សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​បាត់ដំបង ចង់​ឃើញ​អភិបាលខេត្ត​ថ្មី​ដោះ​ស្រាយ​វិបត្តិ​បរិស្ថាន​រឿង​អាជីវកម្ម​កាយ​ភ្នំ

ដោយ ខែ សុណង
2021-10-12
Share
សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​បាត់ដំបង ចង់​ឃើញ​អភិបាលខេត្ត​ថ្មី​ដោះ​ស្រាយ​វិបត្តិ​បរិស្ថាន​រឿង​អាជីវកម្ម​កាយ​ភ្នំ (ឆ្វេង) លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​ទិដ្ឋភាព​ការដ្ឋាន​កាយ​ថ្ម​នៅ​ភ្នំតាគ្រាម ខេត្ត​បាត់ដំបង កាល​ពី​ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ និង​ពលរដ្ឋផ្ដល់ឱ្យ

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​បាត់ដំបង​ផ្តល់​ក្តី​សង្ឃឹម​តិចតួច លើ​អភិបាលខេត្ត​ដែល​ទើប​តែង​តាំង​ថ្មី គឺ​លោក សុខ លូ គ្រប់គ្រង​ធនធាន​រ៉ែ​ឱ្យ​មាន​តម្លាភាព និង​សុចរិត​ភាព កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។ ពួកគេ​សង្កេត​ឃើញ​ថា អភិបាល​ខេត្ត​មុនៗ ខ្វះ​ចន្លោះ​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយ​បណ្ដែត​បណ្ដោយ​ឱ្យ​ភ្នំ​ធម្មជាតិ​យ៉ាង​ហោច​ចំនួន ៥ភ្នំ ទទួល​រង​ការ​ជីក​គាស់​កាយ​កម្ទេច​ធ្វើ​អាជីវកម្ម ធ្វើ​ឱ្យ​បាត់បង់​រូបរាង​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​មាន​លុយ​មាន​អំណាច។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​រស់​នៅ​បាត់ដំបង​សំណូមពរ​ឱ្យ​អភិបាល​ខេត្ត​បាត់ដំបង​ថ្មី លោក សុខ លូ យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដោះស្រាយ​វិបត្តិ​បរិស្ថាន និង​សង្គម ដែល​បង្ក​ឡើង​ដោយ អាជីវកម្ម​កាយ​កម្ទេច​ភ្នំ​ចំនួន៥ ឋិត​ក្នុង​ស្រុក​បាណន់។

ពលរដ្ឋ​រស់​នៅ​ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ លោក សឹម សុភក្ត្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ តុលា​ថា គ្រាន់​តែ​តំបន់​ពួក​លោក​រស់​នៅ​មាន​ភ្នំ​យ៉ាង​ហោច​ណាស់​ចំនួន ៥ភ្នំ ត្រូវ​គេ​កាយ​កម្ទេច​ធ្វើ​អាជីវកម្ម អស់​បន្ត​បន្ទាប់​នៅ​រយៈ​ពេល​ ១០​ ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​បញ្ជាក់​ថា ភ្នំ​ទាំង​នោះ រួម​មាន ភ្នំ​ទទឹង ភ្នំតាគ្រាម ភ្នំពពូល ភ្នំគូទឈ្នៀង និង​ភ្នំ​ថ្ម​ក្រហម​ជា​ដើម នឹង​លែង​មាន​វត្តមាន​ក្នុង​ខេត្ត​ភាគ​ពាយ័ព្យ​នេះ​ទៀត​ហើយ។ លោក​បញ្ជាក់​ទៀត​ថា ភ្នំ​តាគ្រាម និង ភ្នំ​គូទ​ឈ្នៀង ត្រូវ​បាន​អ្នក​មាន​អំណាច​មួយ​ចំនួន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ ជីក​គាស់​កាយ និង​ដំឡើង​គ្រឿងចក្រ កាយ​រំលាយ​ភ្នំ​យក​រ៉ែ​មាន​តម្លៃ បែប​អនាធិបតេយ្យ។ លោក​សង្កេត​ឃើញ​ថា ភាគ​ច្រើន​អាជីវកម្ម​កាយ​ភ្នំ​ទាំង​នេះ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​នោះ​ទេ៖ «អភិបាល​ខេត្ត​ថ្មី​មិន​ទាន់​ដឹង​ថា យ៉ាង​ណា​ទេ តែ​ខ្ញុំ​ថា តាម​មើល​ដូច​សង្ឃឹម​តិច​ដែរ វា​ប៉ះពាល់​ដែរ ដូច​ពលរដ្ឋ​នៅ​ភ្នំ​ពពូល​អី​រក​ ទំពាំង​រក អ្នក​ក្រីក្រ ​បាន​របរ​ហ្នឹង​លក់ កន្លែង​ផ្សិត​អស់​ហើយ។ ពលរដ្ឋ​រាល់​ថ្ងៃ ​គាត់​មិន​ហ៊ាន​ងើប​ទេ ​បើ​ងើប ក៏​គេ​មិន​ដោះស្រាយ​ឱ្យ»

អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន ក្រុមហ៊ុន ហេង ឆាត ខនស្រ្តាក់សិន (Heng Chat Construction Co., Ltd) ក្រុមហ៊ុន ណឹម ម៉េង គ្រុប (NIM MENG GROUP Co., Ltd.) ក្រុមហ៊ុន តាំង ថៃឡុង (Tang Thailong Co., Ltd.) ក្រុមហ៊ុន ធី ឡុង (Thy Long) និង​បុគ្គល​មាន​លុយ​មាន​អំណាច​មួយ​ចំនួន​ទៀត ដែល​អ្នក​ស្រុក​តែង​ហៅ​ថា ថៅកែ លី និង​យាយ កន្តៀន។ ក្រុមហ៊ុន និង​ឈ្មួញ​ទាំង​នេះ បាន​ដំឡើង​គ្រឿង​ចក្រ​កាយ​ភ្នំ​ទាញ​យក​រ៉ែ​ធម្មជាតិ បែប​អនាធិបតេយ្យ ដោយ​គ្មាន​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​សម្ដែង​មតិ ក្នុង​គម្រោង​វិនិយោគ​ខ្នាត​ធំ​នេះ​ទេ។

វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ទាំង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ តុលា។ រីឯ​ថៅកែ លី និង​យាយ​កន្តៀន​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​តា​គ្រាម​ស្រុក​បាណន់ គឺ​លោក សួន ចិន្តា ស្ដាយ​ស្រណោះ​ភ្នំ​ធម្មជាតិ​ទាំង​នេះ ដែល​ត្រូវ​ក្រុមហ៊ុន​វៀតណាម​ក្រុមហ៊ុន​ឯកជន និង ក្រុម​អ្នក​មាន​អំណាច​ដែល​ពួកគាត់​មិន​ស្គាល់​អត្តសញ្ញាណ​កាយ​កម្ទេច​ធ្វើអាជីវកម្ម​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ។ លោក​ថា ពលរដ្ឋ​រស់​នៅ​ក្បែរ​ជើង​ភ្នំ​រំខាន​ដោយ​សំឡេង​បំផ្ទុះ​ថ្ម​កម្ទេច​កំបោរ​ហូរ​ចូល​ស្រែ​ខូច​ដំណាំ​ស្រូវ និង រថយន្ត​ដឹក​ថ្ម​ហុយ​ធូលី​ដី​បែង​ផ្សែង​នៅ​រដូវ​ប្រាំង។

លោក​បន្ថែម​ថា អាជីវកម្ម​កាយ​ភ្នំ​ទាំង​នេះ មិន​ត្រឹមតែ​មិន​ផ្តល់​ផល​ចម្រើន​ដល់​ពលរដ្ឋ​មូលដ្ឋាន​ទេ ផ្ទុយ​ទៅ​វិញ ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទី​កន្លែង​អាស្រ័យផល​យ៉ាង​សំខាន់​របស់​អ្នក​ស្រុក ដូច​ជា រក​អនុផល​ព្រៃឈើ​តាម​ជើង​ភ្នំ​ទាំង​នេះ។ លោក​ជឿ​ថា អភិបាលខេត្ត​ថ្មី អាច​នឹង​ពិបាក​ដោះ​ស្រាយ​រឿង​នេះ ព្រោះ​បុគ្គល​មាន​អំណាច និង​ក្រុមហ៊ុន​កាយ​ភ្នំ​មាន​ខ្នង​បង្អែក​មន្ត្រី​កំពូលៗ ថ្នាក់​ជាតិ។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី១១ តុលា​បាន​ធ្វើ​ជា​អធិបតី​ប្រកាស​មុខ​តំណែង លោក សុខ លូ ជា​អភិបាល​ខេត្ត​បាត់ដំបង​ថ្មី ជំនួស​លោក ងួន រតនៈ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​ឱ្យ​អភិបាល​បាត់ដំបង ដែល​ទើប​តែងតាំង​ថ្មី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ដោយ​ត្រូវ​ទទួល​យក​សំណូមពរ និង​ក្ដី​កង្វល់​ទាំង​ឡាយ របស់​ពលរដ្ឋ​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្នុង​ពេលប្រកាស​មុខ​តំណែង លោក សុខ លូ ជា​អភិបាល​ខេត្ត​បាត់ដំបង​ថ្មី លោក​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រឹងប្រែង អភិវឌ្ឍ​មូលដ្ឋាន​ប្រកប​ដោយ​សមធម៌ និង​ចិរភាព ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោក​ថា នឹង​ខិតខំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលា ដើម្បី​ការពារ​ប្រយោជន៍​ស្របច្បាប់​របស់​ពលរដ្ឋ៖ «ចូលរួម​ចំណែក​លើក​កម្ពស់​សេវា​សង្គម ​កសាង ​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ​ស្រប​តាម​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ប្រកប​ដោយ​សមធម៌ និង​សមភាព ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ ​របស់​ពលរដ្ឋ»

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី ឆ្ងល់​ថា តើ​អាជីវកម្ម​កាយ​ភ្នំ​ទាំង​នេះ មាន​តម្លាភាព និង​គណនេយ្យ​ភាព​ដែរ ឬ​ទេ? ព្រោះ​អាជ្ញាធរ​មិន​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​នោះ​ទេ។ លោក​ថា លោក​មិន​ប្រឆាំង​ចំពោះ​ការ​អភិវឌ្ឍ​នេះ​ទេ ប៉ុន្តែ​ចំណុច​សំខាន់ អាជ្ញាធរ​ត្រូវ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ដែល​មាន​ស្រាប់ ស្រប​តាម​គោល​ការណ៍​អភិវឌ្ឍន៍ និង​ច្បាប់​ជា​មូលដ្ឋាន ធ្វើ​យ៉ាងណា​ឱ្យ​មាន​តម្លាភាព និង​គណនេយ្យ​ភាព បម្រើ​ប្រយោជន៍​ពលរដ្ឋ​ព្រម​ទាំង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម៖ «ឱ្យ​តែ​ការ​អភិវឌ្ឍ​នោះ​ចំ​ទិសដៅ ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា ដែល​ខ្ញុំ​លើក​នេះ គឺ​ពិសេស ការ​គ្រប់គ្រង អភិវឌ្ឍន៍ និង​គ្រប់គ្រង​ទៅ​លើ​អ្វី ដែល​យើង​មាន​ស្រាប់ ដែល​យើង​បាន​ពី​ការ​អភិវឌ្ឍ​យក​មក​ប្រើប្រាស់ ​ឱ្យ​បាន​ត្រឹមត្រូវ ​តាម​គោលការណ៍​អភិវឌ្ឍន៍ ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា។ ខ្ញុំ​គិត​ថា អា​ហ្នឹង​ជា​ការ​ល្អ​ហើយ»

ទោះ​ជា​​ពលរដ្ឋ និង​មន្ត្រី​អង្គការសង្គម​ស៊ីវិល​មាន​ក្ដី​រំពឹង​ទុក​បែប​នេះ​ លោក សុខ លូ ក៏​ជាប់​ឈ្មោះ​ជា​មន្ត្រី​ដែល​មាន​រឿង​អាស្រូវ​ច្រើន​ដែរ។ ក្នុង​តំណែង​ជា​អភិបាល​កំពង់ធំ​ជាង ៥ឆ្នាំ លោក​រង​ការ​ចោទ​ប្រកាន់​ថា បណ្ដែត​បណ្ដោយ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម ប្រព្រឹត្ត​អំពើ​ពុករលួយ​រឿង​អភិវឌ្ឍន៍​មូលដ្ឋាន ជាពិសេស រឿង​បទ​ល្មើស​ព្រៃ​ឈើ​ដោយ​បណ្ដោយ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ ចំពោះ​ពលរដ្ឋ​ណា ដែល​ក្លាហាន​ការពារ​ធនធាន​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល