អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា កាស៊ីណូ​ចិន​មួយ​កំពុង​ដំណើរការ​ដោយ​ខុសច្បាប់​​លើ​កោះរ៉ុង​សន្លឹម

ដោយ អាស៊ីសេរី
2019.05.22
មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង (JINDING) មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង (JINDING) នៅ​ភូមិ​កោះ​រ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​ព្រះសីហនុ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឲ្យ​បិទ​អាជីវកម្ម​របស់​ខ្លួន​ជា​កំហិត នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ២០១៩។
រូប៖ Screenshot from video of Mother Nature Cambodia

អាជ្ញាធរខេត្ត​ព្រះសីហនុ​ទទួល​ស្គាល់​ថា មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង នៅតែ​បើក​ដំណើរការ​ដូច​ធម្មតាដ​ដែល ទោះបីជា​អាជ្ញាធរ​បាន​តម្រូវឱ្យ​ម្ចាស់​ទីតាំង​បិទ​ដំណើរការ​អាជីវកម្ម​ក៏ដោយ។ ទន្ទឹមនឹងនេះ សកម្មជន​បរិស្ថាន​ក៏បាន​បង្ហោះ​វីដេអូ​​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​លាតត្រដាង​ពី​រឿង​នេះដែរ ព្រមទាំង​បានទាមទារ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ទៀតផង។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ឱ្យ​អាស៊ីសេរី​ដឹងថា អាជ្ញាធរខេត្ត​បាន​ប្រាប់​ទៅ​ម្ចាស់​ទីតាំង​កម្សាន្ត ជីន ទីង (JINGDING) ឱ្យ​បិទ​អាជីវកម្ម​របស់ខ្លួន​ចំនួន ២​លើក​រួច​មក​ហើយ តាមរយៈ​សេចក្ដី​ជូន​ដំណឹង និង​ការបញ្ជា​ពី​អាជ្ញាធរ​ខេត្ត ក៏ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​មិន​អនុវត្ត​តាម។ លោក​បន្តថា អាជ្ញាធរ​នឹង​ចុះ​ពិនិត្យ​ករណីនេះ​ម្តងទៀត​នៅពេល​ឆាប់​ខាងមុខ ហើយ​បើ​លើក​ទី​៣ នេះ ក្រុមហ៊ុន​នៅតែ​ហ៊ាន​បើក​ដំណើរការ​ទៀត នោះអាជ្ញាធរ​នឹង​នាំខ្លួន​ម្ចាស់​អាជីវកម្ម​ទៅ​ទទួល​ខុស​ត្រូវចំពោះ​មុខ​ច្បាប់ ព្រមទាំង​សុំ​កិច្ច​សហការ​ពី​ស្ថាប័ន​តុលាការ​ដើម្បី​ចុះទៅ​វាយ​កម្ទេច​សំណង់​អាជីវកម្មនេះ​ចោល​តែម្តង«ទីមួយ​ជាការ​រុះរើ​ដោយ​បង្ខំ។ ទី​ពីរ គឺ​ប្តឹង​ទៅ​តុលាការ។ កាលណា​ប្តឹងទៅ​តុលាការ គឺ​យើង​ត្រូវ​ចុះ​អនុវត្ត​រួមគ្នា​ជាមួយ​ស្ថាប័ន​តុលាការ ព្រោះ​កាស៊ីណូ​ហ្នឹង ទីមួយ​គាត់​អត់​មានច្បាប់ ទី​ពីរ​គាត់​ធ្វើ​នៅ​លើដី​ឆ្នេរ​ដែល​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ទេ។ អ៊ីចឹង​ហេតុផល​ពីរ​ហ្នឹង គឺ​គ្រប់គ្រាន់​សម្រាប់​យើង​ប្តឹង​គាត់​បាន​ហើយ»

កាលពី​ខែមីនា​កន្លង​ទៅ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​បិទ​មជ្ឈមណ្ឌល​កម្សាន្ត ជីន ទីង ក្រោម​ហេតុផល​ថា ទីតាំង​អាជីវកម្ម​នោះ​មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ និង​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​តំបន់ឆ្នេរ។ សកម្មភាព​ល្មើសច្បាប់​ទាំងនោះ​រួមមាន ការបង្ហូរ​ទឹក​កខ្វក់​ចូលក្នុង​សមុទ្រ​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ចម្រោះ ការសាងសង់​ទីតាំង​កាស៊ីណូ​រំលោភ​លើដី​ឆ្នេរសមុទ្រ ការដាក់​ម៉ាស៊ីនភ្លើង​នៅលើ​ផែ ធ្វើឱ្យមាន​ប្រេង​ហូរ​ចូល​សមុទ្រ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការចាក់​ធុងបាស​ខ្លាំង​បង្ក​ការ​រំខាន​​ដល់​ពលរដ្ឋ និង​ភ្ញៀវទេសចរ​។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌល​កម្សាន្ត​ចិន​មួយ​នេះ បាន​ប្រើប្រាស់​អាជ្ញាបណ្ណ​ល្បែងភ្នាល់​អន​ឡាញ​ដែល​ហួស​សុពលភាព និង​មាន​ករណី​បាញ់បោះ​ហិង្សា ប្រព្រឹត្ត​ដោយ​អ្នកគ្រប់គ្រង​សន្តិសុខ​នៅ​ទីនោះ​ទៀត​ផង។

អាជ្ញាធរ​តម្រូវឱ្យ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​មួយ​នេះ បិទ​អាជីវកម្ម​របស់ខ្លួន​ជា​កំហិត ត្រឹម​ថ្ងៃទី​២២ មីនា កន្លង​ទៅ ក៏ប៉ុន្តែ​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​មួយ​នេះ នៅតែ​អាច​បើក​ដំណើរការបាន​ដូច​ធម្មតា មក​ទល់នឹងពេល​នេះ

អាស៊ីសេរី​មិនអាច​ទាក់ទង​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត ជីន ទីង ដើម្បី​សុំ​ការបំភ្លឺ​អំពី​បញ្ហា​នេះ​បានទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។​

លោក ឃាង ភារម្យ អះអាងថា អាជ្ញាធរខេត្ត​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុងការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ក៏ប៉ុន្តែ​លោក​ថា ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​មិន​ចង់​ប្រើ​កណ្តាប់ដៃ​ដែក​ក្នុងការ​ដោះស្រាយ​រឿង​នេះ​ឡើយ ដោយ​ចង់ទុក​ឱកាស​ឱ្យ​ក្រុមហ៊ុន​កែ​ប្រែ​​កំហុស​​របស់ខ្លួន​។ ម្យ៉ាងវិញទៀត លោក​ថា សណ្ឋាគារ និង​កាស៊ីណូ​ចិន​នេះ ស្ថិតនៅលើ​កោះ​ឆ្ងាយ​ពី​ដីគោក ដែល​ធ្វើឱ្យ​ពិបាក​ចល័ត​គ្រឿងចក្រ​ចូល​មក​វាយកម្ទេច​សំណង់​នោះ ហេតុដូច្នេះ​ហើយ​ទើប​រឿងនេះ​ត្រូវ​អូសបន្លាយ​​មក​ដល់​ពេលនេះ​។

ទោះជា​យ៉ាងណា អ្នកការពារ​បរិស្ថាន​ចាត់ទុក​ការលើកឡើង​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នេះ​ថា ជា​រឿង​មិន​សម​ហេតុផល និង​គេចវេស​ពី​ការទទួលខុសត្រូវ។

សកម្មជន​បរិស្ថាន លោក ម៉េង ហេង ដែល​បាន​ចុះ​តាម​ដានករណី​នេះ ប្រតិកម្ម​ថា គ្មាន​ហេតុផល​អ្វី​ដែលអាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​ទុក​បណ្តោយឱ្យ​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​នេះ​នៅ​បើក​ដំណើរការ​នោះ​ឡើយ ព្រោះ​អាជ្ញាធរ​សុទ្ធតែ​បាន​ពិនិត្យ​ឃើញ​​រួច​​ហើយ អំពី​​ទង្វើ​ល្មើសច្បាប់​របស់​ក្រុមហ៊ុន។

លោក​ថា ការ​វាយកម្ទេច​សំណង់​របស់​ក្រុមហ៊ុន​អាចធ្វើ​នៅពេលណា​ក៏បាន សំខាន់​ឱ្យតែ​ក្រុមហ៊ុន​ពិត​ជា​បិទ​អាជីវកម្ម​តាម​បញ្ជា​របស់​អាជ្ញាធរ។ ក៏ប៉ុន្តែ ការអូសបន្លាយ​រឿងនេះ​មកដល់​បច្ចុប្បន្ន លោក​យល់ថា អាច​មក​ពី​មូលហេតុ​ពីរ​យ៉ាង គឺ​ដោយ​សារ​​មាន​បុគ្គល​មានអំណាច​កាង​នៅ​ពីក្រោយ ឬ​ម្យ៉ាង​ទៀត អាជ្ញាធរខេត្ត​បានទទួល​ផលប្រយោជន៍​ពី​ភាគី​ក្រុមហ៊ុន«អាជ្ញាធរ​បានន័យថា ឃុបឃិត​ជាមួយ​ឈ្មួញ​ហ្នឹង អត់​មាន​ខុសគ្នា​ផង​ហ្នឹង ពីព្រោះ​ដឹងថា អាហ្នឹង​ខុសច្បាប់​ហើយ ហេតុអ្វី​មិន​ព្រម​ចាត់វិធានការ​ភ្លាមៗ​ទៅ​? ហើយ​គ្រាន់តែ​ចេញ​ ស​.​ជ​.​ណ ហើយ យើង​អាច​បញ្ជា​ឱ្យ​មន្ត្រី​មូលដ្ឋាន​ចុះទៅ​បិទ​ចោល​ទៅ មាន​អ្វី​ទៅ​ពិបាក​ផង​ហ្នឹង​។ មិនចាំបាច់​យក​គ្រឿងចក្រ​ទៅ​វ៉ៃ​ចោល​ទេ អ៊ីចឹង​បានន័យថា វា​នៅ​ពាក់ព័ន្ធ​ពី​បញ្ហា​អំពើពុករលួយ​នៅ​ខាង​ក្រោយ​ដែល​យើង​មើលមិនឃើញ»

សកម្មជន​បរិស្ថាន​រូប​នេះ ស្នើ​យ៉ាង​ទទូច​ឱ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ​បញ្ឈប់​ទង្វើ​ការពារ​ក្រុមហ៊ុន​ល្មើសច្បាប់​បែបនេះ និង​ត្រូវយក​ច្បាប់​មក​អនុវត្ត ដើម្បី​ជាការ​ព្រមាន​ដល់​ក្រុមហ៊ុន​ដទៃ កុំ​ឱ្យធ្វើ​អ្វីដែល​បំពាន​លើ​ច្បាប់ និង​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។