សមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ជនជាតិដើមភាគតិច ចាប់ផ្ដើមប្រារព្ធទិវាព្រៃឈើពិភពលោក ឆ្នាំ២០២២ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី៣០ ខែមីនា ដោយផ្ដោតទៅលើទស្សនៈ «យើងមានសិទ្ធិចូលរួមការពារព្រៃឈើ ដើម្បីជីវិតនៅលើភពផែនដី»។ ក្រុមអ្នករៀបចំកម្មវិធីនេះរំពឹងថា ពលរដ្ឋ និងអាជ្ញាធរនឹងយល់ដឹងបន្ថែមទៀតពីសិទ្ធិពលរដ្ឋ និងករណីកិច្ចចូលរួមការពារព្រៃឈើ ព្រមទាំងការទប់ស្កាត់មិនឱ្យមានអាជីវកម្មឈើ ដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ។
ក្រុមសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ជនជាតិដើមភាគតិចនឹងឆ្លៀតយកឱកាសប្រារព្ធទិវាព្រៃឈើពិភពលោកនេះ សុំជួបជជែកជាមួយក្រសួងបរិស្ថាន ដើម្បីជម្រះរាល់ការមិនយល់ស្របគ្នានាពេលកន្លងទៅទាក់ទងនឹងការរារាំងសហគមន៏មូលដ្ឋានមិនឱ្យចូលរួមការពារព្រៃ ដោយការចុះល្បាតព្រៃពិសេសព្រៃអភិរក្ស ដែលកំពុងប្រឈមនឹងការបាត់បង់ព្រៃចុងក្រោយ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជាលោក ហេង គឹមហុង ប្រាប់វិទ្យុអាស៊ីសេរីថា កម្មវិធីរយៈពេល១៥ថ្ងៃនេះមានគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ អបអរទិវាព្រៃឈើពិភពលោក ថ្ងៃទី២១ ខែមីនា លើកកម្ពស់សិទ្ធិសេរីភាពក្នុងចូលរួមការពារព្រៃឈើប្រកបដោយនិរន្តរភាព និងកៀរគរប្រជាពលរដ្ឋ យុវជន ឱ្យចូលរួមការពារព្រៃឈើ ធនធានធម្មជាតិ ឱ្យរួចផុតពីការកាប់បំផ្លាញ និងការធ្វើអាជីវកម្មខុសច្បាប់៖ « យើងពង្រឹង និងពង្រីកចំណេះដឹងប្រជាពលរដ្ឋសាធារណៈជន ដើម្បីទាមទារឱ្យមានការបញ្ឈប់ និងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការលួចជួញដូរដោយខុសច្បាប់ព្រៃឈើរបស់កម្ពុជា។ ទី៣យើងក៏ឆ្លៀតឱកាសស្នើសុំក្រសួងបរិស្ថានផ្ដល់លំហរ សិទ្ធិសេរីភាពទៅតាមនញ្ញត្តិច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ច្បាប់ស្ដីពីព្រៃឈើ និងរដ្ឋធម្មនុញ្ញមាត្រា៣៥ ដើម្បីបើកទូលាយឱ្យមានពលរដ្ឋបានចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា បានទេនៅយប់ថ្ងៃទី១៥ ខែមីនា។
ទោះជាយ៉ាងណា លោក នេត្រ ភក្ត្រា ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ក្រសួងស្វាគមន៍រាល់ការចូលរួមការពារព្រៃឈើ និងតំបន់ការពារធម្មជាតិពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ ប៉ុន្តែការចូលរួមធ្វើសកម្មភាពណាមួយនៅតំបន់ការពារធម្មជាតិ ត្រូវតែសុំការអនុញ្ញាតពីក្រសួងបរិស្ថានជាមុន។ យ៉ាងនេះ សង្គមស៊ីវិល និងសហគមន៍ចាត់ទុកករណីនេះថា ជាការបង្កការលំបាកដល់សហគមន៍មូលដ្ឋានទៅវិញទេ ដ្បិតពេលពួកគេស្នើសុំក៏មិនត្រូវក្រសួងអនុញ្ញាតដែរ។
គិតមកដល់ពេលនេះមានរយៈពេលជាង២ឆ្នាំហើយ ដែលអាជ្ញារារាំងសហគមន៍ ពិសេសសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់មិនឱ្យចូលល្បាតព្រៃ។
ងាកមកការប្រារព្ធទិវាព្រៃឈើពិភពលោកវិញ លោក ហេង គឹមហុង បន្ថែមថា កម្មវិធីនេះនឹងធ្វើតាមរយៈ បណ្ដាញសង្គម និងការជួបជុំគ្នាដោយផ្ទាល់នៅតាមសហគមន៍ ពិសេសតំបន់ជនជាតិដើមភាគតិច ដោយមានមនុស្សជាង៤០០នាក់ចូលរួម៖ «យើងនឹងមិនជួបជុំគ្នានៅទីក្រុងភ្នំពេញ និងនៅទីប្រជុំជនទេ ដោយសារតែជាទិវាព្រៃឈើយើងចង់ឱ្យអ្នកអាស្រ័យផលផ្ទាល់អំពីធនធានធម្មជាតិហ្នឹងគាត់ជាអ្នកចូលរួមនៅមូលដ្ឋានរបស់គាត់ ហើយក្រោមមូលបទរួមគ្នា ហើយយុទ្ធនាការនេះក៏មានការកៀរគរការចូលរួមនៅលើបណ្ដាញសង្គមផងដែរ។ មកដល់ពេលនេះមានមនុស្សប្រមាណ១០០នាក់បានចូលរួមជាមួយយើងនៅថ្ងៃទី១។ បាទគឺបង្ហាញអំពីសារចំពោះការប្ដេជ្ញាចិត្តចូលរួមការពារព្រៃឈើ និងសារអំពីការយកចិត្តទុកដាក់ការពារព្រៃឈើ ដោយប្រើហាសថេក (Hashtags) រួមគ្នា WFDkh2022»។
ការប្រារព្ធទិវាព្រៃឈើពិភពលោកនេះក៏ជាការឆ្លុះបញ្ចាំងឡើងវិញពីរបាយការណ៍នានា របស់អង្គការអន្តរជាតិ និងសហគមន៍មូលដ្ឋាន ដែលរកឃើញថាព្រៃឈើនៅកម្ពុជាបានរងនូវការកាប់បំផ្លាញជាបន្តបន្ទាប់ ដោយសារអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ និងការហាមឃាត់មិនឱ្យប្រជាសហគមន៍ចូលរួមការពារព្រៃ។
របាយការណ៍ថ្មីចុងក្រោយរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) រកឃើញថា ការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារធម្មជាតិ បង្កើតឱ្យមាន ជាការរំលោភសិទ្ធិមនុស្ស និងលុបបំបាត់ទំនៀមទម្លាប់ជនជាតិដើមភាគតិចនៅកម្ពុជា។ អង្គការដដែលបញ្ជាក់ថានៅកម្ពុជាមានការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេនៅលើពិភពលោក ក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយបានបាត់បង់ព្រៃឈើប្រមាណ ៦៤% នៃគម្របព្រៃឈើ ចាប់តាំងពីឆ្នាំ២០១១ រហូតបច្ចុប្បន្ន ក្នុងនោះគម្របព្រៃឈើទំហំ ៦.២៧១ហិកតារ ឋិតក្នុងដែនជម្រកសត្វ ព្រៃឡង់ និងព្រៃព្រះរកា ត្រូវបានកាប់បំផ្លាញ នៅក្នុងឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។