ការបាក់ទំនប់បូមខ្សាច់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិភោជនីយដ្ឋានពីរកន្លែង និងផ្ទះសំណាក់មួយកន្លែង នៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការវាយដំបូងៗរបស់ម្ចាស់ទ្រព្យថា ការខូចខាតនេះអាចអស់ទឹកប្រាក់ប្រមាណកន្លះលានដុល្លារ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង ១២ថ្ងៃត្រង់ នៅថ្ងៃទី៣ ខែវិច្ឆិកា ខណៈដែលក្រុមហ៊ុនកំពុងបូមខ្សាច់ធ្វើការសាងសង់ធ្វើទីក្រុងរណប។
ភោជនីយដ្ឋាន បឹងមាស ភោជនីយដ្ឋាន ម៉ែក្មេក២ និងផ្ទះសំណាក់សារិការ ត្រូវបានអាជ្ញាធរវាយតម្លៃថា រងការខូចខាតធ្ងន់ធ្ងរ។ យ៉ាងហោចណាស់ទ្រព្យសម្បត្តិរបស់ភោជនីយដ្ឋានបឹងមាស ត្រូវបានម្ចាស់ហាងអះអាងថា រងការខូចខាតសម្ភារៈ ដែលគិតជាទឹកប្រាក់ជាង ៥០ម៉ឺនដុល្លារ។
លោកស្រី លឹម ស្រី អ្នកគ្រប់គ្រងភោជនីយដ្ឋានបឹងមាស ដែលឃើញផ្ទាល់ហេតុការណ៍នេះឲ្យដឹងថា ភោជនីយដ្ឋានលោកស្រីរងការលិចលង់តាំងពីក្រោយហាងដល់មុខហាង ហើយបន្ទប់ខារ៉ាអូខេត្រូវទឹលលិចស្ទើរទាំងអស់។ លោកស្រីថា គ្រឿងអេឡិចត្រូនិកនៅក្នុងបន្ទប់ខារ៉ាអូខេ ទាំងអស់ត្រូវខូចខាត។ តំណាងភោជនីយដ្ឋានរូបនេះទាមទារសមត្ថកិច្ចអន្តរាគមន៍ទៅក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ដើម្បីដោះស្រាយ៖ «យើងប្រៀបធៀបទៅដូចស៊ូណាមីស្រុកថៃ អ៊ីចឹង គ្រាន់តែក្មេងៗថា អ៊ីទឹកលិចហើយ ទឹកដល់ជង្គង់តែម្ដង»។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ ឲ្យដឹងថា នៅពេលបាក់ទំនប់ ទឹកបានហូរយ៉ាងលឿនពីការដ្ឋានបូមខ្សាច់មកភោជនីយដ្ឋានតែជាងកន្លះម៉ោងប៉ុណ្ណោះ គឺត្រូវលិចគ្រប់កន្លែង។ ខណៈដែលមានទឹកហៀរហូរដូចនេះ ក្រុមប្រជាពលរដ្ឋ និងកម្មកររបស់ភោជនីយដ្ឋានរងផលប៉ះពាល់បានប្រើម៉ាស៊ីនបូមទឹកចេញ ប៉ុន្តែគ្មានវត្តមានតំណាងក្រុមហ៊ុនបង្កចុះមកអន្តរាគមន៍បើទោះជាប្រជាពលរដ្ឋបានជូនដំណឹងទៅក្រុមហ៊ុនក្ដី។
បន្ទាប់ពីចុះដល់កន្លែងកើតហេតុ អភិបាលខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ លោក ឃ្លាំង ហួត ប្រាប់ថា ការបាក់ទំនប់នេះ ដោយសារការខ្សាច់នេះមានលាយភក់និងមានទឹក។ លោក ឃ្លាំង ហួត បន្តថា ហេតុការណ៍គឺបណ្ដាលមកពីក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ដូច្នេះ ក្រុមហ៊ុនត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋ។ លោកអភិបាលបន្ថែមថា អាជ្ញាធរនឹងរឹតបន្តឹងការធ្វើការងាររបស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី៖ «ហេតុការណ៍នេះ វាកើតឡើងដោយសារតែរឿងចៃដន្យ ប៉ុន្តែមកពីការធ្វេសប្រហែសមិនយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់អ្នកគ្រប់គ្រងក្រុមហ៊ុន អូ.ស៊ី.អាយ.សី»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី លោក ទូច សំណាង បានទេ នៅថ្ងៃទី៣ ខែវិច្ឆិកា។ ចំណែកប្រធានការដ្ឋានបូមខ្សាច់នៃក្រុមហ៊ុននេះ គឺលោក ម៉ី សារិន មានប្រសាសន៍យ៉ាងខ្លីថា រឿងនេះអភិបាលខណ្ឌដោះស្រាយហើយ។ ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី គឺជារបស់លោកឧកញ៉ា ពុង ខៀវសែ ទទួលបានសិទ្ធិវិនិយោគទីក្រុងរណបតំបន់ជ្រោយចង្វារ ប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់ដោយគម្រោងនេះរាប់រយគ្រួសារមិនទាន់ទទួលបានសំណងពីក្រុមហ៊ុននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។