ក្រសួង​បរិស្ថាន​គ្រោង​ប្រជុំ​លើក​ទី​១៥​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​ប្រែប្រួល​អាកាស​ធាតុ ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នឹង​ប្រជុំ​លើក​ទី​១៥ នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ប្រទេស​កម្ពុជា។

ក្រសួង​បរិស្ថាន មាន​គម្រោង​កោះ​ប្រជុំ​សមាជិក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​ប្រែប្រួល​អាកាស​ធាតុ ដើម្បី​ត្រួត​ពិនិត្យ​ជា​រួម​លើ​វឌ្ឍនភាព​នៃ​អាកាស​ធាតុ​ប្រែប្រួល​នៅ​កម្ពុជា និង​ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ​នានា។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​មាន​សមាជិក​មក​ពី​ក្រសួង និង​ស្ថាប័ន​ចំនួន​២០​ទៀត នឹង​ពិភាក្សា​លើ​បញ្ហា​អនុវត្ត​គោល​នយោបាយ យុទ្ធសាស្ត្រ បរិធាន​ច្បាប់ ផែនការ និង​កម្មវិធី​នានា​របស់​រាជ​រដ្ឋាភិបាល ឆ្លើយ​តប​នឹង​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ប្រជុំ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​បច្ចុប្បន្ន​ភាព​ទាក់ទង​ទៅ​នឹង​កិច្ចការ​ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​តែ​អនុវត្ត​រាល់​ថ្ងៃ​ហ្នឹង ទាក់ទង​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ពិនិត្យ​ទៅ​លើ​កិច្ចការ​ធំៗ​ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​ប្រែប្រួល​ហ្នឹង កំពុង​តែ​អនុវត្ត»

ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន បាន​ចូលរួម​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​ឡើង​កម្តៅ​ផែនដី។

មន្ត្រី​អង្គការ​សេដាក (CEDAC) លោក ឃិន ដារ៉ាវុធ ថ្លែង​ថា គម្រោង​ចំនួន​១៨ របស់​អង្គការ​នេះ បាន​អនុវត្ត​ជា​ជំនួយ​ក្នុង​កម្មវិធី​បម្រែបម្រួល​អាកាស​ធាតុ ដើម្បី​ឲ្យ​កសិករ​ចេះ​បន្ស៊ាំ​ខ្លួន និង​ដាំ​ដំណាំ​ឲ្យ​ស្រប​តាម​កាលៈទេសៈ​ក្នុង​ពេល​អាកាស​ធាតុ​កំពុង​ប្រែប្រួល​បច្ចុប្បន្ន។ លោក​ថា បាន​ណែនាំ​កសិករ​ឲ្យ​ប្រើ​ឡ​ជីវឧស្ម័ន ដែល​បន្ថយ​ការ​កាប់​ព្រៃ​ឈើ និង​ឲ្យ​ប្រើ​ចង្ក្រាន​ហ្គាស៍​ដែល​មិន​បំភាយ​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​បរិយាកាស។ លោក ឃិន ដារ៉ាវុធ បន្ថែម​ថា ឧទាហរណ៍​ជាក់ស្តែង កសិករ​ច្រើន​ខេត្ត​បាន​រង​នូវ​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​២០១៤ នេះ៖ «ជំរុញ​ទាក់ទង​នឹង​រឿង​ការ​ធ្វើ​ជីកំប៉ុស ហើយ​និង​ដាំ​ដំណាំ​គ្រប​ដី​អស់​ហ្នឹង ទាំង​នេះ​ហើយ​ជា​ការងារ​សេដាក ដែល​កំពុង​តែ​ជំរុញ​យ៉ាង​សកម្ម​ទាក់ទង​នឹង​រឿង​បម្រែបម្រួល​អាកាស​ធាតុ»

ចំណែក លោក ហេង រិទ្ធា អ្នក​គ្រប់គ្រង​អាជីវកម្ម​កសិដ្ឋាន​កាបូន​កម្ពុជា អះអាង​ថា កសិដ្ឋាន​នេះ​បាន​ជួយ​ស្រូប​យក​សារធាតុ​កាបូន​ពី​បរិយាកាស ដោយ​បាន​ផ្តល់​លុយ​ដល់​អ្នក​ដែល​ដាំ​ដើម​ឈើ​នៅ​ខេត្ត​ចំនួន​៥ មាន​ដូចជា ខេត្ត​សៀមរាប ព្រៃវែង កំពត តាកែវ និង​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ដាំ​ដើម​ឈើ​ចម្រុះ​ពូជ​បាន​ចំនួន ២៥​ម៉ឺន​ដើម ហើយ​បង្កើន​ការ​ដាំ​រហូត​ដល់ ៣៥​ម៉ឺន​ដើម នៅ​បំណាច់​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នេះ។ លោក​បន្ត​ថា ដើម​ឈើ​ដាំ​បាន​នេះ វា​ស្រូប​យក​កាបូន​ពី​បរិយាកាស​គិត​ជា​មធ្យម ១៨​គីឡូក្រាម​ក្នុង​១​ឆ្នាំ​នៃ​ដើម​ឈើ​ក្នុង​១​ដើម។ បន្ថែម​លើ​នោះ កសិដ្ឋាន​កាបូន​កម្ពុជា បាន​ជួយ​ណែនាំ​គ្រួសារ​ជាច្រើន ឲ្យ​ប្រើ​ចង្ក្រាន​ដែល​មិន​បំភាយ​ផ្សែង​ទៅ​បរិយាកាស។ លោក​ថា ដើម្បី​ឲ្យ​ដើម​ឈើ​ស្រូប​យក​កាបូន​បាន​ច្រើន​ពី​បរិយាកាស គួរ​ដាំ​ដើម​ឈើ​ចម្រុះ​ពូជ៖ «ប្រភេទ​ដើម​ឈើ​ផ្សេង​គ្នា ជា​ការ​ពិត លទ្ធភាព​នៃ​ការ​ស្រូប​យក​ជាតិ​កាបូន​វា​ខុស​គ្នា។ ប៉ុន្តែ​ខាង​ខ្ញុំ​នេះ ដោយសារ​យើង​អត់​ចង់​ឲ្យ​កសិករ​ត្រូវ​បែង​ចែក​ប្រភេទ​ដើម​ឈើ "ក" ស្រូប​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​ដើម។ ដើម​ឈើ "ខ" នោះ ស្រូប​ប៉ុន្មាន​គីឡូ។ អ៊ីចឹង​យើង​វាយ​ជា​មធ្យម​ភាគ​រួម​ទាំងអស់ យើង​អត់​គិត​ថា​ដើម​ឈើ​ប្រភេទ "ក" ឬ "ខ" ឬ "គ" ទេ ដឹង​តែ​ស្រូប​ជា​មធ្យម ១៨​គីឡូ​ក្នុង​១​ឆ្នាំ​ក្នុង​១​ដើម​ឈើ»

មន្ត្រី​បរិស្ថាន​ពន្យល់​ថា កាបូន​ជា​ឧស្ម័ន​ម្យ៉ាង​ដែល​បង្ក​ឲ្យ​ធ្លុះ​ស្រទាប់​ការពារ​បរិយាកាស គឺ​ធ្លុះ​ស្រទាប់​អូហ្សូន​នេះ​ឯង ដែល​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​ចាំង​មក​លើ​ផែនដី​គ្មាន​របាំង​ការពារ។

លោក សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​បន្ថែម​ថា កន្លង​មក​ដើម្បី​ការពារ​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​ឡើង​កម្តៅ​ផែនដី ក្រសួង​បរិស្ថាន បាន​លើក​ទឹក​ចិត្ត​អ្នក​ប្រើ​រថយន្ត​សេរី​ចាស់ៗ ទូទឹកកក ម៉ាស៊ីន​ត្រជាក់ ដែល​វា​ប្រើ​ហ្គាស៍​ម្យ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស ឲ្យ​ចូលរួម​ប្ដូរ​ម៉ាស៊ីន​ត្រជាក់​ចោល ដោយ​ក្រសួង​បរិស្ថាន បាន​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ជូន​អ្នក​ប្រើ​របស់​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។