អាជ្ញាធរនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲ្យពលរដ្ឋឲ្យជួយរាយការណ៍អំពីបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាបក្រោយបទល្មើសទាំងនេះនៅតែបន្តកើតមានឥតឈប់ឈរ រហូតធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្រែកស្តីបន្ទោសមន្ត្រីពាក់ព័ន្ធរួមទាំងរដ្ឋមន្រ្តីក្រសួងនេះគឺលោក វេង សាខុនផង ចំពោះការបណ្តែតបណ្តោយ និងបរាជ័យក្នុងការទប់ស្កាត់វា។
ដើម្បីអាចឲ្យពលរដ្ឋជួយរាយការណ៍អំពីបទល្មើសទាំងនេះបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី២៥ ខែមីនា បានផ្តល់លេខទូរស័ព្ទបីខែដែលជាលេខ Hotline គឺ ០១២ ៩៩៥ ៦៦៥/ ០១៧ ៧៣៥ ១៦៩ និង ០១២ ៨៧១ ០៧១ សម្រាប់ឲ្យពលរដ្ឋរាយការណ៍ភ្លាមៗបើមានបទល្មើសជាក់ស្ដែងកើតឡើង។
ជុំវិញយុទ្ធនាការបង្រ្កាបបទល្មើសនេសាទនេះដូចកាលពីយុទន្ធនាការបង្ក្រាបបទល្មើសព្រៃឈើដែរ លោក ហ៊ុន សែន បានបញ្ជាឲ្យមន្រ្តីសមត្ថកិច្ចប្រើឧទ្ធម្ភាគចក្របាញ់បង្ក្រាបជនល្មើសពីលើអាកាស។
ប៉ុន្តែ ក្រោយការប្រកាសនោះបទល្មើសព្រៃឈើនៅតែបន្តកើតមាន។ មិនតែប៉ុណ្តោះអាជ្ញាធរក្រោមក្រសួងបរិស្ថានថែមទាំងហាមឃាត់ និងរារាំងក្រុមប្រជាសហគមន៍និងសកម្មជនព្រៃឈើមិនឲ្យចុះល្បាតព្រៃដើម្បីជូយទប់ស្កាត់បទល្មើសព្រៃថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។