សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​កាប់​ឈើ និង​ការ​ទន្ទ្រាន​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ

តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដែល​ជា​បណ្ដុំ​ព្រៃ​ស្រស់បំព្រង ទឹកជ្រោះ ជម្រក​សត្វព្រៃ និង​ជ្រលង​ភ្នំ​ខ្ពង់រាប ដែល​ភ្ញៀវ​ទេសចរ​តែងតែ​ទៅ​បោះតង់​កម្សាន្ត នៅតែ​ប្រឈម​ការបាត់បង់​ធនធាន​ធម្មជាតិ កេរ​មរកត​ដូនតា​ជា​បន្តបន្ទាប់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ជាថ្មី​ទៀត​ឱ្យ​រដ្ឋាភិបាល​ចាប់អារម្មណ៍​ពី​វិនាសកម្ម​ព្រៃឈើ​ក្នុង​តំបន់​នោះ ដោយ​បញ្ឈប់​សកម្មភាព​កាប់​ឈើ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បណ្តែតបណ្តោយ​ឱ្យ​អ្នក​មាន​ឥទ្ធិពល និង​ជនល្មើស បន្ត​កាប់​ទន្ទ្រានព្រៃ​ស្រល់​រាន​យក​ដី និង កាប់​ឈើ​មានតម្លៃ ក្នុង​តំបន់​ឧទ្យានជាតិ​គិរីរម្យ នៅ​ថ្ងៃ​អនាគត តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ មួយ​នេះ​នឹង​វិនាស​ហិនហោច​អស់។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​(ACNCIPO) លោក ជា ហ៊ាន ដែល​ចុះ​អង្កេត​រឿង​នេះ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២២ ឧសភា​ថា នៅ​ពេល​ដែល​កើត​មាន​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​អភិរក្ស​នេះ កម្រ​ឃើញ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​ភ្លាមៗ លុះត្រាតែ​បែកធ្លាយ​ព័ត៌មាន​ដល់​ថ្នាក់លើ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ទើប​មន្ត្រី​បរិស្ថាន​ចុះ​អនុវត្ត​ច្បាប់​ម្តងម្កាល។

ប្រការ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​តំបន់​ឧទ្យាន​ជាតិ​នេះ កាន់តែ​រួម​តួច ដោយមាន​តំបន់​ខ្លះ​ដាច់​ជា​កង់ៗ ហ៊ុមព័ទ្ធ​របង​ធ្វើ​ចម្ការ​ទំហំ​រាប់​រយ​ហិកតារ គ្រប់គ្រង​ដោយ​កម្មសិទ្ធិ​ឯកជន ពី​សំណាក់​បុគ្គល​មាន​ឥទ្ធិពល។

លោក ជា ហ៊ាន៖ «អត់​មាន​រីក​ផង មានតែ​តូច​ទៅៗ​តូច​ទៅ កាត់​ម្តង​តិចៗ អនាគត​គឺថា អស់ហើយ បើ​ទោះបីជា​មានការ​អភិរក្ស​ក៏ដោយ តែ​ការ​អភិរក្ស​តិច​ជាង​អ្នក​បំផ្លាញ​។ អនាគត​បើ​មិន​អនុវត្ត​ច្បាប់ វា​នឹង​រលាយ​តែម្តង​ឧទ្យាន​ជាតិ»។

មន្ត្រី​សង្គម​ស៊ីវិល​ថ្លែង​បែបនេះ ក្រោយពី​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ដឹកនាំ​ដោយ មេបញ្ជាការ​កងរាជអាវុធហត្ថ លោក សៅ សុខា ចុះទៅ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​នោះ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​បង្ហាញ​របាយការណ៍​ពី​លទ្ធផល​ចុះ​បង្ក្រាប​នៅ​ឡើយ​ទេ។

លោក ជា ហ៊ាន សោកស្តាយ ដើម​ស្រល់​ធំៗ មាន​អាយុកាល​ជាង ១០០​ឆ្នាំ​បាន​បាត់បង់​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការ​អភិរក្ស​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ បើ​ទោះបីជា​ក្រសួងបរិស្ថាន បាន​បញ្ជូន​ឆ្មាំ​អភិរក្ស ៥០​នាក់​ឈរ​ជើង យាម​ព្រៃ​ក្នុង​តំបន់​នោះ​ក្តី។

លោក ជា ហ៊ាន៖ «រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​គួរតែ​ចាត់​មន្ត្រី​របស់​ខ្លួន ឱ្យ​មាន​វិធានការ​ច្បាប់​ច្បាស់លាស់ បើ​មិន​កើត​ទេ គួរតែ​ផ្ដន្ទាទោស មន្ត្រី​ការពារ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​នាយក​ឧទ្យាន​ជាតិ​គិរីរម្យ​លោក ខន សុខុន បាន​នៅ​ឡើយ​ទេ ដោយ​លោក​ថា ទូរស័ព្ទ​ស្តាប់​មិន​ឮ​គ្មាន​សេវា។

ចំណែក​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ក៏​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ទី​២២ ឧសភា ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​បណ្ដាញ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាពជា​ដៃគូ​ដើម្បី​បរិស្ថាន​និង​ការ អភិវឌ្ឍ លោក សាន់ ម៉ាឡា យល់​ថា រដ្ឋាភិបាល​គួរតែ​បញ្ឈប់ ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល តំបន់​ឧទ្យានជាតិ​គិរីវង់ ឱ្យ​វិស័យ​ឯកជន ហើយ​ងាក​មក​អភិរក្ស​ឱ្យ​បាន​ហ្មត់ចត់ ចៀសវាង​បណ្តែតបណ្តោយ ឱ្យ​កើត​មាន​ការប្រព្រឹត្ត​អំពើពុករលួយ​រវាង​ឈ្មួញ​ខិលខូច និង​មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន។

លោក សាន់ ម៉ាឡា៖ «គ្រប់​សកម្មភាព​ទាំងអស់​បង្កើត​តែ​ប្រាក់​ចំណេញ​ដល់​នាយទុន ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​បង្ក​មហន្តរាយ​ដល់​ពលរដ្ឋ​ទាំងអស់គ្នា រដ្ឋាភិបាល​គួរតែ​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ និង​ផ្តល់​អាទិភាព​ដល់​ការងារ​អភិរក្ស និង​ថែរក្សា ចៀសវាង​ការ​លក់​ធនធាន​ទាំងអស់​នោះ ដើម្បី​ផលប្រយោជន៍​មនុស្ស​មួយ​ក្រុម​តូច»។

កាលពី​ឆ្នាំ​១៩៩៣ ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​បរមរតនកោដ្ឋ បាន​កំណត់​តំបន់​គិរី​រម្យ​ដែល​មាន​ផ្ទៃដី​ជាង ៣​ម៉ឺន ៥ ពាន់​ហិកតារ​(៣៥០០០) ជា​តំបន់​ឧទ្យាន​ជាតិ ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ និង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដោយ​មិន​ឲ្យ​ខូចខាត​ដល់​បរិស្ថាន​ឡើយ។

ភ្នំ​គិរីរម្យ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នេះ ត្រូវ​បាន​សម្ពោធ​ដាក់​ទៅជា​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត កុសុមៈ កាលពី​ខែ​មិថុនា ឆ្នាំ​១៩៩៥ ដើម្បី​រក្សា​ទុកជា​តំបន់​អភិរក្ស។

កាលពី​ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ឆ្វៀល ទីតាំង​ឧទ្យាន​ជាតិ​មួយ​ផ្នែក​ធំ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាងហោចណាស់​ចំនួន​៣ ដើម្បី​វិនិយោគ​រយៈពេល​យូរ​ឆ្នាំ ដែល​ពុះ​ច្រៀក​ជា​កង់ៗ។

ក្នុង​នោះ​មាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ និង ក្រុមហ៊ុន​អេស៊ា ធូ អេស៊ា (Asia To Asia) របស់​ជប៉ុន​។ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បំភ្លឺ​ថា រដ្ឋ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ទាំងនេះ​ដើម្បី​ទាញ​ប្រយោជន៍​ពី​ទេសភាព បម្រើ​វិស័យ​ទេសចរ ពុំ​មែន​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ។

លើស​ពី​នេះ កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​ទំហំ​ជាង​២​រយ​ហិកតារ (២២១.៩៤) ចេញ​ពី​ឧទ្យានជាតិ​គិរីរម្យ ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដើម្បី​ប្រគល់​ដី​នោះ​ឱ្យទៅ​ក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.)​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​នេះ គឺ​អ្នកស្រី ជឹង សុគន្ធាវី ត្រូវជា​កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។