មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹងថា សមត្ថកិច្ចកំពុងស្រាវជ្រាវករណីរថយន្តទាហានពីរគ្រឿង និងរថយន្តសារ៉ែនដែលត្រូវបានសមត្ថកិច្ចចាប់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីដឹកឈើប្រណិត។ ការលើកឡើងនេះ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានរថយន្តបីគ្រឿងដែលផ្ទុកឈើប្រណិតប្រភេទគ្រញូង និងធ្នង់ជាច្រើនរយដុំ បម្រុងដឹកចេញទៅប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី១៣ មិថុនា។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនពាក់ព័ន្ធ និងគ្រោងបញ្ជូនសំណុំរឿងដឹកជញ្ជូនឈើប្រណិតដោយប្រើប្រាស់មធ្យោបាយរដ្ឋទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរខេត្តត្បូងឃ្មុំ ឃាត់រថយន្តទាហានពីរគ្រឿង និងរថយន្តសារ៉ែនមួយគ្រឿង បានបង្កប់ឈើប្រណិតប្រភេទគ្រញូង និងធ្នង់ បម្រុងដឹកចេញទៅប្រទេសវៀតណាម។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍នៅថ្ងៃទី១៤ មិថុនា ថា សមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានឃាត់រថយន្តបីគ្រឿង ក្នុងនោះរថយន្តទាហានកងពលដឹកជញ្ជូន៩៩ ចំនួនពីរគ្រឿង។ ចំណែករថយន្តសារ៉ែនមួយគ្រឿងដែលមានទម្រង់ជារថយន្តសមត្ថកិច្ចនោះ គឺជារថយន្តមានស្លាកលេខក្លែងក្លាយរបស់ក្រុមជនល្មើសប៉ុណ្ណោះ។ លោកបន្តថា ចំពោះរថយន្តទាហានកងពលដឹកជញ្ជូន៩៩ សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែមទៀតរកអ្នកពាក់ព័ន្ធ ដើម្បីដាក់ទោសទណ្ឌតាមវិន័យយោធា និងដាក់ទោសតាមច្បាប់ព្រៃឈើ៖ « បាទ ! ហ្នឹងគាត់ត្រូវទទួលរងពិន័យទៅតាមបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ហើយយើងមើលបទពិន័យហ្នឹង គឺដាក់តាមកំហុសរបស់គាត់ »។
រថយន្តទាហាន និងឡានសារ៉ែនទាំងបីគ្រឿងនោះ មានផ្ទុកឈើប្រភេទគ្រញូង និងធ្នង់ជាង ២០០ដុំ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់កំណត់ជាម៉ែត្រគូបនៅឡើយទេ។ ឈើ និងរថយន្ត ត្រូវរក្សាទុកនៅស្នាក់ការមន្ត្រីជំនាញខេត្តត្បូងឃ្មុំ។ លោក អេង ហ៊ី ឲ្យដឹងថា បេសកកម្មបង្ក្រាបកាលពីថ្ងៃទី១៣ មិថុនា នោះ ក្រុមជនល្មើសបានរត់គេចខ្លួនបាត់។ ដូច្នេះ គេមិនទាន់ដឹងថា ឈើនោះមានទិសដៅពីណាទៅណាប្រាកដទេ។ មន្ត្រីនាំពាក្យដដែលអះអាងថា បទល្មើសរត់ពន្ធឈើខុសច្បាប់ចេញទៅវៀតណាម ជាទ្រង់ទ្រាយធំ គឺមិនមានទៀតឡើយ លើកលែងតែករណីលួចលាក់តាមច្រករបៀងខ្លះប៉ុណ្ណោះ។
ទាក់ទងបញ្ហានេះ សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ មកពីគណបក្សសង្គ្រោះជាតិ និងជាអ្នករស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាម លោក ស៊ូ យាន មើលឃើញថា សកម្មភាពរត់ពន្ធឈើឆ្លងដែនចេញទៅវៀតណាម ទ្រង់ទ្រាយធំ គឺមិនសូវមានមែន ប៉ុន្តែបទល្មើសក្រោមរូបភាពលួចលាក់នៅតែជាក្តីបារម្ភរបស់ពលរដ្ឋ។ លោកបន្តថា បទល្មើសអាចកើតឡើង គឺដោយសារមានអំពើពុករលួយជាប្រព័ន្ធ៖ « អភិបាលខេត្តដែលជាគណៈមេបញ្ជាការឯកភាពរបស់ខេត្ត មានវិធានការទប់ស្កាត់ទៅតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ប៉ុន្តែយើងលើកតែលើក។ លើកក្នុងកិច្ចប្រជុំ គឺវាមិនមានប្រសិទ្ធភាព »។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត សាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបរថយន្តដឹកឈើរបស់ទាហាន និងលើកទឹកចិត្តឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើការងារនេះបន្ថែមទៀត ព្រមទាំងត្រូវបង្ក្រាបឲ្យបានស្មើភាពគ្នា ពីព្រោះលោកយល់ថា ករណីនេះអាចជាទំនាស់ផលប្រយោជន៍ច្រើនជាង៖ « ទោះបង្កើតគណៈកម្មការប៉ុន្មានទៀតក៏ដោយ បើសិនខ្វះមនសិការខ្វះឆន្ទៈក្នុងការធ្វើហើយ គឺគេធ្វើទៅលើអ្នកណាដែលមិនបានផ្តល់ប្រយោជន៍ឲ្យគេទេ »។
លោកបន្ថែមថា សកម្មភាពបង្ក្រាបបទល្មើសឈើប្រណិតធំៗ កម្រឃើញចាប់បានជនល្មើសយកមកផ្ដន្ទាទោសណាស់ បើទោះបីបទល្មើសទាំងនោះជាក់ស្តែងយ៉ាងណាក៏ដោយ។ លោកថា ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព អាជ្ញាធរ ឬតុលាការ ត្រូវចាប់ជនល្មើស រួមមានមន្ត្រី ឧកញ៉ាធំៗដែលជាប់ពាក់ព័ន្ធករណីស្តុកទុក និងរកស៊ីឈើកន្លងមក។ លោកមើលឃើញថា តាំងពីគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ត្រូវបានបង្កើតឡើងកាលពីខែមករា គឺនៅមិនទាន់ឃើញមានការចាប់ខ្លួន ឬដាក់ទោសទណ្ឌដល់ឧកញ៉ារកស៊ីឈើនៅឡើយ បានត្រឹមតែបញ្ជូនសំណុំរឿងទៅតុលាការប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
