កម្មករ​ប្រមូល​សំរាម​ជាង​២​ពាន់​នាក់​ព្រម​ទទួល​យក​សំណើ​ដំឡើង​ប្រាក់​ឈ្នួល ៩​ដុល្លារ

ដោយ វ៉ែន សុមេធ
2018.12.28
ស៊ីនទ្រី តវ៉ា ៦១០ បុគ្គលិក កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី (CINTRI) ឈរ​តវ៉ា​នៅ​យានដ្ឋាន​ក្រុមហ៊ុន​នាខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៤។
RFA

កម្មករ​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន​ស៊ិនទ្រី (Cintri) ជាង ២​ពាន់​នាក់ ដែល​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល បាន​យល់ព្រម​ចូល​ធ្វើការ​វិញ​អស់ហើយ នៅ​ថ្ងៃ​ទី​២៨ ធ្នូ បន្ទាប់​ពី​ពួកគេ​ព្រម​ទទួល​យក​ការដំឡើង​ប្រាក់​ឈ្នួល ៩​ដុល្លារ។

កម្មករ​ដើរ​ប្រមូល​សំរាម​តាម​ឡាន​ម្នាក់ លោក ឆេង វិចិត្រ ឲ្យ​ដឹង​ថា ពួកគេ​បាន​យល់ព្រម​ទទួលយក​សំណើ​ក្រុមហ៊ុន​ស៊ិនទ្រី ដោយសារ​គ្មាន​ជម្រើស និង​ត្រូវ​ការប្រាក់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ។ លោក​បន្ត​ថា ក្រោយ​ការចរចា​ត្រូវរ៉ូវ​គ្នា កម្មករ​បាន​យល់ព្រម​ដើរ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ជា​ធម្មតា​ឡើងវិញ​ហើយ៖ «បាទ​ខែ​២ បាន​គេ​ឲ្យ​បង​គេ​ឲ្យ​ត្រឹម​បាន​៩ដុល្លារ បង​ប៉ុន្តែ ខែ​២​បាន​គេ​សម្រេច​ឲ្យ។ បាទ​ចេញទៅ​ប្រមូល ប្រមូល​ព្រឹក​មិញ​បង​ចេញ​ហើយ​ចេញ​ធ្វើការ​វិញ ហើយ​បាទ»

កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ិនទ្រី ជាង​២​ពាន់​នាក់ ប្រមូល​ផ្ដុំ​គ្នា ធ្វើ​កូដកម្ម កាលពី​ម៉ោង​ព្រលប់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ នៅ​ទីតាំង​ដាក់​រថយន្ត​ប្រមូល​សំរាម ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ទាមទារ​អោយ​ក្រុមហ៊ុន ដំឡើង​ប្រាក់​ឈ្នួល ចំនួន ១៥​ដុល្លារ​បន្ថែម លើ​ប្រាក់ខែ​គោល។ កំឡុង​ពេល​តវ៉ា ក្រុម​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិនទ្រី ទាមទារ​លក្ខខណ្ឌ ចំនួន ៤​ចំណុច គឺ សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈប់សម្រាក​ប្រចាំ​ឆ្នាំ ដែល​នៅសល់ ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ ចំនួន​១៥ដុល្លារ សម្រាប់​ឆ្នាំ​២០១៩​ជាដើម។

កម្មករ​ប្រមូល​សំរាម ក្រុមហ៊ុន ស៊ិនទ្រី សព្វថ្ងៃ មាន ២​វេន គឺ​កម្មករ​ប្រមូល​សំរាម​វេន​យប់ និង​វេន​ថ្ងៃ។ សហជីព​ឲ្យ​ដឹង​ថា កម្មករ​ធ្វើការ​វេន ថ្ងៃ​ទទួល​បាន​ប្រាក់​ឈ្នួល ១២៥​ដុល្លារ និង​កម្មករ​ធ្វើការ​វេន​យប់​ទទួល​បាន​ប្រាប់​ឈ្នួល​ប្រមាណ​១៥០​ដុល្លារ។

ប៉ុន្តែ ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ស៊ិនទ្រី លោក ទួន ស៊ីផេង ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ប្រាក់ខែ​គោល​របស់​កម្មករ​ស៊ិនទ្រី បច្ចុប្បន្ន ចំនួន ១៦៨​ដុល្លារ និង​មានការ​បូក​បន្ថែម​លើ​ប្រាក់​លើកទឹកចិត្ត​ផ្សេងៗ ហើយ​កម្មករ​សរុប ២.១៨០​នាក់។ ចំណែក​ប្រាក់​ដំឡើង ៩​ដុល្លារ នឹង​ត្រូវ​ផ្ដល់​គិត​ជូន​កម្មករ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩។

កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ក្រុមហ៊ុន​ស៊ិនទ្រី បាន​ប្រជុំ ជាមួយ​តំណាង​កម្មករ​ម្ដង​ហើយ ខាង​ក្រុមហ៊ុន​យល់ព្រម​ដំឡើង​ប្រាក់​ឈ្នួល ឲ្យ​ចំនួន ៦​ដុល្លារ និង​ដំឡើង​ឲ្យ ១​ដុល្លារ​ទៀត ស្មើ​៧​ដុល្លារ នៅ​ខែ​កក្កដា ឆ្នាំ​២០១៩ តែ​ខាង​កម្មករ​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​នេះ​ទេ និង​ទាមទារ បន្ថយ​ពី​១៥​ដុល្លារ មក​ត្រឹម ១២​ដុល្លារ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ សង្កេត​ឃើញ​ថា ស្ថានភាព​លក្ខណៈ​ការងារ​របស់​កម្មករ​ប្រមូល​សំរាម​សព្វថ្ងៃ មាន​ស្ថាន​ភាព​លំបាក និង​ប្រឈម​ជំងឺ​ខ្លាំង​ណាស់ ខណៈ​ប្រាក់​ឈ្នួល​នៅ​មាន​កម្រិត​ទាប មិន​សម​នឹង​ទំហំ​ការងារ​ត្រូវ​ទទួលខុសត្រូវ៖ «យើង​មើល​ទៅ​គាត់​មិនបាន​ច្រើន​ប៉ុន្មាន​នោះ​ទេ។ គេ​បើក​ឲ្យ​ខែ​២ ចែក​ឲ្យ​ពួកគាត់​បានការ​ងារ​របស់​គាត់​គឺ​ធ្វើការ​នា​ពេល​យប់ និង​ពេល​ថ្ងៃ។ ឥលូវ​នេះ​ពួកគាត់​បាន​ចូល​ធ្វើការ​វិញ​ហើយ ប៉ុន្តែ​យើង​គួរតែ​យល់​អ្នកធ្វើការ​សំរាម​ឬមួយ​អ្នក​ប្រមូល​សំរាម​នេះ​គួរតែ​ប្រាក់ខែ​ច្រើន ព្រោះ​ខ្ញុំ​ធ្លាប់​ទៅ​សហភាព​អឺរ៉ុប​នៅ​ទីនោះ​គឺ​ប្រាក់ខែ​ច្រើន​ណាស់​ចំពោះ​អ្នកធ្វើ ការ​ផ្នែក​សំរាម​នេះ»

កាល​ថ្ងៃ​ទី​២៧ ធ្នូ កម្មករ​ប្រមូល​សំរាម មិន​ចេញទៅ​ប្រមូល​សំរាម​ទេ កងកម្លាំង​សន្តិសុខ ជា​ប្រជា​ការពារ របស់​សាលា​រាជធានី​ភ្នំពេញ ជា​អ្នកដើរ​កើប និង​ប្រមូល​សំរាម​តាម​ផ្លូវ​ជំនួស​កម្មករ។

លោក អាត់ ធន់ ទទូច​ឲ្យ​មានការ​គិតគូរ​ដល់​កម្មករ​ប្រមូល​សំរាម ឲ្យ​ទទួល​បាន​ការដំឡើង​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ ដូច​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ត្រូវ​ទទួល​បាន​ការធានារ៉ាប់រង​ផ្នែក​សុខភាព ដោយ​គ្មាន​ការរើសអើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។