មហាជនជិត ៤.០០០នាក់ នាំគ្នាជិះកង់នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងពីបម្រែបម្រួលអាកាសធាតុ។ ការជិះកង់នេះ ដឹកនាំដោយប្រតិភូសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា និងបានរៀបចំដំណើរកម្សាន្តដោយការជិះកង់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០១៥ ដោយចេញដំណើរពីពហុកីឡាដ្ឋានអូឡាំពិក និងកាត់តាមស្ថានទូតនានានៃប្រទេសជាសមាជិកសហគមន៍អឺរ៉ុប។
អ្នកចូលរួមទាំងនោះមានកង់ម្នាក់មួយៗរៀងខ្លួន ពាក់មួកពណ៌ស និងអាវយឺតសដូចគ្នា នាំគ្នាជិះកង់ដោយសន្សឹមៗពោរពេញដោយទឹកមុខញញឹមស្រស់ស្រាយ។ គោលបំណងធំៗនៃការជិះកង់នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងពីការប្រែប្រួលអាកាសធាតុក្នុងប្រធានបទថា អឺរ៉ុបលើកកម្ពស់ការជិះកង់ដើម្បីអាកាសធាតុល្អ ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។
ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean-Francois Cautain) ថ្លែងថា យុទ្ធនាការធ្វើឡើងចំពេលដែលសហភាពអឺរ៉ុប កំពុងរកកិច្ចព្រមព្រៀងមួយដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ លោកបន្តថា ការជិះនេះសមស្របទៅនឹងការរួមចំណែកធ្វើឲ្យបរិយាកាសល្អ៖ «ថ្ងៃនេះមានអ្នកចូលរួមច្រើនមែនទែន ខ្ញុំរីករាយណាស់ចំពោះវត្តមាននេះ»។
អ្នកចូលរួមភាគច្រើនជាយុវជន ក្រៅពីនេះក៏មានមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា និងតំណាងទូតនានានៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ក្រុមអ្នកជិះកង់ធ្វើដំណើរចេញពីពហុកីឡាដ្ឋានអូឡាំពិក ទៅតាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងភ្នំពេញ ឆ្លងកាត់តាមបណ្ដាស្ថានទូតចំនួន ៤ ដែលជាសមាជិករបស់សហគមន៍អឺរ៉ុប និងរមណីយដ្ឋានវត្តភ្នំ និងសហភាពអឺរ៉ុប រួចហើយវិលចូលពហុកីឡាដ្ឋានអូឡាំពិកវិញ។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន លើកឡើងថា ការជិះកង់នេះដើម្បីកែលំអបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។ លោកថ្លែងថា នេះជាយុទ្ធនាការមួយធ្វើឲ្យមានការភ្ញាក់រលឹកក្នុងកិច្ចការពារបរិស្ថាន៖ «ការចូលរួមនេះដើម្បីកែលំអបរិស្ថាន ក៏ដូចជាលើកស្ទួយបរិយាកាសនៅក្នុងរាជធានី។ ខ្ញុំសូមអរគុណចំពោះការចូលរួមនេះ»។
មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាននៃសហភាពអឺរ៉ុបប្រចាំកម្ពុជា អ្នកស្រី ប៉ុក ពូន ឲ្យដឹងថា កម្មវិធីនេះទទួលបានជោគជ័យ ព្រោះមានអ្នកចូលរួមច្រើនលើសពីការរំពឹងទុក ព្រមទាំងមានការចូលរួមចំណែកពីសមត្ថកិច្ច និងប្រជាពលរដ្ឋ។
មន្ត្រីសង្គមស៊ីវិលសម្ដែងការគាំទ្រសកម្មភាពនេះ ប៉ុន្តែទោះយ៉ាងណាក្តី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្ដិ យល់ថា រដ្ឋាភិបាលមានលំអៀងដោយសារមានសកម្មភាពការពារបរិស្ថានរបស់សង្គមស៊ីវិលអាជ្ញាធរតែងតែប្រឆាំងនិងរារាំង៖ «ទូទៅខ្ញុំអបអរសាទរ ប៉ុន្តែខ្ញុំដូចជាអន់ចិត្តបន្តិច ព្រោះពេលសង្គមស៊ីវិលក្នុងស្រុកធ្វើសកម្មភាពដូចនេះសមត្ថកិច្ចមិនអនុញ្ញាតទេ»។
អ្នកចូលរួមជិះកង់ម្នាក់ជានិស្សិតនៃសកលវិទ្យាល័យមួយនៅភ្នំពេញ លោក សិន ធារិទ្ធិ ប្រាប់ក្រោយពេលជិះកង់ថា ទោះលោកហត់អស់កម្លាំង ប៉ុន្តែលោកសប្បាយចិត្ត ព្រោះមានអ្នកចូលរួមច្រើនយល់ដឹងថា ការជិះកង់ចូលរួមកាត់បន្ថយការបំពុលបរិស្ថាន។ យុវជនរូបនេះចង់ឃើញមានយុទ្ធនាការជិះកង់ដូចនេះក្នុងក្រុងតទៅទៀត៖ «ហត់គួរសមដែរ ប៉ុន្តែភាពហត់នឿយចេញអស់ពីខ្លួនពេលឃើញអ្នកចូលរួមច្រើន»។
យោងតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ឆ្នាំ២០១៥ ជាឆ្នាំសំខាន់ និងជាឆ្នាំចុងក្រោយនៃការបញ្ចប់នៃការចរចាលើកិច្ចព្រមព្រៀងបញ្ហាអាកាសធាតុ ដើម្បីធ្វើយ៉ាងណាឲ្យភពផែនដីមាននិរន្តរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
