សហគមន៍អ្នករងផលប៉ះពាល់ពីគម្រោងធ្វើអាជីវកម្មរ៉ែមាសនៅខេត្តរតនគិរី និងមន្ត្រីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានឯកភាពលើលទ្ធផលវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនៃគម្រោងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold)។ លទ្ធផលនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម នឹងត្រូវបញ្ជូនទៅមន្ត្រីជំនាញថ្នាក់ជាតិវាយតម្លៃបន្ថែមទៀត មុននឹងសម្រេចចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម។
មន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងមន្ត្រីផ្នែកបរិស្ថាន និងសង្គម នៃក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរមូលដ្ឋាននៅខេត្តរតនគិរី បានចូលរួមកែសម្រួលបន្តិចបន្តួចលើលទ្ធផលនៃការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ទាក់ទិនគម្រោងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន មេស្កូ ហ្គោល ប្រទេសឥណ្ឌា ដែលគ្រោងនឹងបង្កើតឧស្សាហកម្មរ៉ែមាសនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
កិច្ចប្រជុំផ្លាស់ប្ដូរយោបល់ទាក់ទិនគម្រោងធ្វើអាជីវកម្មរ៉ែមាសនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំវាយតម្លៃដូចគ្នានេះ ត្រូវបានលើកឡើងនៅភូមិពាក់ លើកទី២ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយមានតំណាងសហគមន៍ និងមន្ត្រីភូមិចូលរួម ក្រោមការរៀបចំដោយក្រុមហ៊ុនប្រឹក្សាយោបល់ ស៊ី.អ៊ី.អេស (CES) សហការជាមួយក្រសួងបរិស្ថាន។
មន្ត្រីមូលដ្ឋានឃុំយ៉ាទុង លោក រចំ ជើង ចាត់ទុកការប្រជុំពិភាក្សាទាំងពីរលើកនេះថា អ្នកភូមិមានការយល់ដឹងច្រើនទាក់ទងគម្រោងអភិវឌ្ឍន៍ និងដំណោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ហេតុនេះ អ្នកភូមិដែលរងផលប៉ះពាល់ បានទទួលយកសំណងស្ដីពីផលប៉ះពាល់ប្រជាពលរដ្ឋ និងដោយឡែកមន្ត្រីអាជ្ញាធរមូលដ្ឋាន ក៏បានឯកភាពទៅនឹងលទ្ធផលវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដែលក្រុមហ៊ុនបានផ្សព្វផ្សាយចុងក្រោយនេះ៖ «និយាយថាអត់មានបញ្ហាត្រូវចោទ ព្រោះក្រុមហ៊ុនគេបានសិក្សាសព្វបែបពីការប៉ះពាល់។ អត់មានរឿងតវ៉ាអ្វីទេ បើតាមយើងសង្កេតមើល ព្រោះផលប៉ះពាល់គេសងសំណងអស់ហើយ អត់មានអ្នកតវ៉ាបាតុកម្មទេ»។
ចំណែកអភិបាលរងខេត្តរតនគិរី លោក យឹម ផែន បញ្ជាក់ដែរថា អាជ្ញាធរពាក់ព័ន្ធបានចូលរួមពិគ្រោះយោបល់ស្ដីពីលទ្ធផលវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញរបស់ក្រុមហ៊ុនរួចហើយ។ លោកបន្តថា អាជ្ញាធរថ្នាក់មូលដ្ឋានគាំទ្រគម្រោងនេះ ពីព្រោះគម្រោងនេះនឹងផ្តល់ប្រយោជន៍ច្រើនដល់ពលរដ្ឋនៅមូលដ្ឋាន៖ «ចំពោះអាជ្ញាធរ បើនិយាយទៅអាជ្ញាធរចូលរួមតាំងពីឃុំ-ស្រុក ក៏គេមិនជំទាស់ទេ វាមានផលប្រយោជន៍ទៅខាងប្រជាពលរដ្ឋ»។

ក្រសួងរ៉ែ និងថាមពល គ្រោងនឹងផ្តល់អាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនឈ្មោះ មេស ហ្គោល (Meas Gold) របស់ប្រទេសឥណ្ឌា មានគម្រោងធ្វើអាជីវកម្មរ៉ែមាសនៅភូមិពាក់ ស្រុកអូរយ៉ាដាវ លើផ្ទៃដីខាងលើ ៥០ហិកតារ ជម្រៅចុះទៅក្រោមដី ៣០ម៉ែត្រ និងទំហំវិនិយោគក្រោមដី ១២គីឡូម៉ែត្រការ៉េ បន្ទាប់ពីក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) របស់ប្រទេសអូស្ត្រាលី បានសិក្សាស្រាវជ្រាវរយៈពេលជាង ១០ឆ្នាំរកឃើញថា តំបន់នោះមានសក្ដានុពលរ៉ែមាស។ ក្រសួងសាមីនេះ ក៏ទុកលទ្ធភាពឲ្យក្រុមហ៊ុន មេស្កូ ហ្គោល សិក្សាហេតុប៉ះពាល់ផ្នែកបរិស្ថានពេលលេញ និងការផ្តល់យោបល់ពីក្រសួងបរិស្ថាន។ ចំណែកអ្នកនាំពាក្យក្រសួងរ៉ែ កាលពីខែកុម្ភៈ បញ្ជាក់ក្នុងសន្និសីទកាសែតថា តំបន់នោះមានសក្ដានុពលក្នុងការវិនិយោគអាជីវកម្មរ៉ែមាស និងទង់ដែង ជាមូលដ្ឋានឧស្សាហកម្មដ៏ធំនៅមូលដ្ឋាននាថ្ងៃអនាគត។
តំណាងក្រុមហ៊ុន មេស្កូ ហ្គោល លោក ហ៊ាង សេដ្ឋា បង្ហាញមោទនភាព បន្ទាប់ពីទទួលបានលទ្ធផលល្អពាក់ព័ន្ធកិច្ចពិគ្រោះយោបល់ ដែលធ្វើឡើងដោយមន្ត្រីជំនាញពាក់ព័ន្ធ។ លើសពីនេះទៀត លោករំពឹងថា បន្ទាប់ពីការកែសម្រួលលទ្ធផលវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្ដីពីគម្រោងធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុន នឹងធ្វើឲ្យការសិក្សាហេតុប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុនកាន់តែមានលក្ខណៈល្អប្រសើរ ឈានទៅដល់ការពិនិត្យសម្រេចរបស់មន្ត្រីជំនាញថ្នាក់ជាតិ ដើម្បីក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មនៅពេលខាងមុខនេះ៖ «មិនមានជាការព្រួយបារម្ភទេ ព្រោះក្នុងគម្រោងរបស់យើង យើងធ្វើទាំងអស់ ដូចជាទឹកស្អាត គម្រោងយើងផ្តល់ឲ្យអ្នកភូមិហើយ។ ចំណែកការជួសជុលផ្លូវ ក៏យើងសន្យាថាធ្វើដែរ។ សុខភាព ក៏យើងមានគម្រោងពិសេសៗសម្រាប់ជួយដល់ពលរដ្ឋ។ ប្រសិនដំណើរការហ្នឹងវារលូន គ្មានបញ្ហាអ្វីចោទទេ វានឹងធ្វើនៅឆ្នាំ២០១៦»។
ទាក់ទិនករណីនេះដែរ ប្រធានបច្ចេកទេសផ្នែកបរិស្ថានក្រុមហ៊ុន ស៊ី.អ៊ី.អេស លោក សុខ សុធា ធ្លាប់បានបញ្ជាក់ថា បន្ទាប់ពីកិច្ចពិគ្រោះយោបល់ធ្វើរួចរាល់ ក្រុមហ៊ុននឹងរៀបចំមតិយោបល់ទាំងអស់ដាក់ក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ និងប្រឹក្សាយោបល់សុំការសម្រេចពីក្រសួងបរិស្ថាន ដើម្បីក្រសួងរ៉ែ និងថាមពល សម្រេចផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មដល់ក្រុមហ៊ុន មេស្កូ ហ្គោល។
គម្រោងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន មេស្កូ ហ្គោល មានផលប៉ះពាល់ប្រជាពលរដ្ឋនៅភូមិពាក់ ១៨គ្រួសារ មានផ្ទៃដី ២៦ហិកតារ និងដីរួមសហគមន៍ ១២ហិកតារ។ ចំណែករ៉ែមាសដែលមានក្នុងដីនៅតំបន់នោះ លាតសន្ធឹងរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម និងប្រទេសឡាវ។ រ៉ែមួយតោន គេអាចចម្រាញ់បានមាសពី ៤ ទៅ ៥ក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
