មន្ត្រីបរិស្ថានរងការចោទថា បើកដៃឲ្យជនល្មើសកាប់ឈើក្នុងតំបន់ព្រៃឡង់យ៉ាងអនាធិបតេយ្យ
2025.02.02

សកម្មជនការពារព្រៃឈើដែលតែងតែចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែង បន្តចោទមន្ត្រីបរិស្ថាននៅតំបន់នោះថា ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យក្រុមជនល្មើសចូលកាប់ឈើធ្វើអាជីវកម្មក្នុងតំបន់ព្រៃឡង់ដោយសេរី។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចុះទៅរកឃើញបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងដែនជម្រកសត្វព្រៃឡង់ ដែលសកម្មជនតែងតែផ្តល់ព័ត៌មានពីបទល្មើសព្រៃឈើ។
សកម្មជនការពារព្រៃឈើនៅខេត្តស្ទឹងត្រែង បន្តចោទមន្ត្រីបរិស្ថាននៅតំបន់នោះថា ជាអ្នកនៅពីក្រោយខ្នង បើកផ្លូវឲ្យក្រុមជនល្មើសចូលកាប់ឈើធ្វើអាជីវកម្មក្នុងតំបន់ព្រៃឡង់ ស្ថិតនៅភូមិក្របីមួយ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយចាត់ទុកករណីដែលមានសមត្ថកិច្ចចុះបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះ គឺជាល្ខោនបោកបញ្ឆោតភ្នែកមហាជន និងថ្នាក់ដឹកនាំរបស់ខ្លួនតែប៉ុណ្ណោះ។
សកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ ខែមករាថា មន្ត្រីបរិស្ថានឈរជើងនៅតំបន់នោះ ដែលលោកមិនទាន់បង្ហាញឈ្មោះ ជាអ្នកគប់គិតគ្នាជាមួយជនល្មើស បណ្ដោយឲ្យមានការកាប់ឈើយ៉ាងរង្គាលនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ លោកថា មន្ត្រីទាំងនោះបានយកលុយពីជនល្មើស២លានរៀលជារៀងរាល់ខែ ដើម្បីជាថ្នូរមើលផ្លូវ និងជួយការពារសុវត្ថិភាពនៅពេលមានមន្ត្រីថ្នាក់ខេត្ត និងជាតិចុះបង្ក្រាបម្ដងៗ។
លោក អ៊ុក ម៉ៅ៖ «ដូចខ្ញុំថាអ៊ីចឹងគេទៅនឹងគេលេងល្ខោនគេទៅមើលឲ្យតែអស់ចិត្តទេ តាមពិតគេបង់លុយប្រចាំខែរួចអស់ហើយ បើមិនជឿឲ្យមន្ត្រីបរិស្ថានទាំងអស់មកជួបខ្ញុំនរណាយកលុយប្រចាំខែប៉ុន្មានៗខ្ញុំដឹងទាំងអស់ អាត្រាក់បង់ប៉ុន្មានឈូសឆាយព្រៃ តៃកុងអារឈើមួយខែបង់ប៉ុន្មានលាន បើមន្ត្រីបរិស្ថានគ្រាន់បើមកជួបខ្ញុំមក ខ្ញុំនៅឃុំអន្លង់ភេ»។
សកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ អះអាងទៀតថា កន្លងទៅពលរដ្ឋបានរាយការណ៍ទៅមន្ត្រីជំនាញជាប្រចាំនៅពេលដែលមានបទល្មើសកើតឡើងក្នុងតំបន់ការពារ ប៉ុន្តែមន្ត្រីទាំងនោះមិនបានបង្ក្រាបបទល្មើសនោះឡើយ ក្រៅពីយកលុយពីជនល្មើសហើយនាំគ្នាត្រឡប់ទៅវិញ។ លោកថា ប្រសិនបើរដ្ឋាភិបាលមិនចុះត្រួតពិនិត្យមន្ត្រីថ្នាក់ក្រោម និងដកមន្ត្រីរូបណាដែលជាប់ពាក់ព័ន្ធអំពើពុករលួយចេញនោះទេ ព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នឹងមិនគង់វង្សឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៣១ ខែមករា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៣០ ខែមករា សារព័ត៌មានក្នុងស្រុក Fresh Newsបានផ្សព្វផ្សាយថា សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានចុះទៅរកឃើញបទល្មើសព្រៃឈើ ជាច្រើនករណីនៅត្រង់ចំណុច ភូមិក្របីមួយ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពិតប្រាកដមែន ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ថា បានឃាត់ខ្លួនជនល្មើសណាម្នាក់ឡើយ។
រីឯអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៣១ ខែមករា ថា ករណីកាប់ឈើនៅតំបន់ព្រៃឡង់ អាជ្ញាធរខេត្តកំពុងសិក្សាស្រាវជ្រាវស្វែងរកជនល្មើស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ ហើយប្រសិនបើអាជ្ញាធរខេត្តរកឃើញមន្ត្រីរូបណាជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ អាជ្ញាធរខេត្តនឹងមិនលើកលែងឲ្យបុគ្គលរូបនោះឡើយ។
លោក ម៉ែន គង់៖ «សូមអំពាវនាវដល់បងប្អូនសាធារណៈជន និងអ្នកដែលពាក់ព័ន្ធទាំងអស់ចូលរួមការពារធនធានធម្មជាតិ ការពារព្រៃឈើ ដោយនិរន្តរភាព ហើយបញ្ឈប់រាល់ការបំផ្លាញព្រៃឈើនៅក្នុងភូមិសាស្ត្រទឹកដីខេត្តស្ទឹងត្រែង ជារួមរហូតមកដល់ពេលនេះពុំទាន់រកឃើញមានមន្ត្រីពាក់ព័ន្ធក្នុងករណីនេះទេ ប៉ុន្តែនីតិវិធីស្រាវជ្រាវមាននីតិវិធីច្រើនទៀត ដែលគណៈបញ្ជាការឯកភាពខេត្តដាក់ចេញវិធានការទាំងអស់នេះ ក្នុងការរកឃើញមានមន្ត្រីរូបណាមានការពាក់ព័ន្ធ គឺមន្ត្រីទាំងអស់នោះទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា រដ្ឋាភិបាលគួរបើកចំហឲ្យបណ្ដាញសហគមន៍ យុវជន និងអង្គការសង្គមស៊ីវិល បានចូលរួមការពារព្រៃឈើឡើងវិញ ទើបការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់មានប្រសិទ្ធភាព បើពុំដូច្នេះទេ បើទោះបីរដ្ឋាភិបាលខំបង្កើតគោលនយោបាយ ឬយន្តការច្រើនយ៉ាងណាក៏ដោយ ការទប់ស្កាត់បទល្មើសព្រៃឈើមិនមានប្រសិទ្ធភាពនោះឡើយ។
លោក អូត ឡាទីន៖ «ចំណុចដែលមិនមានប្រសិទ្ធភាពនឹងគឺបាត់បង់ខែលដ៏សំខាន់ក្នុងការការពារធនធានធម្មជាតិពីសំណាក់សហគមន៍មូលដ្ឋាន អង្គការដៃគូ និងសកម្មជន ប្រសិនបើបើកបរិយាកាស បើកសិទ្ធិសេរីភាព បើលំហសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋគ្រប់និន្នាការ យុវជន បណ្ដាញសហគមន៍ព្រៃឡង់ សហគមន៍ជនជាតិដើមភាគតិច ឲ្យពួកគាត់ចូលរួមបេសកកម្មការពារធនធានធម្មជាតិបាន ខ្ញុំគិតថាវាជាខែលដ៏ធំណាស់ក្នុងការការពារតំបន់ព្រៃឡង់ឲ្យវានៅសេសសល់»។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត ៥សែន (៤៨៩.៦៦៣)ហិកតារជាប់ខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាល បង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦ គ្រប់គ្រងដោយក្រសួងបរិស្ថាន។ ប៉ុន្តែរយៈពេល១០ឆ្នាំមកនេះ ដែនជម្រកសត្វព្រៃព្រៃឡង់បន្តរងការកាប់ឈើធ្វើអាជីវកម្ម និងកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅជុំវិញតំបន់នោះយ៉ាងអនាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។