាព​ចាក់​ដី ចាក់​ថ្ម និង​ខ្សាច់​លុប​ទន្លេ​មេគង្គ​យ៉ាង​ធំ​សម្បើម ដើម្បី​ពង្រីក​ទំហំ​ដី​កោះ​នរា​ក៏ដោយ ក៏​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍ និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល មិន​អាច​ឆ្លើយ​បំភ្លឺ​អ្វី​បាន​ច្រើន​ទេ​អំពី​គម្រោង​ដ៏​មហិមា​នេះ។

អគ្គនាយករង​ក្រុមហ៊ុន ​អូ​.​ស៊ី​.​អាយ​.​ស៊ី (OCIC) លោក ទូច សំណាង បាន​បិទ​ទូរស័ព្ទ ដោយ​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​ស្ដាប់​មិន​ឮ នៅ​ពេល​ដឹង​ថា អាស៊ីសេរី សួរនាំ​អំពី​រឿង​លុប​ទន្លេ​យក​ដី​ដើម្បី​បង្កើត កោះ​នរា​​ឡើង​វិញ​នេះ៖ «បាទៗ​! អា​ឡូៗ ខ្ញុំ​ស្ដាប់​អត់​លឺ។ អា​ឡូ»

ទោះជា​យ៉ាងណា តំណាង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី រូប នេះ ធ្លាប់​ប្រាប់​កាសែត​ក្នុងស្រុក​ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​កោះ​នរា ជាទី​ក្រុង​ទំនើប​មួយទៀត​លើ​ផ្ទៃដី ប្រមាណ ​១០០​ហិកតារ ដែល​បាន​មក​ពី​ការ​លុប​ទន្លេមេគង្គ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ​ដែរ​។ លោក​បញ្ជាក់​ថា គម្រោង​នេះ នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ពីរ​ពាន់ ​(.០០០) លាន ដុល្លារ​អាមេរិក ដែល​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ឆ្នាំ​២០២៣​ ខាងមុខ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា​កន្លងទៅ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ថា ក្រុមហ៊ុន​អូ​.​ស៊ី​.​អាយ​.​ស៊ី (OCIC) ស្នើសុំ​គោលការណ៍​នាំចូល​នូវ​សម្ភារៈ និង​គ្រឿងចក្រ​មួយ​ចំនួន ដែល​មាន​តម្លៃ​ជិត​ ៤១ (៤០.៨៨៨.៥៨០) លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​គម្រោង​ទីក្រុង​កោះនរា ដោយ​ពន្ធ និង​អាករ​ផ្សេងៗ ជា​បន្ទុក​របស់​រដ្ឋ​។ លោក ឃួង ស្រេង អះអាង​ក្នុង​លិខិត​នោះ​ថា នៅ​ពេល​ស្ពាន​មួយ​នេះ ស្ថាបនា​រួចរាល់​នឹង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ នៅ​ស្ពាន​ព្រះមុនីវង្ស។ ក្នុង​លិខិត​ដដែល​នេះ បញ្ជាក់​ថា ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី បាន​ទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​កោះ​នរា កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ ២០១៨។

ទោះជា​យ៉ាងណា អភិបាលក្រុង​ភ្នំពេញ លោក ឃួង ស្រេង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ដោយ​ជំរុញ​ឱ្យ​សួរ​ទៅ​អ្នកនាំពាក្យ​សាលាក្រុង​វិញ៖ «សូម​សួរ​ទៅ​ខាង​អ្នកនាំពាក្យ​បន្តិច​ទៅ»

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លោក ម៉េត មាសភក្តី ជាច្រើន​លើក តែ​គ្មាន​អ្នក​ទទួល។

សម្រាប់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​.​អូ​.​ស៊ី​.​អាយ​.​ស៊ី មួយ​ចំនួន មិន​បាន​ដឹង​ព័ត៌មាន​ច្បាស់លាស់​អំពី​គម្រោង​អភិវឌ្ឍន៍​កោះនរា​ដ៏​ធំ​នេះ​ទេ ហើយ​មួយ​ចំនួន​ទៀត បង្ហាញ​អារម្មណ៍​ត្រេកអរ ដោយ​រំពឹង​ថា ដីធ្លី​របស់​ពួកគេ​នៅ​ទីនោះ នឹង​ទទួល​បាន​តម្លៃ​ខ្ពស់ ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ព្រួយបារម្ភ​ថា គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​មុខ​របរ​នេសាទ​របស់​ពួកគេ។

ពលរដ្ឋ​មួយ​រូប​ដែល​ប្រកប​របរ​នេសាទ​ជាប្រចាំ​នៅ​តំបន់​កោះនរា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា លោកស្រី មិន​ស្វាគមន៍​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខរបរ​នេសាទ របស់​ពួកគាត់៖ «រាល់ថ្ងៃ​នេះ ឃើញ​ដែរ តែ​យើង​និយាយ​វា​អត់​រួច​។ ទើសទាល់​វា​ចេះ តែ​ទើសទាល់​ហើយ ព្រោះ​គេ​ចាក់​ដី​អ៊ីចឹង​វា​ប៉ះពាល់​ដល់​យើង​រកស៊ី ហើយ​ណាមួយ​ប៉ះពាល់​ដល់​ផ្លូវ យើង​ចេញចូល។ កាណូត​បើក​ទៅមក​បើក​មិន​ស្រួល​បុក។ យើង​រកស៊ី​ក៏​វា​ពិបាក​ដែរ ព្រោះ​គេ​ចាក់​ដី អ៊ីចឹង​ទៅ គឺ​ទន្លេ​វា​តូច​ហើយ​ត្រី​កាន់តែ​ខ្សត់»

ពលរដ្ឋ​មួយ​រូប​ទៀត ដែល​រស់នៅ​ជិត​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន គឺ​លោក សន ឥស្សារ៉ា រៀបរាប់​ថា គម្រោង​អភិវឌ្ឍ​អាគារ​ធំៗ និង​ខ្ពស់​ៗ​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ​នេះ មិន​បាន​ផ្តល់​ព័ត៌មាន ច្បាស់លាស់​ដល់​ពលរដ្ឋ​នោះ​ទេ​។ លោក​ជឿជាក់​ថា គម្រោង​នេះ ប្រាកដជា​ផ្ដល់​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ៖ «ដោយសារ​ពួក​ខ្ញុំ​ជា​អ្នក​រស់នៅ​តាម​ដង​ទន្លេ​នេះ យើង​ឃើញ​ថា វា​មានការ​ប្រែប្រួល​ទឹក​នៅ​ទន្លេ​មេគង្គ​ដូចជា​វា​កាន់តែ​ស្រក់​ទៅៗ ឬ​រាក់​ទៅ។ ជា​បទពិសោធន៍ យើង សង្កេត​ឃើញ​ថា ពេល​មានការ​អភិវឌ្ឍ​នៅ​កោះពេជ្រ កន្លង​ទៅ នោះ​ទី​១ ទឹកទន្លេ​វា​កាន់តែ​រាក់​ទៅៗ ទី​២ ធ្វើ​ឱ្យ​ចរន្តទឹក​ហូរ​វា​ផ្តូ​រ​ទិស​។​នៅ​ពេល​ណា​ប្តូរ​ទិស គឺ​នៅ​ជ្រាំង​ទន្លេ​ណា​ដែល​មិនទាន់​មានការ​ថែ ទាំ ឬក៏​អត់​ទាន់​មានការ​ចាក់​កំផែង​ទប់ គឺ​ធ្វើ​ឱ្យ​មាន​ការ​បាក់ ដូច្នេះ​នៅ​ពេល​អនាគត​គឺ​វា​នឹង​លែង បាក់​នៅ​កោះនរា តែ​វា​អាច​នឹង​មក​បាក់​នៅ​ខាង​តំបន់​អរិយ​ក្សត្រ​វិញ​មក​ខាន»

សកម្មភាព​បង្កើត​ទីក្រុង​រណប​នេះ ក៏​កំពុងតែ​ស្ថិត​ក្រោម​ការរិះគន់​ពី​អ្នក​បរិស្ថាន និង​អ្នក​ជំនាញ​អចលនទ្រព្យ​មួយ​ចំនួន​ដែរ។

អ្នក​ជំនាញ​អចលនទ្រព្យ និង​ជានា​យក​ក្រុមហ៊ុន​អចលនទ្រព្យ​ អេ.ភី (AP Real Estate) លោក អ៊ា ចរិយា ទទួលស្គាល់​ថា គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​.​អូ​.​ស៊ី​.​អាយ​.​ស៊ី អាច​នឹង​ប្រែក្លាយ​តំបន់​កោះនរា​ទៅជា​តំបន់​ដ៏​ទាក់ទាញ និង​មាន​ភាព​អំណោយផល​សម្រាប់​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​លោក​ក៏​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ជុំវិញ​តំបន់​នោះ​ដែរ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​សិក្សា ស្រាវជ្រាវ និង​បង្ហាញ​ដល់​សាធារណជន​ឱ្យ​បាន​ច្បាស់៖ «សម្រាប់​ខ្ញុំ​មើល​ឃើញ​ទាំងពីរ ទាំង​អត្ថប្រយោជន៍ និង​ទាំង​ផលប៉ះពាល់ ប៉ុន្តែ​អ្វី​ដែល​ជា​ផល​ប៉ះពាល់​យើង​អត់​បាន​ធ្វើ​ការសិក្សា​នៅឡើយ​ទេ។ អ៊ីចឹ​ង​អ្វី​ដែល​ជា សំណើ​ស្នើសុំ​របស់ខ្ញុំ​គឺ​គិត​ថា ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួង​ធនធាន​ទឹក និង​បរិស្ថាន​ជាដើម គួរតែ មានការ​សិក្សា​មួយ​ថា តើ​ថា ការអភិវឌ្ឍន៍​នៅ​កន្លែង​នោះ វា​មាន​ផល​ប៉ះពាល់​អ្វីខ្លះ​ហើយ​បង្ហាញ​ទៅ សាធារណជន​ឱ្យ​បាន​ច្បាស់»

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន ដែល​ធ្លាប់​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​ពិនិត្យ​ពិភាក្សា​លើ​សំណើ​វិនិយោគ​របស់​ក្រុមហ៊ុន .​អូ​.​ស៊ី​.​អាយ​.​ស៊ី ថ្លែង​ថា លោក​គ្មាន​សមត្ថកិច្ច​ឆ្លើយតប​រឿង​នេះ​ទេ ហើយ​បាន​ផ្ដាច់​ទូរស័ព្ទ​ទៅវិញ៖ «ហ៊ឹម​! ខ្ញុំ​មិន​មាន​សមត្ថកិច្ច​ណា​ត្រូវ​បញ្ជាក់​ទេ​។ អាហ្នឹង​នៅ​លើ​សាលា​រាជធានី​ភ្នំពេញ»

រីឯ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​ប្រធាន​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក យិន សាវុធ រួម​ទាំង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ផង ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ​។ អាស៊ីសេរី ក៏​បាន​ផ្ញើ​សំណួរ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទៅ​លោក នេត្រ ភ​ត្រា រយៈពេល​ជាង​មួយ​សប្ដាហ៍​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​ឆ្លើយតប​នៅ​ឡើយ​ទេ។

ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហ្គាន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) មាន​​ប្រសាសន៍ថា ការអភិវឌ្ឍន៍ គឺជា​រឿង​ល្អ ប៉ុន្តែ​ប្រសិនបើ​គម្រោង​អភិវឌ្ឍ​នោះ មិនបាន​បានធ្វើ​ឡើង​ដោយ​ប្រុងប្រយ័ត្ន និងគ្មាន​ការសិក្សា​ច្បាស់លាស់​ទេ គឺ​អាច​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​ច្រើនជាង​ផ្ទល់​ផលប្រយោជន៍​។ លោក​យល់ថា រដ្ឋាភិបាល គួរតែ​ពង្រាយ​ការអភិវឌ្ឍន៍​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ឆ្ងាយ​ពី​ទីក្រុង និង​ជៀសវាង​ការ​លុប​បឹង និង​ទន្លេ ដើម្បី​យក​ដី​។ លោក​សង្កេត​ឃើញ​ថា ជាទូទៅ ការអភិវឌ្ឍន៍​ដោយ​ការ​លុប​បឹង និង​ទន្លេ​នេះ គឺ​ផ្តល់​ផល​ប៉ះពាល់​ជា​ប្រព័ន្ធ​ដល់​បរិស្ថាន សង្គម និង​សុខមាលភាព​របស់​ប្រជាជន ព្រោះ​ដើម្បី​លុប​បឹង ឬ​ទន្លេ​ឱ្យ​ក្លាយ​ជា​ដីគោក​នោះ ក្រុមហ៊ុន​ប្រាកដជា​ត្រូវការ​វាយ​បំបែក​ភ្នំ​ជាច្រើន ដើម្បី​យក​ថ្ម និង​ត្រូវ​បូម​ខ្សាច់​រាប់​សិប​តោន ដើម្បី​ចាក់​បំពេញ៖ «អភិវឌ្ឍន៍​បែប​លួចលាក់​មិន​ដឹង​ថា ចំណូល​ប៉ុន្មាន​សម្រាប់​រដ្ឋ មិន​ដឹង​ថា ក្រុមហ៊ុន​មួយ​នេះ បាន​វិនិយោគ​ប៉ុន្មាន មិន​មាន​ការ​ដាក់​ដេញថ្លៃ មិន​ដឹង​ថា ក្រុមហ៊ុន​បូម​ខ្សាច់​ជា​ក្រុមហ៊ុន​អ្វី​ហើយ​បង់ពន្ធ​ឬ​បង់​សួយ​សារ​ប៉ុន្មាន​។ របាយការណ៍​ស្តីពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ក៏​មិន​មាន ឬ​បើ​មាន​ក៏​គេ​មិន​ប្រកាស​ជា​សាធារណៈ​។ ការអភិវឌ្ឍន៍​បែប​អ៊ីចឹង ខ្ញុំ​គិត​ថា វា​ជា​ហានិភ័យ​មួយ ​ដោយសារ​អាច​នឹង​មាន​ផល​ប៉ះពាល់​បរិស្ថាន​ច្រើន ជាពិសេស​ រឿង​បាក់​ជ្រាំង ឬក៏​ចំនួន​ត្រី​នៅ​ក្នុង​ទន្លេ​មេគង្គ​វា​ធ្លាក់​ចុះ។ មួយទៀត កាលណា ក្រុមហ៊ុន​នេះ​អភិវឌ្ឍន៍​បែប​លួចលាក់ វា​អាច​បណ្ដាល​ឱ្យ​មាន​អំពើ​ពុករលួយ​កើត​ឡើង​ជាធំ»

ទន្ទឹម​គ្នា​នេះ សកម្មជន​បរិស្ថាន​រូប​នេះ មាន​មន្ទិល​សង្ស័យ​ថា នៅ​ពេល​គម្រោង​អភិវឌ្ឍន៍​ដែល​មាន​តម្លៃ​ពីរ​ពាន់​លាន (២០០០) ដុល្លារ​នេះ កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​លួចលាក់​គ្មាន​តម្លាភាព ហើយ​ក្រុម​មន្ត្រី​​រដ្ឋាភិបាល​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ឆ្លើយ​បំភ្លឺ​ជាមួយ​អ្នកសារព័ត៌មាន​បែបនេះ គឺ​អាច​ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់​របស់​ក្រុម​អ្នក​មាន​អំណាច​កំពូលៗ​នៅ​កម្ពុជា៖ «ខ្ញុំ​ឃើញ​ក្រុមហ៊ុន​នេះ​មាន​ប្រវត្តិ​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ហើយ​មួយទៀត​ប្រសិនបើ​យើង​ចង់បាន​ព័ត៌មាន​បន្ថែម​ពី​ក្រុមហ៊ុន​អូ​.​ស៊ី​.​អាយ​.​ស៊ី គឺ​ពិបាក​រក​ណាស់ ព្រោះ​សូម្បីតែ​គេហទំព័រ​នៅ​តាម​អ៊ីនធឺណិត ក៏​អត់​មាន​ដែរ ដូច្នេះ​សួរ​ថា ទុកចិត្ត​អត់​ដែល​ថា​ក្រុមហ៊ុន​ធំ ដែល​ថា នឹង​វិនិយោគ​លុយ​រាប់​សិប​លាន​ដុល្លារ​តែ​សូម្បី​ឯកសារ​ពាក់ព័ន្ធ គេហទំព័រ និង​របាយការណ៍​អត់​មានអី​ទាំងអស់។ យើង​បារម្ភ​ថា ក្រុមហ៊ុន​អូ​.​ស៊ី​.​អាយ​.​ស៊ី អាច​គ្រាន់តែ​ជា​យន្តការ​មួយ​ដើម្បី​លាង​លុយ​កខ្វក់​របស់​អ្នក​មាន​អំណាច​កំពូល​នៅ​កម្ពុជា ឬ​របស់​អ្នក​វិនិយោគ​មកពី​ក្រៅ​ប្រទេស»

រយៈពេល​ជិត ៤​ទសវត្សរ៍ កម្ពុជា​ក្រោម​ការគ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រង​ការរិះគន់​ច្រើន​ចំពោះ​ការ​ផ្តល់​គម្រោង​វិនិយោគ​ដល់​ក្រុមហ៊ុន ក្នុង​ការ​លុប​បឹង​ធម្មជាតិ និង​លុប​ទន្លេ​ទៀត ដើម្បី​យក​ដី​អភិវឌ្ឍន៍​ជាទី​ក្រុង​រណប ជា​បុរី និង​ផ្សារ​ទំនើប​ជាដើម​។ គម្រោងការ​ក្រោម​ផ្លាក​អភិវឌ្ឍន៍​ទាំងនេះ បាន​បង្ក​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ធ្ងន់ធ្ងរ ដូចជា​ទឹកជំនន់ ការ​បំពុល​បរិស្ថាន និង​ការ​ថយ​ចុះ​មច្ឆា​ជាតិ ជាពិសេស ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​ត្រូវបាន​បណ្ដេញ​ចេញពី​លំនៅឋាន។

អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​ផ្នែក​ធនធាន​ជម្ម​ជាតិ និង​បម្រែបម្រួល​អាកាសធាតុ លោក ហែម ឧត្តម ភ្ញាក់ផ្អើល​ចំពោះ​គម្រោង​អភិវឌ្ឍន៍​លុប​ទន្លេ​មេគង្គ​នេះ​។ លោក​ទទួល​ស្គាល់​ថា ការ​កសាង​អចលនទ្រព្យ និង​អាគារ​ខ្ពស់ៗ ជា​រឿង​សំខាន់ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ត្រូវ​មើល​រំលង​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​ធនធាន​ទឹក​រយៈពេល​វែង​នោះ​ទេ ជាពិសេស​ទឹកទន្លេ ដែល​សំបូរ​ទៅ​ដោយ​ធនធាន​ជីវចម្រុះ និង​បាន​ផ្ដល់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ៖ «យើង​មាន​ទិន្នន័យ​ជាក់លាក់​ទាក់ទង​នឹង​ទិន្នផល​ត្រី​ប្រចាំឆ្នាំ ហើយ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ទាក់ទង​នឹង​ត្រី ហើយ​កម្ពុជា​មាន​ប្រជា​នេសាទ​ច្រើន ហើយ​មនុស្ស ទោះ​មិនមែន​ជា​អ្នកនេសាទ និង​មិនមែន​ជា​អ្នករស់​នៅ​តាម​ដង​ទន្លេ គឺ​សុទ្ធតែ​ទទួលទាន​ត្រី​ទាំងអស់​គ្នា​។​នេះ​គឺជា​កត្តា​ចម្បង​មួយ​។​ទី​២ ទាក់ទង​នឹង​ភក់ល្បាប់​ដែល​មាន​ជីវជាតិ​ដែល​តែងតែ​ហូរ​ចាក់​តាម​ធម្មជាតិ​របស់​វា​នោះ​ដើម្បី​ស្រោច​ស្រព​តំបន់​ទំនាប​ដូច្នេះ​យើង​ឃើញ​ថា នៅ​តាម​ដង​ទន្លេ​មាន​ថ្នាំជក់ មាន​ពោត មាន​សណ្ដែក មាន​ស្រូវ។ នេះ​គឺជា​កត្តា​សេដ្ឋកិច្ច​មួយ​ចម្បង​សម្រាប់​កម្ពុជា​។ ការ​ចាក់ដី ឬក៏​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​ដែល​រារាំង​លំហូរ​ធម្មជាតិ​របស់​វា​នេះ វា​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់ ការប្រែប្រួល​នៅ​ក្នុង​លំហូរ​ទឹក គុណភាព ការ​រាំង​ស្ទះ​នូវ​ភក់ល្បាប់ ដែល​មាន​ជីវជាតិ។ ទាំងអស់​នេះ​ត្រូវការ​គណនា​ត្រូវ​ការ​គិត​គួរ ត្រូវការ​ប្រយ័ត្នប្រយែង​ថា វា​មានតម្លៃ​សេដ្ឋកិច្ច​ប៉ុណ្ណា»

ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី របស់​ឧកញ៉ា ពុង ឃាវសែ រង​ការ​ចោទ​ថា មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​ក្នុង​បញ្ជី​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ឧទាហរណ៍​៖ ក្រុមហ៊ុន​នេះ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ​​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា បណ្ដេញ​ប្រជាពលរដ្ឋ​ជាង​ ៣០០​គ្រួសារ​រស់នៅ​តំបន់​កោះ​ពេជ្រ ក្បែរ​រដ្ឋសភា​ និង​បណ្ដេញ​ប្រជាជន​រាប់​រយ​គ្រួសារ​ទៀត នៅ​តំបន់​ជ្រោយ​ចង្វារ ដើម្បី​យកដី​ធ្វើជា​ទីក្រុង​រណប​ដោយ​ផ្ដល់សំណង​​មិន​បាន​សមរម្យ និង​​ផ្ដល់​ដំណោះស្រាយដែលមិនអាចទទួលយកបាន​​។ មក​ដល់​ពេល​នេះ ក្រុមហ៊ុន​មួយ​នេះ នៅ​មិនទាន់​បញ្ចប់​ជម្លោះដីធ្លី​ទាំងស្រុង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជ្រោយចង្វារ នៅ​ឡើយ​ទេ។

សម្រាប់​គម្រោង​លុប​ទន្លេ​ បង្កើត​ទីក្រុង​រណប​នៅ​កោះនរា ប្រវែង​ប្រមាណ​ ៤​គីឡូម៉ែត្រ ដែល​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៣​មុខ ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី មិនទាន់​បង្ហាញ​គម្រោង​បណ្ដេញ​ប្រជាពលរដ្ឋ រស់​នៅ​​តាម​មាត់​ជ្រាំង​ទន្លេ​នោះ​ទេ ដោយ​ក្រុមហ៊ុន​កំពុង​ផ្ដោត​សំខាន់ គឺ​លុប​ទន្លេ​មេគង្គ​តែម្ដង​ដើម្បី​យក​ដី​បង្កើត​កោះ​ជាមុន​សិន​។ ម្យ៉ាងទៀត មក​ទល់​នឹង​ពេលនេះ ក្រុមហ៊ុន និង​មន្ត្រី​រដ្ឋាភិបាល នៅ​មិន​ទាន់​បង្ហាញ​តម្លាភាព ឬ​បញ្ជាក់​ថា មានការ​សិក្សា​ពី​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​បរិស្ថាន​ដូចដែល​ច្បាប់​កំណត់​នៅឡើយ​ទេ មុននឹង​សម្រេច​អនុញ្ញាត​ឱ្យ​ចាក់​ដី​លុប​ទន្លេ ដើម្បី​បង្កើត​កោះ​សិប្បនិមិត្ត​បែប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល