ជំនន់​ទឹក​ភ្លៀង​នៅ​តាម​ខេត្ត​ចាប់​ផ្ដើម​ស្រក នៅ​សល់​ខេត្ត​បន្ទាយ​មានជ័យ​មួយ ​ប្រឈម​ការ​ជន់​លិច​យូរ​ជាង​គេ

0:00 / 0:00

ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្ដា​ខេត្ត​ចាប់​ផ្ដើម​ស្រក​ចុះ​បណ្ដើរៗ ហើយ នៅ​សល់​តែ​ខេត្ត​បន្ទាយ​មានជ័យ​ដែល​​ប្រឈម​ការ​ជន់​លិច​យូរ​ជាង​គេ​។ អាជ្ញាធរ​ថា ទឹក​ជំនន់​ឆ្នាំ​នេះ​ តូច​ជាង​ឆ្នាំ​មុន និង​មិន​សូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផល​ដំណាំ​របស់​កសិករ​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង និង​ត្រៀម​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​រក្សា​ទឹក​ទុក​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង​បន្ត។

ការ​ថមថយ​ធ្លាក់​ភ្លៀង នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​ទឹក​ស្រក​ចុះ​ច្រើន ពិសេស​​នៅ​ខេត្ត​ចំនួន៤ ដែល​ធ្លាប់​ប្រកាស​អាសន្ន​ថ្មីៗ នេះ គឺ​ខេត្ត​ឧត្តរមានជ័យ ពោធិ៍សាត់ រតនគិរី និង​មណ្ឌល​គិរី ​ទឹក​បាន​ស្រក​ចុះ​វិញ​ហើយ។

អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក​ ឃុន សុខា ប្រាប់​អាស៊ី​សេរី​ថា​ គិត​ត្រឹម​ថ្ងៃ​ទី១៩ តុលា នៅ​សល់​តែ​ខេត្ត​បន្ទាយ​មានជ័យ​តែ​មួយ​គត់ ដែល​ទឹក​​មិន​ទាន់​​ស្រក​ចុះ​ខ្លាំង​​​ដូច​ខេត្ត​ផ្សេងៗ។ ប៉ុន្តែ​​ប្រសិន​បើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ថែម លោក​យល់​ថា ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ ទឹក​ជន់​នៅ​ខេត្ត​បន្ទាយ​មានជ័យ​​​​នឹង​ស្រក​វិញ​ហើយ។ លោក ឃុន សុខា ឲ្យ​ដឹង​ថា​​​ស្ថានភាព​​ទឹក​ជន់​ឆ្នាំ​នេះ​ តូច​ជាង​ឆ្នាំ​មុនៗ ហើយ​​ផល​ដំណាំ​ដែល​ខូច​ខាត ចំនួន​អ្នក​ស្លាប់ អ្នក​របួស និង​អ្នក​ត្រូវ​ជម្លៀស​រក​ទី​ទួល​សុវត្ថិភាព​ក៏​តិច​ជាង​ឆ្នាំ​មុន​ដែរ៖ « ទឹក​ជំនន់ គឺ​បើ​ប្រៀប​នឹង​ឆ្នាំ២០២០ មាន​សភាព​ធូរ​ស្រាល​ជាង​ឆ្នាំ២០២០ ដោយសារ​តែ​កាល​ពី​ឆ្នាំ​២០២០ គឺ​កម្រិត​ទឹក​ភ្លៀង​ធ្លាក់​ច្រើន​ ហើយ​បន្ត​បន្ទាប់​គ្នា ហើយ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ច្រើន​ខេត្ត​ រហូត​ដល់​ទៅ​ប្រមាណ​ជាង ១១ខេត្ត។ ប៉ុន្តែ​ឆ្នាំ​​នេះ គឺ​រង​ផល​ប៉ះពាល់​ចំនួន​ខេត្ត​តិច​ទេ ហើយ​ខេត្ត​ហ្នឹង​ក៏​រង​ផល​ប៉ះពាល់​តិច​ជាង​ឆ្នាំ​មុន​ដែរ។ »

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ មិន​ទាន់​ចេញ​ផ្សាយ​របាយការណ៍​​ទឹក​ជំនន់​​នៅ​ឆ្នាំ​នេះ​ទេ។ ប៉ុន្តែ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​ដែល​រង​ការ​ជន់​លិច​ខ្លាំង បង្ហាញ​ថា​​ថ្វី​ត្បិត​តែ​ឆ្នាំ​នេះ​​ទឹក​តូច​ជាង​ឆ្នាំ​មុន នឹង​ឆាប់​ស្រក​ជាង​ឆ្នាំ​មុន ប៉ុន្តែ​ផល​ប៉ះពាល់​លើ​ផ្ទះ​សម្បែង​ និង​ការ​ខូច​ខាត​​ស្រូវ​ស្រែ ផល​ដំណាំ​ ក៏​មាន​ទំហំ​ធំ​​​គ្រាន់​បើ​ដែរ។

ជាក់​ស្ដែង​នៅ​​ខេត្ត​បាត់ដំបង គ្រាន់​តែ​ជំនន់​ទឹក​​ភ្លៀង​ហក់​ឡើង ៣ថ្ងៃ​ជាប់​គ្នា ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៧ តុលា បណ្ដាល​ឱ្យ​ជន់​លិច​ស្រុក និង​ក្រុង​ចំនួន១៤ បណ្ដាល​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ ២.៤០០ខ្នង ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេង​ទៀត ១.៥០០ហិកតារ និង​បណ្ដាល​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត ដូច​ជា​ផ្លូវ​លំ ផ្លូវ​កៅស៊ូ​ ត្រូវ​ជន់​លិច​ខូច។

ទោះ​ជា​យ៉ាង​នេះ​ក្ដី សារព័ត៌មាន​ក្នុង​ស្រុក (Freshnews) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១៩ តុលា​ថា ទឹក​នៅ​តែ​បន្ត​ហក់​ឡើង​ខ្ពស់​​នៅ​ខេត្ត​ស្ទឹងត្រែង ដោយសារ​ការ​ភ្លៀង​ធ្លាក់។ ក្នុង​នោះ​ទឹក​នៅ​ទន្លេ​មេគង្គ ទន្លេ​សេសាន​ ទន្លេ​សេកុង និង​ទន្លេ​ស្រែ​ពក ក៏​ហក់​ឡើង​ដែរ។

ចំណែក​ស្ថានភាព​ទឹក​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​នៅ​ទ្រឹង​មិន​ស្រក​ដែរ។ កសិករ​ម្នាក់ នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយ​មានជ័យ​លោក វ៉ាន់ ស៊ុយអ៊ីវ ឲ្យ​ដឹង​ថា​ ស្ថានភាព​ទឹក​ឡើង​ជាង​មួយ​ខែ​ហើយ បណ្ដាល​ឲ្យ​ស្រូវ​របស់​លោក​ប្រមាណ ១០ហិកតារ​រលួយ​ខូច​អស់។ បច្ចុប្បន្ន​លោក​បាន​ដាក់​ប្លង់​ផ្ទះ​ទៅ​តម្កល់​នៅ​ធនាគារ ដើម្បី​ស្នើសុំ​ខ្ចី​លុយ​បន្ថែម​ទៀត​យក​មក​ធ្វើ​ទុន ធ្វើ​ស្រែ​ប្រាំង។ លោក វ៉ាន់ ស៊ុយអ៊ីវ ថា​លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើ​ស្រែ​ទេ ដូច្នេះ​លោក​នឹង​ប្រថុយ​ធ្វើ​ស្រែ​មួយ​ប្រាំង​​សារ​នេះ​ទៀត ក្រែង​បាន​លុយ​យក​មក​ដោះ​បំណុល​ធនាគារ​ទាំង​មុន និង​ក្រោយ​វិញ៖ « អូ ! និយាយ​ពី​ដល់​ក​ហើយ ប្លង់​ដី​នៅ​ធនាគារ​នោះ​។ គ្មាន​ជម្រើស​អ្វី​ទេ បើ​យើង​អត់​ធ្វើ​ តើ​យើង​មាន​អ្វី​សង​គេ។ បើ​យើង​ធ្វើ​ទៅ​ បើ​សិន​ជា​បាន​សង​គេ​ទៅ។ ឆ្នាំ​នេះ​អត់​ឃើញ​ថា ( អាជ្ញាធរ ) ជួយ​អ្វី​ទេ។ ឆ្នាំ​មុន​គេ​ឲ្យ​ពូជ​ម្នាក់​មួយ​ការ៉ុង​។ ពូជ​ខ្ញុំ ( ត្រូវ​ការ ) ៣០បាវ​បាន​គ្រប់ ហើយ​គេ​ឲ្យ​មួយ​ការ៉ុង ៥០គីឡូ។ ដល់​ឆ្នាំ​នេះ​អត់ អត់​ឃើញ​មាន​ ( ឲ្យ )​ អ្វី​ផង»

សង្គម​ស៊ីវិល​ថា ការ​ជន់​លិច​ខ្ទង់​មួយ​ខែ​មក​នេះ ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ចុះ​ជីវភាព​លំបាក​ទ្វេ​ដង ខណៈ​ពលរដ្ឋ​កំពុង​រងគ្រោះ​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19) ស្រាប់។ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធិ ឲ្យ​ដឹង​ថា​ តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​បាន​ស្រក​អស់​ហើយ ដូចជា​ក្រុង​ប៉ោយប៉ែត ជាដើម។ ប៉ុន្តែ​នៅ​តាម​បណ្ដា​ស្រុក​ជា​ច្រើន​ទៀត ទឹក​មិន​ទាន់​ស្រក​ទេ។

លោក ព្រួយ​បារម្ភ​ថា​បើ​ស្ថានភាព​ទឹក​នៅ​តែ​ជន់​លិច​ទៀត នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ។ ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​បន្ត​ផ្ដល់​ស្បៀង​អាហារ និង​ទំនុក​បម្រុង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​បន្ថែម​ទៀត​ ព្រោះ​​ពេល​នេះ​ ពលរដ្ឋ​ខ្លះ​នៅ​​មិន​ទាន់​អាច​ចេញ​ទៅ​​ប្រកប​របរ​បាន​ទេ។

សង្គម​ស៊ីវិល​រូប​នេះ ​​សង្កេត​ឃើញ​ថា មាន​មូលហេតុ​២​ដែល​បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​រាល់​ឆ្នាំ​​​គឺ​ទឹក​ភ្លៀង​​ និង​​ទឹក​ហូរ​ពី​ប្រទេស​ថៃ​ធ្លាក់​មក​កម្ពុជា។ ក្រៅ​ពី​​វិធានការ​​ជួយ​សង្គ្រោះ​​ហើយ​នោះ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ និង​ត្រូវ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ ប្រឡាយ​ បឹង​បួរ​ទាំង​ឡាយ​​​ឡើងវិញ​ដើម្បី​បញ្ចៀស​ការ​លិច​លង់ និង​អាច​ស្ដុក​ទឹក​រដូវ​វស្សា​ទុក​ឲ្យ​ពលរដ្ឋ​ស្រោចស្រព​​ផល​ដំណាំ​នៅ​រដូវ​ប្រាំង៖ « បើ​កាល​ណា ( រដ្ឋ ) អត់​បាន​ស្ដារ​ប្រឡាយ ឬ​ក៏​កន្លែង​ស្ដុក​ទឹក​ហ្នឹង​ឲ្យ​ជ្រៅ​ទេ ភ្លៀង​មក​លិចៗ។ ដល់​ពេល​ហើយ​ជា​កាតព្វកិច្ច​របស់​រដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី ត្រូវ​តែ​ជួយ​គាត់ ទី​១​បើ​កាល​ណា​បំផ្លាស់​ទី គឺ​ត្រូវ​តែ​មាន​ការ​សង្គ្រោះ​បន្ទាន់​ជា​រៀង​រាល់​​ឆ្នាំ​ហើយ​នៅតែ​បន្ត។ ដល់​អ៊ីចឹង វា​ជា​បន្ទុក​របស់​រដ្ឋាភិបាល»

សង្គម​ស៊ីវិល ក៏​ចង់​ឃើញ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ និង​ពលរដ្ឋ​ដែរ គឺ​ការ​​​​ផ្ដល់​ពូជ​ស្រូវ​ ការ​ផ្ដល់​ប្រាក់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដើម្បី​ឱ្យ​ពួក​គាត់​ធ្វើ​ដើម​ទុន​ដាំដុះ​នៅ​ពេល​ទឹក​ស្រក​ បង្កើត​ការងារ​ក្នុង​ស្រុក​ឱ្យ​កម្មករ​ធ្វើ និង​ការ​​រក​ទីផ្សារ​លក់​កសិផល​ ឲ្យ​បាន​​តម្លៃ​សមរម្យ​ជូន​ដល់​កសិករ។ សង្គម​ស៊ីវិល និង​កសិករ​​បារម្ភ​ថា ​​​​​ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​​​​វិបត្តិ​ច្រំដែល​នេះ​ទេ​ ពលរដ្ឋ​​​នឹង​មាន​ជីវភាព​កាន់​តែ​ដុនដាប ជា​ពិសេស​គឺ​បំណុល​វ័ណ្ឌក​ ហើយ​ពួកគេ​​​នឹង​ប្រឈម​​​ការ​​រឹបអូស​ផ្ទះ​សម្បែង​ និង​​ការ​បោះបង់​មុខ​របរ​ក្នុង​ស្រុក ហើយ​​​ចំណាក​ស្រុក​​ទាំង​ប្រថុយប្រថាន​​​រក​ការងារ​ធ្វើ៕

Flood_in_BMC_100921_1.jpg
អាជ្ញាធរខេត្តបន្ទាយមានជ័យ ពិនិត្យ​ទឹកជំនន់ កាល​ពី​ថ្ងៃ​ទី៩ ខែតុលា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។