សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​រតនគិរី​ រក​អ្នក​នៅ​ពីក្រោយ​ជនជាតិ​វៀតណាម​ ១២នាក់​ កាង​ជនជាតិ​វៀតណាម​ចូល​ដីខ្មែរ​ខុស​ច្បាប់​ឈូស​ឆាយ​ព្រៃ​អភិរក្ស​

ដោយ សេក បណ្ឌិត
2019-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឿងចក្រ​ឈូស​ដី ៦គ្រឿង និង​ជនជាតិ​វៀតណាម ១០នាក់ ដែល​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី​ចាប់​ពេល​ឈូស​ឆាយ​ធ្វើ​ផ្លូវ​កាត់​ព្រៃ ចូល​មក​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈជ័យ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ២០១៩។
គ្រឿងចក្រ​ឈូស​ដី ៦គ្រឿង និង​ជនជាតិ​វៀតណាម ១០នាក់ ដែល​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី​ចាប់​ពេល​ឈូស​ឆាយ​ធ្វើ​ផ្លូវ​កាត់​ព្រៃ ចូល​មក​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈជ័យ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ សារព័ត៌មាន​នគរមាស

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ និង​តុលាការ​ខេត្ត​រតនគិរី​ ស៊ើបអង្កេត​ បុគ្គល​នៅ​ពីក្រោយខ្នង​ ជនជាតិ​វៀតណាម​ ១២នាក់​ ឆ្លងដែន​ចូល​ដីខ្មែរ​ខុសច្បាប់​ និង​យក​គ្រឿងចក្រ​ពី​ប្រទេស​វៀតណាម​ មក​ឈូស​ឆាយ​ព្រៃ​ក្នុង​តំបន់​ព្រៃ​ហាមឃាត់​។ ការ​លើកឡើង​នេះ​ ក្រោយពី​តុលាការ​ខេត្ត​រតនគិរី​ សម្រេច​ឃុំខ្លួន​ជនជាតិ​វៀតណាម​ទាំង​ ១២នាក់​នោះ​ ក្នុង​ពន្ធនាគារ​កាលពី​ពេល​ថ្មីៗ នេះ​ ពី​បទ​ឆ្លងដែន​ចូល​ដីខ្មែរ​ខុសច្បាប់​ និង​ឈូស​ឆាយ​ព្រៃ​អភិរក្ស​ក្នុង​ស្រុក​តាវែង​ ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម។

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក​ លោក​ សឹង​ សែន​ករុណា​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ មេសា​ថា ហេតុផល​សំខាន់​ដែល​លោក​ចង់​ឲ្យ​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ត្រូវ​ចាត់​វិធានការ​រក​អ្នក​ដែល​ឃុបឃិត​ អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ទាំង​នោះ​ ចូល​ដី​ខ្មែរ​ខុសច្បាប់​ និង​យក​គ្រឿងចក្រ​ពី​ប្រទេស​វៀតណាម​ចូល​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ ដើម្បី​ទប់ទល់​កុំ​ឲ្យ​បាតុភាព​អាក្រក់​នេះ​កើត​ឡើង​លើក​ក្រោយ​ទៀត។ លោក​បញ្ជាក់​ថា តុលាការ​គួរ​តែ​ស្រាវជ្រាវ​ រក​ជន​ណា​ដែល​ពាក់ព័ន្ធ​ករណី​នេះ​ ឲ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ បំណង​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា​ និង​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា៖ «គ្រឿងចក្រ​ទាំង​អស់​ហ្នឹង ប្រសិន​ជា​មិន​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត អាច​ថា ជា អាជ្ញាធរ​ក្នុង​តំបន់ ដែល​គាត់​យក​ចូល​មក​ហ្នឹង​ផង​ដែរ។ ហេតុ​អ្វី​បាន​យក​មក​បាន​ប្រសិន​ជា​គ្មាន​ការ​សហការ ការ​ផ្ដល់ និង​ការ​អនុញ្ញាត​ពី​អ្នក​ទាំង​អស់​ហ្នឹង។ អីចឹង​យើង​ចាប់​ផ្ដើម​ធ្វើ​ការ​ស្រាវជ្រាវ ប្រសិន​បើ​រក​ឃើញ​ថា ជន​ណា​ម្នាក់ ដែល​មាន​ការ​ពាក់ព័ន្ធ​លើ​អំពើ​ខុស​ច្បាប់​ទាំង​អស់​ហ្នឹង​គួរ​តែ មាន​ចំណាត់​ការ​ទៅ ដើម្បី​ទប់​ស្កាត់ កុំ​ឲ្យ​មាន​អំពើ​បែប​ហ្នឹង​កើត​ឡើង»

កាលពី​ថ្ងៃ​ទី១៦ មេសា​ មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគិរី​ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ១២នាក់​ និង​គ្រឿងចក្រ​ ៦គ្រឿង​ ក្នុង​តំបន់​ឧទ្យានជាតិ​វីរៈ​ជ័យ​ របស់​ឃុំ​តាវែងលើ​ ស្រុក​តាវែង។ កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា​ ជនជាតិ​វៀតណាម​ទាំង​នោះ​ បាន​ចូល​មក​ដោយ​ខុសច្បាប់​ តាម​ច្រក​ព្រៃ​ ក្នុង​ភូមិសាស្ត្រ​ ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៥០៥ ក្នុង​ខេត្ត​រតនគិរី​ ជាប់​ប្រទេស​វៀតណាម។ លើស​ពី​នេះ​ បុគ្គល​ដែល​កាង​ការពារ​ជនជាតិ​វៀតណាម​ទាំង​នោះ​ចូល​ដី​ខ្មែរ​បាន​ គឺ​ជា​មន្ត្រី​អាវុធហត្ថ​ម្នាក់​ នៅ​ខេត្ត​រតនគិរី​ ដែល​ល្បី​ខាង​ជួញដូរ​ឈើ​ខុស​ច្បាប់​ ឆ្លង​ដែន​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ និង​ជាប់​ពាក់ព័ន្ធ​ឃុបឃិត​ឲ្យ​មាន​ការ​យក​គ្រឿងចក្រ​ ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា។

ឆ្លើយ​តប​រឿង​នេះ​ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ អេង​ ហ៊ី​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៣​ មេសា​ថា​ ជំហាន​ដំបូង​នៅ​គ្រា​ដែល​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ករណី​នេះ​ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កោះហៅ​ មន្ត្រី​អាវុធហត្ថ​ម្នាក់​នោះ​ មក​ឆ្លើយ​បំភ្លឺ​រួច​ហើយ។ លោក​ថា​ បុគ្គល​នោះ​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​ និង​កាង​ការពារ​ជន​ជាតិ​វៀតណាម​ទាំង​នោះ​ទេ។ តែ​ទោះ​យ៉ាង​ណា​លោក​ថា កម្លាំង​អាវុធហត្ថ​នៅតែ​បន្ត​ស្រាវជ្រាវ​សំណុំ​រឿង​នេះ​ឲ្យ​ស៊ីជម្រៅ​ ដោយ​តម្លាភាព​ និង​យុត្តិធម៌? លោក​សង្កត់​ធ្ងន់ៗ ថា ជំហរ​របស់​កង​រាជ​អាវុធហត្ថ​នឹង​ចាត់​វិធានការ​ ចំពោះ​មន្ត្រី​អាវុធហត្ថ​ណា​ មិន​ត្រឹម​តែ​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ​ទេ​ ឲ្យ​តែ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ និង​វិន័យ​ ត្រូវ​តែ​អនុវត្ត​ច្បាប់​ និង​វិន័យ​រដ្ឋបាល៖ «បុគ្គល​នោះ​បាន​សារភាព​ថា មិន​ជាប់​ពាក់ព័ន្ធ​សាច់​រឿង​ហ្នឹង​ដូច​កាសែត​បាន​ចុះ​ទេ ក៏​ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ គឺ​កម្លាំង​របស់​កង​រាជ​អាវុធហត្ថ គឺ​នៅ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត តើ​កង​រាជ​អាវុធហត្ថ​ដែល​គេ​ចុះ​ផ្សាយ​នោះ មាន​ពាក់ព័ន្ធ​ឬ​អត់។ ដូច្នេះ​ខាង​អធិការកិច្ច​នៅ​តែ​ចុះ​ស្រាវជ្រាវ​ជា​បន្ត​បន្ទាប់»

ទោះ​យ៉ាងណា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ ខេត្ត​រតនគិរី​ លោក​ ជា​ ពេជ្រ​ មាន​ប្រសាសន៍​ថា​ មក​ទល់​ពេល​នេះ​ សំណុំ​រឿង​ជនជាតិ​វៀតណាម​ ១២នាក់​នោះ​ ផុត​ពី​ដៃ​អយ្យការ​ ហើយ​ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​អនុវត្ត​នីតិវិធី។ លោក​ថា​ ជនជាតិ​វៀតណាម​ ១២នាក់​នោះ​ តំណាង​អយ្យការ​ចោទ​ប្រកាន់​ទី១ ឆ្លងដែន​ខុសច្បាប់​ ទី២ នាំ​គ្រឿងចក្រ​ចូល​ដីខ្មែរ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​ទី៣​ ឈូស​ឆាយ​ព្រៃ​ក្នុង​តំបន់​ហាម​ឃាត់ ដែល​មាន​ចែង​ក្នុង​មាត្រា ៦២ នៃ​ច្បាប់​ស្ដីពី​ព្រៃ​ឈើ៖ «អធិការ​ក្នុង​ហ្នឹង​យើង​ចោទ​ប្រកាន់​ទី១ ពាក់ព័ន្ធ​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ទី២ នាំ​គ្រឿង​ចក្រ​ចូល​គ្មាន​ច្បាប់​អនុញ្ញាត ច្បាប់​ព្រៃ​ឈើ​មាត្រា ៥៨ ហើយ​មួយ​ទៀត យើង​ចោទ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ហាម​ឃាត់ ដែល​មាន​ចែង​ក្នុង​មាត្រា ៦២ នៃ​ច្បាប់​ព្រៃ​ឈើ។ អីចឹង​មាត្រា ៣ហ្នឹង មាន​ការ​ចោទ​ប្រកាន់​បញ្ជូន​ទៅ»

អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ ខេត្ត​រតនគិរី​លោក ឡេង វណ្ណារិទ្ធ ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​សំណុំរឿង​នេះ​បានទេ​ នៅ​ថ្ងៃ​ទី២៣ មេសា។

ក៏​ប៉ុន្តែ​លោក​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ តុលាការ​សម្រេច​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម​ទាំង​នោះ​ ២ករណី​ ទី១​ ឆ្លង​ដែន​ខុស​ច្បាប់​ និង​ទី២ នាំ​គ្រឿងចក្រ​ចូល​ដី​ខ្មែរ​ ឈូស​ឆាយ​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ លោក​ ស៊ឹង​ សែន​ករុណា​ ចង់​ឃើញ​តុលាការ​មាន​វិធានការ​ច្បាប់​តឹងរ៉ឹង​ ក្នុង​សំណុំ​រឿង​នេះ​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ជាតិ​សាសន៍​ដទៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ និង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​តាម​អំពើ​ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល