សមត្ថកិច្ច​ចម្រុះ​ចាប់​ឈើ​ប្រណិត​ជាង​៤០​ម៉ែត្រ​គីប​បម្រុង​ឆ្លង​ដែន​ទៅ​វៀតណាម

ដោយ រដ្ឋា វិសាល
2015-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​ឈើ និង​ឈើ​ដែល​ក្រុម​សមត្ថកិច្ច​ចម្រុះ​រើ​ចេញ​នៅ​មុខ​ទីស្នាក់ការ​សាខា​គយ​ខេត្ត​រតនគិរី ដើម្បី​រាប់​ចំនួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់​ពី​ចាប់​បាន​រថយន្ត​ដឹក​ឈើ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ។
រថយន្ត​ដឹក​ឈើ និង​ឈើ​ដែល​ក្រុម​សមត្ថកិច្ច​ចម្រុះ​រើ​ចេញ​នៅ​មុខ​ទីស្នាក់ការ​សាខា​គយ​ខេត្ត​រតនគិរី ដើម្បី​រាប់​ចំនួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់​ពី​ចាប់​បាន​រថយន្ត​ដឹក​ឈើ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ។
RFA/Ratha Visal

រថយន្ត​ធំ​ប្រភេទ​យីឌុប ដែល​ប៉ុនប៉ង​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ឆ្លងដែន​ពី​ខេត្ត​រតនគិរី ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​កងកម្លាំង​ចម្រុះ​ថ្នាក់​ជាតិ និង​សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​ចាប់​បាន​ដោយសារ​ការ​ដឹក​ជញ្ជូន​ឈើ​នេះ​គ្មាន​លិខិត​ស្នាម​អនុញ្ញាត​ត្រឹមត្រូវ។

ឈើ​ប្រណិត​ប្រភេទ​ឈើ​ធ្នង់ ដែល​គេ​អារ​ជា​ឈើ​ជ្រុង​ប្រមាណ ៤០​ម៉ែត្រគីប ត្រូវ​បាន​រឹប​អូស​ជាមួយ​រថយន្ត​ដឹកជញ្ជូន​ខ្នាត​ធំ​មួយ​គ្រឿង​នៅ​ចំណុច​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ។ ក្រុម​សមត្ថកិច្ច​បង្ក្រាប​នាំ​មក​រក្សា​ទុក​នៅ​ស្នាក់ការ​សាខា​គយ​ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។

មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ពី​អត្តសញ្ញាណ​ម្ចាស់​ឈើ ឬ​អ្នក​បើកបរ​រថយន្ត​ដឹក​ឈើ​នៅ​ឡើយ ដោយសារ​តែ​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​បាន​រត់​គេច​ខ្លួន ខណៈ​ក្រុម​សមត្ថកិច្ច​ស្ទាក់​ឃាត់​រថយន្ត​នេះ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។

យ៉ាង​ណា​ក៏ដោយ ប្រភព​អ្នក​ដឹង​រឿង​នៃ​ការ​ដឹក​ឈើ​ប្រណិត​នេះ និយាយ​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា ឈើ​ប្រណិត​នេះ​ដឹក​ជញ្ជូន​ចេញ​ពី​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី តាម​រយៈ​ឈ្មួញ​អ្នក​រក​ស៊ី​​ឈើ​ដែល​មាន​ខ្នង​បង្អែក​ជា​មន្ត្រី​មាន​អំណាច​នៅ​ក្រុង​បានលុង នេះ​តែម្ដង។

​ទាក់ទិន​ករណី​បង្ក្រាប​នេះ​ដែរ ជំនួយ​ការ​នាយកដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​នៃ​អគ្គនាយកដ្ឋាន​គយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ព្រាប វារ៉ាត់ បញ្ជាក់​ដោយ​ខ្លី​ថា រថយន្ត​ដឹក​ជញ្ជូន​​ឈើ​ប្រណិត​នេះ​មិន​មាន​លិខិត​អនុញ្ញាត​នាំ​ចេញ ទើប​សមត្ថកិច្ច​សហការ​ចាប់​ឃាត់​ទុក​ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​ម្ចាស់​ឈើ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «អត់​មាន​ឯកសារ​របស់​អគ្គនាយកដ្ឋាន​គយ បើ​មាន​ខ្ញុំ​ទទួល​ស្គាល់ បើ​អត់​មាន​ខ្ញុំ​បង្ក្រាប។ តៃកុង​ឡាន​រត់​បាត់។ តាម​ច្បាប់​គយ​មាន​តែ​ឃាត់​ទុក ហើយ​រាប់​ជាក់ស្ដែង បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​គយ​ដើម្បី​វិនិច្ឆ័យ»

​នេះ​ជា​លើក​ទី​១​ដែល​សមត្ថកិច្ច​ថ្នាក់​ជាតិ​មាន​មន្ត្រី​ស្ថាប័ន​គយ កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​មន្ត្រី​គយ និង​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ចាត់​វិធានការ​បង្ក្រាប​​ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​ទាក់ទិន​ការ​ដឹក​ជញ្ជូន​ឈើ​​ប្រណិត​ដូច​គ្នា​នេះ​ឆ្លង​តាម​ច្រក​របៀង​ព្រំដែន​ខេត្ត​រតនគិរី ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ដោយ​គ្មាន​ការ​ទប់​ស្កាត់។

ជាង​នេះ​ទៅ​ទៀត មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី សាទរ​ការ​បង្ក្រាប និង​សុំ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​ចាត់​វិធានការ​ផ្លូវ​ច្បាប់​រក​ជន​ពាក់ព័ន្ធ​ជំនួញ​​ឈើ​ខុស​ច្បាប់​នេះ មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ លោក​កត់សំគាល់​ថា កន្លង​ទៅ​នេះ​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ធ្វើ​ឡើង​គ្រប់​រូបភាព តាម​រយៈ​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​តាម​ម៉ូតូ តាម​រយៈ​រថយន្ត​ទេសចរណ៍​វៀតណាម តាម​រយៈ​ក្រុមហ៊ុន​សម្បទាន រួម​​ទាំង​ក្រុម​មន្ត្រី​មាន​អំណាច​ដឹក​ជញ្ជូន​តាម​រថយន្ត​ទេសចរណ៍​ទំនើបៗ​ទៀត​ផង៖ «ចំណាត់​ការ​នេះ​ល្អ​ប្រសើរ។ ជា​លើក​ទី​១​ហើយ​ដែល​សមត្ថកិច្ច​ចាប់​បាន​ទ្រង់ទ្រាយ​ធំ​រហូត​ឡាន​យីឌុប។ សូម​ឲ្យ​ខាង​រដ្ឋាភិបាល ក៏​ដូច​ខាង​សមត្ថកិច្ច ចាត់​វិធានការ​បែប​នេះ​ជា​បន្ត​ទៀត​ញឹកញាប់​ទើប​ព្រៃ​ឈើ​នៅ​គង់វង្ស»

​ទោះជា​យ៉ាង​នេះ​ក្តី ប្រធាន​ដឹកនាំ​ក្រុម​បង្ក្រាប​លោក ព្រាប វារ៉ាត់ អះអាង​ថា នឹង​ធ្វើ​របាយការណ៍​ស្ដីពី​ការ​​រឹបអូស​ឈើ និង​រថយន្ត​ទៅ​អគ្គនាយកដ្ឋាន​គយ​ដើម្បី​ចាត់​វិធានការ​បន្ត​ក្នុង​ករណី​រត់ពន្ធ​ឈើ​ប្រណិត​​ឆ្លង​ដែន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល