ពលរដ្ឋ​ស្រុក​ពាមរក៍​ខេត្ត​ព្រៃវែង​ព្រួយ​បារម្ភ​​​ការ​បាក់​ច្រាំង​ទន្លេ​ពី​ការ​បូម​ខ្សាច់

0:00 / 0:00

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ដង​ទន្លេ​មេគង្គ​ក្រោម ស្ថិត​ក្នុង​ឃុំ​ពាមមានជ័យ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង កំពុង​តែ​ព្រួយបារម្ភ ដោយ​សារ​តែ​ច្រាំង​ទន្លេ​បាន​បាក់​ស្រុត​ដែល​អាច​ធ្វើ​ឲ្យ​ផ្ទះ​របស់​កាត់​ខូច​ខាត នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​មេឃុំ​ពាមមានជ័យ ថា ការ​បាក់​ច្រាំង​ទន្លេ​នោះ គឺ​ជា​កត្តា​ធម្មជាតិ​ដែល​តែងតែ​បាក់​ច្រាំង​នៅ​រដូវ​ប្រាំង។

អ្នកភូមិ​ចោទ​ប្រកាន់​ថា អាជីវកម្ម​បូម​ខ្សាច់​មួយ​ដែល​បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្បែរ​ៗ​តំបន់​រស់នៅ​របស់​អ្នក​ភូមិ​ក្នុង​ភូមិ​បឹងក្អែក ឃុំ​ពាមមានជ័យ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង បាន​ធ្វើ​ឲ្យ​ច្រាំង​ដែល​នៅ​ក្បែរ​ការដ្ឋាន​បូម​ខ្សាច់​នោះ បាក់​បន្តិច​ម្ដងៗ​ចូល​ទៅ​ទន្លេ។

ពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ក្នុង​ភូមិ​បឹងក្អែក បាន​ថ្លែង​ថា សកម្មភាព​បូម​ខ្សាច់​នោះ​គឺ​ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​ព្រួយ​បារម្ភ​បាក់​ដី​ចូល​ទន្លេ​កាន់​តែ​ច្រើន។

ពលរដ្ឋ​បាន​ទទូច​ឲ្យ​អាជ្ញាធរ​ដែនដី និង​ក្រុម​អ្នក​ជំនាញ​ចុះ​អង្កេត​មើល​សកម្មភាព​បូម​ខ្សាច់​ទាំង​នោះ ថា អាច​ប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​ទៀត​ដែរ ឬ​យ៉ាង​ណា។

ប៉ុន្តែ​មេឃុំ​ពាមមានជ័យ គឺ​លោក ជូ ស៊ីថាត មាន​ប្រសាសន៍​ថា ការ​​បូម​ខ្សាច់​នោះ​គឺ​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក ហើយ​ចំពោះ​ការ​បាក់​ដី​នៅ​តាម​ច្រាំង​ទន្លេ​នោះ គឺ​ជា​កត្តា​ធម្មជាតិ​ដែល​ត្រូវ​បាក់​ស្រុត​នៅ​រដូវ​ប្រាំង។

ទោះ​យ៉ាង​ណា​ពលរដ្ឋ​បាន​រិះគន់​ថា អាជ្ញាធរ​ថ្នាក់​ឃុំ ឬ​ថ្នាក់​ស្រុក​ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ ចំពោះ​ទុក្ខ​កង្វល់ របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ជួប​បញ្ហា​បាក់​ច្រាំង​ទន្លេ​នោះ។ ពលរដ្ឋ​បាន​ចោទ​ថា អាជ្ញាធរ​ទំនង​ជា​បាន​ផល​ប្រយោជន៍​ពី​អាជីវកម្ម​បូម​ខ្សាច់​នោះ។

អ្នក​សម្របសម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​ព្រៃវែង គឺ​អ្នកស្រី អ៊ាង គឹមលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​គួរតែ​ចុះ​ទៅ​ពិនិត្យ មើល​សកម្មភាព​របស់​អាជីវកម្ម​បូម​ខ្សាច់ ថា តើ​វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឬ​ទេ។

ពាក់ព័ន្ធ​ករណី​អាជីវកម្ម​ខ្សាច់​នេះ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ជូន​ដំណឹង​ទៅ​អភិបាល​រាជធានី​ភ្នំពេញ អភិបាល​ខេត្ត​កណ្ដាល និង​អភិបាល​ខេត្ត​ព្រៃវែង ហាម​អាជីវកម្ម​ខ្សាច់​នៅ​ក្នុង​ទន្លេ​មេគង្គ​លើ មេគង្គ​ក្រោម និង​ទន្លេ​បាសាក់។ ក្រសួង​រ៉ែ និង​ថាមពល ក៏​បាន​ប្រកាស​ថា មិន​ដែល​ផ្ដល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​ដែល​មាន​ក្នុង​ សេចក្ដី​ជូន​ដំណឹង​ខាង​លើ​នោះ​ទេ។ ក្រសួង​រ៉ែ និង​ថាមពល ចាត់​ទុក​សកម្មភាព​អនាធិបតេយ្យ​បូម​ខ្សាច់​ល្មើស​នឹង​ច្បាប់​ស្ដីពី​ការ​ គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដែល​ត្រូវ​ទទួល​ទោស​បញ្ញត្តិ​ស្រប​តាម​មាត្រា​៣៥ នៃ​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។