លោក ជា សុមេធី រង​ការ​ចោទ​ថា បណ្តែតបណ្តោយ​ឱ្យ​ចាក់​ដី​លុប​ព្រែក​ជីផុច និង​លុប​បឹង​មេសាង

ដោយ ម៉ៅ សុធានី
2024.02.21
លោក ជា សុមេធី រង​ការ​ចោទ​ថា បណ្តែតបណ្តោយ​ឱ្យ​ចាក់​ដី​លុប​ព្រែក​ជីផុច និង​លុប​បឹង​មេសាង ទិដ្ឋភាព​​ព្រែកជីផុច ដែល​បុគ្គល​មាន​លុយ​មានអំណាច ចាក់​ដី​លុប ក្នុង​ឃុំ​ជីផុច ស្រុក​មេសាង ខេត្តព្រៃវែង កាលពី​​ថ្ងៃទី​១៩ សីហា ២០២៣។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

សកម្មភាព​ចាក់​ដី​លុប​បឹង​មេសាង​ខុសច្បាប់ រំលោភ​យក​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ធ្វើ​ជា​ប្រយោជន៍​ឯកជន​នៅតែ​គ្មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​នៅឡើយ​ទេ មក​ទល់​ពេល​នេះ បើ​ទោះ​បី​ជា​ពលរដ្ឋ​ជាង ៣ រយ​នាក់ បាន​ផ្តិត​មេដៃ​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់​រឿង​នេះ​ក្តី។

ពលរដ្ឋ​ចោទ​អតីត​អភិបាល​ខេត្តព្រៃវែង លោក ជា សុមេធី ថា​បណ្តែត​បណ្តោយ​ឱ្យ​បុគ្គល​មាន​លុយ​មាន​អំណាច ចាក់​ដី​លុប​បឹង​មេសាង និង​ព្រែក​ជីផុច ក្នុង​ពេល​លោក​កាន់​ដំណែង​ជា​អភិបាលខេត្ត​ព្រៃវែង។

ពលរដ្ឋ​ខេត្តព្រៃវែង ស្ដាយស្រណោះ​ព្រែក​ជីផុច ដែល​ជា​អាង​ស្តុក​ទឹក​យ៉ាង​សំខាន់​ធ្វើ​កសិកម្ម និង​ជា​កន្លែង​នេសាទ​ត្រី​ចិញ្ចឹម​របស់​អ្នកស្រុក​មេសាង ត្រូវ​បុគ្គល​មាន​លុយ​មានអំណាច ចាក់​ដី​លុប​ព្រែក​នេះ​ជា​បន្តបន្ទាប់​ដោយ​គ្មាន​វិធានការ​ច្បាប់។

មក​ទល់​ពេល​នេះ ព្រែក​ជីផុច ដែល​ធ្លាប់​មាន​ផ្ទៃ​ទឹក​ធំ​ធេង បែរ​ជា​ប្រែក្លាយ​ជា​គោក​រាក់​មួយ​ផ្នែក​ធំ ជំនួស​មក​វិញ នូវ​សំណង់​រឹង កន្លែង​លម្ហែ ទីតាំង​លក់​ដី​ឡូ​លក់​អចលនទ្រព្យ និង​របង​ថ្ម គ្រប់គ្រង​ដោយ​បុគ្គល​មាន​លុយ​មានអំណាច ឃុបឃិត​ជាមួយ​អាជ្ញាធរ​ខេត្ត​នេះ។

សកម្មភាព​ចាក់​ដី​លុប​ព្រែក​ធម្មជាតិ ធ្វើ​ឡើង​ជា​បន្តបន្ទាប់​នៅ​រយៈពេល​ជាង ១ ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​អ្នកភូមិ​ភាគច្រើន​មិន​ហ៊ាន​រិះគន់​បញ្ហា​នេះ​ជា​សាធារណៈ​នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ។

ពលរដ្ឋ​រស់នៅ​ឃុំ​ជីផុច ស្រុក​មេសាង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សកម្មភាព​ចាក់​ដី​លុប​ព្រែក​នេះ​ឱ្យ​គោក​រាក់ ដើម្បី​យក​ដី​ពុះ​ឡូ​លក់ ធ្វើ​លំនៅឋាន និង​សំណង់​អគារ​មានតម្លៃ​រាប់​ម៉ឺន​ដុល្លារ ក្នុង​មួយ​ប្លង់ៗ​ធ្វើ​ឱ្យ​ព្រែក​នេះ​កាន់តែ​រួម​តូច​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោក​ថា ពលរដ្ឋ​ក្រីក្រ មិន​ទទួល​បាន​ដី​ក្នុង​តំបន់​នោះ ជា​កម្មសិទ្ធិ​នោះ​ទេ ភាគច្រើន​ជា​របស់​ឈ្មួញ​មាន​អំណាច កាង​ដី​ព្រែក​នេះ ធ្វើ​អាជីវកម្ម​ជា​ប្រយោជន៍​បុគ្គល។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «លែងមាន​ត្រី​ហ្មង គេ​លុប​កាន់តែ​តូចៗ​ទៅ វា​បាត់បង់​ត្រី វា​មិនដឹង​ថា ទៅណា​អស់»

ព្រែក​ជីផុច មាន​ទំហំ​ផ្ទៃ​ទឹក​រាប់​រយ​ហិកតារ​ធំ​ទូលាយ ដោយ​មាន​បណ្ដាញ​ទឹក​ខ្វាត់ខ្វែង ភ្ជាប់​នឹង​បឹង​មេសាង ដែល​អ្នកស្រុក​ចាត់ទុក​ថា ជា​ប្រភព​ប្រាក់ចំណូល​មិន​រីងស្ងួត និង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រជា​កសិករ​រាប់ពាន់​គ្រួសារ ធ្វើ​កសិកម្ម​គ្រប់​រដូវ។

អ្នកភូមិ​ចោទ អតីត​អភិបាល​ខេត្ត​ព្រៃវែង លោក ជា សុមេធី ថា បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​រំលោភ​យក​ដី​ព្រែក និង​បឹង​មេសាង ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ កាល​ពី​ពេល លោក ជា សុមេធី កាន់​ដំណែង​ជា​អភិបាល​ខេត្ត​ព្រៃវែង។

ចំណែកឯ​ការ​ចាក់ដី​លុប​បឹង​មេសាង ក្នុងស្រុក​មេសាង​ឯនោះ​វិញ ធ្វើ​ឱ្យ​ពលរដ្ឋ​យ៉ាង​ហោច ៣ ភូមិ ដែល​អាស្រ័យ​ផល​បឹង​នេះ​ដោយ​ផ្ទាល់ ខឹង​សម្បារ​នឹង​អាជ្ញាធរ​អសមត្ថភាព​ការពារ​ភោគទ្រព្យ​ជាតិ ស្របតាម​ច្បាប់ និង​អនុក្រឹត្យ។

កន្លង​ទៅ អ្នកភូមិ​ជាង ៣០០ គ្រួសារ (៣៥០) បាន​ផ្តិត​មេដៃ​ស្នើ​ឱ្យ​អាជ្ញាធរ​ស្រុក និង​អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សង្គ្រោះ​បឹង​ធម្មជាតិ​នេះ ក្រោយ​ពី​កើត​មាន​សកម្មភាព​ចាក់​ដី​លុប​បឹង​នេះ​អស់ មួយ​ផ្នែក​ធំ​ធ្វើ​ឱ្យ​ផ្ទៃ​ទឹក​រួច​តួច និង​រាំងស្ទះ​ចរន្តទឹក​រដូវវស្សា ងាយ​នឹង​កើត​មាន​ទឹកជំនន់ ជន់​លិច​ស្រូវ​កសិកម្ម និង​លំនៅឋាន​ពលរដ្ឋ។

តំណាង​ពលរដ្ឋ​ចូលរួម​ផ្ដិត​មេដៃ​ការពារ​បឹង​នេះ គឺ​លោក ហ៊ិន សុផានី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ២១ កុម្ភៈ ថា មក​ទល់​ពេល​នេះ​អាជ្ញាធរ​មិនទាន់​ដោះស្រាយ​ញត្តិ​របស់​ពួក​លោក​នៅឡើយ​ទេ។ លោក​ថា បំណង​របស់​ពលរដ្ឋ​ចង់ឱ្យ​អាជ្ញាធរ​កាយ​ដី​ដែល​ចាក់​លុប​បឹង​មេសាង​ឱ្យ​ដូច​ទម្រង់​ដើម​វិញ។

លោក ហ៊ិន សុផានី៖ «បើ​យើង​ចាក់​ដី​លុប​បឹង វា​ប៉ះពាល់​សម្បត្តិ​រួម និង​សម្បត្តិ​រដ្ឋ សូម្បី​ឥលូវ​រីង​អស់​ហើយ កាល​មុន​ផ្លូវ​ទឹកធំ ទឹកធំ ឥលូវ​ផ្លូវ​ទឹកតូច ផ្ទៃ​ទឹក​តាម​ហ្នឹង​ដែរ​។ ធ្វើ​ឱ្យ​ពលរដ្ឋ​មួយចំនួន នៅ​តំបន់​ធ្វើស្រែ ឥលូវ​ទឹក​អស់ បឹង​រាក់ បើ​នៅតែ​ចាក់​លុប បំពាន បឹង​ហ្នឹង​នៅ​មិនយូរ​ទេ អស់ហើយ»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រៃវែង លោក ឈាង សុវណ្ណារ៉ា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២១ កុម្ភៈ។ រីឯ​អតីត​អភិបាល​ខេត្ត​ព្រៃវែង លោក ជា សុមេធី បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ពន្យល់​ថា ប្រសិនបើ​ការ​លុប​បឹង និង​ព្រែក ដោយ​គ្មាន​ក្តី​សម្រេច​ពី​រដ្ឋាភិបាល គឺជា​បទល្មើស​ព្រហ្មទណ្ឌ។

លោក វណ្ណ សុផាត៖ «ព្រោះ​ដែល​ហៅថា ដី​បឹង​ជា​ដី​សាធារណៈ​របស់​រដ្ឋ មិនមែន​ជា​កម្មវត្ថុ​លក់ ផ្ទេរសិទ្ធិ ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​មិនអាច​លក់ដូរ​បាន​ទេ​។ បើ​បឹង​នេះ​អស់​ផលប្រយោជន៍ ពលរដ្ឋ​លែង​ត្រូវការ អាស្រ័យ​ផល​លែង​បាន រដ្ឋ​អាច​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ»

ពលរដ្ឋ​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​នៅតែ​មិន​ដោះស្រាយ​ញត្តិ​របស់​ពួកគាត់​នោះ​ទេ អ្នកភូមិ​នឹង​ពិភាក្សា​គ្នា​បន្ថែម​ទៀត ដើម្បី​រក​មធ្យោបាយ​ទាមទារ​ឱ្យ​អាជ្ញាធរ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ សង្គ្រោះ​បឹង​ធម្មជាតិ ស្របតាម​ច្បាប់ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។