គម្រោង​កិច្ច​ការពារ​ព្រៃ​ត្រូពិច​និង​ជីវចម្រុះ​នៅ​ខេត្ត​រតនគិរី​និង​ខេត្ត​ស្ទឹងត្រែង

0:00 / 0:00

អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា អេស.ស៊ី.ដាប់ប៊ែលយូ (SCW = Save Cambodia's Wildlife) នឹង​បើក​សិក្ខាសាលា​រយៈពេល​មួយ​ថ្ងៃ​នៅ​ខេត្ត​រតនគិរី ដើម្បី​ត្រួត​ពិនិត្យ​គម្រោង​ស្ដីពី​កិច្ច​ការពារ​ព្រៃ​ត្រូពិច និង​ជីវចម្រុះ​នៅ​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​កំណត់​ស្ថានភាព​ទូទៅ​នៃ​គម្រោង ដោយ​មាន​ការ​វិភាគ​លទ្ធផល និង​ការ​វាយ​តម្លៃ​គម្រោង។

ប្រធានបទ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​អភិរក្ស​ជីវចម្រុះ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​គ្នា​នៅ​ក្នុង​សិក្ខាសាលា​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា នា​សណ្ឋាគារ​សុល ឆេង ឋិត​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី។

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៧ មាន​ទីតាំង​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​តំបន់​ជម្រក​សត្វ​ព្រៃ​លំផាត់ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ មន្ត្រី​ជំនាញ​បរិស្ថាន ឧទ្យានុរក្ស អាជ្ញាធរ​ដែនដី និង​មន្ត្រី​ទេសចរណ៍​ខេត្ត​ទាំង​ពីរ នឹង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ពិគ្រោះ​យោបល់​ក្នុង​សិក្ខាសាលា​នេះ ក្នុង​គោល​បំណង​ឆ្លុះ​បញ្ចាំង​ភាព​ជាក់ស្តែង​នៃ​គម្រោង។

ប្រធាន​កម្មវិធី​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា លោក ចាន់ វិចិត្រ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ថា អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា បាន​ទទួល​ថវិកា​ពី​អង្គការ ដាប់ប៊ែលយូ.អេច្ឆ.អេច្ឆ/ប៊ី.អឹម.ហ្សិត (WHH/BMZ) នៃ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដើម្បី​អនុវត្ត​គម្រោង​មាន​ឈ្មោះ កិច្ច​ការពារ​ព្រៃ​ត្រូពិច និង​ជីវចម្រុះ​នៅ​កម្ពុជា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧។ គម្រោង​នេះ សម្រាប់​ពង្រឹង​សហគមន៍​ការពារ​តំបន់​ធម្មជាតិ​ទាំង​៧ នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ក្នុង​នោះ​មាន​ភូមិ​គោលដៅ​ចំនួន ៣២​ភូមិ។ លោក​កត់​សម្គាល់​ថា សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​គោល​បំណង​រួម និង​ទិសដៅ​ជាក់លាក់​របស់​គម្រោង គឺ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​រស់នៅ​តំបន់​ការពារ​ធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ត្រូវ​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​ធនធាន​ព្រៃ​ត្រូពិច និង​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​បាន​យូរ​អង្វែង៖ « សមាជិក​ទាំង​៧ ហ្នឹង ជាមួយ​អាជ្ញាធរ ជាមួយ​ដៃគូ​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា ​ឲ្យ​លោក​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ ឲ្យ​មាន ​ប្រសិទ្ធភាព។ អ៊ីចឹង​សិក្ខាសាលា​នេះ​ដើម្បី​ឲ្យ​សហគមន៍ និង​អាជ្ញាធរ​ចូលរួម​ពិភាក្សា​គ្នា គាត់​មើល​បញ្ហា​ប្រឈម​ទាំងឡាយ​ណា​ដែល​សហគមន៍​ជួប​ប្រទះ ហើយ​គាត់​អង្គុយ​ជាមួយ​គ្នា​ពិភាក្សា​គ្នា​ស្វែងរក​ដំណោះស្រាយ »

អង្គការ​សង្គ្រោះ​សត្វ​ព្រៃ គឺ​ជា​អង្គការ​ក្នុង​ស្រុក បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០២។ អង្គការ​នេះ​បាន​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា និង​លើក​កម្ពស់​សិទ្ធិ​រស់នៅ​របស់​សហគមន៍​តាំង​ពី​ឆ្នាំ​២០០៦។ ចាប់​ពី​ឆ្នាំ​២០១១ រហូត​បច្ចុប្បន្ន អង្គការ​នេះ​កំពុង​អនុវត្ត​សកម្មភាព​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង រួម​មាន ការ​គាំទ្រ​បង្កើត​តំបន់​ការពារ​ធម្មជាតិ ពង្រឹង​សិទ្ធិ និង​តួនាទី​អាជ្ញាធរ និង​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​លើក​កម្ពស់​ជីវភាព​រស់នៅ​សហគមន៍​តាម​ជម្រើស​សមស្រប​នៅ​មូលដ្ឋាន។

តំណាង​សហគមន៍​ការពារ​ធម្មជាតិ​មណ្ឌល​យ៉ន លោក ប៉ាត់ សាម៉ង ចាត់​ទុក​គម្រោង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ កំពុង​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​ធនធាន​ព្រៃ​ឈើ សត្វ​ព្រៃ និង​ជួយ​ឲ្យ​សហគមន៍​ចេះ​ដក​ហូត​ផល​អនុផល​ព្រៃ​ឈើ​មក​ប្រើប្រាស់​សមស្រប ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ។ លើស​ពី​នេះ​ទៀត ការ​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ធ្វើ​ឲ្យ​អ្នក​ភូមិ​ចេះ​រក​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ និង​កសិកម្ម បម្រើ​ជីវភាព​គ្រួសារ​បាន​មួយ​កម្រិត​ថែម​ទៀត៖ « ស្ថានភាព​ ជនជាតិ​ដើម ភាគ​តិច តាំង​ពី ​គេ​បង្កើត​សហគមន៍​ហ្នឹង គេ​យល់​គេ​ ចេះ​ប្រើប្រាស់ ធនធាន​ធម្មជាតិ ​តាម​លក្ខន្តិកៈ។ ឥឡូវ​ មាន​ច្បាប់ យើង​មើល​ច្បាប់ យើង​ផ្សព្វផ្សាយ​ ជូន​សហគមន៍​ យើង ដើម្បី​ប្រើ​តាម​សន្តិវិធី​តាម​ ប្រពៃណី »

ចំណែក​តំណាង​សហគមន៍​ការពារ​ធម្មជាតិ​អូរ​តា​បូក លោក សាលា ក្រៅ ទទួល​ស្គាល់​ដែរ​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​សត្វ​ព្រៃ​បាន​ថយ​ចុះ បន្ទាប់​ពី​សហគមន៍​អនុវត្ត​តួនាទី​ការពារ​ព្រៃ​អភិរក្ស​បាន​តាម​រយៈ​ក្រុម​ល្បាត​ព្រៃ​សហគមន៍ សហការ​ជាមួយ​អនុរក្ស​ឧទ្យាន​ជាតិ​វីរ​ជ័យ។ លោក​ថា គម្រោង​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ បាន​ជួយ​អប់រំ និង​បណ្តុះបណ្តាល​សហគមន៍​ពី​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ជីវភាព​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​រស់​ពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​នៅ​សេសសល់​បច្ចុប្បន្ន៖ « កន្លង​ទៅ ​យើង​ខ្វះខាត​ច្រើន ដល់​ឥឡូវ​យើង​ធូរធារ យើង​មាន​មធ្យោបាយ​ដូចជា​ម៉ូតូ កាណូត យើង​ធូរធារ​ជាង​មុន »

ក្រសួង​បរិស្ថាន បាន​ទទួល​ស្គាល់ និង​កាត់​ចេញ​ដី​ពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ លើ​ផ្ទៃដី​ជាង ២​ម៉ឺន​ហិកតារ (២០.៨២០​ហិកតារ) ប្រគល់​ទៅ​ឲ្យ​សហគមន៍​ការពារ​ធម្មជាតិ​ចំនួន​៦ នៅ​ខេត្ត​រតនគិរី រួម​មាន​សហគមន៍​មណ្ឌល​យ៉ន សហគមន៍​អូរ​កាំផា សហគមន៍​អូរ​តា​បូក សហគមន៍​អូរ​ទុង សហគមន៍​សេដា សហគមន៍​អូរ​គគីរ និង​នៅ​ខេត្ត​ស្ទឹងត្រែង គឺ​សហគមន៍​អូរ​ចាយ។

ទាក់ទិន​កិច្ច​អភិរក្ស​នៅ​តំបន់​ការពារ​ធម្មជាតិ​នេះ ប្រធាន​ឧទ្យាន​ជាតិ​វីរ​ជ័យ លោក ព្រិន សំបូរ កត់​សម្គាល់​ថា កន្លង​ទៅ​នេះ បន្ទាប់​ពី​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​បាន​បង្កើត​ឡើង បទល្មើស​សត្វ​ព្រៃ និង​ព្រៃ​ឈើ​បាន​ថយ​ចុះ ដោយសារ​មន្ត្រី​អនុរក្ស និង​សហគមន៍​សហការ​គ្នា​ផ្តល់​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក កាល​ណា​ប្រទះ​ឃើញ​បទល្មើស​កើត​មាន​នៅ​តំបន់​អភិរក្ស។ លោក​ថា ដោយសារ​គម្រោង​របស់​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​មាន​កម្រិត ហេតុ​នេះ​សហគមន៍​ត្រូវ​ការ​កិច្ច​គាំទ្រ​បន្ថែម​ទៀត​ពី​គម្រោង​របស់​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​របស់​សហគមន៍​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព៖ « និយាយ​ រួម​មាន ភាព​ប្រសើរ ​ខ្លះ​ដែរ។ ទី​មួយ យើង​រួម​គ្នា ព្រោះ​យើង​មាន​ព័ត៌មាន​ពី​ពួក​គាត់ ។ ធម្មតា​គាត់​ ជូន​ដំណឹង ​មក​យើង យើង​តែង​ចាត់​មន្ត្រី​ចូលរួម​ចុះ​ល្បាត​ដែរ »

ឆ្លើយ​តប​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​ដាប់ប៊ែលយូ.អេច្ឆ.អេច្ឆ ជា​ម្ចាស់​មូលនិធិ​ឧបត្ថម្ភ​គម្រោង លោក ឡៅ ប៊ុនឬទ្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា គម្រោង​មាន​ឈ្មោះ​កិច្ច​ការពារ​ព្រៃ​ត្រូពិច និង​ជីវចម្រុះ​នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ នឹង​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៧ ក្នុង​បរិមាណ​ទឹក​ប្រាក់​ពី ៣០ ទៅ ៥០​ម៉ឺន​អឺរ៉ូ (EUR)។ លោក​ថា ការ​បន្ត​ផ្តល់​មូលនិធិ​សម្រាប់​អនុវត្ត​គម្រោង​បន្ត​អាស្រ័យ​លើ​លទ្ធផល​វាយ​តម្លៃ​ការ​អនុវត្ត​គម្រោង។

តាម​ការ​រំពឹង​ទុក ការ​ចូលរួម​សិក្ខាសាលា​របស់​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​បាន​យល់​ដឹង​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ចំណេះ​ដឹង​ផ្នត់​គំនិត និង​ការ​ប្រព្រឹត្ត​របស់​សហគមន៍ អាជ្ញាធរ និង​តួអង្គ​ពាក់ព័ន្ធ​ផ្សេង​ទៀត។ អ្នក​ចូលរួម​សិក្ខាសាលា នឹង​ចូលរួម​ផ្តល់​គំនិត​យោបល់​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ត ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទាំង​៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។