អាជ្ញាធរ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ​នៅ​ភូមិ​ស្រែគរ១ និង​ស្រែគរ២ នៅ​តែ​បន្ត​លើក​បដា​តាម​លំនៅឋាន ប្ដេជ្ញា​មិន​រុះរើ​លំនៅឋាន និង​មិន​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។

ចំណែក​ក្រុម​អាជ្ញាធរ និង​ក្រុមហ៊ុន នៅ​តែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​ផែនការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​របស់​រាជ​រដ្ឋាភិបាល។

មន្ត្រី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ នឹង​ត្រូវ​ធ្វើ​ឲ្យ​រួច​រាល់​មួយ​ឆ្នាំ​មុន​នឹង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ចាស់ ដែល​នឹង​បញ្ជូន​ទឹក​ទៅ​ក្នុង​នោះ ដើម្បី​ធ្វើ​ជា​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី។

អះអាង​យ៉ាង​នេះ ខណៈ​អាជ្ញាធរ​ឃុំ​ស្រែគរ និង​តំណាង​ក្រុមហ៊ុន នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា បាន​ព្យាយាម​ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ប្រឆាំង​មិន​រុះរើ​លំនៅឋាន ប្ដូរ​ចិត្ត​យល់ព្រម​ផ្តល់​ទិន្នន័យ​ដីធ្លី ផ្ទះ​សម្បែង ផល​ដំណាំ ដើម្បី​ទទួល​យក​សំណង​ផល​ប៉ះពាល់​ទាំងអស់​នោះ។

តំណាង​ក្រុមហ៊ុន លោក សួស ប៊ុណ្ណារិទ្ធ ថ្លែង​ថា ក្រុមហ៊ុន​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នានា​ដែល​អ្នក​ភូមិ​មិន​ទាន់​យល់ស្រប ជាពិសេស​សំណង​មួយ​ចំនួន​ដែល​អ្នក​ភូមិ​មិន​ទាន់​ឯកភាព។ លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​គោលការណ៍​សំណង​ដែល​រាជ​រដ្ឋាភិបាល​បាន​ឯកភាព​ជាមួយ​ក្រុមហ៊ុន ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​គោលការណ៍​ផ្តល់​សំណង​តាម​ក្រុម​គ្រួសារ និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​សហគមន៍៖ «ដី ៥​ហិកតារ ធ្វើ​ម៉េច​ដាំ​ដំណាំ​បាន សំខាន់​បំផុត គឺ​អា​ហ្នឹង។ យើង​កុំ​ជជែក​គ្នា​ឈ្លោះ​គ្នា ខាង​អគ្គិសនី​គេ​សំណង​ផ្ទះ​ឲ្យ​យើង​ហើយ អ៊ីចឹង​នាំ​គ្នា​ទៅ​មើល​ដី​កន្លែង​ណា​ល្អ»

ឃុំ​ស្រែគរ មាន​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ស្រែគរ១ និង​ភូមិ​ស្រែគរ២ និង​មាន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ ក៏ប៉ុន្តែ​មាន​អ្នក​ភូមិ​ជាង ៥០​នាក់ បាន​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ​នេះ ខណៈ​ដែល​អ្នក​ភូមិ​មួយ​ចំនួន​បាន​លើក​បដា​ពាក្យ​ស្លោក​មាន​ន័យ​ស៊ូ​ស្លាប់​មិន​ចាក​ចេញ​ពី​លំនៅឋាន។

ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ២ អ្នកស្រី ថាយី មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​អ្នក​ភូមិ​មិន​ចង់​បោះ​បង់​ចោល​ភូមិ​ចាស់​របស់​ខ្លួន សំខាន់​គឺ​ផ្នូរ​សព​ដូនតា​របស់​អ្នក​ភូមិ ដែល​នឹង​ត្រូវ​លិចលង់​ក្នុង​ទឹក ប្រសិន​ភូមិ​ចាស់​ត្រូវ​ក្លាយ​ជា​អាង​ស្តុក​ទឹក។ អ្នកស្រី​កត់​សម្គាល់​ថា វប្បធម៌​ប្រពៃណី​របស់​អ្នក​ភូមិ គឺ​គោរព​បូជា​ផ្នូរ​បុព្វបុរស​របស់​ខ្លួន។ ហេតុ​នេះ អ្នក​ភូមិ​អភិរក្ស​តំបន់​គោរព​បូជា​នេះ​មិន​អាច​រំលោភ​បាន​ឡើយ៖ «ផ្នូរ​សព​ម៉ាក់​ខ្ញុំ​នៅ​ក្នុង​បាត​អាង ខ្ញុំ​អត់​ទៅ​ទេ ខ្ញុំ​សរសេរ​ក្នុង​បដា​ថា ខ្ញុំ​មិន​ចុះ​ចេញ​ពី​ទឹក​ដី​ទន្លេ​ជា​ជីវិត​ខ្ញុំ ខ្ញុំ​មិន​ចាក​ចេញ​ពី​ផ្នូរ​ឪពុក​ម្ដាយ»

គោល​នយោបាយ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​សាងសង់​ទំនប់​សេសាន​ក្រោម​ពីរ គឺ​ធានា​ថា មាន​លក្ខណៈ​ប្រហាក់​ប្រហែល ឬ​ល្អ​ជាង​ទីតាំង​ប្រជាពលរដ្ឋ​រស់នៅ​បច្ចុប្បន្ន ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​អះអាង​ថា តម្លៃ​សំណង​ទាក់ទិន​ដំណាំ ២៩​មុខ និង​តម្លៃ​សំណង់​រឹង មាន​ផ្ទះ​សម្បែង ដីធ្លី​ជាដើម មាន​កម្រិត​ទាប និង​ការ​ផ្តល់​ដី​សង់​លំនៅឋាន​មាន​ទំហំ​តូច។ ចំណែក​ទីតាំង​លំនៅឋាន​ថ្មី​ដែល​ពលរដ្ឋ​ឯកភាព មិន​ទាន់​កំណត់​ជាក់លាក់ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក៏​មិន​ទាន់​ធ្វើ​ឲ្យ​ប្រាកដ ជាពិសេស​ទៀត គឺ​សំណង​ទាក់ទិន​ជំនឿ​ប្រពៃណី​អ្នក​ភូមិ មាន​ផ្នូរ​កប់​សព និង​ការ​សែន​ព្រេន​ព្រលឹង​ដូនតា ក៏​មិន​បាន​កំណត់​ផ្តល់​សំណង​នៅ​ឡើយ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ជំទាស់​នៅ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល​ទេ ក៏ប៉ុន្តែ​អ្នក​ភូមិ​នៅ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​លក្ខខណ្ឌ​សំណង​ខ្លះ​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​ពី​អ្នក​ភូមិ។ ដោយ​ឡែក​ទៀត​លោក​ថា អ្នក​ភូមិ​ចង់​ឃើញ​ភាព​ជាក់ស្តែង​នៃ​សំណង​នានា ដែល​ក្រុមហ៊ុន​បាន​សន្យា​ផ្តល់​ជូន​អ្នក​ភូមិ​មុន​នឹង​អ្នក​ភូមិ​រុះរើ​ផ្ទះ​សម្បែង​ទៅ​ទីតាំង​ថ្មី៖ «មិន​ទាន់​ឃើញ​ផ្ទះ​សម្បែង​អ៊ីចឹង បាន​ឃើញ​ទីតាំង​ថ្មី​ជាក់លាក់​ប្រហែល​ជា​គាត់​យល់​ថា​អ៊ីចឹង។ ការ​យល់​ដឹង​គាត់​មាន​កម្រិត ខ្ញុំ​ព្យាយាម​ពន្យល់​គាត់​ត​ទៅ​ទៀត​អត់​មាន​ប្រើ​អំពើ​ហិង្សា​លើ​គាត់​ទេ»

របាយការណ៍​សិក្សា​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាង ១​ពាន់​គ្រួសារ​រស់នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​បី ក្នុង​ស្រុក​សេសាន។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង ៧០​ភាគរយ​បាន​យល់ព្រម​ផ្តល់​ទិន្នន័យ​ទទួល​យក​សំណង​ផល​ប៉ះពាល់។

ប្រធាន​គណៈកម្មការ​ស្រង់​ទិន្នន័យ និង​ជា​អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ បាន​បញ្ជាក់​ដែរ​ថា គ្មាន​គោលការណ៍​ណា​មួយ​បង្ខំ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​សំណង ឬ​ផ្តល់​ទិន្នន័យ​នោះ​ទេ។ លោក​ថា អាជ្ញាធរ​នឹង​ព្យាយាម​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​កិច្ច​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល ហើយ​យល់ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ដោយ​ស្ម័គ្រ​ចិត្ត៖ «មួយ​ចំនួន​គាត់​មិន​ចូលរួម យើង​នឹង​រក​មធ្យោបាយ​ពន្យល់​ពួក​គាត់។ យើង​នឹង​ឲ្យ​អាជ្ញាធរ​ពន្យល់​គាត់ ចូល​ឆ្នាំ​ហើយ​យើង​នឹង​បន្ត​ទៀត»

ក្រុមហ៊ុន ឆាយ​ណា ឡាង ឆាង ហាយដ្រូ ផៅវឺ (China Lan chang Hydro Power) របស់​ប្រទេស​ចិន សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក រ៉ូយ៉ាល់​គ្រុប (Royal Group) សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​អនុភាព​ផលិត​ថាមពល​អគ្គិសនី​ប្រមាណ ៤០០​មេហ្គាវ៉ាត់ និង​ចំណាយ​ទឹក​ប្រាក់​អស់​ជិត ១​ពាន់​លាន​ដុល្លារ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ទន្លេ​បី កត់​សម្គាល់​ថា ការ​សាងសង់​ទំនប់​សម្រេច​បាន​ប្រមាណ ៣០ ទៅ ៤០​ភាគរយ​ហើយ ប៉ុន្តែ​ដំណោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ឋិត​នៅ​ផ្លូវ​បែក​ជា​ពីរ​នៅ​ឡើយ។ លោក​ថា អាជ្ញាធរ និង​ក្រុមហ៊ុន រួម​ទាំង​ប្រជាពលរដ្ឋ គួរ​ងាក​មក​រក​តុ​ចរចា​សម្រប​សម្រួល​គ្នា ដោយ​ឈរ​លើ​ឆន្ទៈ​រួម គឺ​ផល​ប្រយោជន៍​អភិវឌ្ឍន៍ និង​ផល​ប្រយោជន៍​សហគមន៍៖ «ទាំង​អាជ្ញាធរ ទាំង​សហគមន៍ ហាក់​ដូច​ដើរ​ផ្លូវ​ពីរ​ផ្សេង​គ្នា។ អ៊ីចឹង​ដើម្បី​ឲ្យ​មាន​ការ​ស្ងប់​អារម្មណ៍​ទាំងអស់​គ្នា ភាគី​ទាំង​ពីរ​ត្រូវ​ចូល​តុ​ជជែក​គ្នា»

តាម​ការ​គ្រោង​ទុក ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នឹង​ត្រូវ​សាងសង់​រួច​រាល់​នៅ​ចុង​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។