ពលរដ្ឋមួយចំនួនលើកឡើងថា សត្វចង្កៀលខ្យងដែលងាប់ទាំងនេះ មានអាការៈស្រដៀងគ្នានឹងមាន់ឈឺងាប់កន្លងទៅ ដែលក្រសួងសុខាភិបាលធ្លាប់អះអាងថា ជាជំងឺគ្រុនផ្ដាសាយបក្សី។ ពួកគេស្នើសុំឱ្យមន្ត្រីជំនាញរកមូលហេតុពិតប្រាកដឱ្យបានទាន់ពេលវេលា ទាក់ទិននៃការងាប់របស់សត្វទាំងនេះ។
តំណាងសហគមន៍បឹងស្នេហ៍លោក ប៉ាន់ យ៉ន និយាយថា សត្វចង្កៀលខ្យងងាប់កន្លងមកនេះហាក់ដូចជា ឆ្លងជំងឺអ្វីម្យ៉ាង បណ្ដាលឱ្យងាប់តៗ គ្នា ហើយរហូតមកដល់ពេលនេះបានកើនឡើងដល់ជាង៣០០ក្បាលហើយ(៣៤៥ក្បាល)។
លោកបន្តថា សហគមន៍របស់លោកដែលបានស្រាវជ្រាវនៅជុំវិញបឹង មិនបានរកឃើញថា មានប្រជាពលរដ្ឋដាក់ថ្នាំពុល ដើម្បីទាក់យកសត្វទេ។ លោកថា សត្វចង្កៀលខ្យងងាប់កន្លងមកនេះ មានអាការៈស្រដៀងគ្នានឹងសត្វមាន់ងាប់កន្លងទៅដែរ។
លោកស្នើឱ្យក្រសួងពាក់ព័ន្ធប្រញាប់បង្ហាញលទ្ធផលពីមូលហេតុឱ្យបានច្បាស់លាស់ ពីព្រោះពលរដ្ឋបារម្ភខ្លាចមានជំងឺឆ្លងចេញពីសត្វចង្កៀលខ្យងនេះរាលដាលដល់សត្វចិញ្ចឹមរបស់ពួកគេ៖«ជំងឺវា បើសត្វទាកាប៉ាវិញ ដូចជា ជំងឺរំបល់កាច់អ៊ីចឹង។ កាច់យកតែម្ដង មួយភ្លែតៗ ត្រង់កភ្លឹង ប្រកាច់ បះស្លាបឡើងលើ ខ្លួននេះទៅដី ឬក្នុងទឹក។ ជួនកាលហើរនៅខាងលើទាំងហ្វូងស្រាប់តែធ្លាក់មកក្នុងទឹកតែម្ដង»។
សត្វចង្កៀលខ្យង ដែលជាសត្វស្លាបកម្រ និងជិតផុតពូជ បានងាប់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ មីនា នៅតំបន់បឹងស្នេហ៍ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងលោក អ៊ុក សំណាង បញ្ជាក់ថា ក្រសួងកសិកម្មបានយកវត្ថុវិភាគទៅពិនិត្យនៅមន្ទីរពិសោធន៍របស់នាយកដ្ឋានបសុព្យាបាលហើយ តែនៅមិនទាន់បានលទ្ធផលនៅឡើយទេ។
លោកបន្តថា វិធានការដំបូង អាជ្ញាធរបានសម្រេចបិទតំបន់បឹងស្នេហ៍មួយរយៈសិន ដើម្បីរង់ចាំមើលមូលហេតុឱ្យបានច្បាស់លាស់ថា តើការស្លាប់របស់សត្វចង្កៀលខ្យងបណ្ដាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដ៖«ជាទូទៅ នៅក្នុងរដូវហ្នឹង សត្វមាន់អីតែងតែងាប់ជាប្រចាំ ដោយសារកម្ដៅវាកើនឡើង។ ខេត្តព្រៃវែងឡើងដល់ ៣៧អង្សាហើយ។ ការកើនឡើងនៃកម្ដៅ ការប្រែប្រួលអាកាសធាតុ ឬមួយខ្វះចំណី កត្ដាវាច្រើន។ ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ហ្នឹង គឺខាងមន្ទីរពិសោធន៍ គឺគេត្រូវយកទៅពិសោធន៍ ឬក៏សិក្សាក្រែងមានជំងឺឆ្លងនានា»។
អាស៊ីសេរីមិនអាចទាក់ទងលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានទេនៅថ្ងៃទី២៤ មីនា។ ប៉ុន្តែកាលពីថ្ងៃទី២៣ មីនា លោកមិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យសត្វស្លាបទាំងនោះងាប់ឡើយ។
លោកបន្ថែមថា ប្រសិនបើពលរដ្ឋប្រទះឃើញសត្វស្លាបនៅក្នុងតំបន់នោះងាប់សូមកុំយកទៅចម្អិនបរិភោគ គឺយកសត្វស្លាប ទៅកប់ ឬដុតចោល ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាព។
ទាក់ទិននឹងបញ្ហានេះ ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរបស់ក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា មន្ត្រីសុខាភិបាលបានតាមដានសុខភាពពលរដ្ឋនៅជុំវិញកន្លែងកើតហេតុនោះ ហើយរហូតមកដល់ពេលនេះមិនមានពលរដ្ឋណាម្នាក់រកឃើញថា មានជំងឺឆ្លងពីសត្វចង្កៀលខ្យងដែលងាប់នោះទេ។
លោកថា ប្រសិនបើមានករណីសង្ស័យណាមួយកើតឡើងទៅលើប្រជាពលរដ្ឋ មន្ត្រីសុខាភិបាលនឹងយកវត្ថុ វិភាគមកពិនិត្យមើល៖«ក្នុងករណីដែលពលរដ្ឋមានការព្រួយបារម្ភឬ មានរោគសញ្ញាអ្វីសូមទាក់ទងមកលេខ ១១៥មក យើងនឹងបញ្ជូនមន្ត្រីជំនាញក្រុមឆ្លើយតបជាបន្ទាន់ដើម្បីចុះទៅ អង្កេតស្រាវជ្រាវ ហើយនឹងយកវត្ថុ វិភាគដែលគាត់ ចេញរោគសញ្ញាទាំងឡាយនោះ។ រោគសញ្ញាភាគច្រើនគឺត្រូវតែមានគ្រុនក្ដៅ៣៨ . ៥ អង្សា មានក្អក ឈឺក ហើយនឹងរោគសញ្ញាផ្សេងៗ ទៀតដូចជារាគរួស ឬមួយក៏ឈឺសន្លាក់ដៃជើង»។
សត្វចង្កៀលខ្យង ជាប្រភេទសត្វស្លាប ដែលមានចំពុះវែងកោងខុប តែងរកចំណីនៅតាមវាលស្រែនិងនៅតាមបឹងជាដើម។ សត្វនេះភាគច្រើនរស់នៅក្នុងខេត្តជាប់បឹងទន្លេសាប ខេត្តព្រៃវែង និងខេត្តតាកែវ។ ក្រសួងបរិស្ថានកាលពីខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ បង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ទំហំជាង ៨ពាន់ហិកតារ (៨.៣០៥ហិកតារ) ស្ថិតនៅក្នុងខេត្តតាកែវ ដែលមានសត្វចង្កៀលខ្យងរាប់ពាន់ក្បាលកំពុងរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែ
មតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។