ប្រជាសហគមន៍នេសាទត្រីនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង សម្ដែងក្ដីបារម្ភចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋដែលចូលទៅកាប់ឆ្ការព្រៃលិចទឹកតំបន់ហាមឃាត់អស់រាប់ហិកតារធ្វើជាកម្មសិទ្ធិ ដោយពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយទេ។ អ្នកភូមិបញ្ជាក់ថា សកម្មភាពនេះនៅតែបន្ត ហើយប្រសិនបើអាជ្ញាធរពុំមានវិធានការទាន់ពេលទេនោះ ព្រៃដែលជាជម្រកមច្ឆាជាតិតំបន់នោះនឹងហិនហោចអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ប្រជាសហគមន៍នេសាទត្រីនៅតំបន់ឃុំព្រែកនរិន្ទ អំពាវនាវឲ្យអភិបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ក្រុមអ្នករុករានព្រៃលិចទឹកនោះជាបន្ទាន់ ដើម្បីរក្សាព្រៃដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ទុកជាជម្រកត្រី និងសត្វបក្សាបក្សីរស់នៅពងកូននៅថ្ងៃអនាគត។
ប្រធានសហគមន៍នេសាទត្រីភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក អ៊ុន ហាក់ ថ្លែងឲ្យដឹងថា ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ព្រៃលិចទឹកនៃភូមិព្រែកត្រប់ នាំគ្នាសម្រុកកាប់បំផ្លាញព្រៃរនាម ឬព្រៃលិចទឹក ដែលជាជម្រកមច្ឆាជាតិនៅចំណុចភូមិព្រែកត្រប់ ដើម្បីយកដីដាំដុះធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
លោកបញ្ជាក់ថា ព្រៃលិចទឹកដែលអ្នកភូមិនាំគ្នាកាប់ឆ្ការនោះធ្វើសកម្មភាពប្រមាណ ១ខែមកហើយ ដែលមានផ្ទៃដីប្រមាណ ១០០ហិកតារ ហើយរហូតមកទប់ពេលនេះពួកគេនៅតែបន្តធ្វើសកម្មភាពរុករានដីជាបន្តបន្ទាប់នៅឡើយ៖ «ខ្ញុំស្នើទៅប្រជាពលរដ្ឋគាត់ថាបើគេរុករានព្រៃបានពួកគាត់ក៏មានសិទ្ធិដូចគ្នាដែរ ធ្វើការកាប់ឆ្ការព្រៃនោះចេះតែរីករាលដាលធំឡើយបន្តបន្ទាប់។ ចំណែកអាជ្ញាធរក៏បានដឹងរឿងនេះដែរ ថាជាសកម្មភាពចាស់ហើយមិនចាត់វិធានការទេ។ សកម្មភាពនេះបើអាជ្ញាធរនៅតែមិនទប់ស្កាត់ទៀត មិនយូរមិនឆាប់ព្រៃតំបន់នោះហ្នឹងហិនហោចគ្មានសល់»។
លោកបន្តទៀតថា តំបន់ព្រៃលិចទឹកដែលប្រជាពលរដ្ឋកាប់ឆ្ការនោះ ជាជម្រករបស់មច្ឆាជាតិនិងសត្វព្រៃលិចទឹកជាច្រើនប្រភេទរស់នៅ ហើយប្រសិនបើបាត់បង់ព្រៃនោះ សត្វទាំងតូចធំនឹងហិនហោចអស់គ្មានសល់ជាពុំខាន៖ «បើអស់ព្រៃឈើតំបន់នោះទោ នោះសត្វជាច្រើនប្រភេទដែលធ្លាប់រស់នៅច្បាស់ជាគ្មានទីជម្រកទៀតឡើយ»។
សកម្មភាពកាប់ឆ្ការព្រៃលិចទឹកនេះ មានសភាពកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ហើយប្រសិនបើអាជ្ញាធរនៅតែបណ្ដោយឲ្យបន្តទៅមុខទៀត ប្រជាពលរដ្ឋនៅតំបន់នោះនឹងមានវិវាទកើតឡើងដោយសារការដណ្ដើមដីគ្នាធ្វើជាកម្មសិទ្ធិ។
ប្រជាពលរដ្ឋនៅភូមិព្រែកត្រប់ ម្នាក់ទៀត ឈ្មោះ លោក ហ៊ុត ហាន មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋនៅតំបន់ភូមិ ព្រែកត្រប់ជាច្រើនគ្រួសារដែលពុំបានរុករានដីធ្វើជាកម្មសិទ្ធិពួកគាត់កំពុងទន្ទឹងរង់ចាំមើលវិធានការរបស់អាជ្ញាធរ ហើយប្រសិនសមត្ថកិច្ចនៅតែមិនទប់ស្កាត់ទៀត នោះពួកគេនឹងចេញធ្វើសកម្មភាពកាប់ឆ្ការព្រៃក្នុងពេលឆាប់ៗខាងមុខ៖ «ដល់អ៊ីចឹងទៅប្រជាពលរដ្ឋមួយចំនួនដែលគាត់បានដីគាត់មិនសុខចិត្តនោះទេ បើក្រុមសហគមន៍ចាស់ពីមុនមកអាចធ្វើបានពួកគាត់ក៏មានសិទ្ធិដូចគ្នា ហើយសហគមន៍ថ្មីគាត់ព្រួយបារម្ភខ្លាចដល់ពេល អ៊ីចឹងក្លាយជាអានាធិបតេយ្យគ្មានច្បាប់ទម្លាប់ ហើយកាប់អស់ព្រៃនោះទៅ។ អ៊ីចឹងបើអាជ្ញាធរមិនទប់ស្កាត់ទេ ព្រៃតំបន់នោះហ្នឹងហិនហោចអស់គ្មានសល់»។
លោកបន្តថា ប្រជាពលរដ្ឋដែលស្រលាញ់ព្រៃឈើព្រមទាំងសហគមន៍នេសាទត្រីនៅភូមិព្រែកត្រប់ សម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពដែលកើតឡើងនោះ ហើយបាននាំរឿងនេះទៅជម្រាបអាជ្ញាធរមូលដ្ឋានឲ្យចាត់វិធានការតាមផ្លូវច្បាប់ដែរ ប៉ុន្តែសមត្ថកិច្ចហាក់មិនអើពើនោះទេ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកឯកភ្នំ លោក មៀច សុំ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរពុំមែនមិនចាត់វិធានការក្រុមអ្នកកាប់ឆ្ការព្រៃលិចនោះទេ គឺការយឺតយ៉ាវនេះ ដោយសារមន្ត្រីថ្នាក់ក្រោមមិនធ្វើរបាយការណ៍មកដល់សាលាស្រុកនៅឡើយ។ ទោះជាយ៉ាងនេះ លោកថានឹងតាមដានលើការងារនេះក្នុងពេលឆាប់ៗខាងមុខ៖ «បើមេឃុំគាត់បានរាយការណ៍មកឲ្យខ្ញុំនោះទេ។ តែមិនអីទេ ចាំខ្ញុំស្រាវជ្រាវមើលបន្តទៀត»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលអង្គការអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ដីព្រៃលិចទឹកនៅតំបន់ដែលប្រជាពលរដ្ឋរុករាននោះ ជាដីព្រៃតំបន់ហាមឃាត់ មិនអាចជនណាម្នាក់ទៅកាប់ឆ្ការយកដីធ្វើជាកម្មសិទ្ធិបាននោះទេ បើទោះក្នុងរូបភាពណាក៏ដោយ។
លោកថា ការទៅកាប់ឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិជាអំពើខុសច្បាប់ ហើយអាជ្ញាធរពាក់ព័ន្ធគួរមានវិធានការជាបន្ទាន់ដើម្បីរក្សាដីព្រៃនោះទុកជាជម្រកមច្ឆាជាតិរស់នៅពងកូនជាប្រយោជន៍រួមនៅថ្ងៃអនាគត៖ «អ៊ីចឹងអាជ្ញាធរស្រុកគប្បីធ្វើការងារឲ្យបានល្អជាសហគមន៍ ព្រោះសហគមន៍គាត់មានគាត់ប្ដឹងទៅអាជ្ញាធរមិនមានប្រសិទ្ធិភាពនោះទេ ដល់អ៊ីចឹងពួកគាត់ជាអ្នកប្រឈមបញ្ហាទាំងអស់ហ្នឹងទៅវិញ ហើយរំលោភបំពាននៅតែមានសកម្មភាពដដែល។ អ៊ីចឹងទោះបីមិនមានដំណឹងនេះក៏ដោយអាជ្ញាធរគប្បីមានចាត់វិធានការឲ្យបានឆាប់»។
លោកបន្តថា ព្រៃលិចទឹកនៅសហគមន៍នេសាទត្រីតំបន់ភូមិព្រែកត្រប់ មិនត្រឹមតែមានមនុស្សទៅកាប់ឆ្ការព្រៃឈើយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ប៉ុណ្ណោះទេ នៅមានអ្នកជីកអណ្ដូងនៅតំបន់នោះជាច្រើនកន្លែងទៀតផង ដើម្បីទាញយកផលប្រយោជន៍ត្រីរបស់ខ្លួន ហើយប៉ះពាល់ដល់សម្បត្តិធនធានធម្មជាតិរបស់រដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។