មន្ត្រីសង្គមស៊ីវិលនិងក្រុមអ្នកបរិស្ថានព្រួយបារម្ភពីផលប៉ះពាល់បរិស្ថាន ដែលបង្កឡើងដោយក្រុមហ៊ុនចិនឈ្មោះ ជាំងស៊ូ ចេន័រ៉ល សាយអិន ថិកណូឡូជី (Jiangsu General Science Technology) ជារោងចក្រផលិតកង់ឡានមានមូលដ្ឋានក្នុងប្រទេសចិនដែលគ្រោងសាងសង់នៅតំបន់សេដ្ឋពិសេសក្នុងខេត្តព្រះសីហនុ។
ក្រុមអ្នកបរិស្ថានទាមទារឱ្យមានតម្លាភាពក្នុងការវិនិយោគនេះដែលក្នុងនោះត្រូវមានការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីជៀសវាងការបំពុលបរិស្ថានដូចពេលកន្លងទៅនៅកាស៊ីណូចិនដ៏ធំមួយឈ្មោះ សាន់សាញ បេ (Sunshine Bay) នៅខេត្តព្រះសីហនុ ដែលមានការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរធ្ងន់ធ្ងរ។ ក្រុមសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរមូលដ្ឋាន ត្រួតពិនិត្យដំណើរការសង់សាងរោងចក្រនិងការវិនិយោគរបស់ក្រុមហ៊ុនចិនដ៏ធំមួយនេះដើម្បីធានាថាគ្មានអំពើពុករលួយនិងគ្មានការប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះក្រុមសង្គមស៊ីវិលអំពាវនាវស្នើឱ្យរដ្ឋាភិបាលបញ្ចេញនូវរបាយការណ៍ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន (EIA) ដើម្បីជាប្រយោជន៍សាធារណៈ។
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez-Davidson) ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន មានតម្លាភាពក្នុងការបើកដៃឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជា។ លោក អាឡិច បន្តថា ជ្រកក្រោមស្លាកអភិវឌ្ឍន៍ ក្រុមហ៊ុនចិនក្នុងខេត្តព្រះសីហនុកន្លងទៅបង្កផលប៉ះពាល់លើបរិស្ថានយ៉ាងច្រើន។ លោកថា ចំពោះក្រុមហ៊ុននេះទៀតសោត ប្រសិនបើរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន មិនយកចិត្តទុកដាក់គ្រប់គ្រងកាកសំណល់ចេញពីរោងចក្រឱ្យបានល្អត្រឹមត្រូវនោះទេ នឹងមានការបំពុលបរិស្ថាន ដែលនឹងប៉ះពាល់ជីវិតមនុស្ស និងសត្វនៅក្នុងសហគមន៍ធ្ងន់ធ្ងរ៖ «ពាក់ព័ន្ធក្រុមហ៊ុនចិន ដឹងថាតម្លាភាព និងការទទួលខុសត្រូវជូនចំពោះប្រជាពលរដ្ឋអត់មានទេ ចំណែកអំពើពុករលួយមានពេញទំហឹង គឺអត់ខ្វល់ពីបរិស្ថាន នេះយើងនិយាយពី ៦ -៧ ឆ្នាំកន្លងមកនៅទីក្រុងព្រះសីហនុ។ យើងសង្ឃឹមថាក្រុមហ៊ុនផលិតកង់ឡានមួយនេះ អាចចាប់ផ្តើមធ្វើសកម្មភាពបែបផ្សេង ជាពិសេសមានតម្លាភាពចំពោះប្រជាជាតិផង និងចំពោះប្រជាជនមូលដ្ឋានផង »។

បើតាមកាសែតភ្នំពេញបុស្តិ៍ចេញផ្សាយថ្មីៗនេះក្រុមហ៊ុនចិនមួយនេះគ្រោងសាងសង់រោងចក្រផលិតកង់ឡានធំជាងគេនៅកម្ពុជា លើផ្ទៃដីទំហំជាង ១ពាន់ហិកតារ ( ១.១១៣ ) ដែលស្ថិតនៅក្នុងឃុំពូធឿង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ថែមពីនេះ តាមការប្រកាសរបស់ក្រុមហ៊ុន Jiangsu General ក្រោយពេលបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនរំពឹងថា នឹងអាចបង្កើតការងារថ្មីជាង ៨០០ កន្លែង និងទទួលបានចំណូលពីការផលិតប្រចាំឆ្នាំជាមធ្យម ២៤លានដុល្លា (២៤,៩០០,០០០)។ ចំណែកឯការលក់ក្នុងស្រុកនិងចេញទៅក្រៅប្រទេស មានចំនួនប្រមាណជាង ២០០លានដុល្លា (២០៦,០០០.០០០) នៅក្នុងមួយឆ្នាំ។
ចំណែកឯសមាជិកបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា ផ្តល់ទស្សនៈថា ទោះបីក្រុមហ៊ុននេះជាផ្នែកមួយធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន លោកទាមទារឱ្យរដ្ឋាភិបាលត្រូវតែយកចិត្តខ្ពស់ និងពិនិត្យឱ្យបានល្អិតល្អន់ទៅលើផលប៉ះពាល់បរិស្ថាន ព្រោះលោកយល់ថា បរិស្ថានគ្មានការបំពុលចេញពីរោងចក្រជាចំណុចចម្បងមួយសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទទួលបានសុខុមាលភាពល្អប្រសើរ។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន ឱ្យតម្លៃខ្ពស់លើបរិស្ថាន ជាងសេដ្ឋកិច្ច ហើយរាល់សកម្មភាពអភិវឌ្ឍន៍ទាំងអស់ ត្រូវធានាថា ធនធានធម្មជាតិ បរិស្ថាន មិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៖ « អាជ្ញាធរពាក់ព័ន្ធគួរតែជំរុញឱ្យក្រុមហ៊ុន ធ្វើការសិក្សាឱ្យបានហ្មត់ចត់ និងច្បាស់លាស់ ជាពិសេសត្រូវតែបើកបង្ហាញរាល់ព័ត៌មានដែលពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ការអភិវឌ្ឍន៍ទាំងនោះធ្វើឡើងចំគោលដៅ មានគុណភាព និងប្រសិទ្ធភាព » ។

ជាការឆ្លើយតបជុំវិញរឿងនេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ បានប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១ ខែកក្កដា ថាដំណើរការអនុវត្តគម្រោងនេះមានការឆ្លងកាត់ការសិក្សា លើសារធាតុគីមី គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងកាកសំណល់ផ្សេងៗចេញពីរោងចក្រ និងវាយតម្លៃផលប៉ះពាល់ច្បាស់លាស់។ លោកបន្ថែមថា ក្នុងការគ្រប់គ្រងទឹកកខ្វក់ មន្ទីរជំនាញកំពុងស្ថាបនាស្ថានីយបូមទឹកកខ្វក់ចំនួន ៣ទីតាំង និងបានជួសជុលពង្រីកទីតាំងស្ថានីយបូមទឹកកខ្វក់ ៤កន្លែង បង្កើតឡើងដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដើម្បីបូមបង្វែរទឹកកខ្វក់កុំឱ្យហូរចូលទៅក្នុងសមុទ្រ និងតំបន់សហគមន៍របស់ប្រជាពលរដ្ឋ៖ «មុននឹងអនុវត្តគម្រោងនីមួយៗ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំទៅក្រសួងពាក់ព័ន្ធ ហើយក្រុមហ៊ុនត្រូវតែធ្វើរបាយការណ៍កំណត់ហេតុផលប៉ះពាល់បរិស្ថានហ្នឹង ដើម្បីដាក់ឆ្លងអន្តរក្រសួង ។ អញ្ចឹងនៅពេលឆ្លងអន្តរក្រសួងហ្នឹង ក្រសួងជំនាញនីមួយៗលោកនឹងផ្តល់យោបល់ហើយ តើមានផលប៉ះពាល់អីខ្លះ ហើយត្រូវអនុលោមតាមស្តង់ដារអីខ្លះ»។
ទោះជាយ៉ាងណាអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថាក្រុមហ៊ុនចិនភាគច្រើនមកវិនិយោគក្នុងខេត្តព្រះសីហនុ ហាក់មានការលាក់បាំងពីដំណោះស្រាយក្នុងការកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។ អ្នកស្រីបន្តថាកន្លងទៅមានក្រុមហ៊ុនចិនមួយចំនួនមិនបានគិតគូរពីផលប៉ះពាល់បរិស្ថានឡើយដោយបានបង្ហូរទឹកស្អុយចេញពីរោងចក្រចូលសមុទ្រធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។
ដោយឡែកក្រុមហ៊ុនចិននេះទៀតសោត អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា នៅតំបន់ខាងក្រោម នៃទីតាំងសាងសង់រោងចក្រនេះ មានប្រជាជនរស់នៅរាប់រយគ្រួសារ ដូច្នេះអ្នកស្រី ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ ត្រូវតែរៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ជៀសវាងមានការបំពុល និងមានសារធាតុគីមីចេញពីរោងចក្រទៅលើមូលដ្ឋានប្រជាពលរដ្ឋកំពុងរស់នៅ៖ « នៅតំបន់ភូមិពូធឿងហ្នឹងនៅតំបន់ខាងក្រោម គឺមានប្រជាពលរដ្ឋរស់នៅច្រើន។ អញ្ចឹងខ្ញុំសង្ឃឹមថាមន្រ្តីដែលពាក់ព័ន្ធទៅនឹងការទទួលខុសត្រូវលើសំណង់ និងបរិស្ថាន រៀបចំប្រព័ន្ធ លូ ប្រឡាយ អីហ្នឹង និងយកចិត្តទុកដាក់ក្នុងការពិនិត្យមើលនៃការសាងសង់រោងចក្រនេះ » ។

ក្រុមហ៊ុនខ្នាតយក្សចិនឈ្មោះ ជាំងស៊ូ ចេន័រ៉ល សាយអិន ថិកណូឡូជី (Jiangsu General Science Technology) ដែលមានមូលដ្ឋាននៅប្រទេសចិនបានប្រកាសក្នុងគេហទំព័រ យូរ៉ុបភៀន រ៉ាប់បឺ ជ័រណល (European rubber journal) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ថា នឹងវិនិយោគទុនទឹកប្រាក់ជាង២០០រយលានដុល្លារ (២០៥,០០០.០០០) ដើម្បីសាងសង់រោងចក្រផលិតសំបកកង់រថយន្តក្នុងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ ជាងនេះទៅទៀតក្រុមហ៊ុនចិននេះអះអាងថាអាចផលិតសំបកកង់រថយន្តដឹកអ្នកដំណើរបាន ៦ លានគ្រឿងក្នុងមួយឆ្នាំ។
មន្រ្តីសង្គមស៊ីវិលនិងអ្នកស្រលាញ់បរិស្ថាន យល់ឃើញថា តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនចិននេះ អាចមានឱកាសផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរបានច្រើននាក់។ ជាងនេះទៅទៀតពួកគេសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងជួយលើកកម្ពស់ដំណាំកៅស៊ូផ្តល់តម្លៃខ្ពស់និងមានស្ថេរភាពក្នុងទីផ្សារជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមគ្នានេះដែរ ក្រុមអ្នកឃ្លាំមើលបរិស្ថានក៏សង្ឃឹមថា រដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធយកចិត្តទុកដាក់លើការការពារបរិស្ថានល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។