យុវជន​រក​ឃើញ​ការ​នេសាទ​ខុសច្បាប់​និង​លក់​សត្វព្រៃ​តាម​ផ្សារ​ក្នុង​ខេត្តស្ទឹងត្រែង និង​ក្រចេះ

ដោយ នៅ វណ្ណារិន
2023.03.11
យុវជន​រក​ឃើញ​ការ​នេសាទ​ខុសច្បាប់​និង​លក់​សត្វព្រៃ​តាម​ផ្សារ​ក្នុង​ខេត្តស្ទឹងត្រែង និង​ក្រចេះ ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង ថ្លែង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយរបាយការណ៍ ស្ដីពី “ការចូលរួមរបស់សហគមន៍ និងយុវជន ដើម្បីការពារ និងអភិរក្សទន្លេមេគង្គផ្នែកខាងលើ នៅក្នុងភូមិសាស្ត្រខេត្ដស្ទឹងត្រែង និងខេត្ដក្រចេះ” កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក​ លោក ហេង គឹមហុង

ក្រុម​យុវជន​រក​ឃើញ​ថា ការ​នេសាទ​ខុសច្បាប់ នៅ​តាម​ដង​ទន្លេមេគង្គ និង​ការ​តាំង​លក់​សាច់​សត្វព្រៃ​នៅ​លើ​ទីផ្សារ​នៅតែ​កើតមាន​គួរ​ឱ្យ​ព្រួយ​បារម្ភ ឋិត​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្តក្រចេះ។ការ​លើកឡើង​នេះ​ក្រោយពី​ពួកគាត់​បាន​ចុះ​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន អស់​ជាច្រើន​ខែ ឋិត​នៅ​តំបន់​ផ្នែក​ខាងលើ​នៃ​ទន្លេ​មេគង្គ ចាប់ពី​ទី​រួម​ខេត្តក្រចេះ រហូត​ទល់នឹង​ព្រំដែន​ឡាវ។

សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) រក ឃើញ​ថា ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​តំបន់​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាងលើ​គឺជា​តំបន់​មាន​សក្ដានុពល​ខ្លាំង​ផ្នែក​ធនធានធម្មជាតិ ជីវចម្រុះ និង​វិស័យ​ទេសចរណ៍​កំពុង​ប្រឈម​នឹង​ការ​បំផ្លិចបំផ្លាញ​ដោយ​សកម្មភាព​ខុសច្បាប់​នានា។

ពួកគាត់​អះអាង​ថា បើទោះ​ជា​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ជលផល​យ៉ាង​ទូលំទូលាយ​ក្តី ក៏​សកម្មភាព​នេសាទ​ខុសច្បាប់ ការ​ជួញដូរ​សត្វព្រៃ និង​ប្រភេទ​ត្រី​កម្រ​ហាមឃាត់​នៅតែ​កើតមាន​ច្រើន​នៅ​ទីផ្សារ​រួម​មាន​បបែល​ទឹកសាប ត្រី​ក្របី និង​ត្រី​គល់រាំង​ជាដើម។

ចំណែក​សាច់សត្វ​ព្រៃ​នៅតែ​តាំង​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ហើយ​ម្ចាស់​ហាង​ភោជនីយដ្ឋាន​មួយចំនួន​បាន​យក​សាច់​សត្វព្រៃ​ធ្វើជា​ម្ហូប​លក់​ឱ្យ​ភ្ញៀវ។

របាយការណ៍​កម្រាស់ ៤២​ទំព័រ ដែល​មាន​ចំណង​ជើង​ថា “​ការ​ចូលរួម​របស់​សហគមន៍ និង​យុវជន​ដើម្បី​ការពារ និង​អភិរក្ស​ទន្លេមេគង្គ​ផ្នែក​ខាងលើ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្តក្រចេះ​បង្ហាញថា​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បាន​ប្រើប្រាស់​វិធីសាស្ត្រ​ចំនួន ៤​សំខាន់ៗ​គឺ​ជួប​សម្ភាសន៍​ផ្ទាល់​ដោយ​ប្រើ​បញ្ជី​សំនួរ​ជា​ប្រព័ន្ធ​ជាមួយ​មនុស្ស​ជាង​១២០​នាក់​ការ​ជួបពិភាក្សា​ជា​ក្រុម និង​ការអង្កេត​ផ្ទាល់​នៅក្នុង​សហគមន៍​ជាដើម។

បេសកកម្ម​នេះ​ធ្វើឡើង​អស់​រយៈពេល ៧​ខែ​ចាប់តាំងពី​ខែ​សីហា ឆ្នាំ​២០២២ រហូត​មក​ដល់​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គោលបំណង​សំខាន់​នៃ​ការ​ធ្វើ​របាយការណ៍​នេះ ចង់​ស្វែងយល់​ពី​ការចូលរួម​របស់​យុវជន និង​សហគមន៍​ថា​តើ​ពួកគាត់​បាន​ចូលរួម​កម្រិត​ណា ក្នុង​ការ​ការពារ​ទន្លេមេគង្គ? លោក​បញ្ជាក់​ថា ខ្លឹម​សារសំខាន់​នៃ​របាយការណ៍​នេះ​ជំរុញ​ឱ្យ​អាជ្ញាធរ​រក​វិធីសាស្ត្រ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ភារកិច្ច​ការពារ​ទន្លេមេគង្គ​ខណៈ​ដែល​បច្ចុប្បន្ន​ចំនួន​អាជ្ញា​ធរមាន​តិចតួច​នៅឡើយ​ហើយ​អាជ្ញាធរ​ខ្លះទៀត​អសកម្ម​មិនបាន​បំពេញ​តួនាទី​ពេញលេញ​ការពារ​ធនធានធម្មជាតិ​និង ទប់ស្កាត់​បទល្មើស​នេសាទ។

លោក ហេង គឹមហុង៖ «សហគមន៍​មាន​ទំនាក់ទំនង​អំពើពុករលួយ​បែរ​ជា​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ធនធាន​ធម្មជាតិ​តាម​ដង​ទន្លេមេគង្គ ជាពិសេស​បទល្មើស​ការ​ជួញដូរ​សាច់​ព្រៃ និង​បទល្មើស​នេសាទ»

របាយការណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៩ មីនា បន្ថែម​ថា ការ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ និង​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៣ គឺ​តំបន់​រ៉ាមសារ ខេត្ត​ស្ទឹងត្រែង ដែន​ជម្រក​សត្វព្រៃ​ឡង់ ដែន​ជម្រក​សត្វព្រៃ​សំបូរ និង​តំបន់​ច្រក​របៀង​ជីវចម្រុះ។

របាយការណ៍​ដដែល​បន្ថែម​ថា កត្តា​មិន​យកចិត្តទុកដាក់​ការប្រព្រឹត្ត​អំពើពុករលួយ និង​កង្វះ​សម្ភារៈ​ទំនើប​ប្រើប្រាស់​ដើម្បី​ទប់​ស្កាត់​បទល្មើស​នេសាទ បាន​ក្លាយ​ជា​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កិច្ចការ​អភិរក្ស​ក្នុង​តំបន់​ទន្លេមេគង្គ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ដ្រា និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​កញ្ញា អ៊ឹម រចនា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១០ មីនា។

ក៏​ប៉ុន្តែ​អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ដ្រា បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៃ​យុទ្ធនាការ​បញ្ចប់​វិបត្តិ​អន្ទាក់ និង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​កាលពី​សប្តាហ៍​កន្លង​ទៅ​ថា ពលរដ្ឋ​បាន​យល់ដឹង​ច្រើន​ជាង​មុន​ដោយ​បណ្ដុះ​ស្មារតី​ស្រលាញ់​បរិស្ថាន និង​សត្វព្រៃ​កាន់តែ​ខ្លាំង​ដោយ​ពួកគាត់​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ឈប់​ទទួល​ទាន​សត្វព្រៃ​ហើយ​ងាក​មក ចូលរួម​ការពារ។ រីឯ​ម្ចាស់​ភោជនីយដ្ឋាន​ចំនួន ៥២​កន្លែង ក៏​ចូលរួម​យុទ្ធនាការ​អន្ទាក់​សូន្យ​លើក​ទី​១​ដែរ។ លោក​បញ្ជាក់​ថា ការ​ចូលរួម​របស់​សាធារណជន​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែម​ទៀត​អាច​ជួយ​ឱ្យ​សម្រេច​គោលដៅ​បញ្ឈប់​ការ​ដាក់​អន្ទាក់ និង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់។

ក្រុម​ស្នូល​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់​លោក ខេង ខូ ចាត់ទុក​របាយការណ៍​នេះ ឆ្លុះបញ្ចាំង​ពី​ការពិត​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នៅ​តែ​ធូររលុង​អនុញ្ញាត​ឱ្យ​អាជីវករ​តាំង​លក់​សាច់​សត្វ​ព្រៃ​នៅ​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង និង​លក់​នៅ​តាម​ភោជនីយដ្ឋាន​មួយ​ចំនួន។

លោក​ថា សកម្មភាព​នេសាទ​ខុសច្បាប់​ដោយ​ប្រើ​ឧបករណ៍​ទំនើប​ឆក់​ក្តៅ និង​ត្រជាក់​នៅ​តែ​កើត​មាន​ច្រើន​ក្នុង​អាង​ទន្លេ​មេគង្គ​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​ធំៗ។

ចំណែក​សត្វព្រៃ​ដែល​តាំង​លក់​នៅ​ទីផ្សារ​ភាគច្រើន​មាន​ប្រភព​ចេញពី​ដែនជម្រកសត្វព្រៃ​ឡង់​ដែល​ក្រុម​ជនល្មើស​លួច​ដាក់​អន្ទាក់​និង​ប្រើ​អគ្គិសនី​ឆក់​ចាប់​សត្វព្រៃ​លក់​។​លោក​បញ្ជាក់​ថា បញ្ហា​ប្រឈម​ទាំងនេះ​នៅតែ​កើតមាន​ដដែលៗ​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​អាជ្ញាធរ​គ្មាន​សមត្ថភាព​ដោះស្រាយ​នៅឡើយ​ទេ។

លោក ខេង ខូ៖ «បទល្មើស​ច្រើន​មែន​ឆក់​តាម​ដង​ទន្លេ​គេ មិន​ខ្លាច​ទេ​សូម្បី​ជលផល​ក៏​ចុះ​បង្ក្រាប​រហូត​ដែល តែ​ពេល​យូរៗ​គាត់​អត់​មាន​ថវិកា​ល្បាត​គាត់​ធ្វើ​កន្តើយ​។ សំណូមពរ​ដល់​រដ្ឋាភិបាល​រឹត​បន្តឹង​អនុវត្ត​ច្បាប់ បើ​ពុំ​ដូច្នេះ​ទេ ការបាត់បង់​សាច់​ព្រៃ​មាន​ការ​កើនឡើង​គំហុក»

ចំណែក​ប្រជា​សហគមន៍​នេសាទ​ព្រែកកាំពី ខេត្តក្រចេះ​លោកស្រី ឃុត ម៉ុម សង្កេត​ឃើញ​ថា ត្រី​មេ​ពូជ​ធំៗ​ដែល​តាំង​លក់​នៅ​ទីផ្សារ​ភាគច្រើន​គឺ​ប្រមូល​ទិញ​ពី​ក្រុម​ជនល្មើស​លួច​ឆក់​ត្រី​បាន​នៅ​ដង​ទន្លេ​មេគង្គ។ លោកស្រី​ថា អាជ្ញាធរ​គួរតែ​ហាមឃាត់​ការទិញ​និង​លក់ដូរ​ត្រី​ដែល​មាន​ប្រភព​ពី​ការ​នេសាទ​ខុសច្បាប់​ព្រោះ​អាជីវកម្ម​នេះ ហាក់​លើកទឹកចិត្ត​ឱ្យ​ក្រុម​ជនល្មើស​បន្ត​សកម្មភាព​ខុសច្បាប់។

លោកស្រី ឃុត ម៉ុម៖ «មាន​ការ​ថយ​ចុះ​ត្រី​ដោយសារតែ​អ្នកនេសាទ​ខុសច្បាប់​ហ្នឹង។ ពី​មុន​មក​ត្រី​អន្លង់​ពូជ​មាន​តែ​ពេល​ក្រោយ​មក​មាន​ការ​នេសាទ​ខុសច្បាប់​ហ្នឹង​ធ្វើ​ឱ្យ​ត្រី​មេ​ពូជ​ក្នុង​អន្លង់​យើង​ហ្នឹង​!​វា​កាត់​បន្ថយ​វា​បាត់បង់»

របាយការណ៍​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​បាន​បង្ហាញ​រូបភាព​សត្វ​បបែល​ទឹកសាប​ដ៏​កម្រ​មួយ ទម្ងន់​ជាង​១០​គីឡូក្រាម ប្រវែង​៦​តឹក​រាង​ជា​រង្វង់​ដែល​ត្រូវ​បាន​បុរស​ម្នាក់ ចាប់​យក​មក​លក់​នៅ​ទីផ្សារ​ខេត្តស្ទឹងត្រែង​ត្រង់​រង្វង់​មូល​មាត់ទន្លេ។ រីឯ​សាច់សត្វ​ឈ្លូស​និង​ត្រី​មេ​ពូជ​ធំៗ​ដែល​ជា​ប្រភេទ​ត្រី​កម្រ​ជិត​ផុត​ពូជ ក៏​មាន​តាំង​លក់ នៅ​ទីផ្សារ​ខេត្ត​ស្ទឹងត្រែង​ដែរ។

របាយការណ៍​ដដែល​នេះ​បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដោយ​ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​អធិការកិច្ច​ការពារ​ដោយ​ជំរុញ​ឱ្យ​ក្រសួង​កសិកម្ម និង​ក្រសួងបរិស្ថាន​បំពេញ​តួនាទី​ការពារ​និង​អភិរក្ស​ត្រី​ជីវចម្រុះ និង​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ទន្លេមេគង្គ​ឱ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង។

លើស​ពី​នេះ​ទៀត ដង​ទន្លេមេគង្គ​ឋិត​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​រហូត​ទល់​នឹង​ព្រំដែន​ឡាវ​មាន​ទេសភាព​ប្លែកៗ​អម​ដោយ​ព្រៃ​លិច​ទឹក សត្វ​ស្លាប​ឆ្នេរ​ខ្សាច់ និង​កោះ​ជាច្រើន​ដុះ​ស្អេកស្កះ​គឺជា​ប្រភព​ធម្មជាតិ​យ៉ាង​សំខាន់ ដែល​អ្នកទេសចរ​ចាប់​អារម្មណ៍​មក​ទស្សនា​និង​ស្វែង​យល់​​ពី​សក្ដានុពល​ទឹកទន្លេ​ដែល​ជា​កន្លែង​រក​ប្រាក់​ចំណូល​បន្ទាប់​បន្សំ​ថ្មី​មួយ​ទៀត​សម្រាប់​ប្រជា​សហគមន៍​មូលដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។