អាឡិច​ថា​សាលដីកា​ផ្ដន្ទាទោស​អតីត​សកម្មជន​ខ្លួន​គឺ​ជា​ការ​សង​សឹក​ចំពោះ​អង្គការ​មាតា​ធម្មជាតិ

មាន ឫទ្ធិ
2018.07.16
Share on WhatsApp
Share on WhatsApp
អាឡិក ៦២២ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo: RFA

សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសុន សម្ដែង​ការ​ភ្ញាក់ផ្អើល​ដែល​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​ផ្ដន្ទាទោស​អតីត​សកម្មជន​មាតា​ធម្មជាតិ ៣ នាក់ របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល។ ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ ធ្វើ​ឱ្យ​សកម្មជន​ទាំង ៣រូប ត្រូវ​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​ជាប់​ពន្ធនាគារ​ជាថ្មី​ម្តង​ទៀត។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ចោល លោក អាឡិច ចាត់​ទុក សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​លើ​អតីត​សកម្មជន​របស់​លោក​នោះ គឺជា​ការ​សង​សឹក ដោយសារ​របប​ក្រុងភ្នំពេញ​ខឹង​សម្បារ​នឹង​អង្គការ​មាតា​ធម្មជាតិ​ដែល​បាន​លាតត្រដាង​ពី​អំពើពុករលួយ​នៃ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​មុខមាត់ និង​ផល​ប្រយោន៍​នៃ​ក្រុម​អ្នកកាន់អំណាច​ទាំងនោះ«ខ្ញុំ​ថា​ប្រហែល​ជា​សងសឹក​នូវ​អ្វី​ដែល​មាតា​ធម្មជាតិ​បាន​ធ្វើ​ក្នុង​រយៈកាល​ ២ ឆ្នាំ​កន្លង​ទៅ​នេះ ទាក់​ទង​នឹង​ការ​លាត​ត្រដាង​រឿង​កខ្វក់​ពាក់ព័ន្ធ​នឹង​ខ្សាច់​ ដែល​ទី​មួយ​ធ្វើ​ឱ្យ​គេ​​អាម៉ាស់​ពេញ​ពិភពលោក​ អាម៉ាស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក។ ​ទីពីរ​គឺ​ធ្វើ​ឱ្យ​ខាត​ ពី​ព្រោះ​សិង្ហបុរី​បិទ​ទីផ្សារ​ខ្សាច់​​ខ្មែរ​ មិនមែន​ខាត​តិច​នោះ​​​ទេ ​គឺ​ខាត​រាប់​លាន​ដុល្លារ​ឯ​ណោះ។ ដូច្នេះ​​​គេ​ខឹង ហើយ​គេ​​យល់ថា​ យក​ល្អ​គួរ​តែ​សងសឹក​ គួរ​តែ​កុំ​ឱ្យ​យុវជន​មាតា​ធម្មជាតិ​​​នៅ​ស្រួល​ពេក។ ខ្ញុំ​គិត​ថា នេះ​​ជា​ហេតុផល​ពិត​ប្រាកដ​​ដែល​នៅ​ពីក្រោយ​ ​ព្រោះ​ហេតុ​ផល​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ ​វា​មិន​មាន​នោះ​ទេ ​អត់មាន​ភស្តុតាង​ អត់​មាន​សាក្សី​ អត់មាន​អ្វី​​ទាំង​អស់​​ពាក់​ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​នេះ»

កាលពី​ថ្ងៃ​ទី​១៣ កក្កដា កន្លងទៅ តុលាការ​កំពូល​នៃ​របប​លោក ហ៊ុន សែន បានសម្រេច​តម្កល់​សាលដីកា​ផ្ដន្ទាទោស​អតីត​សកម្មជន ៣ នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល។ ដូច្នេះ​មានន័យថា តុលាការ​គ្រប់​ជាន់ថ្នាក់ សម្រេច​ឱ្យ​សកម្មជន​ទាំង ៣​ចាញ់ក្តី​ក្រុមហ៊ុន Direct Access ជា​ប្រតិបត្តិករ​បូម​ខ្សាច់ ដែល​ជា​ភាគី​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ។ អ្នក​ទាំង​៣ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ១៨​ខែ ដោយ​ព្យួរទោស​ប្រហែល ៨​ខែ ក្រោម​បទ​ចោទ​ដែល​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ខេត្ត​កោះកុង ផ្លាស់ប្ដូរ​នៅ​នា​ទី​ចុង​ក្រោយ គឺ​បទ “​ផ្តើម​គំនិត​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​”​។ តុលាការ​ក៏បាន​បង្គាប់​ឱ្យ​អ្នក​ទាំង​៣ សង​សំណង​ចំនួន ១០០​លាន​រៀល ឬ​ប្រហែល ២ ម៉ឺន ៥ ពាន់​ដុល្លារ​អាមេរិក ទៅ​ឱ្យ​ភាគី​ដើម​បណ្តឹង និង​ប្រាក់​ពិន័យ ២​លាន​រៀល​ផ្សេងទៀត ចូល​រដ្ឋ​ផង​ដែរ។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​បរិស្ថាន​ទាំង ៣ លោក សំ ចំរើន យល់ឃើញ​ថា ការសម្រេច​ផ្ដន្ទាទោស​កូន​ក្តី​របស់​លោក​ដោយ​តុលាការ​គ្រប់​ជាន់ថ្នាក់​នេះ គឺជា​សេចក្ដី​សម្រេច​ផ្អែក​តែ​ទៅលើ​តម្លៃ​សេដ្ឋកិច្ច ដោយ​មិន​ឈរ​លើ​តម្លៃ​ផ្សេងទៀត ដូចជា តម្លៃ​សីលធម៌ សង្គម និង​នយោបាយ​ឡើយ។ ដូច្នេះ​លោក​យល់ថា សេចក្ដី​សម្រេច​នេះ ជា​សេចក្ដី​សម្រេច​មិន​មាន​លក្ខណៈ​ពេញលេញ​ស្របតាម​បទដ្ឋាន​ច្បាប់​សាកល​ឡើយ«យើង​​ពិនិត្យមើល​ទិសដៅ​របស់​សកម្មជន​បរិស្ថាន គឺ​​គាត់​ឱ្យ​តម្លៃ​សង្គម​ខ្ពស់។ គាត់​គិត​ថា​​បើ​មនុស្ស​ក្នុង​សង្គម​មិន​សុខ​សប្បាយ​ហើយ ​​បាន​លុយ​​​រាប់​លាន​ក៏​មិន​សុខសប្បាយ​ដែរ​ មិនមាន​សុភមង្គល​សម្រាប់​សង្គម​​នោះ​ទេ។​ អ៊ីចឹង​​​​សម្រាប់​សកម្មជន​គាត់​យល់​បែប​នេះ​​​ ប៉ុន្តែ​ខាង​តុលាការ​ផ្ដោតតែ​លើ​​ថា ​សកម្មភាព​របស់​ពួកគាត់​បង្ក​ឱ្យ​មាន​ការ​ខាត​បង់​ផល​ប្រយោជន៍​ដល់​​​គេ​​ផ្សេង​ៗ​​ ដែល​រឿង​នេះ​គឺ​​ជា​បទ​ល្មើស។ ដូច្នេះ​​តុលាការ​មិន​បាន​ពិចារណា​លើ​​តម្លៃ​ផ្សេង​ៗទេ ថា​តើ​តម្លៃ​ផ្សេងទៀត​វា​អាច​ទូទាត់​គ្នា​​​ជាមួយ​តម្លៃ​​សេដ្ឋកិច្ច​ដែល​បាត់​បង់​បាន​ដែរ​ឬក៏​អត់?​ សម្រាប់​ខ្ញុំ​ជា​មេធាវី​យល់​ថា ក្នុង​រឿង​ក្ដី​នេះ​​ តម្លៃ​ផ្សេង​ៗ​ទៀត​មានតម្លៃ​ធំ​ជាង​តម្លៃ​សេដ្ឋកិច្ច​ហ្នឹង អ៊ីចឹង​​​សាលក្រម​នេះ​មិន​ទាន់​ឈាន​ដល់​លំដាប់​អន្តរជាតិ​មួយ ​ដែល​ពិចារណា​បាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​តម្លៃ​នៃ​​ការអនុវត្ត​ច្បាប់​ក្នុង​រឿង​ក្ដី​ហ្នឹង​ទេ»

ការសម្រេច​របស់​តុលាការ​កំពូល​នេះ ធ្វើ​ឱ្យ​សកម្មជន​បរិស្ថាន​ទាំង ៣នាក់ ត្រូវ​បន្ត​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការអនុវត្ត​ទោស​ពន្ធនាគារ​ដែល​នៅសល់ ប្រសិនបើ​ពួកគេ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទ​ល្មើស​ផ្សេងទៀត ក្នុង​រយៈពេល ៥​ឆ្នាំក្រោយ។ អ្នក​ទាំង ៣ ក៏​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ម្តង​ទៀត​ដែរ ប្រសិនបើ​ខកខាន​មិន​បាន​បង់​ប្រាក់​សំណង​ឱ្យ​ភាគី​ដើម​បណ្តឹង ក្នុង​ករណី​មាន​សាលដីកា​ស្ថាពរ​បង្ខំ​ឱ្យ​អ្នក​ទាំង​៣ ត្រូវតែ​សង​សំណង​មែន​នោះ។

យុវជន សាន់ ម៉ាឡា ថ្លែង​ថា ការ​សម្រេច​សេចក្តី​របស់​តុលាការ​កំពូល​នេះ គឺជា​រឿង​អយុត្តិធម៌​ចំពោះ​ពួក​លោក​ទាំង ៣ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​កិច្ចការពារ​​បរិស្ថាន និង​ធនធានធម្មជាតិ។ លោក​បន្ត​ថា អាជ្ញាធរ និង​តុលាការ​គួរ​មាន​ចំណាត់​តាម​ផ្លូវ​ច្បាប់​ទៅលើ​ភាគី​ក្រុមហ៊ុន​ដែល​បាន​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់ និង​បំផ្លាញ​ធនធានធម្មជាតិ មិនមែន​ជា​មក​ដាក់ទោស​ទណ្ឌ​ពួក​លោក​ដែល​ជា​សកម្មជន​ការពារ​បរិស្ថាន​បែបនេះ​ឡើយ«កន្លងមក ​សកម្មភាព​ដែល​យើង​ធ្វើ​នោះ​ ​វា​គ្រាន់​តែ​ជា​ការ​តស៊ូ​មតិ​ដោយ​​អហិង្សា​​ដើម្បី​ទាមទារ​ឱ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​តែ​ប៉ុណ្ណោះ​​ មិនមែន​ជា​សកម្មភាព​ដែល​ធ្វើ​ឡើង​ដោយមាន​អំពើ​ហិង្សា​ ឬក៏​ជេរ​ប្រមាទ​​ដល់​​​បុគ្គលិក​ក្រុមហ៊ុន​អ្វី​នោះ​ទេ។ សកម្មជន​មាតា​ធម្មជាតិ​កន្លង​មក​ តែងតែ​រង​ការ​គាប​សង្កត់​ និង​ប្រើ​ប្រាស់​ប្រព័ន្ធ​​តុលាការ​ដើម្បី​ចាប់​ខ្លួន​ពួក​យើង​ ដូច្នេះ​ការសម្រេច​របស់​តុលាការ​​​កំពូល​នេះ ​ធ្វើឡើង​ហាក់​បី​ដូចជា​មិន​មាន​ភាព​យុត្តិ​ធម៌ និង​​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»

យុវជន សាន់ ម៉ាឡា អាយុ ២៦ ឆ្នាំ ថ្លែង​ទៀត​ថា តាំងពី​ចេញពី​ពន្ធនាគារ​ខេត្ត​កោះកុង​កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ ២០១៦ រហូត​មក​ដល់​បច្ចុប្បន្ន លោក​មិន​ទាន់​មាន​ការងារ​ធ្វើ​ជាក់លាក់​នៅឡើយ​ទេ ដូច្នេះ​លោក​គ្មាន​លុយ​ឯណា​ដល់​រាប់​ម៉ឺន​ដុល្លារ ដើម្បី​បង់​ឱ្យ​ក្រុមហ៊ុន និង​តុលាការ​នោះ​ទេ។ លោក​អះអាង​ថា ប្រសិនបើ​តុលាការ​កំពូល​ពិតជា​ចេញ​ដីកា​បង្ខំ​ឱ្យ​បង់លុយ​ទាំងនោះ​មែន លោក​សុខចិត្ត​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ជាថ្មី «បើ​សិន​​ជា​តុលាការ​បង្ខំ​ឱ្យ​យើង​សង ក៏​ពួក​យើង​អត់មាន​លទ្ធភាព​ដែរ។​ ​បើ​សិន​ជា​មិន​អាច​ផ្ដល់​យុត្តិធម៌​ឱ្យពួក​យើង​បាន​ទេ តុលាការ​ក៏​ពុំ​​គួរ​ធ្វើ​សកម្មភាព​ណាមួយ​​ដែល​យា​យី​ ឬ​ក៏​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពួក​យើង​នោះ​ទេ។ រដូវ​កាល​នេះ​ជា​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត ដូច្នេះ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ក៏​គេ​នឹង​ពិចារណា​​ថា​​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​កុំ​ឱ្យ​ប្រជាប្រិយភាព​របស់​គេ​​​ធ្លាក់​បាត់​បង់​ ឬ​រង​ការ​ខឹង​សម្បារ​ពី​ប្រជា​ពលរដ្ឋ​ដែរ​​ ដូច្នេះ​​សុំ​ឱ្យ​រដ្ឋាភិបាល​ ឬ​តុលាការ​មេត្តា​ពិចារណា និង​យោគយល់​ដល់​​ពួក​យើង​ទាំង​បី​នាក់​ផង​ ពីព្រោះ​អ្វី​ដែល​​ពួក​យើង​ធ្វើ ​គឺជា​រឿង​សុចរិត​​ត្រឹម​ត្រូវ​ទេ»

ចំណែក​លោក អាឡិច វិញ ថ្លែង​ថា អង្គការ​មាតា​ធម្មជាតិ​សុខចិត្ត​បង់​សំណង និង​ប្រាក់​ពិន័យ​តាម​ការ​ទាមទារ​របស់​តុលាការ​នៃ​របប​លោក ហ៊ុន សែន លុះ​ត្រា​ណា​តែ​តុលាការ​នៃ​របប​នេះ​តម្រូវ​ឱ្យ​ក្រុមហ៊ុន Direct Access និង​ក្រុមហ៊ុន​បូម​ខ្សាច់​ដទៃ​ទៀត​ដែល​លោក​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​កូនចៅ​លោក ហ៊ុន សែន លោក លី យ៉ុងផាត់ និង​មន្ត្រី​មានអំណាច​ផ្សេងទៀត​នោះ សង​ថ្លៃ​ខូចខាត​បរិស្ថាន និង​ថ្លៃ​គេច​មិន​បង់ពន្ធ​ខ្សាច់​រាប់​រយ​លាន​ដុល្លារ​នោះ​ជា​មុន​សិន។

អតីត​សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ គឺជា​អ្នកតស៊ូ​មតិ​ដ៏​ខ្លាំងក្លា​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ភ្លូកទឹកភ្លូកដី​នៅ​តាម​ដងស្ទឹង និង​ព្រែក​នៃ​តំបន់​មាត់សមុទ្រ​ក្នុង​ខេត្ត​កោះកុង ក៏​ប៉ុន្តែ​ពួកគេ​បាន​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​ជា​បន្តបន្ទាប់។

គិត​ជា​សរុប មាន​សកម្មជន ៥ នាក់ នៃ​អង្គការ​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង​ផ្ដន្ទាទោស​ដោយសារ​ចេញមុខ​តវ៉ា​នឹង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង មុន​នឹង​របប​ក្រុងភ្នំពេញ​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចេញពី​បញ្ជី​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល កាលពី​ខែ​កញ្ញា ឆ្នាំ២០១៧។

សកម្មជន ៣ នាក់​ដំបូង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០១៥ នោះ រួមមាន យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និង​ស៊ឹម សំណាង និង​ក្រោយ​មក​មាន ២​នាក់​ទៀត គឺ យុវជន ហ៊ុន វណ្ណៈ និង ឌឹម គុនឌី ត្រូវ​បាន​ចាប់ខ្លួន​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៧។ សកម្មជន ៣ នាក់​ដំបូង ត្រូវ​បាន​ជាប់​ពន្ធនាគា​រ ១៨ ខែ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ ១០០​លាន​រៀល ឬ​ប្រហែល ២ ម៉ឺន ៥ ពាន់​ដុល្លារ ទៅ​ឱ្យ​ក្រុមហ៊ុន និង ២ លាន​រៀល​ផ្សេងទៀត​ចូល​រដ្ឋ។

ចំណែក​សកម្មជន ២ នាក់​បន្ទាប់ ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ម្នាក់ ១​លាន​រៀល។ ក៏ប៉ុន្តែ​ពួកគេ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​ព្យួរទោស ក្រោយ​មាន​សាលក្រម​ពី​តុលាការ​ខេត្ត​កោះកុង បន្ទាប់ពី​ត្រូវ​ជាប់ពន្ធនាគារ​ជាច្រើន​ខែ​រួច​ទៅ​ហើយ​នោះ។ ចំណាត់​ការ​ទាំងនេះ បាន​រង​នូវ​ការ​រិះគន់​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដើម្បី​បំបិទមាត់​អ្នក​ហ៊ាន​ចេញ​មុខ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដែល​ប៉ះពាល់​ទៅ​ដល់​ផលប្រយោជន៍ របស់​ក្រុម​ឈ្មួញ​ទុច្ចរិត​នៅ​ក្នុង​ខេត្ត​កោះកុង​តែប៉ុណ្ណោះ មិនមែន​ជា​ការអនុវត្ត​ច្បាប់​ពិតប្រាកដ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។