អាជ្ញាធរ​ហាម​សហគមន៍​ព្រៃ​ឡង់​បួន​ខេត្ត​មិន​ឱ្យ​ធ្វើបុណ្យ​ព្រៃ​ឡង់

ដោយ សុជីវី
2021-02-24
Share
អាជ្ញាធរ​ហាម​សហគមន៍​ព្រៃ​ឡង់​បួន​ខេត្ត​មិន​ឱ្យ​ធ្វើបុណ្យ​ព្រៃ​ឡង់ (រូបឯកសារ) សកម្មជន​បរិស្ថាន​ទៅ​ពី​ខេត្ត​ផ្សេងៗ ​ជួប​ជុំ​គ្នា​ត្រៀមប្រារព្ធធ្វើ​ពិធីបុណ្យ​ព្រៃ​ឈើ​នៅ​ព្រៃឡង់ កាល​ពី​ថ្ងៃ​២២ ខែកុម្ភៈ ឆ្នាំ២០២០។
រូប៖ សកម្មជន

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត សោក​ស្តាយ​ពុំបាន​ធ្វើ​ពិធី​បុណ្យ​ព្រៃ​ឡង់​តាម​ការ​គ្រោងទុក​ ​ដោយសារ​ក្រសួង​បរិស្ថាន​ ​និង​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុញ្ញាត។ តំណាង​សហគមន៍​ព្រៃ​ឡង់​ក្នុង​ខេត្ត​នីមួយៗ​ ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​កោះ​ហៅ បង្ខំ​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​នានា ក្នុង​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ ព្រះវិហារ​ ​ក្រចេះ​ ​និង​ស្ទឹង​ត្រែង​ ​បាន​បង្ខំ​ចិត្ត​ផ្អាក​ធ្វើ​ពិធី​បុណ្យ​ព្រៃ​ឡង់​នៅ​ឆ្នាំនេះ​ ដោយសារ​អាជ្ញាធរ​មិន​អនុញ្ញាត​។​ ​ពួកគេ​អះអាង​ថា​ ​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់​ ​បាន​ពង្រាយ​នៅ​ចំណុច​ភ្នំ​ជី​ ​ដែល​ជា​កន្លែង​ប្រជា​សហគមន៍​គ្រោង​ប្រារព្ធ​ពិធីបុណ្យ​ ​ដើម្បី​គំរាម​ចាប់ខ្លួន​តំណាង​ពួកគាត់​ ​ប្រសិនបើ​ពុំ​ផ្អាក​សកម្មភាព​ទាំងនោះ​ទេ។

ក្រុម​ស្នូល​ព្រៃ​ឡង់​ ​ខេត្ត​កំពង់ធំ​ ​លោក​ ហឿ​ន​ ​សុភាព​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ កុម្ភៈ​ថា ថ្មីៗ នេះ អាជ្ញាធរ​ស្រុក​បាន​កោះហៅ​ ​ពួក​លោក​ណែនាំ​ឱ្យ​ឈប់​ធ្វើសកម្មភាព​ ​ក្នុង​ព្រៃ​ឡង់​ ​និង​បង្ខំ​ឱ្យ​លោក​ ​ផ្ដិត​មេ​ដៃ​លើ​កិច្ចសន្យា​មួយ​ ​ក៏ប៉ុន្តែ​លោក​បាន​បដិសេធ។ លោក​ថា​ ​មូលហេតុ​ដែល​ ​អាជ្ញាធរ​ហាម​ពួក​លោក​ ​មិន​ឱ្យ​ធ្វើ​ពិធីបុណ្យ​ព្រៃ​ឡង់​ ​ដោយសារ​ ​សហគមន៍​ព្រៃ​ឡង់​ ​មិនបាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​។​ ​លោក​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា​ ​ជា​ការ​កាច់​បំបាក់​សកម្មភាព​ការពារ​ព្រៃឈើ​របស់​ពលរដ្ឋ​ ​ដើម្បី​លាក់បាំង​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​ក្នុង​ព្រៃ​អភិ​រក្ស​នេះ៖ «ខ្ញុំ​គិត​ថា ទង្វើ​ទាំងអស់​នេះ គឺ​រំលោភ​សិទ្ធិមនុស្ស​ទាំងស្រុង​ ​ហើយ​ទី២ ខុស​ទៅលើ​គោលការណ៍​ច្បាប់។ ច្បាប់​ផ្សេងៗ​ ​ដូច​យើង​អត់​ទាន់​ឃើញ​ថា​ ​រៀបចំ​បុណ្យ​ខុសច្បាប់​ទេ»

ប្រជា​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​មាន​បំណង​រួម​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់​នេះ ចាប់​ពី​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី២៦ កុម្ភៈ នៅ​ចំណុច​តំបន់​ភ្នំ​ជី ក្នុងស្រុក​សណ្ដាន់​ ​ខេត្ត​កំពង់ធំ។ ពិធីបុណ្យ​នេះ​ ​ធ្វើឡើង​ក្នុង​បំណង​រំឭក​គុណ​ព្រៃឈើ​ ​និង​បួងសួង​សុំ​ឱ្យ​ព្រៃ​ឡង់​គង់វង្ស​ ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​កួយ​ ​ដែល​មាន​ជីវភាព​ពឹង​ផ្អែក​លើ​ព្រៃ​ឈើ​ ​ក្នុង​ព្រៃ​ឡង់។

ក្រុម​ស្នូល​ព្រៃ​ឡង់​ខេត្ត​ស្ទឹង​ត្រែង​ ​លោក គង់ រី ប្រាប់​អាស៊ី​សេរី​ថា​ ​ពួក​លោក​ ​ក៏​ត្រូវ​អាជ្ញាធរ​ស្រុក​ថា​ឡាប​រិ​វ៉ាត់​ ​កោះហៅ​ណែនាំ​ឱ្យ​ផ្អាក​ធ្វើ​ពិធីបុណ្យ​នេះ​ដែរ។ លោក​ថា អាជ្ញាធរ​ប្រាប់​ឱ្យ​តំណាង​សហគមន៍​ ​ឈប់​ធ្វើសកម្មភាព​នានា​ ​ក្នុង​ព្រៃ​ឡង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ​បើ​ពុំ​ដូច្នោះ​ទេ​ ​នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់៖ «យើង​ធ្វើ​ពិធីបុណ្យ​បំបួស​ក្នុង​ព្រៃ​ឡង់​នេះ​គឺ​ ​វា​ជា​សាសនា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ ​ប្រារព្ធ​ធ្វើបុណ្យ​ជា​រៀងរាល់​ឆ្នាំ​មក​ហើយ​ ​ហើយ​បើសិនជា​មិន​ឱ្យ​ធ្វើបុណ្យ​ហាក់​ដូច​ជា​ ​ទុក​ព្រៃ​នៅកន្លែង​ហ្នឹង​ឱ្យ​ឈ្មួញ​ចូល​បំផ្លាញ​ព្រៃ​ហ្នឹង​ជា​បន្ត​ទៀត»

អាស៊ី​សេរី​ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ ​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​លោក​ ​នេត្រ​ ​ភក្ត្រា និង​ ​ប្រធាន​មន្ទីរ​បរិស្ថាន​ ​ខេត្ត​ស្ទឹង​ត្រែង​ ​លោក​ ​អេង​ ​ភី​រុង​ ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី២៤ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​ ​គ្មាន​អ្នក​លើក។

ក៏ប៉ុន្តែ​ ​អភិបាលស្រុក​ថា​ឡាប​រិ​វ៉ាត់​ ​លោក​ ​សន​ ​សារឿន​ ​វិញ​លោក​បង្ហើប​យ៉ាង​ខ្លី​ថា​ ​មូលហេតុ​ដែល​លោក​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់​ ​ព្រោះ​មាន​គោលការណ៍​ណែនាំ​ ​ពី​ក្រសួង​បរិស្ថាន។ លោក​បញ្ជាក់​ថា​ ​ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ ​ពុំ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ទេ៖ «ហ្នឹង​ទាល់តែ​សួរ​ទៅ​ក្រសួង​បរិស្ថាន​ ​ព្រោះ​មាន​សេចក្ដី​ជូន​ដំណឹង​របស់​​​ក្រសួង​បរិស្ថាន»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​ ​នៃ​សមាគម​អាដហុក លោក​ ​ប៉ែន​ ប៊ុណ្ណារ៍  ​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា​ ​បង្អាក់​កាតព្វកិច្ច​របស់​ពលរដ្ឋ​ ​ការពារ​សម្បត្តិ​ជាតិ​ ​ស្របតាម​រដ្ឋធម្មនុញ្ញ​។​ ​លោក​អំពាវនាវ​ឱ្យ​ក្រសួង​សាមី​ ​ពិចារណា​ទង្វើ​នេះ​ឡើងវិញ​ ​ព្រោះ​សកម្មភាព​របស់​ពលរដ្ឋ​ ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សង្គមជាតិ​ ​មិន​គួរ​រារាំង​ ​និង​គំរាមកំហែង​នោះ​ទេ៖ «ក្រសួង​បរិស្ថាន​គួរតែ​ចេញ​លិខិត ដើម្បី​ឱ្យ​គាត់​ចូលរួម​ការពារ​ធនធានធម្មជាតិ​ហ្នឹង​ ​កុំ​ឱ្យ​ធ្វើ​រឿង​ហ្នឹង​ទៅជា​ស្មុគ​ស្មាញ​ទារ​រក​ច្បាប់​នេះ ច្បាប់​នោះ ពិបាក​គ្រាន់តែ​ការពារ​ព្រៃឈើ​ខ្លួនឯង​សោះ។ ផ្តល់​លិខិត​ឱ្យ​គាត់​ទៅ​គាត់​មាន​សិទ្ធិ​សេរីភាព»

មក​ទល់​ពេល​នេះ ២ឆ្នាំ​ហើយ ដែល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ (PLCN) ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឱ្យ​ចុះ​ល្បាត​ការពារ​ព្រៃ​ឡង់​ផ្ទុយពី​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​បែរជា​អាច​ចូល​ព្រៃ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​ដោយសេរី។ ពួក​គេ​អះអាង​ថា ក្នុងពេលដែល​ក្រសួង​បរិស្ថាន​ហួងហែង​ពលរដ្ឋ​មិន​ល្បាត​ព្រៃ​ឡង់ ព្រៃ​អភិ​រក្ស​មួយ​នេះ​បាន​ក្លាយ​ជាទី​ផ្សារ​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ខែ​មក​ហើយ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល