ក្រសួង​ទេសចរណ៍​ចង់​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​យក​ផ្លូវ​មាត់​ទន្លេ​មុខ​វាំង​ជា​ផ្លូវ​ថ្មើរ​ជើង

ដោយ អ៊ុង សេរីវុទ្ធ
2016.10.27
Share on WhatsApp
Share on WhatsApp
ទិដ្ឋភាព​មុខ​ព្រះបរមរាជវាំង ២០១៦ ៨៥៥ ទិដ្ឋភាព​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Um Raingsey
RFA/Um Raingsey

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ចង់​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀបចំ​ផ្លូវ​មាត់​ទន្លេ​ពី​មុខ​ព្រះបរមរាជវាំង ដល់ប៉ុស្តិ៍​ប្រៃសណីយ៍​ម្ដុំ​រមណីយដ្ឋាន​វត្តភ្នំ ជា​ផ្លូវ​ថ្មើរ​ជើង​សម្រាប់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត។

លោក ថោង ខុន ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី២៧ តុលា ថា ជំហាន​ដំបូង​សាលាក្រុង​គួរ​រៀបចំ​ឲ្យ​មាន​នៅ​ចុង​សប្ដាហ៍​គឺ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​សិន មុន​នឹង​រៀបចំ​ឲ្យ​មាន​ជា​រៀងរាល់​ថ្ងៃ ដូច​នៅ​ខេត្ត​សៀមរាប ក្នុង​តំបន់​ផ្សារ​ចាស់ ផាប់​ស្ទ្រីត (Pub Street)។

លោក​បន្ត​ថា ផ្លូវ​ថ្មើរ​ជើង​សម្រាប់​ទេសចរ​ណ៍នេះ គឺ​លោក​ចង់​ឲ្យ​មាន​នៅ​គ្រប់​រាជធានី-​ខេត្ត​តែ​ម្ដង ដើម្បី​បម្រើ​ការ​កម្សាន្ត​ដល់​ភ្ញៀវ​ទេសចរពី​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​ខេត្ត​ទេសចរ​ធំៗ ដូចជា​ខេត្ត​ព្រះសីហនុ​ជាដើម។

ឆ្លើយ​តប​នឹង​ការ​ចង់​បាន​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យ​អាស៊ីសេរី​ដឹង​ថា នេះ​ជា​សំណើ​ល្អ ហើយ​អាជ្ញាធរ​នឹង​រៀបចំ​ជា​ជំហានៗ ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ថ្មើរ​ជើង​នេះ​នៅ​ពេល​ខាង​មុខ ក្រោយ​ពី​មាន​សំណើ​ផ្លូវ​ការ​ពី​ក្រសួង​ទេសចរណ៍។

លោក មាន ចាន់យ៉ាដា បន្ត​ថា បច្ចុប្បន្ន​តាម​បណ្ដោយ​ផ្លូវ​មាត់​ទន្លេ​ចាប់​ពី​មុខ​ព្រះបរមរាជវាំង ដល់​ម្ដុំ​ប៉ុស្តិ៍​ប្រៃសណីយ៍​នេះ អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ឲ្យ​មាន​សោភ័ណភាព​ល្អ​ប្រសើរ​ហើយ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​បញ្ជាក់​ថា អ្វី​ដែល​ត្រូវ​ការ​ចាំ​បាច់​នោះ គឺ​ទីតាំង​ចំណត​យានយន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។