សកម្មជនបរិស្ថាន និង សហគមន៍នៅខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុនសំអឿន សុវណ្ណនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីព្រៃអភិរក្ស និងព្រៃសហគមន៍ ចូលការដ្ឋានក្រុមហ៊ុនដដែល ពុំមានស្ថាប័នណា ចុះស៊ើបអង្កេតនៅឡើយទេ បើទោះបីជាពួកគេបានផ្តល់ព័ត៌មានពីភាពមិនប្រក្រតីនៃអាជីវកម្មឈើនេះជាច្រើនសារក្តី។
អ្នកភូមិថា ក្រុមហ៊ុននេះ បានដឹកជញ្ជូនឈើ តាមរថយន្តយីឌុប ចេញក្រៅនៅពេលយប់ ដោយឆ្លង កាត់ភូមិសាស្ត្រខេត្តកំពង់ធំ ទំនងយកទៅលក់នៅក្រៅប្រទេស។
ប្រជាសហគមន៍រស់នៅឃុំសង្កែពីរ ស្រុកឆែប និងសកម្មជនបរិស្ថាន សង្កេតឃើញថា ការប្រមូលទិញឈើខុសច្បាប់ ពីដែនជម្រកសត្វព្រៃព្រះរកា ព្រៃសហគមន៍ និងដែនជម្រកសត្វព្រៃឡង់ ពីសំណាក់ក្រុមហ៊ុនសំអឿន សុវណ្ណ គឺ ធ្វើឲ្យដើមឈើធំៗ ក្នុងតំបន់ព្រៃការពារធម្មជាតិទាំងនោះនឹងរលាយទាំងស្រុងនៅពេលដ៏ខ្លីខាងមុខ។
សហគមន៍រស់នៅឃុំសង្កែពីរថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២០ ឧសភាថា ព្រៃសហគមន៍សាមគ្គីសង្កែពីរ និងព្រៃសហគមន៍ផ្សេងទៀត ឋិតក្នុងស្រុកឆែប និងស្រុកជ័យសែន បានបាត់បង់ដើមឈើធំៗ អស់ស្ទើរទាំងស្រុង ដោយសារអ្នកភូមិខ្លះសម្រុកដណ្តើមគ្នាកាប់ យកឈើលក់ឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ។ លើសពីនេះ ក្រុមហ៊ុននេះ បានកែនពលរដ្ឋឲ្យចូលព្រៃឡង់ និងព្រៃព្រះរកា កាប់ឈើធំៗលក់ឲ្យខ្លួន ក្រោយពីប្រមូលទិញឈើក្នុងព្រៃសហគមន៍ នៅតំបន់នោះអស់ស្ទើរទាំងស្រុង។ លោកថា ស្ទើរជារៀងរាល់យប់ មានរថយន្តយីឌុបធំៗ បានដឹកជញ្ជូនឈើចេញពីការដ្ឋានក្រុមហ៊ុន សំអឿន សុវណ្ណ ឆ្លងកាត់ខេត្តកំពង់ធំ៖ « រឿងផលប៉ះពាល់ គឺប៉ះពាល់ខ្លាំងណាស់ ពលរដ្ឋភ័យព្រួយអត់មានឈើធ្វើផ្ទះសម្បែង បើវាដឹកឈើរាល់តែយប់ មួយយប់ៗ ៤ ទៅ ១០អាយីឌុប ( រថយន្តធុនធំ ) ។ ពលរដ្ឋគ្នាភ័យព្រួយ តែធ្វើយ៉ាងម៉េចទៅរួចគ្នា។ សព្វថ្ងៃដូចប៉ូលិសអីទប់ស្កាត់អីវា បើឃើញឡាន មិនហ៊ានងើបក្បាលផង » ។
សេចក្តីរាយការណ៍ពីសហគមន៍ឃុំសង្កែពីរ ឲ្យដឹងថា ក្រុមហ៊ុន សំអឿន សុវណ្ណ បានបើកទីតាំងប្រមូលទិញឈើ ក្នុងបរិវេណក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ ដោយយកលេសថា ប្រមូលឈើក្នុងដីសម្បទានសេដ្ឋកិច្ច ដែលមានលិខិតអនុញ្ញាត តែធាតុពិតក្រុមហ៊ុននេះ បានទិញឈើគ្រប់តំបន់ ជាពិសេស ឈើដែលយកចេញ ពីដែនជម្រកសត្វព្រៃព្រះរកា ក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យ សែន ខេត្តព្រះវិហារ និងមានឈើខ្លះដឹកចេញពីព្រៃឡង់ខេត្តស្ទឹងត្រែងផង។
សកម្មជនបរិស្ថានដែលចុះសង្កេតរឿងនេះ លោក ហេង ស្រស់ អះអាងថា សកម្មភាពដឹកជញ្ជូនឈើពីខាងក្រៅ ចូលការដ្ឋានក្រុមហ៊ុនបាន ដោយសារតែអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បានទទួលសំណូកពីក្រុមឈ្មួញ។ លោកថា មន្ត្រីពាក់ព័ន្ធមួយចំនួន មិនត្រឹមតែមិនអើពើទប់ស្កាត់បទល្មើសព្រៃឈើទេ បែរជាចេញមុខកាងការពារ បទល្មើសព្រៃឈើឲ្យឈ្មូញ ដឹកជញ្ជូនឈើខុសច្បាប់ចូលក្រុមហ៊ុនយ៉ាងរលូន។ រីឯក្រុមការងារលោក បានចុះដល់ទីតាំងទិញឈើរបស់ក្រុមហ៊ុននេះដែរ កាលពីសប្តាហ៍មុន ប្រទះឃើញសន្តិសុខយាមល្បាតយ៉ាងប្រុងប្រយ័ត្ន ហើយថ្មីៗ នេះ ក្រុមឈ្មូញក៏កំពុងសម្រុកកាប់ឈើក្នុងព្រៃសហគមន៍ដែលនៅសេសសល់ចុងក្រោយចំនួន ២ភូមិទៀត នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ៖ « ដល់ម៉ោង ៨កន្លះគេប្រើរថយន្តសាំងយ៉ុង (Ssang Yong) ដឹកចេញពីភូមិចូលក្រុមហ៊ុនហ្នឹង ដល់ម៉ោង ៩កន្លះ គឺគេប្រើគោយន្តកែច្នៃដឹក។ តំបន់នោះចូលអត់ចុះតែម្តង គឺ តែចូលទៅ គឺភ្នែកនៅឆ្អឹងកតែម្តង ដោយសារតែគេមានគ្នាគេកាង គេមកបំភ័យយើង និងគំរាមកំហែងយើង»។
ក្រុមហ៊ុន សំអឿន សុវណ្ណ ទទួលសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចលើផ្ទៃដីជាង ៤ពាន់ ហិកតារ (៤.៣៣៤.៦១) ឋិតក្នុងស្រុកឆែប និងស្រុកជ័យសែន ខែត្រព្រះវិហារ តាំងពីឆ្នាំ ២០១៥ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ សហការសិក្សាពីផ្ទៃដីដែលអាចប្រមូលផលបាន។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី និងអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល ចំណែកតំណាងក្រុមហ៊ុន សំអឿន សុវណ្ណ និងអភិបាលស្រុកឆែប ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃទី២០ ឧសភានេះ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ សង្កេតឃើញថា ពលរដ្ឋមួយចំនួនបានបែកគំនិតចូលកាប់ឈើលក់ឲ្យក្រុមហ៊ុន ដោយសារពួកគាត់មិនទុកចិត្តអាជ្ញាធរពាក់ព័ន្ធថា នឹងអាចទប់ស្កាត់បទល្មើសព្រៃឈើបាន។ លោកយល់ថា ក្រសួង និងអាជ្ញាធរខេត្ត គួរតែចុះស៊ើបអង្កេតក្រុមហ៊ុននេះ ក្រោយពីសកម្មជនបរិស្ថាន និងសហគមន៍មូលដ្ឋានត្អូញពីការបាត់បង់ព្រៃឈើជាបន្តបន្ទាប់៖ « ប្រជាពលរដ្ឋដែលគាត់ខំការពារហើយបែរជាក្រុមហ៊ុន ពិតជាអ្វីដែលពលរដ្ឋចោទមែន ស្ថាប័នជំនាញគួរណាតែបើកការស៊ើបអង្កេតបឋមមួយសិនទៅ » ។
កន្លងទៅមន្ត្រីអង្គការពន្លកខ្មែរ លោក រ៉ាយ ប៊ុនធីន បានថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យពិនិត្យពីភាពមិនប្រក្រតីនៃអាជីវកម្មឈើរបស់ក្រុមហ៊ុន សំអឿន សុវណ្ណ ថា មានអាជ្ញាប័ណ្ណប្រមូលទិញឈើ ពីក្រុមហ៊ុនចិនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច លើផ្ទៃដីជាង ៤ពាន់ហិកតារ ក្នុងស្រុកឆែប និងស្រុកជ័យ សែន ក៏ប៉ុន្តែក្រុមហ៊ុននេះបានប្រមូលទិញឈើ ពីព្រៃព្រះរកា និងព្រៃនៅតំបន់ផ្សេងទៀតជាយូរមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។