ជនជាតិដើមភាគតិច ៣នាក់ រស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ភ័យព្រួយពីសុវត្ថិភាព បន្ទាប់ពីថៅកែ សិប្បកម្មកែច្នៃគ្រឿងសង្ហារិមម្នាក់ គំរាមប្រមាថអាយុជីវិតដល់លំនៅឋាន ក្នុងបំណងហាមមិនឱ្យពួកគេថត អាជីវកម្មឈើខុសច្បាប់។ សហគមន៍ថា ថៅកែសិប្បកម្មដែលគំរាមពួកគេ បានជួលជនជាតិវៀតណាម មិនចេះនិយាយខ្មែរ ១០នាក់ ធ្វើជាកម្មករកែច្នៃគ្រឿងសិប្បកម្មក្នុងព្រៃ។
សហគមន៍ជនជាតិដើមភាគតិច អះអាងថា ពួកគេនឹងដាក់ពាក្យបណ្តឹងទៅតុលាការ ខេត្តមណ្ឌលគិរី និងមន្ត្រីសិទ្ធិមនុស្សទាក់ទិន ករណីថៅកែសិប្បកម្ម ឈ្មោះ សារឿន ម៉ាប់ គំរាមអាយុអ្នកភូមិ ៣នាក់។ ពួកគេចាត់ទុកការគំរាមនេះថា ជាការបំភិតបំភ័យ ស្មារតីជនជាតិដើមភាគតិច ក្នុងបេសកកម្មការពារធនធានធម្មជាតិ។
ជនជាតិដើមភាគតិចរស់នៅភូមិពូទង់ ឃុំប៊ូស្រា លោក ស្រើក សើញ ឱ្យដឹងនៅថ្ងៃទី២២ មិថុនាថា ថៅកែសិប្បកម្មឈ្មោះ សារឿន ម៉ាប់ អតីតជាមន្ត្រីយោធា ខេត្តមណ្ឌលគិរី បានគំរាមអាយុជីវិតលោក ដល់ផ្ទះកាលពីដើមសប្ដាហ៍មុន និងគំរាមយកកាំបិតកាប់ដាច់កែងជើង ប្រសិនបើសហគមន៍មិនបញ្ឈប់ថតរូបនៅទីតាំងសិប្បកម្មកែច្នៃឈើរបស់គេទេ។ លោកថា អ្នកភូមិមិនចង់ឱ្យមានសិប្បកម្មកែច្នៃឈើ និងរ៉ៃអារច្រៀកនៅជិតភូមិទេ ព្រោះសិប្បកម្មទាំងនោះ ជាប្រភពនៃវិនាសកម្មព្រៃឈើ។ លើសពីនេះរោងសិប្បកម្មទាំងនោះ មានកម្មករជាជនជាតិវៀតណាមមិនចេះនិយាយខ្មែរ ១០នាក់ កំពុងកែច្នៃឈើផលិតជាគ្រឿងសង្ហារិម៖ «គេថា បើខ្ញុំទាន់ថ្ងៃនោះ ខ្ញុំកាប់ដាច់កែងជើងតែម្ដង គេថាអីចឹង គំរាមថា ឱ្យខ្ញុំឃើញរ៉ៃវាហ្នឹង វ៉ៃដាក់ឈើ និងអារឈើហ្នឹង»។
សមាជិកសហគមន៍ខេត្តមណ្ឌលគិរី លោក ក្រើង តុលា ឱ្យដឹងថា ថ្មីៗនេះ អ្នកភូមិ ៣នាក់ រួមទាំងលោកផង បានធ្វើដំណើរ ទៅអធិការនគរបាលស្រុកពេជ្រាដា ក្នុងបំណងប្តឹង លោក សារឿន ម៉ាប់ ពាក់ព័ន្ធករណីគំរាមអាយុជីវិតពួកគេ ក៏ប៉ុន្តែមកទល់ពេលនេះមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។ លោកថា សហគមន៍ទុកពេល ១សប្ដាហ៍ទៀត ឱ្យអធិការស្រុក ចាត់វិធានការរឿងនេះ ប្រសិនបើមិនដោះស្រាយទេ ពួកគេនឹងដាក់ពាក្យប្តឹងបន្តទៀតទៅតុលាការ និងប្ដឹងអធិការស្រុកពេជ្រាដា ផងដែរ ករណីមិនពើបណ្ដឹងរបស់ពលរដ្ឋរងគ្រោះ៖ «ដោយសារយើងថត គាត់អត់ចង់ឱ្យយើងថតទេ របស់គាត់គឺរបស់គាត់។ សិប្បកម្មគឺជាសិប្បកម្មយក្សតូច ក្នុងមួយថ្ងៃគាត់ដឹកឈើចេញពីសិប្បកម្មហ្នឹងធ្វើម៉េចឱ្យបាន ៣ឡាន តាមខ្ញុំទទួលព័ត៌មានពីគាត់ សុទ្ធតែអ្នកជំនាញតែម្ដងរបស់វៀតណាមទាំងអស់ ហើយអត់ចេះនិយាយខ្មែរទេ»។
កាលពីដើមសប្ដាហ៍មុន ប្រជាសហគមន៍ ១ក្រុម បានចុះល្បាតព្រៃ ប្រទះឃើញរ៉ៃអារច្រៀកឈើខ្នាតធំមួយកន្លែង ម៉ាស៊ីនកែច្នៃគ្រឿងសង្ហារិម និងសម្ភារកែច្នៃឈើមួយចំនួនទៀត រួមទាំងមានជនជាតិវៀតណាម ១០នាក់ មិនចេះនិយាយខ្មែរ កំពុងកែច្នៃឈើផលិតជាសង្ហារឹម។ ទីតាំងរោងសិប្បកម្មកែច្នៃឈើទាំងនេះ ឋិតនៅចំណុច អូរច្រាស់ទ្រាំង ជាប់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដាក់ឡាក់ នៅឆ្ងាយពីភូមិពូរាំងជាង ១០គីឡូម៉ែត្រ។
អាស៊ីសេរីនៅមិនទាន់អាចសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ ពីថៅកែសិប្បកម្ម លោក សារឿន ម៉ាប់ បានថាយ៉ាងណានៅឡើយទេ នៅថ្ងៃដដែលនេះ។
ចំណែកអធិការរងស្រុក ពេជ្រាដា លោក ម៉ែន ម៉ានី ថ្លែងថា លោកនៅមិនទាន់ទទួលពាក្យបណ្តឹងពីសហគមន៍នៅឡើយទេ តែយ៉ាងណាលោកថា សហគមន៍បានប្ដឹងមកអធិការស្រុកដោយផ្ទាល់មាត់ដែរកន្លងទៅ។ លោកបញ្ជាក់ថា បណ្ដឹងផ្ទាល់មាត់មិនទាន់ជាក់លាក់នៅឡើយទេ រង់ចាំសហគមន៍ប្ដឹងជាលាយលក្ខណ៍អក្សរជាមុនសិន៖ «ទាល់មានពាក្យប្ដឹងច្បាស់លាស់ បានយើងធ្វើការងារស្រួល។ អាហ្នឹងយើងចងក្រងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់ទុកការគំរាមអាយុជីវិត គឺជាទង្វើល្មើសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវស៊ើបអង្កេតឱ្យជាក់លាក់រឿងនេះ ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះ៖ «ប្រសិនបើករណីកើតគាត់រកឃើញថា ភាគីអ្នកដែលប្រព្រឹត្តឬជនសង្ស័យ ពិតប្រាកដមែន គឺគាត់ត្រូវតែរាយការណ៍ ដើម្បីធ្វើការឃាត់ខ្លួនពីព្រះរាជអាជ្ញាដើម្បីធ្វើការអនុវត្តការងារអស់ហ្នឹង»។
ក្រមព្រហ្មទណ្ឌមាត្រា ២៣១ ចែងថា ការគំរាមកំហែងតាមលិខិត រូបភាព និងវត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
