ប្រធានសហគមន៍ព្រៃជម្រកសត្វ និងអាជ្ញាធរមូលដ្ឋាន នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលស្គាល់ថា ពិតជាមានបទល្មើសព្រៃឈើនៅក្នុងព្រៃសហគមន៍ព្រៃជម្រកសត្វប្រាកដមែន ហើយសហគមន៍បានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះហើយ។ មន្ត្រីសង្គមស៊ីវិលសាទរ និងលើកទឹកចិត្តឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើជនល្មើស។
ក្រោយពីផ្សព្វផ្សាយព័ត៌មានបទល្មើសព្រៃឈើកើតមាននៅក្នុងព្រៃសហគមន៍ព្រៃជម្រកសត្វ ប្រធានសហគមន៍ព្រៃជម្រកសត្វ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ ទទួលស្គាល់ថា ពិតជាមានបទល្មើសព្រៃឈើ និងការរំលោភបំពានពីសំណាក់ក្រុមហ៊ុន លីម វត្តី ប៉ុន្តែបដិសេធថា ពួកគេមិនបានជាប់ពាក់ព័ន្ធជាមួយជនល្មើសដូចការចោទប្រកាន់របស់សមាជិកសហគមន៍នោះទេ។
ប្រធានសហគមន៍ព្រៃជម្រកសត្វ លោក ម៉ឹង រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែឧសភាថា នៅក្នុងព្រៃសហគមន៍ព្រៃជម្រកសត្វពិតជាមានបទល្មើសព្រៃឈើ និងមានការឈូសឆាយរំលោភបំពានពីសំណាក់ក្រុមហ៊ុន លីម វត្តីមែន ប៉ុន្តែលោក និងអាជ្ញាធរមូលដ្ឋានបានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយទប់ស្កាត់បទល្មើសទាំងអស់នោះហើយ ចំណែកអាជ្ញាធរខេត្តក៏បានឲ្យក្រុមហ៊ុន លីម វត្តី ផ្អាកសកម្មភាព ដោយរង់ចាំដំណោះស្រាយនិងត្រូវមានឯកសារស្របច្បាប់ពីអាជ្ញាធរពាក់ព័ន្ធជាមុនសិន។ លោកអំពាវនាវឲ្យ អាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្តជួយពន្លឿនរកដំណោះស្រាយ និងទប់ស្កាត់កុំឲ្យក្រុមហ៊ុនមួយនេះ កាប់ឈើធ្វើអាជីវកម្ម និងឈប់ឈូសឆាយរំលោភបំពានលើដីព្រៃសហគមន៍តទៅទៀត។
លោក ម៉ឹង រដ្ឋា៖ «ចង់ផ្ដាំឲ្យអាជ្ញាធរអ្នកពាក់ព័ន្ធដូចជាមន្ទីរជំនាញអាជ្ញាធរជួយទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ខ្ញុំសុំអំពាវនាវ អ្នកដែលមានបំណងចង់ធ្វើការរុករានឬក៏កាប់ព្រៃឈើនៅក្នុងព្រៃសហគមន៍ក៏សុំធ្វើការបញ្ឈប់ទៅពីព្រោះថា ព្រៃសហគមន៍ជាព្រៃមួយដែលប្រជាពលរដ្ឋគាត់អាស្រ័យផល»។
មេឃុំសំអាង លោក គាំ សារាំ ឲ្យដឹងថា លោកបានឲ្យប្រធានសហគមន៍រាយការណ៍ទៅកាន់អាជ្ញាធរថ្នាក់ខេត្តនិងមន្ត្រីជំនាញ ដើម្បីឲ្យពួកគេចុះជួយទប់ស្កាត់ជាបន្ទាន់ ប៉ុន្តែចំណាត់ការយ៉ាងណានោះ លោកមិនទាន់ដឹងនៅឡើយទេ។
លោក គាំ សារាំ៖ «តាមសហគមន៍រាយការណ៍ឲ្យខ្ញុំឮថាកាប់ឈើ និងកាយព្រំប្រទល់ ខ្ញុំមិនទាន់មានចំណាត់ការទេ ប៉ុន្តែខ្ញុំឲ្យសហគមន៍រាយការណ៍ទៅមន្ទីរបរិស្ថានខេត្តដើម្បីទប់ទល់ កាប់ឈើនៅតែកាប់ឈើ»។
ពលរដ្ឋនៅឃុំសំអាង ថ្លែងសុំមិនបញ្ចេញឈ្មោះ និងសំឡេង ឲ្យដឹងថា ពួកគេសាទរនៅពេលឮថាអាជ្ញាធរចុះទប់ស្កាត់និងមានវិធានការទៅលើជនល្មើសកាប់បំផ្លាញព្រៃឈើ ប៉ុន្តែពួកគេថារហូតមកដល់ពេលនេះ នៅមិនទាន់ឃើញអាជ្ញាធរចុះទប់ស្កាត់ឡើយ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយកផ្នែកខណ្ឌរដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន និងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២១ ខែឧសភា។ ចំណែកក្រុមហ៊ុនថ្មម៉ាប លីមវត្តី ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ចំណែកមន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា លោកសាទរចំពោះវិធានការរបស់អាជ្ញាធរ ហើយលោកលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវសិក្សាស្រាវជ្រាវស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធនិងអ្នកប្រព្រឹត្តយកមកអនុវត្តច្បាប់ ដើម្បីបង្ហាញឆន្ទៈក្នុងការយកចិត្តទុកដាក់ការពារធនធានធម្មជាតិរបស់អាជ្ញាធរ។
លោក អូត ឡាទីន៖ «ខ្ញុំនៅតែស្នើយ៉ាងទទូចដល់អាជ្ញាធរធ្វើយ៉ាងណាវែកមុខរកអ្នកដែលពាក់ព័ន្ធក្នុងការរុករានទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍ដើម្បីយកមកផ្ដន្ទាទោសធ្វើយ៉ាងម៉េចឲ្យមានភាពរាងចាល ត្រូវអនុវត្តឲ្យល្អបំផុតអនុវត្តឲ្យមានភាពយុត្តិធម៌»។
ព្រៃសហគមន៍ព្រៃជម្រកសត្វ មានទីតាំងស្ថិតនៅភូមិឈ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។ ព្រៃសហគមន៍មួយនេះ មានផ្ទៃដីជាង៤ពាន់(៤១៥៣)ហិកតារសម្បូរទៅដោយ ជីវចម្រុះ និងដើមឈើគ្រប់ប្រភេទ មានដូចជា ដួងចែម កកោះ ផ្ចឹក ផ្ដៀក ស្រឡៅ ឈ្លិក និងដើមឈើទាលឬហៅដើមជ័រច្បោះ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
