ពលរដ្ឋ​ទើប​តាំង​ទីលំនៅ​ថ្មី​នៅ​ភូមិ​ស្រែគរថ្មី​ខេត្ត​ស្ទឹងត្រែង​ត្អូញត្អែរ​ខ្វះខាត​ទឹក​ប្រើប្រាស់

ដោយ ម៉ែន សុធីរ
2017-04-26
Share
ខ្វះ​ទឹក​ស្រែគរថ្មី ស្ទឹងត្រែង ២០១៧ ១៤៤០ អ្នក​ភូមិ​ស្រែគរថ្មី ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដង​ទឹក​ពី​ធុង​ដែល​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ផ្តល់​ជូន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Men Sothyr

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរថ្មី ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយសារ​លំនៅឋាន​របស់​ពួក​គេ​រស់នៅ​ថ្មី​ជា​តំបន់​ទួល ពុំ​អាច​ជីក​អណ្ដូង​យក​ទឹក​បាន ហើយ​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ ក៏​ពុំ​គ្រប់គ្រាន់​ដែរ។ ចំណែក​តំណាង​ក្រុមហ៊ុន​អះអាង​ថា ពួក​គេ​កំពុង​ដោះស្រាយ​បញ្ហា​នេះ។

ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ពី​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ មេសា ថា ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​អាជ្ញាធរ​រដ្ឋាភិបាល នៅ​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​នៅ​ឡើយ​ទេ ក្រោយ​ពី​អ្នក​ភូមិ​មក​តាំង​ទីលំនៅ​ថ្មី កំពុង​ជួប​វិបត្តិ​ខ្វះ​ទឹក​ប្រើប្រាស់។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត​រស់នៅ​ភូមិ​ស្រែគរថ្មី ឃុំ​ស្រែគរ ស្រុក​សេសាន លោក ទួន លួន ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​កសាង​អណ្ដូងទឹក​ប្រើ​ម៉ូទ័រ​ភ្ជាប់​ប្រព័ន្ធ​អគ្គិសនី​សូឡា បង្ហូរ​ទឹក​តាម​ទុយោ នៅ​ពុំ​ទាន់​ផ្តល់​ទឹក​គ្រប់គ្រាន់​ជូន​ពួក​គាត់​ប្រើប្រាស់​នៅ​ឡើយ​ទេ ហើយ​ការ​ចែក​ទឹក​តាម​រថយន្ត​របស់​ក្រុមហ៊ុន ក៏​នៅ​ពុំ​អាច​ប្រើប្រាស់​គ្រប់គ្រាន់​ដែរ។ បញ្ហា​នេះ បង្ខំ​ឲ្យ​ពួក​គេ​ចំណាយ​ប្រាក់​ទិញ​ទឹក​ពី​អ្នក​ភូមិ​ផ្សេង​ទៀត​មួយ​ធុង​ធំ​ចាប់​ពី ២​ម៉ឺន​រៀល​ទៅ ៣​ម៉ឺន​រៀល៖ «ក្រុមហ៊ុន​ដោះស្រាយ​ដែរ មិន​មែន​ថា​ក្រុមហ៊ុន​មិន​ដោះស្រាយ​ទេ តែ​ពុំ​ទាន់​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។ ទី​១ គាត់​ធ្វើ​របៀប​ដូច​ស្ទែន​បង្ហូរ​តាម​ទុយោ​ហ្នឹង វា​ចេញ​ទឹក​បាន​មួយ​ហ្វុយ (ធុង) ជួន​ណា​បាន​តែ​អត់​ចឹង ខ្លះ​បាន​មួយ​ប៉ោត​ទៅ​ពីរ​ប៉ោត​ចឹង។ ចឹង​ការ​ប្រើប្រាស់​ទឹក​ពុំ​បាន​គ្រប់គ្រាន់​ទេ»

មក​ទល់​ពេល​នេះ ពលរដ្ឋ​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ និង​បាន​មក​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​នោះ​ចំនួន ៣៧០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ។

ឆ្លើយតប​រឿង​នេះ តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ថ្លែង​បញ្ជាក់​ថា ក្រុមហ៊ុន​កំពុង​ដោះស្រាយ​បញ្ហា​នេះ និង​បាន​កសាង​អណ្ដូង​ប្រើ​ម៉ូទ័រ​ភ្ជាប់​ប្រព័ន្ធ​សូឡា និង​ជីក​ស្រះ​ទឹក​នៅ​តំបន់​ដី​ទំនេរ​ជុំវិញ​ភូមិ​ចំនួន​៧។ លោក​សំណូមពរ​ឲ្យ​ពលរដ្ឋ​សហការ​ដោះស្រាយ​រឿង​នេះ ខណៈ​អ្នក​ភូមិ​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ និង​ពលរដ្ឋ​ខ្លះ​បើក​ទឹក​បង្ហូរ​ចោល​ក៏​មាន។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ជីក​ស្រះ​ជូន​ពលរដ្ឋ​បន្ថែម​ទៀត ប្រសិន​បើ​មាន​សំណូមពរ​ពី​ពលរដ្ឋ៖ «ប្រព័ន្ធ​ដែល​បូម​ទឹក យើង​ប្រើ​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​សូឡា វា​បូម​ឡើង​ពេញ​ហ្នឹង​ហើយ បាន​ទម្លាក់​មក​ឲ្យ​គាត់​បើក​ប្រើ​តាម​ផ្ទះ ដល់​ពេល​ប្រើ​តាម​ផ្ទះ គាត់​បើក​បង្ហូរ​ចោល ក៏​វា​អស់​ដែរ​អា​ហ្នឹង»

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ទទួល​ស្គាល់​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរថ្មី កំពុង​បារម្ភ​ខ្វះខាត​ទឹក ហើយ​លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន រក​វិធានការ​ដោះស្រាយ​ដោយ​ជីក​ស្រះ​ក្បែរ​ភូមិ​ពួក​គេ​រស់នៅ ដែល​ធានា​ថា​អាច​រក្សា​ទឹក​ទុក ដើម្បី​ផ្គត់ផ្គង់​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់។ លោក​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​កសាង​អណ្ដូង​ប្រើ​ម៉ូទ័រ​បូម​ទឹក​ភ្ជាប់​ប្រព័ន្ធ​សូឡា អាច​ប្រើ​បាន​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន អ្នក​ភូមិ​ក៏​ពុំ​អាច​ប្រើ​បាន​គ្រប់គ្រាន់​ដែរ៖ «គាត់​ខំ​លះបង់​ដើម្បី​ជាតិ​ទាំងអស់​គ្នា ឲ្យ​គាត់​អត់​ទឹក គឺ​ខុស​ហើយ។ ខ្ញុំ​មក​រស់នៅ​តាំង​ពី​ខែ​១២ រហូត​ដល់​សព្វថ្ងៃ គ្រាន់​តែ​ទិញ​ទឹក​ចូល ៥០​ម៉ឺន​ជាង​ហើយ។ ចុះ​បើ​អ្នក​អត់​មាន​ធ្វើ​ម៉េច​ចុះ»

មន្ត្រី​សម្របសម្រួល​បណ្ដាញ​អង្គការ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ កត់​សម្គាល់​ថា កន្លង​ទៅ ក្រុមហ៊ុន​ធ្លាប់​សន្យា​ថា​នឹង​ផ្តល់​ប្រភព​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ដល់​សហគមន៍​ដែល​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់ ក៏ប៉ុន្តែ​អ្នក​ភូមិ​នៅ​តែ​បារម្ភ​នៅ​ឡើយ។ បញ្ហា​នេះ​មាន​ន័យ​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ពុំ​ទាន់​អនុវត្ត​គោល​នយោបាយ​ផ្តល់​សំណង​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ៖ «អាជ្ញាធរ​ហ្នឹង​គួរ​បំពេញ​ការងារ​ឲ្យ​បាន​ទាន់​ពេលវេលា​ជូន​សហគមន៍​ដែល​គាត់​ប៉ះពាល់ ទាំង​ផ្លាស់​ទីលំនៅ​ភូមិឋាន​ចាស់​គាត់ មួយ​សា​ហើយ និង​ប៉ះពាល់​ដល់​ការ​រស់នៅ​ភូមិ​ថ្មី​ទៀត»

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ៩៣​គ្រួសារ និង​ឃុំ​ក្បាលរមាស ជាង ៣០​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល