សហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគិរីឲ្យដឹងថា បទល្មើសព្រៃឈើក្នុងដែនជម្រកព្រៃភ្នំព្រេចកម្រើកឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈអំឡុងពេលបោះឆ្នោះជាតិ។ សហគមន៍រស់នៅតំបន់នោះបង្ហើបថា ថ្មីៗ នេះឧកញ៉ា ៣រូប ដែលល្បីឈ្មោះខាងជូញដូរឈើឆ្លងដែនខុសច្បាប់ បានបញ្ជូនគោយន្ត ២០០ គ្រឿង និងរថយន្តប៉ាងកុង ៣០គ្រឿង ចូលក្នុងព្រៃអភិរក្សមួយនេះ។
កម្មករច្រើនក្រុមកំពុងធ្វើសកម្មភាពអាររំលំឈើមូលធំៗក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចឋិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរីរួចដឹកជញ្ជូនតាមគោយន្តនិងរថយន្តប៉ាកុងពីក្នុងព្រៃចូលដេប៉ូអារឈើនៅតំបន់នោះ។ សហគមន៍ថា ឧកញ៉ា ៣រូប ឈ្មោះ ស៊ឹង សំអុល តុប វីដា និងឧកញ៉ា ប៉ោ សំអឿន ជាមេក្លោងកៀរគរពលរដ្ឋឲ្យចូលព្រៃកាប់ឈើលក់ឲ្យខ្លួន ក៏ប៉ុន្តែប្រសិនបើពលរដ្ឋណាមិនលក់ឈើទាំងនោះឲ្យខ្លួននោះទេ នឹងប្រឈមការអនុវត្តច្បាប់។
សហគមន៍ការពារព្រៃឈើរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ថ្លែងមិនហ៊ានបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី១៤ សីហាថា ឧកញ៉ាទាំងនោះ កំពុងចែកតំបន់គ្នាបញ្ជូនកម្មករចូលអាររំលំឈើមូលធំៗ ធ្វើអាជីវម្មទ្រង់ទ្រាយធំ ដោយមានរថយន្តប៉ាកុង និងគោយន្តជាមធ្យោបាយដឹកជញ្ជូនឈើមកអារច្រៀកក្នុងដេប៉ូអារឈើនៅតំបន់នោះ រួចដឹកទៅលក់នៅប្រទេសវៀតណាម។ លោកថា គោយន្ត២០០ គ្រឿង និងរថយន្តប៉ាកុង ៣០គ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើមកស្តុកទុកក្នុងដេប៉ូ បន្ទាប់មកគេដឹកតាមរថយន្តយីឌុបធំៗ តាមផ្លូវសំពោចស្រែនាមឆ្លងកាត់ភូមិសាស្ត្រស្រុកស្នូល ខេត្តក្រចេះរួចដឹកជញ្ជូនឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងត្រពាំងស្រែ និង មួយចំនួនដឹកទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោកបារម្ភថា មិនយូរទេព្រៃអភិរក្សមួយនេះ នឹងរលាយទាំងស្រុងនៅពេលដ៏ខ្លីខាងមុខនេះ បើអាជ្ញាធរពាក់ព័ន្ធនៅតែឃុបឃិតជាចង្កោមបែបនេះ៖ «ចូលច្រកហ្នឹង មានឡាវប៉ាកុង ៣០គ្រឿង និងគោយន្តចូលគ្រប់ច្រក។ យើងមានការបារម្ភខ្លាំងណាស់ បទល្មើសលើកនេះវិនាសព្រៃឈើ។ ព្រៃឈើហ្នឹងដឹកដោយរថយន្តយីឌុបធំៗ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី តែលោកបានចុះផ្ដាច់ទូរស័ព្ទ។ ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាពក៏មិនអាចទាក់ទងបានដែរនៅថ្ងៃទី ១៤ សីហា ដោយលោកមិនទទួលទូរស័ព្ទ។
កន្លងទៅ លោកហ៊ុន សែន បាន ថ្លែងទទួលស្គាល់ថា ឧក្រិដ្ឋកម្មព្រៃឈើកើតមានច្រើនក្នុងព្រៃអភិរក្ស ហើយលោកជំរុញឲ្យមន្ត្រីរបស់លោកយកចិត្តទុកដាក់សហការជាមួយពលរដ្ឋឲ្យគ្រប់ជ្រុងជ្រោយ ផ្តល់ដំណឹងបទល្មើសព្រៃឈើ៖ «រដ្ឋបាលព្រៃឈើ និងក្រុមបរិស្ថាន មនុស្ស ៥០នាក់ ព្រៃ ៥ម៉ឺនហិកតារ ពិបាកណាស់ ប៉ូលីសមិនងាយរកចោរទេ។ ប៉ុន្តែជួនកាលចោរ និងប៉ូលិសសហការគ្នាទៀត អ្នកកាប់ឈើ និងអ្នកការពារព្រៃឈើ អាហ្នឹងងាប់បណ្តោយ » ។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ អង្កេតឃើញថា ស្លាកសញ្ញាច្រើនផ្ទាំង ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កំណត់ជាព្រៃអភិរក្សនោះ ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមានក្រសួងបរិស្ឋានជាសេនាធិការនោះ គឺគ្រាន់ជារូបភាពល្អមើលប៉ុណ្ណោះ តែធាតុពិត ក្រុមឧកញ៉ាមួយចំនួន កំពុងដណ្តើមគ្នាលេបត្របាក់ ព្រៃឈើទ្រង់ទ្រាយធំក្នុងព្រៃអភិរក្សមួយនេះ ដោយគ្មានការឈប់ស្កាត់៖ «យន្ត ២រយគ្រឿង និងប៉ាកុង ៣០គ្រឿង របស់ឧកញ៉ា ៣រួប នៅ ៧ឧកញ៉ាទៀត មិនទាន់ធ្វើសកម្មភាព។ បើសិន ៧ឧកញ៉ា កៀរគរពលរដ្ឋទៀត នៅតំបន់ភ្នំព្រេចអាចរលាយនៅអាណត្តិទី៦ ដោយសារឧកញ៉ាទាំង ១០រូបហ្នឹង » ។
លោក ហេង ស្រស់ បន្ថែមថា មន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់នោះ គឺទទួលប្រាក់ខែរាជការផង និងទទួលបានប្រាក់ខែពីក្រុមឧកញ៉ារកស៊ីឈើខុសច្បាប់ទាំងនោះផង ដែលទាមទារឲ្យក្រសួងបរិស្ថានត្រូវពិនិត្យករណីនេះ ខណៈសហគមន៍រស់នៅតំបន់នោះ តែងប្រទះឃើញមន្ត្រីបរិស្ថានទាំងនោះទទួលសំណូកពីជនល្មើសដឹកឈើខុសច្បាប់ ឆ្លងកាន់មុខទីស្នាក់ការបរិស្ថាន៖ «ព្រៃអភិរក្សលែងមានប្រសិទ្ធិភាពទៀតហើយ ឧកញ៉ាទាំងនោះមិនបានគោរពអនុក្រឹត្យទេ។ អំពើពុករលួយក្រុមអ្នករស៊ីឈើ គេជិះបុកស្នាក់ការបរិស្ថាន ក៏មន្ត្រីបរិស្ថានទូតយាមនៅតំបន់ភ្នំព្រេចធ្វើអីគេមិនចេញដែរ » ។
ដែនជំរកសត្វព្រៃភ្នំព្រេច ត្រូវបានព្រះមហាក្សត្រ នរោត្តម សី ហនុ កំណត់ជាព្រះរាជក្រឹត្យកាលពីខែវិច្ឆិកា ឆ្នាំ ១៩៩៣ មានផ្ទៃដីជាង ២២ម៉ឺនហិកតារ (២២២.៥០០) ឋិតនៅស្រុកកោះញែក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នូល ខេត្តក្រចេះ។
សកម្មជនបរិស្ថានបន្ថែមថា រ៉ៃអារច្រៀកឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចមាន ១៣កន្លែង និងមានក្រុមហ៊ុនឯកជនខ្លះបោះទីតាំងប្រមូលឈើនៅតំបន់នោះផង។ លើសពីនេះមន្ត្រីបរិស្ថានដែលប្រចាំនៅតំបន់នោះ មិនបានហាមឃាត់ក្បូនរថយន្តដឹកឈើខុសច្បាប់ និងអនុវត្តច្បាប់ព្រៃឈើតាមតួនាទីនោះទេ បែរជារឹតត្បិតក្រុមយុវជនឃ្លាំមើលបរិស្ថានមិនឲ្យចេញចូលតំបន់នោះទៀងផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
