គោក្របី​អ្នកភូមិ​នៅ​ខេត្ត​ស្ទឹងត្រែង​ងាប់​យ៉ាង​ហោច​ណាស់​៥០​ក្បាល​ដោយសារ​ជំងឺ

ដោយ អាស៊ីសេរី
2018.05.24
ក្របី ស្ទឹងត្រែង ២០១៦ ១៤៤០ ក្របី​របស់​ពលរដ្ឋ​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​អ្នក​ភូមិ​ចង​ទុក​នៅ​ក្បែរ​លំនៅឋាន បន្ទាប់​ពី​មាន​គ្រោះ​រាំង​ស្ងួត​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។
RFA/Men Sothyr

អាជ្ញាធរ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​បារម្ភ​ជំងឺ​សាហាវ​ម្យ៉ាង បង្ក​ឱ្យ​សត្វ​ពាហនៈ​របស់​អ្នកភូមិ​ស្លាប់​យ៉ាងហោចណាស់ ៥០​ក្បាល អំឡុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ បាតុភាព​នេះ​បាន​កើត​ក្នុង​ឃុំ​ចំនួន២ របស់​ស្រុក​សៀម​ប៉ាង គឺ ឃុំ​ព្រែកមាស និង​ឃុំ​ថ្មកែវ។

មេឃុំ​ព្រែកមាស លោក ណយ ខួង ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ឧសភា ថា សត្វ​ពាហនៈ​របស់​ពលរដ្ឋ​នៅ​ឃុំ​ព្រែកមាស ងាប់​ជាង ១០​ក្បាល និង​មួយ​ចំនួន​រក​មិនទាន់​ឃើញ។ លោក​ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ស្រុក​កំពុង​អន្តរាគមន៍​ចាក់​វ៉ាក់សាំង​ការពារ និង​អប់រំ​ពលរដ្ឋ​ពី​វិធីសាស្ត្រ​ការពារ​ជំងឺ​រាតត្បាត។ លោក​ថា ពលរដ្ឋ​រស់នៅ​តំបន់​នេះ​មាន​ទម្លាប់​ប្រលែង​គោក្របី ចូល​ព្រៃ​នៅ​រដូវប្រាំង​ដល់​ខែវស្សា​ទើប​នាំគ្នា​ចូល​ព្រៃ​តាម​រក ដើម្បី​បម្រើ​កសិកម្ម៖ «អាហ្នឹង​កើត​ភ្លាម​ងាប់​ភ្លាម មិនមែន​ជំងឺ​យូរ​ថ្ងៃ​ទេ។ ក្នុងនាម​ខ្ញុំ​អាជ្ញាធរ​ឃុំ ខ្ញុំ​បាន​ផ្សព្វផ្សាយ​ឱ្យ​គាត់​ចាប់ចង ដើម្បី​ចាក់​ថ្នាំ ឱ្យ​ពលរដ្ឋ​បាន ២​ភូមិ​ហើយ»

លោក​បន្ថែម​ថា មន្ត្រី​ជំនាញ​បាន​សន្និដ្ឋាន​បឋម​ថា គោក្របី​អ្នកភូមិ​កើត​ជំងឺ អុតក្ដាម​ដែល​អាការៈ ឈឺ​មាត់ និង​អណ្ដាត ស៊ី​អាហារ​មិន​កើត ព្រោះ​អ្នកភូមិ​ប្រលែង​ឱ្យ​រស់នៅ​ក្នុង​ព្រៃ មិនបាន​ថែទាំ​ដិតដល់។ លោក​ថា ក្រោយពី​កើត​មាន​បាតុភាព​នេះ អាជ្ញាធរ​បាន​ជូនដំណឹង​ឱ្យ​សហគមន៍​ប្រញាប់​ចូល​ព្រៃ យក​សព្វ​ពាហនៈ​មក​លំនៅឋាន ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ។

ឃុំ​ព្រែកមាស និង​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ឋិត​នៅ​ជាប់​ព្រៃ​ការពារ​សៀម​ប៉ាង​ខាងលិច ដែល​មាន​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (Bird Life International) កំពុង​បន្ត​ដំណើរ​ការ​អភិរក្ស​សត្វ​កម្រ​ជាច្រើន​ប្រភេទ​នៅ​តំបន់​នោះ។

មន្ត្រី​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ ធ្លាប់​លើកឡើង​ពី​ក្ដី​បារម្ភ​ហានិភ័យ​ខ្ពស់​របស់​សត្វ​ស្លាប​ដ៏​កម្រ​នៅ​តំបន់​អភិរក្ស​ដូចជា សត្វ​ត្មាត និង​សត្វ​ត្រយង​ជាដើម។ សត្វ​ស្លាប​ទាំងនោះ បាន​រក​ចំណី​ចិញ្ចឹមជីវិត​មួយ​ផ្នែក​គឺ​ពឹង​ផ្អែកលើ​សត្វស្រុក​របស់​អ្នកភូមិ ដែល​មាន​ទម្លាប់​ប្រលែង​ចូល​ព្រៃ​រស់នៅ​ជាមួយ​បក្សី​កម្រ​ទាំងនោះ។

កាលពី​ឆ្នាំ២០១៦ គោក្របី​អ្នកស្រុក​សៀមប៉ាង ងាប់​ជាង ៣០០​ក្បាល ដោយសារ​គ្រោះ​រាំងស្ងួត បណ្ដាល​ឱ្យ​ខ្វះ​ចំណី និង​ទឹក​ផឹក ខណៈ​បឹងបួ ឬ​ត្រពាំង​នៅ​តំបន់​អ្នកភូមិ​លែង​គោ​ក្របី​ឱ្យ​ស្វែងរក​ចំណី​ក្នុង​ព្រៃ​រីងស្ងួត​គ្មាន​ទឹក និង​ស្មៅ​សម្រាប់​ចំណី​សត្វ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។