សហគមន៍ព្រៃឡង់៤ខេត្តចាប់ផ្ដើមចូលព្រៃឡង់ខេត្តស្ទឹងត្រែងប្រារព្ធពិធីរំឭកគុណព្រៃឈើ
2017.02.09

សហគមន៍ព្រៃឡង់នៅក្នុងខែត្រចំនួន៤ សរុបប្រមាណជាង ៤០០នាក់ បានចេញដំណើរនៅព្រឹកថ្ងៃទី៩ កុម្ភៈ ឆ្ពោះទៅកណ្ដាលព្រៃឡង់ចំណុចវាលម្រេងទន្សាយ ក្នុងទឹកដីខែត្រស្ទឹងត្រែង ដើម្បីប្រារព្ធបុណ្យរំឭកគុណព្រៃឡង់ ហើយពួកគេនឹងវិលត្រឡប់មកវិញនៅថ្ងៃទី១៤ កុម្ភៈ។ ចំណែកសហគមន៍ការពារព្រៃឡង់ខែត្រស្ទឹងត្រែង មានមនុស្សចូលរួមប្រមាណជិត ១០០នាក់។
សហគមន៍ការពារព្រៃឡង់ខែត្រស្ទឹងត្រែង បណ្ដាញព្រះសង្ឃឯករាជ្យ និងក្រុមយុវជនមកពីរាជធានីភ្នំពេញ និងខែត្រកោះកុង បានជួបជុំគ្នានៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ដើម្បីធ្វើដំណើរទៅចូលរួមពិធីបុណ្យរំឭកគុណព្រៃឡង់នៅព្រឹកថ្ងៃទី៩ កុម្ភៈ។
អ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ខែត្រស្ទឹងត្រែង លោក ជា សុខហឿន ពន្យល់ថា ពិធីបុណ្យនេះដើម្បីឧទ្ទិសដល់បុព្វបុរសខ្មែរឲ្យជួយថែរក្សាធម្មជាតិនៅតំបន់ព្រៃឡង់ឲ្យគង់វង្ស និងបំបួសដើមឈើធំៗទុកជាសញ្ញាអភិរក្ស ព្រមទាំងធ្វើពិធីបែបសាសនាសូត្រមន្តឧទ្ទិសកុសលរំឭកគុណព្រៃឡង់ ដែលបានផ្តល់ប្រយោជន៍សម្បូរបែបដល់សហគមន៍ និងជនជាតិដើមភាគតិច។
លោកបន្ថែមថា ពិធីបុណ្យនេះក៏ជាសកម្មភាពរួមពញ្ញាក់ស្មារតីឲ្យមហាជនចូលរួមគាំពារសម្បត្តិធម្មជាតិ ដែលជាកាតព្វកិច្ចយើងទាំងអស់គ្នា។ លោកថា សហគមន៍ព្រៃឡង់ខែត្រស្ទឹងត្រែង បានចែកគ្នាជាបីក្រុមធ្វើដំណើរទៅតំបន់ព្រៃឡង់។ ក្រុមទាំងនោះមួយផ្នែកមកពីស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ បានប្រើប្រាស់គោយន្តជាង ១០គ្រឿង និងម៉ូតូជិត ១០គ្រឿង៖ «យើងមានជំនឿក្នុងការជួយថែរក្សាពីគាត់ គឺយើងធ្វើពិធីបំបួសដើមឈើ ដើម្បីកត់សម្គាល់ ឬទុកជាសញ្ញាមួយថា ការដែលយើងការពារហ្នឹងវាមិនអាចដាច់ឆ្ងាយពីការដែលយើងត្រូវតែគោរព ត្រូវតែធ្វើពិធីតាមបែបសាសនាហ្នឹងទេ»។
លោក ជា សុខហឿន បន្ថែមថា សហគមន៍ព្រៃឡង់ទាំងបួនខែត្រ នឹងបន្តជជែកពិភាក្សាគ្នារកយុទ្ធសាស្ត្រទប់ស្កាត់បទល្មើសព្រៃឈើ ខណៈវិសាលភាពព្រៃឡង់ធំធេង ដែលសហគមន៍ មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ នៅពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាពទេ ពោលគឺពួកគេអាចការពារបានតែមួយជ្រុង។
ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន គឺខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
អនុប្រធានបណ្ដាញយុវជនកម្ពុជា (CYN) លោក ស ម៉ូរី ឲ្យដឹងថា ក្រុមយុវជន និងនិស្សិតប្រមាណជិត ២០នាក់ ក្នុងនោះមួយក្រុមមកពីតំបន់អារ៉ែងខែត្រកោះកុង ក៏ចូលរួមពិធីបុណ្យដ៏មានសារសំខាន់នេះ បំណងសិក្សាស្វែងយល់បន្ថែមពីសក្ដានុពលព្រៃឡង់ និងជីវភាពរស់នៅរបស់ពលរដ្ឋនៅតំបន់ព្រៃឡង់។ លើសពីនេះ ក៏ជាការបណ្ដុះស្មារតីឲ្យយុវជន និងមហាជនចេះស្រឡាញ់ព្រៃឈើកាន់តែខ្លាំងឡើង៖ «យើងឃើញថា រាជរដ្ឋាភិបាលក៏បង្ហាញពីឆន្ទៈបើកឱកាសទូលាយដល់សហគមន៍ ដល់យុវជនការពារព្រៃឈើដែរ។ ខ្ញុំគិតថា វាជាឱកាសមួយដែលយើងផ្ញើសារទៅរដ្ឋាភិបាលក្នុងនាមយើងជាប្រជាពលរដ្ឋ។ យើងប្ដេជ្ញាចិត្តក្នុងការការពារព្រៃឡង់»។
សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ អ៊ុន ឡុង មានថេរដីកាថា គោលបំណងប្រារព្ធពិធីបុណ្យនេះ ដើម្បីបង្ហាញឲ្យរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល រួមគ្នាជួយទប់ស្កាត់បទល្មើសព្រៃឈើ និងរកមធ្យោបាយអភិរក្សបន្ថែមឲ្យមានប្រសិទ្ធភាព។ ព្រះអង្គមានថេរដីកាបន្តថា ពិធីបុណ្យនេះដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបន្សល់ទុកធនធានធម្មជាតិមានតម្លៃ និងបង្ហាញឲ្យសាធារណជនយល់ពីគុណតម្លៃការពារធនធានព្រៃឈើ៖ «យើងចូលរួមការពារ ហើយសុំបិណ្ឌបាតថា ឧកញ៉ាមួយចំនួនល្មមនឹងឆ្អែតកាប់បំផ្លាញព្រៃឈើហើយ។ ពលរដ្ឋដែលចំណាកស្រុកកាប់បំផ្លាញព្រៃឈើហ្នឹង សុំបិណ្ឌបាត បញ្ឈប់កាប់បំផ្លាញ»។
សហគមន៍ព្រៃឡង់មើលឃើញថា បើទោះបីជារដ្ឋាភិបាលសម្រេចដាក់តំបន់ព្រៃឡង់ជាដែនជម្រកសត្វព្រៃក្តី ក៏ប៉ុន្តែសកម្មភាពកាប់ឈើមានតម្លៃ និងកាប់ឈើរានយកដីធ្វើអាជីវកម្ម នៅតែបន្តកើតមានដដែល៕