សហគមន៍​ខេត្ត​ព្រះវិហារ​ថា ក្រុមហ៊ុន​ចិន និង​វៀតណាម​ពុះ​ចែក​តំបន់​ភ្នំ​លុង ​និង​រំលោភ​យក​ដីពលរដ្ឋ ពង្រីក​ផ្ទៃ​ដី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស

ដោយ ជាតិ ចំណាន
2018-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ជីក​រ៉ែមាស​នៅ​ភ្នំលុង ស្រុក​រវៀង ខេត្តព្រះវិហារ។
ទីតាំង​ជីក​រ៉ែមាស​នៅ​ភ្នំលុង ស្រុក​រវៀង ខេត្តព្រះវិហារ។
រូបថត៖ ចលនា​មាតាធម្មជាតិ

ជនជាតិ​ដើម​ភាគ​តិច​​កួយ​​រស់នៅ​ឃុំ​រម្យ​ទម ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ​អះអាង​ថា ក្រុមហ៊ុន ឌែលខម កម្ពុជា (Delcom Cambodia) ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ទៀត ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ​ ​បាន​ហ៊ុមព័ទ្ធ​តំបន់​ភ្នំ​លុង​ ធ្វើ​អាជីវកម្ម​​រ៉ែ​មាស​ជា​យូរ​មក​ហើយ ពុំ​មាន​អាជ្ញាធរ​ណា​ប្រកាស​បង្ហាញ​អាជ្ញាប័ណ្ណ​ដែល​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ។ អ្នក​ស្រុក​ថា​ ​ក្រុមហ៊ុន​ ឌែល ​ខម​ កម្ពុជា​ បាន​រំលោភ​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ចំនួន​ ៦៦គ្រួសារ ដើម្បី​ពង្រីក​ផ្ទៃដី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ រហូត​មក​ទល់​ពេល​នេះ​ពួក​គាត់​បាន​ទាមទារ​ដី​របស់​ខ្លួន​មក​វិញ​ តែ​គ្មាន​លទ្ធផល។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ​រស់​នៅ​ក្បែរ​អាជីវកម្ម​រ៉ែ​មាស នៃ​ឃុំ​រម្យ​ទម ស្រុក​រវៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី១៧ ខែ​ធ្នូ​ថា កង្វល់​ជា​ច្រើន ដែល​ក្រុមហ៊ុន ឌែលខម រំលោភ​បំពាន​ដី​ស្រែ​អ្នក​ស្រុក​ឈូស​ឆាយ​ផល​ដំណាំ និង​ប្រើ​អំណាច​គាប​សង្កត់​ពលរដ្ឋ​មិន​ឲ្យ​ប្តឹង​តវ៉ា បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ២០១៤ រហូត​ពេល​នេះ។ ពួក​គេ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ស្ទើរ​តែ​គ្រប់​ស្ថាប័ន តែ​គ្មាន​ស្ថាប័ន​រដ្ឋ​ណា​មួយ​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​អាជ្ញាធរ​ខ្លះ​ទទួល​ប្រយោជន៍​ពី​ក្រុមហ៊ុន​រំលោភ​យក​ដី​ស្រែ​ពួក​គាត់​ពង្រីក​ផ្ទៃដី​អាជីវកម្ម​រ៉ែ​មាស។

ពលរដ្ឋ​ម្នាក់​ ក្រុម​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត​រស់​នៅ​ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រម្យ​ទម លោកស្រី យឹម ផាត ថ្លែង​ថា ដី​ស្រែ​ចម្ការ​របស់​គាត់​ទំហំ ១២ហិកតារ​នៅ​ក្បែរ​តំបន់​ភ្នំ​លុង ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក​យ៉ាង​អយុត្តិធម៌​តាំង​ពី​ឆ្នាំ២០១៤។ លោកស្រី​​បន្ត​ថា មក​ទល់​ពេល​នេះ​ពួក​គាត់​មិន​អាច​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លូន​បាន​ទេ ព្រោះ​ត្រូវ​បាន​ក្រុមហ៊ុន​ហ៊ុម​ព័ន្ធ​របង​យក​ ​ដើម្បី​បើក​ការដ្ឋាន​អាជីវកម្ម​រ៉ែ​មាស៖ «គេ​មិន​ឲ្យ​ធ្វើ។ គេ​ព័ទ្ធ​របង​យក​ទាំង​អស់។ ដី​ធ្លី​ខ្ញុំ​យូរ​ណាស់​ហើយ តាំង​ពី​កេរ​ដូនតា គឺ​ខ្ញុំ​រស់​នៅ​កន្លែង​នេះ​ហើយ ដល់​ពេល​គេ​មិន​ឲ្យ​ទេ។ គេ​ចង់​បាន​យក​របស់​ខ្ញុំ​ទទេៗ»

ស្ត្រី​ដដែល​បន្ថែម​ថា ក្រុមហ៊ុន​បាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ប្រើ​សារធាតុ​គីមី​ហុយ​ចូល​ផ្ទះ​សម្បែង​ពួក​គាត់​ ​បង្ក​ឲ្យ​អ្នក​ភូមិ​ជា​ច្រើន​កើត​ជំងឺ​ចម្លែកៗ។ ចំណែក​កុមារ​ជា​ច្រើន​នាក់​បង្ខំ​ចិត្ត​ឈប់​រៀន​ដោយសារ​ជីវភាព​ធ្លាក់​ចុះ ព្រោះ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ពួក​គេ​ទទួល​រង​ការ​គំរាម​បណ្តេញ​ចេញ​ដោយ​គ្មាន​សំណង៖ «ខ្ញុំ​រស់​នៅ​មាន​គីមី និង​ជាតិ​អាស៊ីដ​ហុយ​លើ​ផ្ទះ​ខ្ញុំ ទើប​ខ្ញុំ​ឈឺ​គ្មាន​លុយ​គ្មាន​កាក់​ទៅ​ព្យាបាល ហើយ​កូន​រៀន​ក៏​ឈប់​អស់​ហើយ អស់​ដំណាំ​ហើយ គ្មាន​ទី​ពឹង​ទេ។ ខ្ញុំ​សូម​តម្លៃ​ទីផ្សារ​គេ​មិន​ឲ្យ​ខ្ញុំ​ទេ»

សេចក្ដីរាយការណ៍​របស់​ពលរដ្ឋ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​តំបន់​ភ្នំ​លុង ដែល​សំបូរ​ធនធាន​រ៉ែ​មាស​ ត្រូវ​បាន​ក្រុមហ៊ុន​ជា​ច្រើន​ដណ្ដើម​ដី​គ្នា​ពុះ​ធ្វើ​អាជីវកម្ម និង​មាន​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម​ខ្លះ​ទៀត​ ​បាន​ជួល​អ្នក​មាន​អំណាច​កាង​អាជីវកម្ម​ឲ្យ​ខ្លួន។ លើស​ពី​នេះ ក៏​មាន​ក្រុមហ៊ុន​ខ្លះ​ទៀត ប្រើ​ឈ្មោះ​គ្រួសារ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​ជា​ខ្នង​បង្អែក ដោយ​មាន​សមត្ថកិច្ច​ចម្រុះ​យាម​ល្បាត​យ៉ាង​ប្រុង​ប្រយ័ត្ន ​និង​រឹតត្បិត​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ចូល​តំបន់​នោះ​ទេ។

ប្រជាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ​រស់នៅ​ឃុំ​រម្យ​ទម ​លោក​ ​ទុយ ​ឆេង​ ​សង្កេតឃើញ​ថា​ ​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​លុង​ ​មិន​ត្រឹមតែ​ធ្វើឲ្យ​ហិនហោច​ធនធាន​រ៉ែ​មាស​មាន​តម្លៃ​នោះ​ទេ​ ​ថែមទាំង​ធ្វើឲ្យ​ពលរដ្ឋ​លំបាក​វេទនា​សព្វ​បែប​យ៉ាង​រួមមាន​ ​ការ រឹតត្បិត​មិន​ឲ្យ​ពលរដ្ឋ​ប្រមូល​អនុផល​ព្រៃឈើ​នៅ​តំបន់​ភ្នំ​លុង​ ​បាត់បង់​មុខរបរ​រក​រ៉ែ​មាស​លក្ខណៈ​សហគមន៍​ ​និង​ ​កើតមាន​វិបត្តិ​ដីធ្លី​ជាដើម៖ «ពូក​ខ្ញុំ​ក្រុមហ៊ុន បាន​យក​ឈ្មោះ​អ្នក​មាន​អំណាច​គំរាម​ពលរដ្ឋ និង​យក​ឈ្មោះ​លោក ហ៊ុន សែន ថា ខ្លួន​ហ្នឹង​មាន​អាជ្ញាប័ណ្ណ។ ដល់​ពេល​ពលរដ្ឋ​សួរ​រក​អាជ្ញាប័ណ្ណ គេ​ថា សិទ្ធិ​ពលរដ្ឋ​មិន​អាច​សួរ​រក​បាន​ទេ ព្រោះ​គេ​មាន​ច្បាប់​ត្រឹមត្រូវ»

លោកអះអាង​ថា ក្រុម​កម្មករ​ជនជាតិ​ចិន និង​វៀតណាម​រាប់​រយ​នាក់​ ដែល​ភាគ​ច្រើន​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ បាន​បើក​កន្លែង​លេង​ល្បែង ហាង​ផឹក​ស៊ី ​នៅ​តំបន់​នោះ។ លើស​ពី​នេះ ក្មេង​ទំនើង​សេព​គ្រឿងញៀន និង​អំពើ​អនាចារ ក៏​កើតមាន​ជា ញឹកញាប់​ដែល៖ «យួន​ហ្នឹង​ឯង គឺ​ភាគ​ច្រើន​ជា​ជន​អន្តោប្រវេសន៍ ពួក​អនាធិបតេយ្យ មក​តាម​បង​ប្អូន​ទេ។ ពួក​អនាធិបតេយ្យ​ហ្នឹង ខ្លាំង​បំផុត​លេង​ល្បែង ហើយ​សមត្ថកិច្ច​មិន​យក​ចិត្ត​ទុក​ដាក់​ទេ មក​យក​តែ​លុយ​ហើយ​ទៅ​វិញ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ ​អភិបាល​ស្រុក​រវៀង ​លោក​ ​ហោ ​ប៊ុន​ហួរ​ និង​មេឃុំ​រម្យ​ទម ​លោក​ ​សោម ​មុត ​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ ​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១៧ ខែធ្នូ។

ចំណែក​ ​អ្នកនាំពាក្យ​ក្រសួង​រ៉ែ ​និង​ថាមពល​ លោក​ យស មុនីរ៉ាត់ បដិសេធ​មិន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ី​សេរី ​ដោយ​លោក​បាន​ចុច​ទទួល​ទូរស័ព្ទ​ ​តែ​មិន​និយាយ និង​ឈប់​ទទួល​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​យ៉ាង​ណា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ​និង​ថាមពល​ លោក​ ស៊ុយ ​សែម​ អះអាង​ថា នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​រុករក​រ៉ែ​ទាំង​ឡាយ ណា​ដែល​មិន​បាន​អនុវត្ត​តាម​ច្បាប់។ លោក​ព្រមាន​ថា ក្រសួង​នឹង​មិន​អត់​ឱន​ជា​ដាច់ខាត​ ​បើ​មាន​ក្រុមហ៊ុន​ណា ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​ច្បាប់​ ក្នុង​សេចក្ដីប្រកាស​ ​ឬ​រំលោភ​អនុ​ក្រឹត្យ​ស្ដីពី​ការ​រុករក​រ៉ែ​ដែល​នាំឲ្យ​មាន​ការ ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​។ ​លោក​ ស៊ុយ ​សែម​ ​ថ្លែង​បែប​នេះ​ ក្រោយ​ពី​កើត​មាន​ករណី​ពុល​ទឹក​ព្រែក​ទេរ ​នៅ​ខេត្ត​ក្រចេះ​ ​និង​ ​ខេត្ត​មណ្ឌលគិរី​ ​បណ្ដាលឲ្យ​អ្នកភូមិ ​ចំនួន ១៨នាក់​ស្លាប់​ ​និង​ធ្លាក់​ខ្លួន​ឈឺ​រាប់​រយ​នាក់​ កាល​ពី​ខែ​ឧសភា ២០១៨។​

ជុំវិញ​ការ​លើក​ឡើង​នេះ​ មន្ត្រី​ឃ្លាំមើល​បរិស្ថាន​រិះគន់​ថា វិធានការ​នេះ​គ្រាន់​តែ​ជា​លេស​យក​រួច​ខ្លួន​ ​និង​គ្មាន​ឥទ្ធិពល​ជា​វិជ្ជមាន​អនុវត្ត​ច្បាប់​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នោះ​ទេ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ​លោក​ ​អាឡិក​ហាន់​ដ្រូ ​ហ្គាន់​សាឡេស ​ដេវិតសិន (Alejandro Gonzalez Davidson) (ហៅ​កាត់ អាឡិច) ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​រងគ្រោះ​កំពុង​ទល់​ច្រក​មិន​ដឹង​ថា ត្រូវ​ទៅ​ពឹង​ស្ថាប័ន​ណាមួយ​ឲ្យ​ជួយ​ដោះ​ស្រាយ​ទេ បើ​អាជ្ញាធរ​គ្រប់​ស្ថាប័ន​រួម​ទាំង​តុលាការ​ផង​ សុទ្ធ​សឹង​មិន​អាច​ពឹង​ពាក់ ឬ​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​បាន។ លោក​ថា ក្រុមហ៊ុន​រុករក​រ៉ែ​មាស ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ភ្នំ​លុង អាច​ជា​អាជីវកម្ម​ខុស​ច្បាប់ ខណៈ​របាយការណ៍​វាយ​តម្លៃ​ផល ប៉ះ​ពាល់​​បរិស្ថាន និង​អាជ្ញាប័ណ្ណ​កំពុង​ឋិត​ក្នុង​ភាព​អាថ៌​កំបាំង៖ «នៅ​ប្រទេស​កម្ពុជា បញ្ហា​ធំ​បំផុត គឺ​គ្មាន​ស្ថាប័ន​ណា​មួយ​ឯករាជ​ពិត​ប្រាកដ​ពី​លោក ហ៊ុន សែន ហើយ​គ្មាន​អង្គភាព​ណា​មួយ ហ៊ាន​តតាំង​ជាមួយ​បញ្ហា​ធំៗ ដូច​ជា រ៉ែ​មាស បើ​លោក ហ៊ុន សែន អន្តរាគមន៍ អាច​មាន​ដំណោះ​ស្រាយ​បែប​បណ្តោះអាសន្ន។ សូម្បី​សកម្មជន​ទៅ​ជួយ​មិន​បាន ព្រោះ​ប៉ូលិស​ទាហាន ពាក់​អាវុធ​គ្រប់​ដៃ គេ​អត់​អនុញ្ញាត​ឲ្យ​ទៅ​ដូច​មុន។ អា​ហ្នឹង​វា​ពិបាក​មែនទែន ប្រជាជន​ដូច​ឯកកោ​ជា​ទី​បំផុត»

លោក​ ​អេឡិក ​បន្ថែម​ថា​ ​សកម្មភាព​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​លុង ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​ត្រកូល​ហ៊ុន​ ​នៅ​ពីក្រោយ​ខ្នង និង​លោក ហ៊ីង ប៊ុន​ហៀង បាន​យក​កម្លាំង​ទាហាន​ខ្លះ​ទៅ​កាង។ លោក​សោក​ស្តាយ​យ៉ាង​ខ្លាំង ​ខណៈ​ដែល​ធនធាន​រ៉ែ​មាស​ មាន​តម្លៃ​របស់​កម្ពុជា​មិន​ត្រឹម​លោក​ ហ៊ុន ​សែន ​គ្មាន​សមត្ថភាព​ថែ​រក្សា​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​បណ្តោយ​ឲ្យ​ជន​បរទេស​មាន​ជនជាតិ​ចិន​ ​វៀតណាម និង​អ្នក​មាន​អំណាច ធ្វើ​អាជីវកម្ម​ស្រេច​តែ​ចិត្ត​បណ្តាល​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច និង​ពលរដ្ឋ​ខ្មែរ​​មូលដ្ឋាន​លំបាក​វេទនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល