ក្រុមបាតុករដែលស្នាក់នៅក្នុងទីលានប្រជាធិបតេយ្យ ឲ្យដឹងថា នៅប៉ុន្មានថ្ងៃដំបូងនៃបាតុកម្ម សំរាមត្រូវគេដឹកយកចេញនៅពេលយប់។ ប៉ុន្តែក្រោយពីមេឃត្រជាក់ខ្លាំង ៣ថ្ងៃមកនេះ មិនមានរថយន្តដឹកសំរាមយកចេញទេ។
បុរសឈ្មោះ ម៉ម ជាង មកពីស្រុកបាភ្នំ ខេត្តព្រៃវែង ថ្លែងថា កុងតឺន័រដាក់សំរាមបានបញ្ឈរនៅទិសខាងជើង ចំពេលដែលខ្យល់ធ្លាក់ពីទិសខាងជើងមកដែរ នាំឲ្យសំរាមហុយចូលមកក្នុងទីលានប្រជាធិបតេយ្យវិញ ប៉ះពាល់ការដកដង្ហើមរបស់អ្នកសម្រាកក្នុងទីលាននោះទាំងយប់ទាំងថ្ងៃ។ លោកសំណូមពរឲ្យសាលារាជធានីភ្នំពេញ ចាត់វិធានការឲ្យក្រុមហ៊ុន ស៊ីនទ្រី (CINTRI) ដឹកសំរាមយកចេញជាការប្រសើរ៖ «គ្រាន់តែខ្ញុំឃើញពេលយប់ខ្ញុំដេកនៅត្រង់នោះ ឃើញអាឡានធំមួយគេដឹកធុងមកដាក់នៅខាងត្រង់នេះ ហើយដាក់អាមួយយកទៅ ក៏ប៉ុន្តែសំរាមនៅក្នុងទីលានវាមានដដែល»។
បុរសមកពីស្រុកល្វាឯម ខេត្តកណ្ដាល ឲ្យដឹងថា សំរាមបានពេញក្នុងកុងតឺន័រ ហើយក៏ហៀរចេញមកគរខាងក្រៅពេញច្រើនដែរ មិនមានរថយន្តដឹកយកចេញទេ។ គាត់ហិតក្លិនសំរាមនោះច្រើនថ្ងៃមកហើយ៖ «សំរាមណាដឹកដាក់ថង់ៗចងស្អាតណាស់។ ព្រឹកឡើងបបោសរលាស់ ជួយនាំគ្នា និងជួយសម្អាតគ្នា កុំឲ្យថាយើងនៅកន្លែងកុំកខ្វក់ដោយសារស្អុយ កុំឲ្យគេថា ឬរដ្ឋាភិបាលគេថា ពួកសង្គ្រោះជាតិ មកនៅស្អុយកខ្វក់។ ប៉ុន្តែស្អាតណាស់ បងមើល ស្អាតណាស់»។
សន្តិសុខគណបក្សសង្គ្រោះជាតិ លោក ស៊ុំ ផល្លី ឲ្យដឹងថា ៣ថ្ងៃមកហើយមិនមានរថយន្តក្រុមហ៊ុន ស៊ីនទ្រី ដឹកយកសំរាមចេញពីទីលានប្រជាធិបតេយ្យទេ។ លោកថា កាលពីយប់ថ្ងៃទី១៤ និងថ្ងៃទី១៥ ខែធ្នូ មានរថយន្តដឹកកុងតឺន័រដាក់សំរាមយកចេញក្រៅ។ ប៉ុន្តែ តាំងពីមេឃភ្លៀងមកដល់រាំងវិញ ៣ថ្ងៃនេះ មិនមានរថយន្តមកដឹកយកចេញទេ៖ «ក្រសួង មន្ទីរខាងក្រុមហ៊ុន ស៊ីនទ្រី ក៏ភារកិច្ចរបស់គេ ត្រូវមកយក តែឥឡូវគេមិនមកយក»។

បុរសវ័យ ៧៥ឆ្នាំ ឈ្មោះ សឹម ខន មកពីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ឲ្យដឹងថា គាត់ស្នាក់នៅ ៥យប់ហើយក្នុងទីលានប្រជាធិបតេយ្យផ្នែកខាងជើងក្បែរកុងតឺន័រដាក់សំរាម។ រីឯក្លិនសំរាមនោះ បានជះមកដល់គាត់ ប៉ុន្តែគាត់នៅតែតស៊ូសម្រាក ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ៖ «គេអត់ដឹកចេញទេ នៅតែអីហ្នឹងប៉ុន្មានថ្ងៃទៅហើយហ្នឹង នៅស្អុយនៅហ្នឹង។ តែខ្ញុំតស៊ូសម្រាប់កូនចៅខ្ញុំ ទៅថ្ងៃក្រោយ»។
បុរសម្នាក់ទៀតមកពីឃុំអរិយក្សត្រ ដែរ សុំមិនបញ្ចេញឈ្មោះ បន្ទោសថា សំរាមទុកគរពេញពាសលើផ្លូវមិនទាន់ប្រមូលចេញ ទំនងចង់ឲ្យក្រុមអ្នកប្រឆាំងរដ្ឋាភិបាលរងនូវការលំបាកក្នុងការស្នាក់នៅក្នុងទីលានប្រជាធិបតេយ្យ ឬជាការរើសអើងគណបក្សនយោបាយ៖ «ធុំក្លិនអសោចឆ្អេះឆ្អាបនៅក្នុងទីលានប្រជាធិបតេយ្យ។ ពីមុនៗមក កន្លែងសំរាមហ្នឹងស្អាតចែស តែម្តងអត់មានទេ ទើបតែប្រជាធិបតេយ្យធ្វើបាតុកម្មហ្នឹង បានសំរាមហ្នឹង គេអត់ឲ្យដឹកជញ្ជូនចេញឲ្យធុំក្លិនស្អុយដល់អ្នកមកធ្វើបាតុកម្ម ទំនងខុសគណបក្សបានជាលោកមិនមកដឹក»។
ពាក់ព័ន្ធសំរាមនៅក្បែរទីលានប្រជាធិបតេយ្យ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុន ស៊ីនទ្រី ជម្រាបសួរព័ត៌មានបានទេ នៅថ្ងៃទី២០ ខែធ្នូ។
ប៉ុន្តែ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា សំរាមនៅទីលានប្រជាធិបតេយ្យ គឺគណបក្សសង្គ្រោះជាតិ ជាអ្នកធានាដឹកជញ្ជូនចេញក្រៅ៖ «ព្រោះរឿងហ្នឹង គឺយើងបានព្រមព្រៀងគ្នាហើយថា រឿងបញ្ហាសំរាម រឿងបញ្ហាអនាម័យ បរិស្ថាន គឺគណបក្សសង្គ្រោះជាតិ ជាអ្នកទទួល»។
អគ្គនាយកហិរញ្ញវត្ថុគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា ឲ្យដឹងថា ដោយសារតែសំរាមសល់ច្រើនក្បែរទីលានប្រជាធិបតេយ្យ ហើយបាតុករច្រើនពាន់នាក់ស្ម័គ្រចិត្តសម្រាន្តក្នុងទីលាន គណបក្សបានជួលក្រុមហ៊ុន ស៊ីនទ្រី ដើម្បីដឹកយកសំរាមចេញ។ ប៉ុន្តែ ក្រុមហ៊ុនធ្វើការយឺត ទើបគណបក្សជួលរថយន្តផ្សេងទៀត ដឹកយកសំរាមចេញបានខ្លះដែរ ហើយក៏រង់ចាំរថយន្តក្រុមហ៊ុន ស៊ីនទ្រី មកដឹកយកដែរ គឺធ្វើយ៉ាងណាដើម្បីបន្ថយភាពស្មោកគ្រោក និងរក្សាសុខភាពជូនបាតុករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។