មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញបរិស្ថានសម្តែងការសោកស្តាយធនធានរ៉ែមាសមានតម្លៃនៅតំបន់ភ្នំលុងក្នុងខេត្តព្រះវិហារ ដែលបបលោក ហ៊ុនសែន គ្មានសមត្ថភាពទាញយកប្រយោជន៍ជាចំណូលថវិកាជាតិ យកមកអភិវឌ្ឍន៍ប្រទេស។ ផ្ទុយទៅវិញ បែរជាបណ្តោយឱ្យជនជាតិចិនវៀតណាម និងក្រុមហ៊ុនខុសច្បាប់ជាច្រើនទៀតធ្វើអាជីវកម្មរ៉ែមាសបែបអនាធិបតេយ្យជាច្រើនឆ្នាំមកហើយ។ អាជីវកម្មរ៉ែមាសទាំងនោះមិនត្រឹមតែធ្វើឱ្យបាត់បង់ធនធានធម្មជាតិមានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែធ្វើឲ្យពលរដ្ឋជាច្រើនគ្រួសាររស់នៅតំបន់នោះ បានក្លាយជាជនរងគ្រោះដោយសារបាត់បង់ដីធ្លី និងទីកន្លែងរែងរ៉ែមាសលក្ខណៈគ្រួសារចិញ្ចឹមជីវិត។
ក្រុមហ៊ុនចិនវៀតណាម និងក្រុមហ៊ុនរបស់អ្នកមានអំណាច រួមទាំងពលរដ្ឋចំណាកស្រុកខ្លះនៅតែធ្វើសកម្មភាពរែងរ៉ែមាសខុសច្បាប់ព័ន្ធជុំវិញភ្នំលុងនៃឃុំរមទម្យ ស្រុករវៀងខេត្តព្រះវិហារ។
អ្នកភូមិថា អាជីវកម្មរែងរ៉ែមាសទាំងនោះ ក្រុមឈ្មួញមានទំនាក់ទំនងស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន ឌែលខម ខែមបូឌា (DelcomCambodia) ជាខ្នងបង្អែក ដើម្បីរុករករ៉ែមាសជាច្រើនទីតាំងជុំវិញភ្នំលុង និងតំបន់ផ្សេងទៀតនៃឃុំរម្យទម។
នៅរយៈពេល ៨ឆ្នាំចុងក្រោយនេះ សកម្មភាពរែងយករ៉ែមាសទាំងនោះមិនត្រឹមតែគ្មានច្បាប់អនុញ្ញាតនោះទេ ថែមទាំងប្រើសារធាតុអាស៊ីត និងសារធាតុគីមីផ្សេងទៀតចាក់បង្ហូរពាសវាលពាសកាលក្នុងរណ្តៅជាច្រើនកន្លែងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវិតមនុស្សសត្វ។ ចំណែកវិធានការបង្ក្រាបរបស់អាជ្ញាធរជំនាញ និងអាជ្ញាធរខេត្តព្រះវិហារធ្វើឡើងផ្អែកតាមបទបញ្ជាម្តងម្កាលមួយរយៈខ្លីក្រោយមកក្រុមហ៊ុនដំណើរការឡើងវិញដដែល។
សហគមន៍រស់នៅតំបន់ភ្នំលុងលោក ឈិក យី ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៨ កុម្ភៈថា ក្រុមហ៊ុន ឌែលខមខែមបូឌា (Delcom Cambodia) ក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនចិនជាច្រើនទៀតដែលពួកគេមិនស្គាល់ឈ្មោះបានព័ទ្ធតំបន់ភ្នំលុង និងចំណុចព្រៃទទឹងធ្វើអាជីវកម្មរ៉ែមាសជាច្រើនឆ្នាំមកហើយ។ អាជីវកម្មរ៉ែមាសទាំងនោះបានធ្វើឱ្យប៉ះពាល់ដីស្រែចម្ការរបស់អ្នកភូមិ៦៦គ្រួសារ ដោយសារក្រុមហ៊ុនឌែលខម ខែមបូឌា (Delcom Cambodia) បានជួលទាហានកាងឱ្យខ្លួនរំលោភដីស្រែចម្ការពួកគេ ដើម្បីពង្រីកផ្ទៃដីធ្វើអាជីវកម្ម។ លោកថា រហូតមកទល់ពេលនេះមានពលរដ្ឋជាង ១០គ្រួសារប៉ុណ្ណោះទទួលបានដំណោះស្រាយសំណងតិចតូច។ លោកបង្ហាញការព្រួយបារម្ភខ្លាំងពីផលប៉ះពាល់បរិស្ថានជីវិតមនុស្សសត្វដោយសារក្រុមហ៊ុនប្រើជាតិអាស៊ីដ និងសារធាតុគីមីចាក់ចូលក្នុងរណ្តៅ ហើយនៅពេលភ្លៀងធ្លាក់ទឹកហូរចេញពីរណ្តៅនោះចូលទឹកអូរធម្មជាតិធ្វើឱ្យទឹកមានសារធាតុពុលមិនអាចប្រើប្រាស់បាន ហើយកន្លងទៅ សត្វពាហនៈរបស់អ្នកស្រុកជាច្រើនក្បាលងាប់ជាបន្តបន្ទាប់៖ «គ្មានប្រយោជន៍ទេ ផ្លូវថ្នល់ សាលារៀន វត្តអារាម គេមិនទាន់ធ្វើឲ្យផង ១៥ឆ្នាំហើយ តាំងពីឆ្នាំ ២០០៥រហូតទល់ពេលនេះ។ គ្រាន់តែផ្លូវចូលគេមិនធ្វើឲ្យផង។ ក្រុមហ៊ុនជុំវិញភ្នំនេះជាប់ ១០ ទៅ ២០ ក្រុមហ៊ុន សុំច្បាប់បានតែ១ ដល់ពេលគេបោះរបង រួចមាននរណាហ៊ានទៅ។ អត់ហ៊ានទៅរកទេ គេបោះរបងហ៊ុំព័ទ្ធអស់ហើយ។ បើក្រុមហ៊ុន ឌែលខម គេថា បើពីណាចូលទៅគេចាប់បាន មួយក្បាល ១ពាន់ដុល្លារ។ គេនិយាយក្បាលមនុស្សដូចក្បាលគោ » ។
ជនជាតិដើមភាគតិចកួយរស់នៅតំបន់រំដេងឃុំត្រពាំងទន្ទឹម លោក ពុយឆេង ប្រាប់អាស៊ីសេរីថា ពលរដ្ឋរស់នៅតំបន់ភ្នំលុងជាច្រើនគ្រួសារជួបទុក្ខវេទនាសព្វបែបយ៉ាងដោយសារដីស្រែចម្ការរបស់ពួកគេមានរ៉ែមាសក្រោមដីត្រូវបានក្រុមហ៊ុនឌែលខមខែមបូឌា ប៉ុនប៉ងរំលោភបំពានជាបន្តបន្ទាប់និងមានពលរដ្ឋខ្លះបង្ខំចិត្តលក់ដីក្នុងតម្លៃថោក។ លោកថា ពលរដ្ឋនៅមូលដ្ឋានខ្លះបង្ខំចិត្តផ្លាស់ប្តូរទីលំនៅព្រោះតែមិនអាចស៊ូទ្រាំការគំរាមកំហែងពីក្រុមទាហានដែលយាមការពារឱ្យក្រុមហ៊ុនរ៉ែមាសទាំងនោះ។ ចំណែកផ្លូវធ្វើដំណើរ សាលារៀន និងវត្តអារាម ក៏មិនអាចបំពេញតម្រូវការឱ្យពលរដ្ឋ និងកុមាររៀនសូត្របានគ្រប់គ្រាន់ដែរ៖ «បើនិយាយទៅ នៅជុំវិញតំបន់ភ្នំលុង សុទ្ធតែក្រុមអនាធិបតេយ្យជុំវិញភ្នំតែម្តង កាប់ភ្នំឡើងរលាយអស់ហើយ។ ក្រុមហ៊ុនអនាធិបតេយ្យ អត់មានច្បាប់ វាអាចយកមាសខាងលើបានរហូតដល់ទៅ ១០០ម៉ែត្រ វាត្រូវតែរលាយភ្នំ វាបំផ្លាញបរិស្ថាន និង បំផ្លាញធនធានធម្មជាតិ » ។
បុរសដដែលបន្ថែមថា តំបន់ភ្នំលុង និងតំបន់ផ្សេងទៀតដែលជាកន្លែងអ្នកភូមិរកអនុផលព្រៃឈើ និងរែងរ៉ែមាសលក្ខណៈគ្រួសារបានបាត់បង់ទាំងស្រុងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីមានវត្តមានក្រុមហ៊ុនឌែលខមខែមបូឌា និង ក្រុមហ៊ុនចិនវៀណាមជាច្រើនទៀតធ្វើសកម្មភាពរក រ៉ែមាសនៅតំបន់នោះ។
អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក យស មុនីរ៉ាត់បដិសេធមិនផ្តល់បទសម្ភាសន៍ដល់អាស៊ីសេរីកាលនៅថ្ងៃទី១៨ កុម្ភៈ ដោយលោកប្រាប់ថាកំពុងជាប់វល់ប្រជុំ៖ «ខ្ញុំសូមទោស ខ្ញុំកំពុងជាប់ប្រជុំ ឆ្លៀតចេញមកក្រៅឆ្លើយ។ ស្មានតែមានថ្នាក់ដឹកនាំគាត់ត្រូវការអីប្រញាប់ » ។
ចំណែកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារលោក យូ ចិន្ដាយុត្តិប្រាប់អាស៊ីសេរីថា ថ្មីៗនេះអាជ្ញាធរជាតិនិងស្ថាប័នជំនាញបានចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាស៦កន្លែង ក្នុងនោះ២កន្លែងគ្មានច្បាប់អនុញ្ញាតនិង៤កន្លែងទៀតធ្វើខុសលក្ខខណ្ឌដែលក្រសួងបានអនុញ្ញាត។ ប្រតិបត្តិការបង្ក្រាបនោះមន្ត្រីជំនាញរកឃើញទីតាំងកិនថ្មរ៉ែ កន្លែងផ្ទុកសារធាតុផ្ទុះនិងទីតាំងចម្រាញ់រ៉ែមាស ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួនជាសម្ភារៈធ្វើអាជីវកម្មរ៉ែ ថែមទាំងបានកម្ទេចចោលទីតាំងចម្រាញ់រ៉ែមាសមួយចំនួនទៀត។ រីឯជនសង្ស័យបានរត់គេចខ្លួនអស់។ លោកថា ការបង្ក្រាបនោះនៅមិនទាន់អស់ទាំងស្រុងនៅឡើយទេប៉ុន្តែនៅអំឡុងខែមីនាខាងមុខនេះក្រុមការងារថ្នាក់ជាតិនិងអាជ្ញាធរពាក់ព័ន្ធខេត្តព្រះវិហារនឹងចុះបង្ក្រាបឲ្យអស់ទាំងស្រុង។ ចំពោះសំណួររបស់អាស៊ីសេរីថា អាជីវកម្មរ៉ែមាសខុសច្បាប់ទាំងនោះកើតឡើងជាច្រើនឆ្នាំមកហើយម្តេចទើបតែបង្ក្រាបពេលនេះ អាជ្ញាធររូបនេះ ឆ្លើយថា កាលពីប៉ុន្មានឆ្នាំមុនការអនុវត្តច្បាប់រ៉ែមាសនៅមានភាពធូររលុងច្រើន ក៏ប៉ុន្តែអាជ្ញាធរតែងបង្ក្រាបជាញឹកញាប់និងមានពលរដ្ឋខ្លះទៀតមានទម្លាប់រែងរ៉ែមាសលក្ខណៈគ្រួសារផងដែរ៖ «តាមពិតយើងចុះបិទហ្នឹងកុំឲ្យធ្វើទៀត យើងបំផ្លាញចោលកន្លែងណាដែរ។ កន្លែងណាដែលមានការធ្វើបន្តទៀត ខែ ៣ក្រុមការងារថ្នាក់ជាតិ រួមជាមួយអាជ្ញាធរមកបង្ក្រាបម្តងទៀត ដើម្បីឲ្យស្អាតតែម្តង។ ឈុតទី ២ បានអស់ » ។
កាលពីដើមឆ្នាំ២០១៨ មន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម អះអាងថានឹងចាត់វិធានការលើក្រុមហ៊ុនរុករករ៉ែទាំងឡាយណាដែលមិនបានអនុវត្តតាមច្បាប់។ លោកព្រមានថាក្រសួងនឹងមិនអត់ឱនជាដាច់ខាតបើមានក្រុមហ៊ុនណាអនុវត្តមិនបានត្រឹមត្រូវតាមលក្ខខណ្ឌដែលកំណត់ក្នុងច្បាប់ក្នុងសេចក្ដីប្រកាសឬរំលោភអនុក្រឹត្យស្ដីពីការរុករករ៉ែដែលនាំឲ្យមានការប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ។ លោក ស៊ុយ សែម ថ្លែងយ៉ាងនេះក្រោយពីកើតមានករណីពុលទឹកព្រែកទេរនៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរីបណ្ដាលឲ្យអ្នកភូមិ ចំនួន១៨នាក់ស្លាប់និងធ្លាក់ខ្លួនឈឺរាប់រយនាក់កាលពីខែឧសភា ២០១៨។
ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) (ហៅកាត់ អាឡិច) សង្កេតឃើញថារបបលោក ហ៊ុន សែនគ្មានឆន្ទៈប្រមូលពន្ធពីវិស័យរ៉ែមាសបានត្រឹមត្រូវនោះទេបែរជាមានចេតនារកស៊ីដោយខ្លួនឯង។ លោកបញ្ជាក់ថា អាជ្ញាធរនៅតែលាក់បាំងព័ត៌មានទាក់ទិនអាជីវកម្មរ៉ែនៅតំបន់ភ្នំលុងខេត្តព្រះវិហារ ធ្វើឲ្យពួកគេសង្ស័យថាអាជីវកម្មរ៉ែមាសនៅទីនោះសុទ្ធសឹងធ្វើឡើងដោយខុសច្បាប់គ្មានការសិក្សាផលប៉ះពាល់បរិស្ថាននិង សង្គមត្រឹមត្រូវនោះទេ៖«ប្រសិនជារបបលោក ហ៊ុន សែន មានឆន្ទៈដើម្បីប្រមូលថវិកាជូនជាតិ តាមរយៈពន្ធពីសកម្មភាពរ៉ែមាស ខ្ញុំថា អាចធ្វើបានពីព្រោះប្រទេសផ្សេង សូម្បីតែប្រទេសឡាវ និងប្រទេសថៃ ដែលមានសកម្មភាពជីក ចម្រាញ់មាសហ្នឹង ក៏មានលទ្ធភាពប្រមូលលុយរាប់លានដុល្លារបង់ចូលរដ្ឋ ប៉ុន្តែសំខាន់យើងឃើញថា របប លោក ហ៊ុន សែន វាអត់មានឆន្ទៈ អត់នឹងមានចេតនាប្រមូលពន្ធពីអាជីវកម្មរ៉ែមាសទេ គឺគេមានចេតនាតែរកស៊ីខ្លួនឯង។ អាជីវកម្មរ៉ែមាសនៅខេត្តព្រះវិហារបានបង់ពន្ធមែន តែមិនដឹងថា បង់ពន្ធចំនួនប៉ុន្មាន ?» ។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា ក្រសួងរ៉ែ និងថាមពលគ្មានសមត្ថភាពគ្រប់គ្រងអាជីវកម្មរ៉ែមាសនៅតំបន់ដាច់ស្រយាលបានត្រឹមត្រូវនៅឡើយទេ។ លើសពីនេះ ក្រសួងនេះក៏គ្មានការត្រូតពិនិត្យនិងជម្រុញឲ្យក្រុមហ៊ុនទាំងនោះអនុវត្តច្បាប់ឲ្យបានពេញលេញនៅឡើយ។ រីឯអាជ្ញាធរខ្លះបែរជាឃុបឃិតគ្នាជាមួយអ្នកវិនិយោគជនជាតិចិននិងវៀតណាម ដើម្បីចំណេញខ្លួនឯងគ្មានការបង់ពន្ធថវិកាចូលរដ្ឋទេ។លោករកឃើញថា តំបន់ភ្នំលុងនិងតំបន់ផ្សេងទៀតក្នុងស្រុករវៀងខេត្តព្រះវិហារមានធនធានរ៉ែមាស មានតម្លៃមហាសាលក៏ប៉ុន្តែរបប លោក ហ៊ុន សែនគ្មានសមត្ថភាពគ្រប់គ្រងនិងប្រើប្រាស់ឲ្យបានត្រឹមត្រូវបែរជាអនុញ្ញាតឲ្យក្រុមហ៊ុនខ្មោចធ្វើអាជីវកម្មបែបអនាធិបតេយ្យប៉ះពាល់បរិស្ថាន និង ជីវិតមនុស្សសត្វជាដើម៖ «នៅខេត្តព្រះវិហារមានមាសច្រើនមែន នៅក្រោមដី។ ខ្ញុំថា គោលដៅ ឬមូលហេតុដែលថ្នាក់ដឹកនាំរបស់គណបក្ស ប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល កាន់អំណាចសព្វថ្ងៃ ពុំមែនជួយជាតិ និងអនុវត្តច្បាប់ ដើម្បីប្រយោជន៍រួមទេ គេធ្វើដើម្បីរកស៊ីហ្នឹង » ។
សេចក្តីរាយការណ៍ពីប្រជាសហគមន៍ឲ្យដឹងថា តំបន់ភ្នំលុងមានផ្ទៃដីជាង ១ពាន់ហិកតារ (១២៦២) ដែលសំបូរដោយរ៉ែមាសក្រោមនៅដី ត្រូវបានក្រុមហ៊ុនជាច្រើនពុះចែកគ្នាធ្វើអាជីវកម្មទាំងតូចទាំងធំក្នុងនោះ មានតែក្រុមហ៊ុន ឌែលខម កម្ពុជា មួយប៉ុណ្ណោះ ដែលមានច្បាប់អនុញ្ញាត។ ក៏ប៉ុន្តែក្រុមហ៊ុននេះនៅតែលាក់លៀម និងបានជួលក្រុមទាហានគំរាមកំហែងអ្នកភូមិ និងរឹតត្បិតអ្នកខាងក្រៅមិនឲ្យចេញចូលតំបន់នោះ។ ក្រៅពីនេះ មានក្រុមហ៊ុនចិន និងវៀតណាមជាច្រើនទៀតបានជ្រកក្រោមស្លាកក្រុមហ៊ុន ឌែលខមខែមបូឌា និងជួលអ្នកមានអំណាចកាងអាជីវកម្មឲ្យខ្លួនដែរ។ ទន្ទឹមនឹងនេះ តំបន់នោះមានទាហាននៅឈរចាំផ្លូវ ដើម្បីហាមឃាត់ពលរដ្ឋ ឬអ្នកសារព័ត៌មាន មិនឲ្យចូលទៅទីនោះ។
ចំណែកមន្ត្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ បញ្ជាក់ថា ការវិនិយោគវិស័យរ៉ែនៅខេត្តព្រះវិហារ នៅតែឋិតក្នុងភាពអាថ៍កំបាំង ព្រោះអាជ្ញាធរជំនាញមិនបានបង្ហាញរបាយការណ៍ចំណូលចូលរដ្ឋជាក់លាក់ប៉ុន្មានឲ្យប្រាកដនោះទេ ខណៈដែលមានក្រុមហ៊ុនជាច្រើនបានធ្វើអាជីវកម្មរ៉ែមាសយ៉ាងគគ្រឹកគគ្រេងជាច្រើនឆ្នាំមកហើយ៖ «ក្រុមហ៊ុនទាំងអស់នោះ មិនមែនពលដ្ឋសាមញ្ញជ្រកបានធ្វើកើតនោះទេ វាសុទ្ធតែតាមរយៈសែស្រឡាយអ្នកដែលមានតួនាទី និងមានបុណ្យស័ក្ដិធំដុំណាស់បានអាចទាញយករ៉ែនៅទីនោះបាន។ អាជីវកម្មរ៉ែហ្នឹង បានបង់ពន្ធចូលរដ្ឋប៉ុន្មាន និងបង្ហាញចំណូលឲ្យជាក់លាក់នៅឡើយទេ។ កន្លែងហ្នឹងហើយ វាវិនិយោគលួចលាក់ជាមួយរដ្ឋាភិបាល » ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគម អាដហុក លោក ឡោ ចាន់ សង្កេតឃើញថា ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរ៉ែមាស ភ័យខ្លាចពីសុវត្ថិភាព នៅគ្រាដែលមន្ត្រីយោធាមួយចំនួន ដែលយាមការពារឲ្យក្រុមហ៊ុនតែងគំរាមកំហែងពួកគាត់។ លោកថា អ្នកភូមិរាយការណ៍ថា មន្ត្រីយោធាទាំងនោះជាកូនចៅរបស់ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ លោកចាត់ទុកថា ការយកកម្លាំងយោធាមកបម្រើប្រយោជន៍ក្រុមហ៊ុនឯកជន គឺជារឿងមិនត្រឹមត្រូវនោះទេ និងទទូចឲ្យក្រសួងការពារជាតិត្រូវពិនិត្យរឿងនេះឡើយវិញ៖ «ទាល់តែអាជ្ញាធរគាត់មានវិធានការឲ្យបានម៉ឺងម៉ាត់ ជាពិសេសថ្នាក់ជាតិក៏ចុះទៅដែរ គាត់ចុះតែមួយប្រាវៗ ក្រោយមកក្រុមហ៊ុនទាំងអស់នោះចូលធ្វើអាជីវកម្មវិញ ។ ខ្ញុំស្នើទៅ ឯកឧត្តម ហ៊ីង ប៊ុនហៀង ផងដែរ ឲ្យមានវិធានការចាត់វិធានការយោធាមួយចំនួន ប្រព្រឹត្តខុសច្បាប់ ព្រោះនៅតំបន់អស់ហ្នឹង ឮព័ត៌មានក្រៅផ្លូវការមកសុទ្ធតែកូនចៅឯកឧត្ដមទាំងអស់ » ។
មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញបរិស្ថានមានមតិថា ដរាបណា គណបក្ស ប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន នៅតែបន្តក្តាប់អំណាច គឺគ្មានសមត្ថភាពទាញប្រយោជន៍ធនធានរ៉ែមាសនិងរ៉ែផ្សេងទៀត មកបម្រើប្រយោជន៍ជាតិនិង ពលរដ្ឋនោះទេ។ ផ្ទុយទៅវិញអ្នកដែលទទួលប្រយោជន៍ គឺក្រុមហ៊ុនឯកជន ក្រុមហ៊ុនបរទេស និងអ្នកដែលមានតួនាទីខ្ពស់ក្នុងរបបលោក ហ៊ុន សែន។
ក្រៅពីនេះនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន ឌែលខមខែមបូឌា អ្នកវិនិយោគជនជាតិចិននិងវៀតណាមរួមទាំងមន្ត្រីយោធាខ្លះបានកាងអាជីវកម្មឲ្យក្រុមហ៊ុនទាំងនោះបង្ខំបណ្តេញពលរដ្ឋជាច្រើនគ្រួសារ ដើម្បីពង្រីកផ្ទៃដីធ្វើអាជីវកម្មរ៉ែមាសដោយសារដីស្រែចម្ការរបស់ពលរដ្ឋនៅទីនោះមានរ៉ែមាសក្រោមដី រហូតអ្នកភូមិ ៦៦គ្រួសារ បានដាក់ពាក្យប្តឹងក្រុមហ៊ុនទាមទារដីរបស់ខ្លួនមកវិញ។
អ្នកការពារបរិស្ថាន និងសង្គមស៊ីវិលថា បើទោះបីជាមានក្រុមហ៊ុនខុសច្បាប់ធ្វើអាជីវកម្មរ៉ែមាសបែបអនាធិបតេយ្យជាង ១០ឆ្នាំមកហើយក្តី ក៏មិនដែលឃើញតុលាការធ្វើការចោទប្រកាន់ថៅកែតំណាងក្រុមហ៊ុន និងឈ្មួញណាម្នាក់ដាក់ទណ្ឌកម្មច្បាប់នោះទេ ព្រោះក្រុមឈ្មួញទាំងនោះបានឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ច។ ក៏ប៉ុន្តែប្រសិនបើពលរដ្ឋតូចតាចមានៈមិនព្រមចាកចេញពីដីរបស់ខ្លួននឹងប្រឈមការគំរាមកំហែង ដែលអាជ្ញាតែងប្រើពាក្យថា នឹងត្រូវប្រឈមចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
