សង្គមស៊ីវិលជំរុញរដ្ឋាភិបាលឲ្យទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃឡង់
2016.03.21

សង្គមស៊ីវិល និងបណ្ដាញសហគមន៍ព្រៃឡង់ ជំរុញឲ្យរដ្ឋាភិបាលទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃឡង់ដែលកំពុងតែកើតមានឥតឈប់ឈរ។ ការទទូចនេះ ធ្វើឡើងចំថ្ងៃដែលពិភពលោក ប្រារព្ធទិវាព្រៃឈើអន្តរជាតិ នៅថ្ងៃទី២១ ខែមីនា។
សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ចុះថ្ងៃទី២១ មីនា លើកឡើងថា នៅកម្ពុជា ព្រៃឡង់ និងតំបន់ព្រៃឈើផ្សេងទៀត ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងក្នុងការកាត់បន្ថយភាពក្រីក្រ ការពារបរិស្ថាន និងសន្តិសុខស្បៀង។
ដោយឡែកព្រៃឡង់មានសារសំខាន់បំផុតសម្រាប់មនុស្សប្រមាណ ២សែននាក់ ដែលកំពុងរស់នៅ និងទទួលផលនៅជុំវិញព្រៃឡង់ ជាពិសេសវាមានសារសំខាន់សម្រាប់ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងផ្អែកលើផល និងអនុផលព្រៃឈើ។
សង្គមស៊ីវិលលើកឡើងថា បើទោះបីជារដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីបង្កើនឲ្យមានគម្របព្រៃឈើនៅកម្ពុជា ដែលអាចកើនឡើងដល់ ៦០% ទូទាំងប្រទេសនៅឆ្នាំ២០៣០ និងបានបង្កើតគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើកាលពីពេលថ្មីៗនេះក្តី ក៏សកម្មភាពកាប់បំផ្លាញព្រៃឡង់ក្នុង ៤ខេត្ត គឺក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ នៅមានសភាពធ្ងន់ធ្ងរនៅឡើយ។
ពួកគេទទូចឲ្យរដ្ឋាភិបាល ចាត់វិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបន្ថែមទៀត ដោយដកហូតម៉ាស៊ីនរណារយន្តខុសច្បាប់ចេញពីភូមិ ឃុំ ស្រុក និងទីតាំងធ្វើអាជីវកម្មឈើនៅជុំវិញព្រៃឡង់ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រី អាជ្ញាធរដែនដី និងមេឈ្មួញរកស៊ីខុសច្បាប់ ជាដើម៕