កម្លាំងកងអាវុធហត្ថ ឃាត់ខ្លួន លោកឧកញ៉ាម្នាក់ ឈ្មោះ សឹង សំអុល និងកូនចៅ៣នាក់ រួមទាំងដកហូតរថយន្ត ជាង ៤០គ្រឿង ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅ ខេត្តមណ្ឌលគិរី នៅថ្ងៃទី៩ ខែកក្កដា។ សង្គមស៊ីវិល និងសកម្មជនការពារព្រៃឈើសាទរចំពោះការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ និងស្នើសុំឱ្យផ្ដន្ទាទោស ជនល្មើសឱ្យបានធ្ងន់ធ្ងរតាមច្បាប់។
អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី ប្រាប់អាស៊ីសេរីថា ជនសង្ស័យទាំង ៤នាក់ រួមមាន លោកឧកញ៉ា សឹង សំអុល មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ត្រូវអាជ្ញាធរឃាត់ខ្លួន និងនាំទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោក អេង ហ៊ី បន្តថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយនៅថ្ងៃទី៩ ខែកក្កដានេះ គឺ ក្រៅពីឃាត់ខ្លួនមនុស្ស ៤នាក់ កម្លាំងអាវុធហត្ថក៏បានដកហូតរថយន្តប្រភេទដឹកឈើធំៗ ជាង៤០ គ្រឿងដែរ។ «»
លោក អេង ហ៊ី មិនទាន់អាចបញ្ជាក់បានអំពីចំនួនឈើនៅឡើយទេ ដោយលោកបញ្ជាក់ថា អ្នកជំនាញកំពុងតែស្រាវជ្រាវបន្តទៀត។ លោកបន្តថា អាជ្ញាធរនឹងបង្ក្រាបតទៅទៀតចំពោះអ្នកដែលនៅតែពាក់ព័ន្ធបទ ល្មើសព្រៃឈើ។
ការបង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កាលពីថ្ងៃទី៨ កក្កដា បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីវិធានការអនុវត្តច្បាប់ ដល់បុគ្គល ឬក្រុមហ៊ុន និងបំផ្លាញមធ្យោបាយដែលពាក់ព័ន្ធបទល្មើសព្រៃឈើ។ វិធានការទី១- បុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើសព្រៃឈើ នឹងត្រូវអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង។ វិធានការទី២- មធ្យោបាយបម្រើដឹកជញ្ជូនឈើរួមមានរថយន្ត គោយន្ត និង ម៉ូតូជាដើម ត្រូវបំផ្លាញចោលនៅហ្នឹងកន្លែង។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ សម្ដែងការសាទរចំពោះវិធានការបង្ក្រាបបទល្មើស ព្រៃឈើនេះ និងស្នើសុំឱ្យតុលាការផ្ដន្ទាទោសជនល្មើសឱ្យបានធ្ងន់ធ្ងរតាមច្បាប់។ ទោះយ៉ាងណាក្តី លោកថា វិធានការនេះហាក់ដូចជាយឺតយ៉ាវ ព្រោះលោក សឹង សំអុល ដែលមានងារជាឧកញ៉ានេះ ត្រូវបានគេដឹងឮនិងចោទថា ជាអ្នករកស៊ីកាប់ឈើខុសច្បាប់ដឹកទៅលក់នៅវៀតណាមដុសស្លែម្នាក់ ប៉ុន្តែអាជ្ញាធរតែងតែព្រងើយកន្តើយ និងពេលខ្លះការពារជននេះថែមទៀត។ លោកបន្តថា ករណីនេះគឺ គ្រាន់តែជាជំហានទី១ ប៉ុណ្ណោះ ព្រោះនៅតែមានឧក្រិដ្ឋជនព្រៃឈើដែលមានងារជាឧកញ៉ាជាច្រើនទៀត។ «»
ចំណែកមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងថា ការចាប់ខ្លួន លោក សឹង សំអុល នេះ គឺគ្រាន់តែការចាប់ផ្ដើម និងប្រហែលជាធ្វើឡើងទាំងបង្ខំចិត្ត ដោយសារតែមានប្រតិកម្មជាបន្តបន្ទាប់ពីសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ លោក ថា គណៈកម្មការបង្ក្រាប បទល្មើសព្រៃឈើនេះ មានភាពស្ងប់ស្ងៀមយូរណាស់មកហើយ ដូច្នេះលោកសង្ឃឹមថា ករណីនេះ នឹងបើកផ្លូវឱ្យការឃាត់ខ្លួនក្រុមឧកញ៉ាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ «»
មាត្រា៩៣នៃច្បាប់ព្រៃឈើ ចែងថា ជនល្មើសដែលប្រព្រឹត្តបទល្មើសព្រៃឈើ ត្រូវទទួលទោសដូច តទៅ៖ ចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ អាចជាប់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាង មកជាសម្បត្តិរដ្ឋ។ បទល្មើសព្រៃឈើថ្នាក់ទី២ ជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ ពិន័យជាប្រាក់១លាន រៀលទៅ១០លានរៀល ហើយវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ បទល្មើសព្រៃឈើថ្នាក់ទី៣ ជាប់ ពន្ធនាគារពី១ ខែ ទៅ១ឆ្នាំហើយពិន័យជាប្រាក់ពី ១លានរៀល ដល់១០លានរៀល។ ចំណែក មាត្រា៩៤ ចែងថា ជនណាដែលបានប្រព្រឹត្តបទល្មើសព្រៃឈើធ្វើឱ្យខូចខាតដល់មជ្ឈដ្ឋានព្រៃឈើ ត្រូវចេញថ្លៃស្ដារ ឬជួសជុលការខូចខាតឱ្យមានលក្ខខណ្ឌដូចដើមវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។