កម្ពុជា​បំបែក​កំណត់ត្រា​ពិភពលោក​រក​ឃើញ​ត្រី​បបែល​យក្ស​ទឹកសាប​ធំ​ជាង​គេ​បង្អស់

ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​សហការ​ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​មេគង្គ (Wonders of the Mekong) របស់​ភ្នាក់ងារ​ជំនួយ​អាមេរិក USAID បាន​រក​ឃើញ​ត្រី​បបែល​យក្ស​ទឹកសាប​ធំ​ជាងគេ​នៅ​លើ​ពិភពលោក នៅ​ជិត​កោះដាច់​ស្រយាល​មួយ​កន្លែង​ក្នុង​ទន្លេមេគង្គ ស្ថិតនៅ​ភាគ​ខាងត្បូង​ក្រុង​ស្ទឹងត្រែង​។ ពួកគេ​ដាក់ឈ្មោះ​ត្រី​បបែល​យក្ស​នេះ​ថា «​បូណ៌មី» ដោយសារ​ត្រី​នេះ​ត្រូវ​បាន​គេ​លែង​ចូល​ក្នុង​ទន្លេមេគង្គ​វិញ​នៅ​ចំ​ថ្ងៃ​ពេញ​បូណ៌មី។

ការ​រកឃើញ​នេះ ធ្វើ​ឲ្យ​កម្ពុជា​បំបែក​កំណត់ត្រា​ពិភពលោក ដែល​មាន​ត្រី​បបែល​យក្ស​ទឹកសាប​ធំជាង​គេ​បង្អស់​។ ត្រី​បបែល​យក្ស​ទឹកសាប​នេះ មាន​ទម្ងន់ ៣០០​គីឡូក្រាម ប្រវែង​ជិត ៤​ម៉ែត្រ វាស់​ចាប់ពី​ចុង​ចម្រុះ​ដល់​កន្ទុយ។

ទំព័រ​ហ្វេសប៊ុក​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​មេគង្គ ផ្សាយ​នៅ​ថ្ងៃទី​២១ ខែមិថុនា ឱ្យដឹង​ថា ត្រី​បបែល​យក្ស​ទឹកសាប​នេះ ដំបូង​ឡើយ​ត្រូវ​បាន​អ្នកនេសាទ​នៅ​កម្ពុជា​ចាប់​បាន​ដោយ​សន្ទូច​នៅ​តំបន់​ជនបទ​នៃ​ទន្លេមេគង្គ កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា​។ ពួកគេ​បាន​ទាក់ទង​ទៅ​ក្រុម​ការងារ​នៃ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ដើម្បី​បំពាក់​ឧបករណ៍​ទទួល​សញ្ញា​សូរស័ព្ទ​លើ​ត្រី​បបែល​យក្ស​ទឹកសាប​នេះ រួច​បាន​លែង​វា​ចូលក្នុង​ទន្លេ​មេគង្គ​វិញ​នៅ​ថ្ងៃ​បន្ទាប់​ដោយ​ជោគជ័យ។

គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សហការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា បាន​បង្កើត​បណ្ដាញ​អ្នក​នេសាទ ដែល​យល់ព្រម​រាយការណ៍​អំពី​ការ​ចាប់បាន​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​នៅ​កម្ពុជា​។ កាលពី​ខែ​មុន ក្រុម​អ្នក​នេសាទ​នៅ​កម្ពុជា​ក៏បាន​ចាប់បាន និង​រាយការណ៍​ទៅ​គម្រោង​អច្ឆរិយ​ភាព​នៃ​មេគង្គ​ពី​ការ​រកឃើញ​ត្រី​បបែល​យក្ស​ញី​មួយ ទម្ងន់​ជាង ១៨០​គីឡូក្រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។