សកម្មជនព្រៃឈើ និងមន្ត្រីសង្គមស៊ីវិលជំរុញទៅអង្គភាពប្រឆាំងអំពើពុករលួយឱ្យស៊ើបអង្កេតស៊ីជម្រៅ និងមានវិធានការជាក់លាក់លើមន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារដែលពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធក្នុងការអនុញ្ញាតឲ្យមានបទល្មើសកាប់បំផ្លាញព្រៃឈើ។ ការលើកឡើងនេះ ខណៈអង្គភាពប្រឆាំងអំពើពុករលួយកំពុងស៊ើបអង្កេតករណីមន្ត្រីបរិស្ថានក្នុងខេត្តនេះ សង្ស័យឃុបឃិតគ្នាជាមួយឈ្មួញឈើខុសច្បាប់និងអ្នកឈូសឆាយដីព្រៃខុសច្បាប់។
សកម្មជនព្រៃឈើស្វាគមន៍ចំណាត់ការអង្គភាពប្រឆាំងអំពើពុករលួយដែលកំពុងស៊ើបអង្កេតមន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារករណីបំផ្លាញព្រៃឡង់ក្នុងខេត្តនេះ។ ពួកគេលើកឡើងថា នៅមានមន្ត្រីជាច្រើនស្ថាប័នទៀត ដែលបំពេញការងារជាអ្នកការពារព្រៃឈើ ប៉ុន្តែរួមគ្នាប្រព្រឹត្តិបទល្មើសព្រៃឈើ។
សកម្មជនព្រៃឈើលោក ហេង ស្រស់ ជំរុញទៅអង្គការប្រឆាំងអំពើធ្វើការស៊ើបអង្កេតលើមន្ត្រីការពារព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា តំបន់ភ្នំព្រិច តំបន់ជួរភ្នំក្រវាញ តំបន់ព្រៃព្រះរកា តំបន់ឧទ្យានជាតិ និងព្រៃឡង់ក្នុងខេត្តផ្សេងៗ ដោយលោកអះអាងថា តាមការស្រាវជ្រាវរបស់លោកជាង ៣ខែមកនេះ គឺមន្ត្រីក្នុងតំបន់ទាំងនេះសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃ៖ «បើសិនជា ACU ( អង្គភាពប្រឆាំងអំពើពុករលួយ ) គាត់ហ៊ាន បើសិន ACU គាត់យកឆន្ទៈមួយដែលគិតថា ស្រឡាញ់ជាតិធ្វើការ ដើម្បីជាតិខ្ញុំគិតថា ប្រាកដជាប់ពាក់ព័ន្ធមន្ត្រីមួយចំនួនដូចសម្លកំពឹសអ៊ីចឹងបាទ»
រីឯសកម្មជនបរិស្ថានម្នាក់ទៀតលោក ម៉ា ចិត្រា ដែលធ្លាប់ចុះល្បាតនៅតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារឱ្យអាស៊ីសេរីដឹងថា ព្រៃឡង់នៅខេត្តនេះរងការកាប់ទន្ទ្រានពីក្រុមឈ្មួញជាច្រើនកន្លែង។ លោកថា លោករីករាយ ដែលឃើញអង្គភាពប្រឆាំងអំពើពុករលួយកំពុងស៊ើបអង្កេតករណីបទល្មើសព្រៃឈើនេះ។ លោកក៏ជំរុញទៅអង្គភាពនេះធ្វើការស៊ើបអង្កេតដោយមិនចាំបាច់មានការដាក់ពាក្យប្ដឹងនោះទេ។ យុវជនរូបនេះ ក៏ស្នើទៅក្រសួងបរិស្ថានបើកទូលាយឱ្យយុវជន និងអ្នកស្រលាញ់បរិស្ថានអាចចុះល្បាតព្រៃឡង់ ឬព្រៃឈើនៅតំបន់ផ្សេងៗ ទៀតដោយគ្មានការហាមឃាត់៖ «ខ្ញុំសប្បាយចិត្ត និងលើកទឹកចិត្តឱ្យ ACU( អង្គភាពប្រឆាំងអំពើពុករលួយ ) ធ្វើការងារហ្នឹងឱ្យបានខ្លាំងមិនមែនទាល់តែគេប្ដឹងបានគាត់ស៊ើបអង្កេតទេមានន័យថា ក្នុងនាមគាត់ជាអង្គភាពប្រឆាំងអំពើពុករលួយគាត់ត្រូវមើលនៅពេលតំបន់ព្រៃឈើហ្នឹង ត្រូវបានគេរាយការណ៍ថា ត្រូវកាប់បំផ្លាញរាល់ថ្ងៃហ្នឹង ហេតុអីមន្ត្រីបរិស្ថានធ្វើការមិនកើត»។
ប្រតិកម្មបែបនេះរបស់សកម្មជនព្រៃឈើនេះក្រោយពេលប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានចេញលិខិតមួយចុះកាលបរិច្ឆេទថ្ងៃទី៨ ខែមិថុនា ផ្ញើទៅប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ សុំឱ្យបំភ្លឺភាពមិនប្រក្រតីនៃមន្រ្តីមន្ទីរបរិស្ថានក្នុងខេត្តម្នាក់ឈ្មោះ សោម រដ្ឋា និងសហគមន៍ព្រៃឈើផ្សេងទៀតករណីសង្ស័យឃុបឃិតគ្នាជាមួយឈ្មួញឈើខុសច្បាប់ និងអ្នកឈូសឆាយដីព្រៃខុសច្បាប់។ ប៉ុន្តែអង្គភាពនេះមិនបញ្ជាក់ថា ឈ្មោះ សោម រដ្ឋា មានតួនាទីអ្វីឡើយ។
ការបើកការស៊ើបអង្កេតនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានទទួលបណ្ដឹងដោយចោទប្រកាន់ថា មន្រ្តីមន្ទីរបរិស្ថានរូបនេះ និងសហគមន៍ព្រៃឈើបានទារប្រាក់ពីឈ្មួញដឹកឈើព្រៃឡង់ក្នុងមួយគោយន្តចាប់ពីប្រាំម៉ឺនរៀល (៨០.០០០) ទៅដប់ម៉ឺនរៀល (១០០.០០០)។ លោក សោម រដ្ឋា និងសហគមន៍ព្រៃឈើក៏មានការត្រូវរ៉ូវគ្នាជាប្រព័ន្ធជាមួយឈ្មួញធំម្នាក់ឈ្មោះ ឡេង។ លិខិតដដែលឱ្យដឹងទៀតថា បើមានអ្នកដឹកឈើរូបណាមិនលក់ឈើឱ្យឈ្មួញឈ្មោះ ឡេង គឺមិនត្រូវបានអនុញ្ញាតឱ្យដឹកឈើចេញពីភូមិទេ បើទោះជាម្ចាស់គោយន្តនោះបានបង់ប្រាក់រួចហើយក្តី មិនតែប៉ុណ្ណោះនឹងត្រូវមន្ត្រីបរិស្ថាន និងសហគមន៍បញ្ជាឱ្យបង់ប្រាក់ចំនួន ១លានរៀល។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺបន្ថែមពីការវិវឌ្ឍនៃការស៊ើបអង្កេតករណីនេះពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង កាលនៅថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែពេលទូរស័ព្ទចូលលើកទី១ លោកលើកទូរស័ព្ទតែមិននិយាយអ្វីនោះទេ ហើយលោកក៏ចុចបិទទូរស័ព្ទ ។នៅពេលហៅលើកទី២ លោក ឱម យិទៀង ឆ្លើយដោយខ្លីថា លោកកំពុងប្រជុំ៖ «ខ្ញុំ ខ្ញុំបានបើកសំឡេងឱ្យស្ដាប់ថា ខ្ញុំនៅក្នុងអង្គប្រជុំហើយលោកនៅហៅមកទៀតហ្ន !! លោកយល់ យល់ ការងារគេរបស់គេផងបានទេ ?» ។
អាស៊ីសេរីក៏បន្តព្យាយាមសុំការបំភ្លឺបន្ថែមលោក ឱម យិនទៀង នៅថ្ងៃទី១៦ ខែមិថុនា ពេលទូរស័ព្ទចូលលើកទី១ ជំនួយការលើកទូរស័ព្ទដោយប្រាប់ថា លោក ឱម យិនទៀង កំពុងប្រជុំ និងប្រាប់ឱ្យហៅមកពេលក្រោយ (ពីរបីម៉ោងទៀត) បន្ទាប់ពីលោក ឱម យិនទៀង ប្រជុំចប់។ អាស៊ីសេរីក៏បានហៅទូរស័ព្ទទៅលោកតាមការណាត់ ប៉ុន្តែទូរស័ព្ទចូលជាច្រើនគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្ត្រា និយាយថា សំណុំរឿងស្ថិតក្នុងដៃអង្គភាពប្រឆាំងអំពើពុករលួយហើយ ដូច្នេះលោកមិនធ្វើអត្ថាធិប្បាយលើរឿងនេះ៖ «ក្រសួងបរិស្ថានអត់ធ្វើអត្ថាធិប្បាយទៅលើបញ្ហាហ្នឹងទេ ទុកឱ្យនីតិវិធីនេះអនុវត្តដោយអង្គភាពប្រឆាំងអំពើពុករលួយ»។
លិខិតប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ដដែល ក៏ទាមទារឲ្យប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបំភ្លឺករណីនេះ និងផ្ដល់ឯកសារពាក់ព័ន្ធឱ្យអង្គភាពប្រឆាំងអំពើពុករលួយទាន់ពេល ដើម្បីអង្គភាពនេះមានមូលដ្ឋានបន្តនីតិវិធីប៉ុន្តែមិនបញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ។
ទាក់ទងបញ្ហានេះ អាស៊ីសេរីបានសុំការបំភ្លឺបន្ថែមពីប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ ប៉ុន្តែគ្រាន់តែស្ដាប់សំណួរចប់លោកប្រាប់ថា គ្មានពេលផ្ដល់បទសម្ភាសន៍ទេ។៖ « សូមទោសបង អត់មានពេលសម្ភាសជូនទេ អរគុណ»។
សកម្មជនព្រៃឈើលោក ហេង ស្រស់ យល់ថា ករណីមន្ត្រីបរិស្ថានរួមគ្នានឹងឈ្មួញប្រព្រឹត្តិបទល្មើសព្រៃឈើបែបនេះហើយទើបមន្ត្រីបរិស្ថានតែងតែរារាំងយុវជន និងសកម្មជនព្រៃឈើ និងបរិស្ថានដែលចុះល្បាតព្រៃម្ដងៗ។ លោកបន្តថា តាមការស្រាវជ្រាវរបស់ក្រុមលោកក៏រកឃើញថា នៅពេលមានមន្ត្រីពាក់ព័ន្ធច្រើនស្ថាប័នផ្សេងដូចជា មន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលយុត្តិធម៌ និងមន្ត្រីបរិស្ថានជាដើម ដែលប្រព្រឹត្តបទល្មើសព្រៃ។ លោកអះអាងថា ក្រុមលោកក៏គ្រោងនឹងបង្ហាញរបាយការណ៍ស្ដីពីការប្រព្រឹត្តបទល្មើសព្រៃឈើរបស់មន្ត្រីទាំងនោះនៅពេលខាងមុខដែរ៖ « បើសិនខ្ញុំរៀបរាប់មន្រ្តីទាំងអស់នោះមានជាងបួនពាន់ ( ៤ , ០០០ ) ហើយយើងនឹងបង្ហាញឈ្មោះទាំងអស់នោះជាសាធារណៈនៅថ្ងៃណាមួយតែពេលនេះខ្ញុំសុំលាក់សិនដោយសារយើងកំពុងធ្វើការស៊ើបអង្កេតបន្ថែម»។
នាយកប្រតិបតត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ជំរុញ អង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការជាទៀងទាត់លើមន្ត្រីផ្សេងទៀត ដែលជាប់សង្ស័យថា ពាក់ព័ន្ធនឹងអំពើពុករលួយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នផ្សេងទៀតអនុវត្តច្បាប់ និងប្រឆាំងអំពើពុករលួយលើជនសង្ស័យឱ្យបានស្មើភាព៖ « ការអនុវត្តន៍ច្បាប់ហ្នឹងឱ្យស្មើភាពគ្នាទៅហើយបើសិនមានករណីចោទប្រកាន់ ឬការសង្ស័យ ឬការផ្ល់ភស្តុតាងអំពីករណីទាំងនោះទៅលើមន្ត្រីគូរតែស៊ើបអង្កេតបន្ថែមតាមលក្ខណៈច្បាប់ទៅ ហើយមានការពាក់ព័ន្ធ ឬមិនពាក់ព័ន្ធក្ដី យើងអាចធ្វើការបកស្រាយ ដើម្បីបង្កើនទំនុកចិត្តទៅលើសាធារណជនចំពោះការអនុវត្តន៍ច្បាប់ប្រឆាំងអំពើពុករលួយ » ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្ត្រា បញ្ជាក់ថា ការចោទណាមួយគួរបង្ហាញភស្តុតាងឱ្យបានច្បាស់។ លោកបន្តថា លោកលើកទឹកចិត្តឱ្យដាក់បណ្ដឹង ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយលោកអះអាងថា ក្រសួងបរិស្ថានមិនការពារមន្ត្រីខិលខូចឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
