តុលាការ​កំពូល​គ្រោង​ប្រកាស​សាលដីកា​ករណី​សកម្មជន​មាតា​ធម្មជាតិ ៣​នាក់ នៅ​សប្ដាហ៍​ក្រោយ

ដោយ ជាតិ ចំណាន
2018.07.06
Share on WhatsApp
Share on WhatsApp
ឌឹម គុណឌី ហ៊ុន វណ្ណៈ ៦២២ ពី​ឆ្វេង​ទៅ​ស្តាំ លោក​ ឌឹម គុណឌី និង​ម្ដាយ លោក​ ហ៊ុន វណ្ណៈ និង​ម្ដាយ ថត​រូប​នៅ​មុខ​ពន្ធនាគារ​ខេត្ត​កោះកុង ក្រោយ​​ពេល​ត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ នៅ​ព្រឹក​ថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
រូបថត​ដោយ​អ្នកនាង លឹម គីមស័រ

តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាលដីកា​សំណុំរឿង​អតីត​សកម្មជន​មាតា​ធម្មជាតិ ៣​នាក់ ទៅ​ថ្ងៃ​សុក្រ ទី១៣ សប្ដាហ៍​ក្រោយ បន្ទាប់ពី​បញ្ចប់​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី៦ កក្កដា នេះ។ អតីត​សកម្មជន​មាតា​ធម្មជាតិ សង្ឃឹមថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ ដោយ​ទម្លាក់​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង និង​សាលាឧទ្ធរណ៍ ដែល​បាន​កាត់​ក្តី​ឱ្យ​ពួកគេ​ជាប់​ពន្ធនាគារ ១៨​ខែ ទាំង​អយុត្តិធម៌​នោះ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៣​រូប លោក សំ ចំរើន អះអាង​ថា ខាង​មេធាវី​បាន​ស្នើ​សុំ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​សម្រេច​ឱ្យ​កូន​ក្តី​របស់​លោក​បាន​រួចខ្លួន​ពី​បទ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​នេះ ខណៈ​តំណាង​មហាអយ្យការ​បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទទួលយក​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល។ លោក​បន្ត​ថា ខាង​តំណាង​មហាអយ្យការ​មិនបាន​លើក​យក​ភស្តុតាង​បន្ថែម​មក​ដាក់​បន្ទុក​កូន​ក្តី​របស់​លោក​ឡើយ ដូច្នេះ​លោក​រំពឹង​ថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក ដ្បិត​សកម្មភាព​របស់​ពួកគេ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​សាធារណៈ​ប៉ុណ្ណោះ មិនមែន​ជា​ការប្រព្រឹត្ត​ទោសកំហុស​អ្វី​ឡើយ៖ «ខ្ញុំ​យល់ថា​សេចក្ដី​សម្រេច​របស់​សាលាដំបូង និង​សាលា​ឧទ្ធរណ៍​កន្លងមក គឺ​ធ្វើ​ឡើង​ដោយមាន​ការ​ភ័ន្តច្រឡំ​ទៅ​លើ​អង្គហេតុ និង​អង្គច្បាប់​ដែល​កើតឡើង​កាលពី​ឆ្នាំ២០១៥ ដូច្នេះ​គួរតែ​តុលាការ​អនុវត្ត​ច្បាប់​ដោយ​ការ​អត់ឱន និង​យោគយល់ ដើម្បី​បង្ហាញ​ពី​ភាព​ទំនើប​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​ច្បាប់»

សកម្មជន​បរិស្ថាន ៣ រូប រួមមាន​យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និង ស៊ឹម សំណាង ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង និង​សាលាឧទ្ធរណ៍ ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០០​លាន​រៀល ឬ​ប្រហែល ២ ម៉ឺន ៥ ពាន់​ដុល្លារ ក្រោម​បទ​ចោទ “​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​” ក្រោយពេល​ពួកគេ​ទាំង ៣ និង​ពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងទៀត នាំគ្នា​ចុះ​ឃាត់​សកម្មភាព​បូម​ខ្សាច់​អានាធិបតេយ្យ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តាម​ដង​ព្រែក​ក្នុង​ខេត្ត​កោះកុង។ អ្នក​ទាំង​បី​ត្រូវ​បាន​ក្រុមហ៊ុន Direct Access ដែល​ជា​ប្រតិបត្តិ​ករ​បូម​ខ្សាច់ ប្តឹង​ទៅ​តុលាការ ហើយ​តុលាការ​ក៏បាន​សម្រេច​ឃុំខ្លួន​អ្នក​ទាំង​បី​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​អស់​រយៈពេល​ជាង ១០​ខែ ទើប​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ ក្រោយពេល​ប្រកាស​សាលក្រម​រួច។

អតីត​សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ លោក សាន់ ម៉ាឡា ថ្លែង​ថា ការ​ចាប់ខ្លួន​ពួក​លោក​ដាក់​ពន្ធនាគារ​ជាង ១០​ខែ និង​ការ​ផ្ដន្ទាទោស​របស់​តុលាការ​ទាំងពីរ​ថ្នាក់​នេះ គឺជា​រឿង​អយុត្តិធម៌ ព្រោះ​ពួក​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ឡើយ។ លោក​ថា​អ្វី​ដែល​ពួក​លោក​បាន​ធ្វើ​នោះ គឺជា​ការ​ការពារ​ផលប្រយោជន៍​ពលរដ្ឋ និង​ធនធានធម្មជាតិ​តែប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​សកម្មភាព​ហាមឃាត់​គ្រឿងចក្រ​បូម​ខ្សាច់​នា​ពេល​នោះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ឆន្ទៈ​របស់​ពួកគាត់ មិន​មាន​ការ​ញុះញង់ ឬ​ចង្អុល​​បង្ហាញ​ពី​ពួក​លោក​ដែល​ជា​សកម្មជន​បរិស្ថាន​នោះ​ទេ។ លោក​អះអាង​ថា ការ​សម្រេច​សេចក្តី​របស់​តុលាការ​ខេត្ត​កោះកុង និង​សាលាឧទ្ធរណ៍​នោះ ធ្វើឡើង​ដោយ​ផ្អែក​ទៅលើ​តែ​ពាក្យ​សម្តី​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​របស់​បុគ្គលិក​ក្រុមហ៊ុន​តែប៉ុណ្ណោះ មិន​មាន​អ្វី​ជា​ភស្តុតាង​ច្បាស់លាស់​ឡើយ៖ «យើង​អត់​មាន​ទៅ​ធ្វើ​ការ​គំរាមកំហែង​ថា​នឹង​ទៅ​ដុត​សាឡង់​គេ ឬក៏​បញ្ជា​ឱ្យ​បុគ្គលិក​ចាក់​ខ្សាច់​ចេញពី​សាឡង់​ដែរ។ វា​គ្រាន់តែ​ជា​ការ​លើកឡើង និង​ចោទប្រកាន់​របស់​ខាងដើម​បណ្ដឹង​សុទ្ធសាធ ព្រោះ​កាលពី​ជំនុំជម្រះ​នៅ​សាលាដំបូង​ខេត្ត​កោះកុង គឺ​តុលាការ​រក​មិន​ឃើញ​ទេ​ថា យើង​ប្រព្រឹត្ត​អ៊ីចឹង។ បន្ទាប់មក​ទើប​បាន​តុលាការ​ប្ដូរ​បទ​ចោទ​ថា យើង​ជា​អ្នកផ្ដើមគំនិត​វិញ ដូច្នេះ​យើង​សង្ឃឹមថា តុលាការ​នឹង​ពិចារណា​ដើម្បី​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងអស់»

ក្រៅពី​យុវជន​ទាំង ៣​រូបនេះ សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ ២ រូប​ផ្សេងទៀត គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ក៏​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន និង​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ ១ឆ្នាំ​ផង​ដែរ បន្ទាប់ពី​ពួកគេ​បាន​ជិះ​ទូក​ថតរូប​កប៉ាល់​ដឹក​ខ្សាច់​ក្នុង​លំហ​សមុទ្រ​ក្នុង​ខេត្ត​កោះកុង កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ ២០១៧។ អ្នក​ទាំងពីរ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ដើម​ឆ្នាំ ២០១៨ នេះ ក្រោយពេល​ជាប់ពន្ធនាគារ​ជិត​កន្លះ​ឆ្នាំ ខណៈ​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ចេញពី​បញ្ជី​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន។

យុវជន សាន់ ម៉ាឡា យល់ឃើញ​ថា អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​លោក​ទាំង ៥​នាក់ និង​អង្គការ​មាតា​ធម្មជាតិ​នេះ ស្ដែង​ឱ្យ​ឃើញ​ពី​ការប្រើប្រាស់​ឥទ្ធិពល​របស់​អ្នកមាន​លុយ​មានអំណាច​ក្នុង​ខេត្ត​កោះកុង ដើម្បី​ចាត់ការ​អ្នក​ហ៊ាន​ចេញមុខ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ៖ «ក្រុម​អ្នក​រកស៊ី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នោះ មិន​ដែល​ឃើញ​តុលាការ ឬក៏​មន្ត្រី​រដ្ឋាភិបាល​នាំ​ពួកគាត់​ឱ្យ​មក​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ទេ បើទោះបីជា​កន្លងមក មាន​របាយការណ៍ មានការ​រក​ឃើញ​ពី​បញ្ហា​ពុករលួយ បាត់​លុយ​នៃ​ការនាំចេញ​ខ្សាច់​រាប់​រយ​លាន​ដុល្លារ​ក៏ដោយ។ នេះ​យើង​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ ត្រង់​ថា​សែស្រឡាយ ឬក៏​អ្នក​ប្រព្រឹត្ត​ដែល​ជា​អ្នក​មាន​អំណាច តែងតែ​រួច​ពី​សំណាញ់​ច្បាប់ ប៉ុន្តែ​មនុស្ស​ដែល​ទៅ​ការពារ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​គេ នោះ​បែរជា​គេ​យក​ច្បាប់​មក​គាបសង្កត់​គ្របដណ្ដប់​លើ​យើង​ទៅវិញ»

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា ដែល​បាន​តាមដាន​រឿង​នេះ​តាំងពី​ដើមដំបូង​នោះ ថ្លែង​ថា សកម្មភាព​របស់​យុវជន​ទាំង ៣នាក់ មិនមែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ ផ្ទុយទៅវិញ​គឺជា​ការចូលរួម​ថែរក្សា​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ស្របតាម​ការ​ចង់​បាន​របស់​ប្រមុខ​រដ្ឋាភិបាល​ប៉ុណ្ណោះ ដូច្នេះ​តុលាការ​កំពូល​គួរតែ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ៖ «ពួកគាត់​ជា​សកម្មជន​សង្គម ដូច្នេះ​តើ​គាត់​មាន​លុយ​ឯណា​ដល់​ទៅ​មួយ​រយ​លាន​រៀល​នោះ​? ជីវភាព​ពួកគាត់​លំបាក ហើយ​ពួកគាត់​បាន​ធ្វើ​កិច្ចការ​ជួយ​សង្គម ជួយ​ជាតិ​របៀប​នេះ គួរតែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​លើកទឹកចិត្ត មិន​គួរ​ណា​មានការ​ចាត់វិធានការ ហើយ​ដាក់​សម្ពាធ​ឱ្យ​ពួកគាត់​សង​សំណង​បែបនេះ​ទេ។ គួរតែ​បញ្ចប់​រឿង​នេះ នៅ​ត្រឹម​តុលាការ​កំពូល​ហើយ ដើម្បី​ឱ្យ​ពួកគាត់​មាន​ឆន្ទៈ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ពួកគាត់​បន្ត​ទៀត ដើម្បី​ជួយ​ការពារ​ធនធានធម្មជាតិ»

ក្រុម​សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ គឺជា​អ្នកតស៊ូ​មតិ​ដ៏​ខ្លាំងក្លា​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ភ្លូក​ទឹកភ្លូកដី​នៅ​តាម​ដងស្ទឹង និង​ព្រែក នៃ​តំបន់​មាត់សមុទ្រ​ក្នុង​ខេត្ត​កោះកុង បើ​ទោះ​បី​ជា​ពួកគេ​ត្រូវ​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​ម្តង​ហើយ​ម្ដងទៀត​ក្តី។ ក្រសួង​រ៉ែ និង​ថាមពល​នៃ​របប​លោក ហ៊ុន សែន តែង​បាន​ច្រានចោល​ការ​លើកឡើង​របស់​ក្រុម​សកម្មជន​បរិស្ថាន​ទាំងនោះ​អំពី​ភាព​អានាធិបតេយ្យ​នៃ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង និង​បាន​បដិសេធ​រឿងអាស្រូវ​ពុករលួយ​ខាតបង់​ចំណូល​ពន្ធ​រាប់​រយ​លាន​ដុល្លារ​ពី​វិស័យ​នេះ ក៏ប៉ុន្តែ​ក្រោយមក​របប​នេះ ហាក់​ដូច​ជា​បាន​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ក្រុម​សកម្មជន​បាន​រក​ឃើញ ដោយ​បាន​បិទ​លែង​ឱ្យ​មានការ​នាំចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​តទៅទៀត ហើយក៏​បាន​ហាម​មិន​ឱ្យ​មានការ​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​ក្នុង​ខេត្ត​កោះកុង​តទៅទៀត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។