ប្រជាពលរដ្ឋរងគ្រោះពីការទាញយករ៉ែមាសលើកឡើងថា ថវិកាជាតិដែលបានមកពីការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនបរទេសទាញយករ៉ែមាស មិនអាចទូទាត់ផលប៉ះពាល់បរិស្ថាន និងការរំលោភសិទ្ធិដីធ្លីរបស់ប្រជាសហគមន៍នោះឡើយ។ មន្ត្រីអង្គការសិទ្ធិមនុស្ស ស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់តម្លាភាពវិស័យធនធានរ៉ែ ដើម្បីបញ្ឈប់ការអភិវឌ្ឍដែលនាំឱ្យប្រជាពលរដ្ឋរងគ្រោះ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋានក្រុមហ៊ុនទាញយករ៉ែមាសលើកឡើងដូចៗគ្នាថា ចំណូលថវិកាជាតិត្រឹមតែ ១៣លានដុល្លារ រយៈពេល៨ខែ ពីការទាញយករ៉ែមាសដោយក្រុមហ៊ុនបរទេស មិនអាចប្រៀបធៀបជាមួយផលប៉ះពាល់បរិស្ថាន និងការរំលោភដីធ្លីប្រជាសហគមន៍បាននោះឡើយ។
សកម្មជនបរិស្ថាន ដែលរស់នៅឃុំសុចិត្រ ខេត្តកំពង់ធំ ក្បែរទីតាំងយករ៉ែមាសរបស់ក្រុមហ៊ុនចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO., LTD) ស្ថិតនៅតំបន់ភ្នំជី លោក ថោង កុយ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែកញ្ញា ថា ក្រុមហ៊ុនទាញយករ៉ែមាសនៅតំបន់ភ្នំជី មិនត្រឹមតែធ្វើឱ្យមានការបំពុលទឹក និងខូចផ្លូវចាប់ពីផ្សារទំរីង ទៅដល់ឃុំសុចិត្រតែប៉ុណ្ណោះទេ ក្រុមហ៊ុននេះក៏បង្កឱ្យមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ដែលមានដីចម្ការស្វាយចន្ទី និងដំឡូងមីនៅក្បែរភ្នំជីផងដែរ។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែជំរុញឱ្យក្រុមហ៊ុនក្នុងស្រុក ឬប្រជាពលរដ្ឋនៅតាមសហគមន៍ទាញយករ៉ែមាស ដើម្បីទទួលបានចំណូលថវិកាជាតិវិញជាជាងផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនបរទេសទាញយករ៉ែមាស និងទទួលបានថវិកាជាតិបន្តិចបន្តួច។
លោក ថោង កុយ៖ «ថវិកា១៣លានដុល្លារហ្នឹង គឺអត់បានផ្ដល់អភិវឌ្ឍទៅតំបន់ហ្នឹងវិញទេ ថែមទាំងផ្ដល់គុណវិបត្តិមួយទៀត តាមរយៈការបញ្ចេញធាតុសកម្មជាតិពុល ដែលធ្វើឱ្យអាជីវកម្មរ៉ែហ្នឹង ធ្វើឱ្យប៉ះពាល់ដីចម្ការដីស្រែ ធ្វើឱ្យធ្លាក់ទៅលើប្រភពទឹក អ្នកដែលប្រើប្រភពទឹកនៅក្រោមហ្នឹង អ្នកធ្វើស្រែ ឬបូមមកប្រើប្រាស់ទៅលើសត្វ ឬក៏ការប្រើប្រាស់របស់គាត់ហ្នឹងគឺ ធ្វើឱ្យប៉ះពាល់សុខភាពដែរ អ៊ីចឹងបានខ្ញុំគិតថា វាអត់ជួយបានច្រើន វាបែរជាផ្ដល់បន្ទុកសហគមន៍មូលដ្ឋានវិញ»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត រស់នៅក្បែរភ្នំម្លុង ស្រុករវៀង ខេត្តព្រះវិហារ លោក ទុយ ឆេង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែកញ្ញា ថា កាលពីខែមេសា កន្លងទៅ ក្រុមហ៊ុនចិនទាញយករ៉ែមាស ឌែលខម ខេបូឌា (Delcom Cambodia) បានបោះបង្គោលព្រំដីផ្នែកខាងកើតភ្នំម្លុង បន្ថែមទៀត ទំហំប្រមាណ ១ពាន់ ៨រយហិកតារ (១,៨០០) ដើម្បីរុករករ៉ែមាស។ លោកបន្ថែមថា ការបោះបង្គោលកំណត់ទីតាំងទាញយករ៉ែមាសថ្មីនេះ ធ្វើឱ្យមានជម្លោះដីធ្លីបន្ថែមទៀត ជាមួយប្រជាពលរដ្ឋ ខណៈដីប្រជាពលរដ្ឋជាង២រយហិកតារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនជិត ១០ឆ្នាំមកហើយនោះ នៅមិនទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរនៅឡើយ។ លោក ទុយ ឆេង អះអាងថា ចំណូលថវិកាជាតិជាង ១៣លានដុល្លារពីវិស័យរ៉ែមាស មិនអាចប្រៀបធៀបជាមួយផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបរិស្ថាន ដែលក្រុមហ៊ុនបង្កឡើងនោះទេ។
លោក ទុយ ឆេង៖ «តម្លាភាព មិនតម្លាភាព ចំពោះប្រជាពលរដ្ឋ គឺគ្មានតម្លាភាពចំពោះប្រជាពលរដ្ឋនោះទេ មានតែរំលោភទៅលើប្រជាពលរដ្ឋ នៅភ្នំម្លុងហ្នឹងឯង គឺគេយកដីស្រាវជ្រាវទៅលើដីស្រែចម្ការរបស់ប្រជាជនហ្នឹងឯង គេបោះបង្គោលដល់ទៅទំហំ១ពាន់៨រយហិកតារថែមទៀត។ ដូច្នេះហើយ ខ្ញុំសំណូមពរឱ្យរាជរដ្ឋាភិបាល ឱ្យគាត់បានដឹង ប្រហែលជាគាត់មិនបានដឹងរឿងហ្នឹងទេ បានជាគាត់មិនសូវចាប់អារម្មណ៍»។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ប្រកាសនៅថ្ងៃទី២៣ ខែកញ្ញា ថា កម្ពុជាទទួលបានថវិកាពីការទាញយករ៉ែមាសជាង១៣លានដុល្លារ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៣។ លោកបញ្ជាក់ថា ក្រុមហ៊ុនទាញយករ៉ែមាសនៅទូទាំងប្រទេស ផលិតមាសបានជាង ៨ពាន់គីឡូក្រាម (៨.២៨៨) ដោយក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី (Australia) រ៉េណៃសិន មីណើរ៉ល Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ទាញយកមាសបានជិត ៨ពាន់គីឡូ (៧.៨៤៦) ខណៈ ៥ក្រុមហ៊ុនផ្សេងទៀត ដែលជាក្រុមហ៊ុនចិននោះផលិតមាសបានតិចតួចប៉ុណ្ណោះ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការ សម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ (CPDD) លោក សុន ពេញ មានប្រសាសន៍ថា ដើម្បីបង្ហាញពីតម្លាភាពពីការទាញធនធានរ៉ែ រដ្ឋាភិបាលគួរបង្ហាញព័ត៌មាន ទៅដល់សាធារណជនឱ្យបានច្បាស់លាស់ពី ដំណើរការផ្ដល់អាជ្ញាប័ណ្ណទៅដល់ក្រុមហ៊ុន និងចំនួនថវិកាដែលក្រុមហ៊ុនត្រូវបង់ទៅដល់រដ្ឋាភិបាល។ លោកបន្ថែមថា ដើម្បីកុំឱ្យមានផលប៉ះពាល់បរិស្ថាន និងសិទ្ធិរបស់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍ រដ្ឋាភិបាលគួរទទួលយកការលើកឡើងពីក្ដីកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងអនុវត្តឱ្យបានត្រឹមត្រូវនូវយន្តការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន មុនផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន។
លោក សុន ពេញ៖ «ខ្ញុំចង់អំពាវនាវទៅដល់រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់បន្ថែមទៀត ធ្វើម៉េចឱ្យក្រុមហ៊ុនវិនិយោគ ឬក៏ការវិនិយោគនានាហ្នឹងគឺធានាបាននូវផលប្រយោជន៍សាធារណៈជាជាងផលប្រយោជន៍របស់អ្នកដែលគាត់មានឥទ្ធិពល ឬក៏មានអំណាចមួយក្រុមណានោះ ឱ្យរំលែកផលប្រយោជន៍ដល់សាធារណៈសិន បានយើងអាចចូលរួមកាត់បន្ថយវិសមភាពនៅក្នុងសង្គមហ្នឹងបាន»។
កន្លងមក បើទោះបីជាមានត្រឹមតែអាជ្ញាប័ណ្ណរុករករ៉ែមាសក្ដី ប៉ុន្តែក្រុមហ៊ុនចិនជាច្រើន បានធ្វើការទាញយករ៉ែមាស ដោយមិនគោរពច្បាប់ត្រឹមត្រូវនោះឡើយ ជាក់ស្ដែង ប្រជាពលរដ្ឋធ្លាប់បានអះអាងថា ក្រុមហ៊ុនចិន ដែលមានក្រុមអង្គរក្សនាយករដ្ឋមន្ត្រីនៅចាំកាងការពារនោះ បានទាញយករ៉ែមាស នៅតំបន់ភ្នំម្លុង តាំងពីឆ្នាំ២០១៥ មកម្ល៉េះ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ដរាបណារដ្ឋាភិបាលនៅតែបន្តឱ្យមានអំពើពុករលួយជាប្រព័ន្ធកើតមាន នោះការទាញយករ៉ែមាស នៅកម្ពុជា នឹងផ្ដល់ផលប្រយោជន៍ចំពោះក្រុមអ្នកមានអំណាចមួយក្ដាប់តូចតែប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋនឹងកាន់តែប្រឈមជីវភាពលំបាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
